ក្រុមសិទ្ធិមនុស្សកំពុងរិះគន់ការនិរទេសជនជាតិភាគតិចអ៊ុយហ្គ័រជាបន្តបន្ទាប់ដោយប្រទេសម៉ាឡេស៊ី ប៉ាគីស្ថាន និងថៃ ដោយនិយាយថា ការសម្រេចចិត្តបញ្ជូនពួកគេទៅប្រទេសចិនវិញជាការរំលោភសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌។ ក្រុមសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលប្រទេសទាំងបីប្រឈមនឹងសម្ពាធការទូតពីប្រទេសចិនឲ្យពន្លឿនការនិរទេស។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និយាយថា ជនជាតិភាគតិចអ៊ុយហ្គ័រ១១នាក់ដែលត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ី ហើយបញ្ជូនទៅប្រទេសចិនវិញ អាចប្រឈមនឹងការធ្វើទារុណកម្មនិងការកាត់ទោសដាក់គុកដ៏ឃោរឃៅ បន្ទាប់ពីត្រូវឃុំឃាំងជាមួយក្រុមដែលមានគ្នា១៦នាក់កាលពីថ្ងៃទី៦ខែសីហា។
មន្ត្រីអន្តោប្រវេសន៍ថៃបានចាប់ខ្លួនបុរសជនជាតិភាគតិចអ៊ុយហ្គ័រម្នាក់កាលពីដើមខែនេះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថាការចាប់ខ្លួនផ្សេងទៀតក៏បានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថានដែរ។
Phil Robertson ជានាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ការនិរទេសទាំងនោះទំនងជាផ្នែកមួយនៃការជំរុញដ៏ធំសំដៅរកក្រុមនិរទេសជនជាតិភាគតិចអ៊ុយហ្គ័រ។
«បើយើងមើលឲ្យស្រួល វាដូចជាយុទ្ធនាការដែលមានការសម្របសម្រួលដោយរដ្ឋាភិបាលចិនដើម្បីដេញតាមចាប់ពួកនិរទេសជនជាតិភាគតិចអ៊ុយហ្គ័រ។ អ្វីដែលយើងដឹងច្បាស់នោះគឺរដ្ឋាភិបាលចិនបានកំណត់ឲ្យរដ្ឋាភិបាលប្រទេសទាំងនោះដើរវៀងប្រព័ន្ធច្បាប់ប្រទេសខ្លួនឯង ដើរវៀងនីតិវិធីកាត់ទោសមូលដ្ឋាន ហើយបញ្ជូនពួកគេទៅឲ្យមន្ត្រីស្ថានទូតចិន ហើយដាក់ពួកគេក្នុងជើងយន្តហោះយ៉ាងលឿនទៅប្រទេសចិនវិញ។»
នៅប្រទេសថៃ បុរសជនជាតិភាគតិចអ៊ុយហ្គ័រម្នាក់ឈ្មោះ Nur Muhammed បានគេចចេញពីខេត្តស៊ិនជាំង (Xinjiang) ប្រទេសចិនកាលពីឆ្នាំ២០០៩ បន្ទាប់ពីការផ្ទុះអំពើហិង្សានិងការតវ៉ា។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា Muhammed ត្រូវបានចោទប្រកាន់ថាជាផ្នែកនៃក្រុមភេរវករ ដោយរដ្ឋាភិបាលចិន។ គាត់ត្រួវបានចោទប្រកាន់ក្រោមច្បាប់អន្តោប្រវេសន៍របស់ថៃពីបទឆ្លងដែនខុសច្បាប់ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅឲ្យមន្ត្រីចិននាទីក្រុងបាងកកដោយមិនមានឆ្លងកាត់នីតិវិធីអ្វីទាំងអស់។
នៅប្រទេសម៉ាឡេស៊ី ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ១៦នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងកូឡាឡាំពួរ និងចូហូបារូ។ មនុស្សចំនួន១១នាក់ត្រូវបានគេបញ្ជូនទៅប្រទេសចិនវិញនៅមុនពេលដែលមន្ត្រីអង្គការសហប្រជាជាតិមានឱកាសពិនិត្យលើករណីរបស់ពួកគេ។ ភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិកំពុងតែដាក់សម្ពាធរដ្ឋាភិបាលម៉ាឡេស៊ីឲ្យអនុញ្ញាតឲ្យពួកគេជួបជាមួយជនជាតិភាគតិចអ៊ុយហ្គ័រដែលនៅសេសសល់។
អាជ្ញាធរម៉ាឡេស៊ីបានការពារការនិរទេសនេះ ដោយនិយាយថា ជនជាតិភាគតិចអ៊ុយហ្គ័រមានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។
នៅឆ្នាំ២០០៩ កម្ពុជាបាននិរទេសជនជាតិភាគតិចអ៊ុយហ្គ័រចំនួន២០នាក់ ដោយរួមទាំងស្ត្រីមានផ្ទៃពោះនិងកុមារពីរនាក់ ទោះជាពួកគេស្ថិតក្រោមការការពាររបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិក៏ដោយ។
Kitty McKinsey អ្នកនាំពាក្យប្រចាំតំបន់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា ការនិរទេសដោយគ្មានការវាយតម្លៃលើស្ថានភាពរបស់ជនជាតិភាគតិចអ៊ុយហ្គ័រ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ។
«វាតែងតែជាការព្រួយបារម្ភនៅពេលដែលជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោន ត្រូវបានគេបញ្ជូនត្រឡប់ទៅវិញដោយបង្ខំ។ នេះមានន័យថានៅពេលដែលពួកគេត្រឡប់ទៅកាន់ប្រទេសណាមួយដែលសិទ្ធិនិងសេរីភាពរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ ពេលខ្លះជីវិតរបស់ពួកគេក៏ស្ថិតក្នុងគ្រោះថ្នាក់ដែរ។ បញ្ហាពាក់ព័ន្ធនឹងករណីជាច្រើន គឺថាពុំមានការឆ្លងកាត់ឲ្យត្រឹមត្រូវតាមនីតិវិធីនោះទេ។»
មន្ត្រីចិនបានចោទប្រកាន់ជនជាតិភាគតិចអ៊ុយហ្គ័រពីការងើបបះបោរហិង្សាជាបន្តបន្ទាប់នៅក្នុងតំបន់ស៊ិនជាំងរបស់ប្រទេសចិន។ ភាពតានតឹងបានកើនឡើងនៅក្នុងតំបន់តាំងពីឆ្នាំ២០០៩ នៅពេលដែលយ៉ាងហោចណាស់មនុស្ស១៩៧នាក់ត្រូវបានសម្លាប់អំឡុងពេលកុបកម្មជាតិសាសន៍រវាងជនជាតិអ៊ុយហ្គ័រនិងជនជាតិចិនដើមកំណើតហាន។
រដ្ឋាភិបាលចិនបានចោទប្រកាន់ក្រុមជ្រុលនិយមសាសនាអ៊ីស្លាមថាបានរៀបចំសកម្មភាពហិង្សានេះ។ អ្នកនាំពាក្យនិរទេសអ៊ុយហ្គ័របានបដិសេធការចោទប្រកាន់នេះ ហើយថាការគាបសង្កត់ជនជាតិភាគតិចអ៊ុយហ្គ័រគឺជាមូលហេតុពិតប្រាកដដែលនាំឲ្យមានអំពើហិង្សានេះ។
McKinsey បាននិយាយថារដ្ឋាភិបាលប្រទេសដែលអនុវត្តការនិរទេសមិនបានធ្វើការវាយតម្លៃសុពលភាពនៃការទាមទារជាជនភៀសខ្លួនរបស់ជនជាតិភាគតិចអ៊ុយហ្គ័រ ដែលការវាយតម្លៃគួរតែស្វែងយល់ថាតើជនជាតិភាគតិចទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋនៅប្រទេសចិនមែនឬអត់។
«រាល់ជនស្វែងរកសិទ្ធិជ្រកកោនទាំងអស់ដោយរួមបញ្ចូលទាំងជនជាតិភាគតិចអ៊ុយហ្គ័រ ត្រូវតែឆ្លងកាត់ដំណើរការកំណត់ជាជនភៀសខ្លួនដើម្បីបញ្ជាក់ថាពួកគេក្នុងនាមជាបុគ្គលម្នាក់មានការ ភ័យខ្លាចចំពោះការកាត់ទោសពិតមែនឬទេ។ វាសំខាន់ណាស់ដែលយើងត្រូវកត់សម្គាល់ថាដំណើរការសុំសិទ្ធិជ្រកកោនត្រូវរាប់បញ្ចូលការដកចេញឋានៈជាជនភៀសខ្លួនសម្រាប់បុគ្គលណាដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋធ្ងន់ធ្ងរ។»
ជនជាតិភាគតិចអ៊ុយហ្គ័រដែលភាគច្រើនរស់នៅតំបន់ដាច់ស្រយាលភាគខាងលិចប្រទេសចិនគឺជាជនជាតិភាគតិចមូស្លីមដែលនិយាយភាសាទួរគី។
ប្រែសម្រួលដោយ បូរី ស៊ីលីវណ្ណ