សាលាឧទ្ធរណ៍ កាលពីថ្ងៃពុធ បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោក ម៉ឺន មាន កូនប្រុសរបស់សកម្មជនដីធ្លីលោក ស៊ុម ម៉ឺន ដែលកំពុងបាត់ខ្លួន។ តុលាការជាន់ខ្ពស់កម្ពុជាមួយនេះមិនបានបញ្ជាក់ហេតុផលណា ក្រៅពីអះអាងថា ការសម្រេចឃុំខ្លួនដោយសាលាដំបូងខេត្តព្រះវិហារទៅតាមសំណើរបស់ព្រះរាជអាជ្ញានៃតុលាការនេះ គឺនៅទុកជាបានការដដែល។
កាលពីខែមករា ឆ្នាំ ២០១៩ មនុស្សចំនួន ១៤ នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន រង់ចំាសវនាការនៅក្នុងពន្ធនាគារខេត្តព្រះវិហារ ក្នុងនោះរួមមានកូនប្រុសរបស់លោក ស៊ុម ម៉ឺន ឈ្មោះ ម៉ឺន មាន ដែលមានអាយុ ២៦ ឆ្នាំ។
លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) មានប្រសាសន៍ថា តុលាការសាលាឧទ្ធរណ៍បានសម្រេចមិនអនុញ្ញាតឲ្យជនជាប់ចោទលោក ម៉ឺន មាន បានស្ថិតនៅក្រៅឃុំនោះទេ ដោយអះអាងថា សំណើសុំរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ ដែលទាមទារឲ្យសាលាឧទ្ធរណ៍បន្តឃុំខ្លួនលោក ម៉ឺន មាន នេះគឺអាចទទួលយកបានដើម្បីបន្តការស៊ើបអង្កេត។
លោក យី សុខសាន្ត ពន្យល់ថា៖
«រឿងនេះ គឺខាងតុលាការសាលាដំបូងហាក់ដូចជាមិនចោទសម្រេច មិនឲ្យគាត់មានការឃុំខ្លួនអីទេ ក៏ប៉ុន្តែខាងតំណាងអយ្យការ គាត់បានប្តឹងមកឧទ្ធរណ៍។ អ៊ីចឹងហើយបានជានៅឃុំខ្លួនទៀត»។
មន្ត្រីអង្កេតជាន់ខ្ពស់របស់សមាគមអាដហុករូបនេះប្រាប់ VOA បន្ថែមថា លោក ម៉ឺន មាន បានបាត់ប្រយោជន៍ខាងផ្លូវច្បាប់របស់លោកក្នុងសវនាការ ដែលបានធ្វើឡើងនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃពុធកន្លងទៅនេះ ព្រោះលោកមិនត្រូវបានគេនាំខ្លួនមកចូលរួមសវនាការ។
លោកថា មេធាវីរបស់លោក ម៉ឺន មាន ក៏ទទួលបានការជូនដំណឹងអំពីសវនាការនេះយ៉ាងប្រថុចញ៉ុច ដែលធ្វើឲ្យមេធាវីខកខានមិនបានចូលរួមសវនាការជាសាធារណៈនេះផងដែរ។
លោក យី សុខសាន្ត មានប្រសាសន៍បន្ថែមថា៖
«អ្វីដែលយើងមើលឃើញ ការណ៍ដែលបើកសវនាការមួយ ដែលមិនមានការចូលរួមពីមេធាវី វាហាក់ដូចជាអយុត្តិធម៌សម្រាប់កូនក្តី ពីព្រោះអី ពេលខ្លះខាងសាលាឧទ្ធរណ៍ហ្នឹងគាត់បញ្ជាក់ថា បើសិនជាមេធាវីលើកពេល ឬមួយក៏មិនបានចូលរួម វាជាខាតប្រយោជន៍កូនក្តី។ ប៉ុន្តែនៅពេលដែលយើងស្នើសុំឲ្យលើកលែងឲ្យគាត់នៅក្រៅឃុំ គេបែរជា ហាក់ដូចជាអត់ឆ្លើយតបទៅលើពួកយើងទេ។ អាហ្នឹងក៏វាជាការខាតប្រយោជន៍របស់កូនក្តីដែរ ដែលមិនបានឲ្យគាត់នៅក្រៅឃុំអ៊ីចឹងណ៎ា!»។
មុនពេលត្រូវបានតុលាការខេត្តព្រះវិហារឃុំខ្លួននោះ លោក ម៉ឺន មាន និងឪពុកលោកគឺលោក ស៊ុម ម៉ឺន ត្រូវបានចាប់ខ្លួន ពេលកំពុងបើកគោយន្តដឹកសម្ភារៈលក់ដូរ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៩ ដោយយោធាមកពីទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍លេខ ២៦១ ស្ថិតនៅក្រោមទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ នៃកងយោធពលខេមរភូមិន្ទ (យោធាទំាងនោះជាកងសន្តិសុខរបស់ក្រុមហ៊ុន ដែលទទួលបានដីសម្បទាននៅឃុំយាង ស្រុកជំាំក្សាន្ត)។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សផ្សេងទៀត គឺអង្គការលីកាដូ (Licadho)។
របាយការណ៍របស់អង្គការលីកាដូបានឲ្យដឹងបន្តថា សាក្សីមួយចំនួនបានរាយការណ៍ថា ក្រោយការចាប់ខ្លួននោះមក លោក ម៉ឺន មាន និងឪពុកត្រូវបានវាយដំ ដោយក្រុមទាហានក្នុងទំនាស់ដីធ្លីដែលស្ថិតនៅលើទីតាំងដីសម្បទានផ្តល់ទៅឲ្យក្រុមហ៊ុនមេត្រីភាពកសិឧស្សាហកម្ម ដែលមានទំនាក់ទំនងជាមួយនឹងឧកញ៉ា អាន ម៉ារឌី។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ មិនទាន់អាចផ្តល់ការអធិប្បាយអំពីសេចក្តីសម្រេចរបស់តុលាការ ដែលមិនអនុញ្ញាតឲ្យលោក ម៉ឺន មាន បានស្ថិតនៅក្រៅឃុំនោះទេ។ ក៏ប៉ុន្តែលោកបានច្រានចោលការស្តីបន្ទោសថា តុលាការសាលាឧទ្ធរណ៍បានជូនដំណឹងយឺតយ៉ាវទៅមេធាវីលោក ម៉ឺន មាន អំពីសវនាការកាលពីថ្ងៃពុធ។
«ខ្ញុំដូចក្តាប់អត់ទាន់ ជុំវិញបញ្ហាហ្នឹងដែរបង ព្រោះអីចាំមើលខ្ញុំអាចឆែកមើលបន្តិចសិនបង។ ប៉ុន្តែគ្រាន់តែចង់ជម្រាបជូនថា ទៅតាមនីតិវិធីនៃតុលាការមិនអាចកោះម្ង៉ៃហៅចូលម្ង៉ៃ និងកាត់ម្ង៉ៃបានទេបង។ តាមនីតិវិធី វាអត់ដែលមានអ៊ីចឹង»។
យោងតាមរបាយការណ៍របស់អង្គការលីកាដូ ចេញផ្សាយកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ លោក ម៉ឺន មាន និងមនុស្ស ១៣ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់តាមមាត្រា ៦២ និងមាត្រា ៥៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (ទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ) ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំ និងពិន័យជាប្រាក់ ១៥០ លានរៀល។
របាយការណ៍បានបន្ថែមថា ការចាប់ខ្លួនលោក ម៉ឺន មាន រហូតដល់មានការឃុំខ្លួនលោកនេះ កើតឡើងបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញពីសំណាក់សន្តិសុខក្រុមហ៊ុននិងអាជ្ញាធរទៅលើអ្នកភូមិដែលរស់នៅក្នុងសហគមន៍យាង ស្រុកជំាំក្សាន្តជាច្រើនឆ្នាំកន្លមកហើយ ដោយរួមមានការដុតផ្ទះប្រជាពលរដ្ឋ ដែលគេចោទថាមានការចាប់ខ្លួនតាមអំពើចិត្ត និងការបន្តគំរាមកំហែងប្រជាពលរដ្ឋ ដែលជាប់ទាក់ទងនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពកសិឧស្សាហកម្ម។
ក្នុងសំណុំរឿងដដែលនេះ លោក ស៊ុម ម៉ឺន បានបាត់ខ្លួនអស់រយៈពេលជាងពីរខែមកហើយ ពោលគឺគិតចាប់តាំងពីលោកត្រូវបានចាប់ឃុំខ្លួនជាមួយកូនប្រុសរបស់លោក។
ចាប់តាំងពីចុងខែមករា ឆ្នាំ ២០១៩ មក អាជ្ញាធរមិនបានផ្តល់ភស្តុតាងដែលសហគមន៍អាចជឿទុកចិត្តបានពីទីតាំងរបស់លោក ស៊ុម ម៉ឺន នោះទេ ដោយបានអះអាងផ្សេងៗគ្នាថា គាត់បាននិងកំពុងលាក់ខ្លួននៅទីតាំងអាថ៌កំបាំងមួយក្នុងរាជធានីភ្នំពេញ ឬកំពុងទទួលការព្យាបាលសុខភាពនៅរាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ។
នៅមុនសវនាការជម្រះសំណើសុំនៅក្រៅឃុំរបស់លោក ម៉ឺន មាន នៅសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ អ្នកស្រី ភឹម ម៉ៅ ដែលជាម្តាយលោក ម៉ឺន មាន ត្រូវបានប្រាប់ដោយអាជ្ញាធរខេត្តព្រះវិហារថា លោក ម៉ឺន មាន នឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បើអ្នកស្រីឈប់ប្តឹងផ្តល់អាជ្ញាធរចំពោះការបាត់ខ្លួនរបស់លោក ស៊ុម ម៉ឺន។
អ្នកស្រី ភឹម ម៉ៅ ប្រាប់ VOA កាលពីថ្ងៃពុធថា ប្រសិនបើមានការដោះលែងកូនប្រុសអ្នកស្រីមែននោះ អ្នកស្រីនឹងឈប់ប្តឹងអាជ្ញាធរស្រុក ខេត្តព្រះវិហាររឿងបាត់ខ្លួនប្តីអ្នកស្រី តែបើកូនប្រុសអ្នកស្រីនៅបន្តជាប់ឃុំទៀតនោះ អ្នកស្រីនឹងបន្តការប្តឹងផ្តល់តទៅទៀត៕