ក្រុមអ្នកឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បានបញ្ចេញរបកគំហើញថ្មីៗ ដែលបង្ហាញពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់នេះ ដែលធ្វើឱ្យមានការបាត់បង់ជម្រកសត្វព្រៃបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ ដែលបានចេញរបាយការណ៍ចុងក្រោយមួយស្តីពីស្ថានភាពធនធានព្រៃឈើនិងសត្វព្រៃនៅក្នុងតំបន់ព្រៃឡង់។
សេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត រួមមានក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង បានឲ្យដឹងថា បណ្តាញសហគមន៍ព្រៃឡង់បានរកឃើញចំណុចសំខាន់បី ដែលរួមមាន៖
«សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តកើតមាន និងមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការតម្រូវឲ្យសហគមន៍សុំច្បាប់អនុញ្ញាតមុននឹងចុះល្បាត ខណៈអ្នកកាប់ឈើខុសច្បាប់អាចចូលព្រៃកាប់ឈើដោយមិនចាំបាច់មានការអនុញ្ញាត និងផ្លូវជាច្រើនគឺជាកត្តាជំរុញដ៏ធំមួយ ដែលធ្វើឲ្យបាត់បង់ជម្រកសត្វ និងធ្វើឲ្យបាត់បង់ព្រៃឈើ»។
នេះជាការរកឃើញដែលបានចងក្រងក្នុងរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៨។ របាយការណ៍នេះត្រូវបានចងក្រងឡើង ដោយការប្រមូលទិន្នន័យតាមកម្មវិធីទូរស័ព្ទដៃវៃឆ្លាត ដែលហៅថា «ព្រៃឡង់អេប»។
ទិន្នន័យដែលប្រមូលដោយបណ្តាញសហគមន៍ព្រៃឡង់ត្រូវបានវិភាគដោយអ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ Copenhagen ប្រទេស Denmark។
លោកហឿន សុភាព សមាជិកគណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ក្នុងន័យដើមថា៖
«វាមានសារៈសំខាន់ណាស់សម្រាប់យើង ចំពោះទិន្នន័យដែលយើងប្រមូលជាមួយកម្មវិធីអេបព្រៃឡង់ ដែលត្រូវបានជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល។ យើងសង្ឃឹមថា របាយការណ៍នេះ និងរបាយការណ៍នាពេលអនាគតនឹងជួយរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីការពារព្រៃឡង់ឲ្យបានកាន់តែប្រសើរ»។
របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ ដែលមានកម្រាស់១២ទំព័របានបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងពេលរាយការណ៍ បណ្តាញនេះបានប្រើប្រាស់កម្មវិធីអេបព្រៃឡង់ កត់ត្រា ធនធានមានចំនួន៥៦ភាគរយនៃទិន្នន័យសរុប និងសកម្មភាពមានចំនួន៣៨ភាគរយនៃទិន្នន័យសរុប។
ទិន្នន័យភាគច្រើនស្ថិតក្រោមប្រភេទ«ធនធាន»បានរាយការណ៍ពីដើមឈើចំនួន៨២ភាគរយ និងអនុផលព្រៃឈើចំនួន១៤ភាគរយ។
របាយការណ៍បានសរសេរតាមន័យដើមថា៖
«មានការកត់ត្រាតិចតួច ចំពោះសត្វព្រៃ មានត្រឹម៣ភាគរយ និងទីតាំងជំនឿ និងប្រាសាទមានចំនួន១ភាគរយប៉ុណ្ណោះ»។
របាយការណ៍បានរកឃើញថា ក្នុងចន្លោះខែកញ្ញាឆ្នាំ២០១៧ដល់ខែឧសភាឆ្នាំ២០១៨មានការចូលកាប់ឈើចំនួន៩០២លើកក្នុងខេត្តកំពង់ធំ ៥៦៩លើកក្នុងខេត្តស្ទឹងត្រែង ៤៣៣លើកក្នុងខេត្តក្រចេះ និង១២៩លើកក្នុងខេត្តព្រះវិហារ។
ជារួម ការចូលកាប់ព្រៃឈើមាន២៧៤៥លើក ក្នុងនោះមាន២០៣៣ លើកត្រូវបានចាត់ទុកថាមានសុពលភាព។ បើគិតជាភាគរយ គឺការចូលកាប់ព្រៃឈើមានកំណើន៧៤ភាគរយ គិតចាប់ពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។ ហើយការចូលកាប់ឈើដោយខុសច្បាប់នេះគឺកើតឡើង៦០លើកក្នុងមួយខែ។
រូបភាព ដែលប្រមូលបានតាមប្រព័ន្ធផ្កាយរណប បានឲ្យដឹងថា មានការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់» និងតំបន់ជុំវិញចំនួន៥៦០០ហិកតាក្នុងឆ្នាំ២០១៧។ ចំនួននេះ គឺស្មើនឹងការបាត់បង់ព្រៃឈើមានទំហ៊ំប៉ុនតារាងបាល់ទាត់ចំនួន២១តារាង ជារៀងរាល់ថ្ងៃក្នុងឆ្នាំ២០១៧។ នេះគឺជាកម្រិតមួយគួរឲ្យព្រួយបារម្ភនៅដែនជម្រកសត្វព្រៃព្រៃឡង់ និងទេសភាពជុំវិញដែនជម្រកសត្វព្រៃនេះ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកកែវ អូម៉ាលីស្ស នាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទេ នៅថ្ងៃអង្គារនេះ។
ជាផ្នែកមួយនៃការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦ ដើម្បីប្រែក្លាយតំបន់ព្រៃឡង់ ជាដែនជម្រកសត្វព្រៃ«ព្រៃឡង់»។ ដែនជម្រកសត្វព្រៃ «ព្រៃឡង់»នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
ទោះបីមានការរៀបចំតំបន់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ«ព្រៃឡង់»ក្តី ក៏ការកាប់បំផ្លាញព្រៃឈើកើតមានឡើងស្ទើររាល់ថ្ងៃដដែល ដូចអ្វីដែលបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញចុងក្រោយនេះ។
បណ្តាញសហគមន៍ព្រៃឡង់បានឲ្យដឹងថា «សកម្មភាព»កាប់ឈើខុសច្បាប់មានចំនួន៩៩ភាគរយនៃសកម្មភាពទាំងអស់។
ទិន្នន័យភាគច្រើនបានរាយការណ៍ថា គល់ឈើកាត់រួចមួយៗមានចំនួន ៤១ភាគរយ ដែលដើមឈើភាគច្រើនជាប្រភេទឈើប្រណីត។ គំនរឈើត្រូវបានជនល្មើសប្រមូលយកចេញ និងការដឹកជញ្ជូនមានចំនួន២៤ភាគរយនៃទិន្នន័យសរុប។ តំបន់ដែលបានកាប់ឆ្កាមានចំនួន១១ភាគរយនៃទិន្នន័យសរុប។ ផ្ទៃដីដែលត្រូវបានកាប់ឆ្កាតែមួយអាចគ្របដណ្តប់លើផ្ទៃដី១០០ហិកតា និងរាប់បញ្ចូលទាំងខ្ទមរាប់រយដែលធ្វើសម្រាប់ស្នាក់នៅ។
លោកខេង ខូ សមាជិកក្រុមស្នូលបណ្តាញសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង បានដាក់ការស្តីបន្ទោសទៅលើការបង្កើតផ្លូវជាច្រើន ដែលសម្រួលដល់ការកាប់បំផ្លាញព្រៃក្នុងតំបន់ព្រៃឡង់។
លោកត្រូវបានស្រង់សម្តីតាមន័យដើមថា៖
«ផ្លូវខ្វាត់ខ្វែងជាច្រើនបានសម្រួលដល់ការកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ និងមន្ត្រីបើកដៃឲ្យអ្នកកាប់ឈើ និងជាអ្នកនៅពីក្រោយខ្នងការកាប់ និងដឹកឈើទាំងនោះ រួមនិងឃុបឃិតគ្នាលក់ដីព្រៃទៅឲ្យអ្នកចំណូលស្រុកផងដែរ»។
ក្រុមអ្នកការពារព្រៃឈើក្នុងតំបន់ព្រៃឡង់ក៏បានឲ្យដឹងពីការបន្តបាត់បង់ដើមច្បោះជ័រ ដែលមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់សមាជិកសហគមន៍៕