សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ចូលខ្លួនក្នុងសវនាការជំនុំជម្រះពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានវឹកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ២០១៥។
បើតាមដីកាកោះ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២១០៦ លោកសៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញសរសេរថា តុលាការបង្គាប់ឲ្យលោកសម រង្ស៊ីចូលសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកដើម្បីធ្វើការជំនុំជម្រះក្នុងឋានៈជាជនជាប់ចោទ។ សំណុំរឿងរបស់លោកសម រង្ស៊ីត្រូវបានបំបែកចេញពីសំណុំរឿងរបស់លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។
លោកសម រង្ស៊ីមិនបានឆ្លើយតបសារអេឡិចត្រូនិចរបស់ VOA តាំងពីយប់ថ្ងៃអាទិត្យមក។
បទចោទប្រកាន់ប្រឆាំងនឹងលោកសម រង្ស៊ីបានកើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ បានព្រមានថា លោកសម រង្ស៊ីអាចនឹងជាប់ពន្ធនាគារ។ លោកហ៊ុន សែនបានអះអាងថា ប្រធានគណបក្សប្រឆាំងរូបនេះបានឲ្យទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនទៅលោកហុង សុខហួរដើម្បីបង្ហោះឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម។
លោកសម រង្ស៊ីបាននិរទេសខ្លួននៅក្រៅប្រទេសតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការចេញដីកាចាប់ខ្លួនលោកពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ ចុងក្រោយនេះលោកហ៊ុន សែនបានប្តឹងលោកសម រង្ស៊ី ដែលថ្លែងថា រដ្ឋអំណាចនៅពីក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី អ្នកវិភាគបញ្ហាសង្គម។ តុលាការរាជធានីភ្នំពេញក៏បានកោះហៅលោកសម រង្ស៊ីឲ្យចូលសវនាការជំនុំជម្រះករណីបណ្តឹងរបស់រដ្ឋាភិបាលរឿងដែលលោកសម រង្ស៊ីនិយាយថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនទិញ Likes លើទំព័រហ្វេសប៊ុក។ លោកក៏ត្រូវបានតុលាការចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចខណ្ឌទួលគោកបានយកដីកាថ្មីមួយទៀតទៅបិទនៅមុខផ្ទះលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្រោយពីបិទដីកាជូនដំណឹងអំពីការបិទការស៊ើបសួរ និងបញ្ជូនសំណុំរឿងទៅជំនុំជម្រះការចោទប្រកាន់លោកកឹម សុខា ពីបទបដិសេធមិនចូលខ្លួនតាមដីកាកោះហៅ។ ក្នុងដីកាថ្មីនោះ តុលាការកោះហៅលោកកឹម សុខា ឲ្យចូលសវនាការនៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង៨:៣០នាទីព្រឹក ជាកំហិត៕