ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ផ្ដន្ទា​ទោស​លោក​ សម រង្ស៊ី ​ពីបទ​«បរិហារកេរ្តិ៍​​»នៅ​លើ​ទំព័រ​​ហ្វេសប៊ុក


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ គោរព​អ្នក​គាំទ្រ​គណបក្ស​លោក នៅ​ពេល​ដែល​លោក​បាន​អញ្ជើញ​ទៅ​ដល់​បូជនីយដ្ឋានជើកឯក នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ គោរព​អ្នក​គាំទ្រ​គណបក្ស​លោក នៅ​ពេល​ដែល​លោក​បាន​អញ្ជើញ​ទៅ​ដល់​បូជនីយដ្ឋានជើកឯក នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៥។

លោក​ គី តិច ​មេធាវី​តំណាង​លោក ​ហេង សំរិន​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​សំណង​ជម្ងឺ​ចិត្ត​នេះ​មិន​ទាន់​ស័ក្តិសម​នឹង​អ្វី​ដែល​លោក​​សម រង្ស៊ី​ បាន​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​លោក​ ហេង សំរិន ​នោះ​ទេ។

តុលាការ​ក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​ផ្ដន្ទាទោស​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ពី​បទ​«បរិហារកេរ្តិ៍»នៅ​លើ​ទំព័រហ្វេសប៊ុក និង​តម្រូវ​ឲ្យ​លោក​សម រង្ស៊ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន​១៥០លាន​រៀល​ទៅ​លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា។​

ក្រៅ​ពី​សម្រេច​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ ហេង សំរិន​ ហើយ​នោះ​ លោក​រស់ ពិសិដ្ឋ ​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​ដោយ​កំបាំង​មុខ​ឲ្យ​លោក​ សម​ រង្ស៊ី​ បង់​ជា​ទឹក​ប្រាក់​ចំនួន​១០លាន​រៀល​ផ្សេង​ទៀត​សម្រាប់​ថវិកា​ជាតិ​ផង​ដែរ។​

ការ​សម្រេច​ផ្ដន្ទា​ទោស​នេះ​គឺ​យោង​លើ​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​អំពី​បទ​បរិហារកេរ្តិ៍ជា​សាធារណៈ។​ ក្រម​ព្រហ្មទណ្ឌ​ថា​«គ្រប់​ការ​អះអាង​បំផ្លើស​ ឬ​ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត​លើ​អំពើ​ណាមួយ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ឬ​កិតិ្តស័ព្ទ​នៃ​បុគ្គល ​ឬ​ស្ថាប័ន​គឺ​ជា​ការ​បរិហារ​កេរ្តិ៍ ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​១សែន​ដល់​១០​លាន​រៀល។​ ការ​បរិហារ​កេរ្តិ៍​ដែល​ធ្វើ​តាម​មធ្យោបាយ​ណា​មួយ​ ដូចជា​តាម​សម្តីដែល​បញ្ចេញ​នៅ​ទីសាធារណៈ​..​.និង​ទូរគមនាគមន៍​ សោតទស្សន៍​សម្រាប់​សាធារណជន»។

ថ្លែង​មក​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ លោក​ គី តិច ​មេធាវី​តំណាង​លោក ​ហេង សំរិន​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​សំណង​ជម្ងឺ​ចិត្ត​នេះ​មិន​ទាន់​ស័ក្តិសម​នឹង​អ្វី​ដែល​លោកសម រង្ស៊ី​ បាន​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​លោក​ ហេង សំរិន ​នោះ​ទេ។​ ហើយ​លោក​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ ហេង សំរិន ​ថា ​គួរ​តែ​ទទួល​យក​ការ​សម្រេច​នេះ​ ឬ​គួរ​ប្តឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍។

«ចំពោះ​ការ​សម្រេច​ឲ្យ​បង់​ត្រឹម​១០លាន​សម្រាប់​ថវិកា​ជាតិ​ និង​១៥០លាន​រៀល​សម្រាប់​ដើម​បណ្តឹង​ហ្នឹង ​វា​មិន​ទាន់​សម​ល្មម​នឹង​អំពើ​ទេ។​ ... អញ្ចឹងវា​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សម្តេច​ ហេង សំរិន ​ដែល​មាន​តួនាទី​ជាន់ខ្ពស់​ ទាំង​ក្នុង​របប​១៩៧៩ ​ទាំង​បច្ចុប្បន្ន​ហ្នឹង ​ហើយ​វា​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត»។​

យ៉ាងណា​ក៏ដោយ​ លោក​ អ៊ូ វីរៈ ​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ យល់​ថា​ សំណង​ក្នុង​បទ​បរិហារ​កេរ្តិ៍​សម្រាប់​អ្នក​នយោបាយ​នោះ​ គប្បី​ធ្វើឡើង​ក្នុង​រូបភាព​មួយ​ដើម្បីបញ្ជាក់​ពី​ភាព​ខុស​ ឬ​ត្រូវ ​និង​ចាញ់ ​ឬ​ឈ្នះ​ប៉ុណ្ណោះ ​ មិន​មែន​ទាមទារ​សំណង​ក្នុង​តម្លៃ​មួយ​ខ្ពស់​បែប​នេះ​ទេ។​ លោក​បន្ត​ថា​ ​បទ​បរិហារ​កេរ្តិ៍​របស់​អ្នក​នយោបាយ ​ជា​ទូទៅ​ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​យុទ្ធសាស្ត្រ​នយោបាយ។

«ខ្ញុំ​ថា ​ជា​រឿង​មួយ​ដែល​សោកស្តាយ ​ត្រង់​ថា​ បទ​បរិហារ​កេរ្តិ៍​មាន​ន័យ​ថា​ ទាក់ទង​រឿង​សេរីភាព​បញ្ចេញ​មតិ​ ហើយ​ការ​ធ្វើ​នយោបាយ​ វា​ពឹង​ផ្អែក​លើ​ការ​មាន​សិទ្ធិ ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​រៀងៗ​ខ្លួន​របស់អ្នក​នយោបាយ។​ បើសិន​មាន​ការ​ប្តឹង​បែប​ហ្នឹង ​សំណង​គួរ​តែ​ទាប​បំផុត​ គ្រាន់​តែ​ជា​និម្មិតរូប​ទេ ​គ្រាន់​តែ​ចង់​ដឹង ​ខុស​ ឬត្រូវ។​ មិន​គួរទារ​ក្នុង​តម្លៃ​ខ្ពស់​ដែល​ផុត​លើស​ផ្លូវ​ច្បាប់​ទៀត »។​

លោក​ អេង ឆៃអ៊ាង​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ប្រាប់​ VOA ​ថា​គណបក្ស​ជំទាស់​ចាត់ទុក​ថា​ ចំណាត់ការ​របស់​តុលាការ​មក​លើ​លោក​ សម រង្ស៊ី​ និង​មន្ត្រីជាន់​ខ្ពស់​នានា​របស់​គណបក្ស​នេះ​ គឺ​ជា​រឿង​នយោបាយ។​

«អញ្ចឹង! ​សាលក្រម​របស់​តុលាការ​អត់​មាន​អ្វី​ដែល​ភ្ញាក់ផ្អើល​នឹង​រឿង​ហ្នឹង​ទេ។​ រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទង​នឹង​តុលាការ​ច្រើន​ណាស់​ ដាក់​ឡាន​មិន​អស់​ផង។ អញ្ចឹង​បាន​ថា​ សំណុំ​រឿង​ទាំងអស់​ហ្នឹង ​វា​ចេញ​ពី​ហេតុផល​នយោបាយ។ យើង​កំពុង​ខំប្រឹង​តស៊ូ​មតិ។ ​កាល​ណា​មាន​ដំណោះ​ស្រាយ​នយោបាយ អ្វីៗ​ទាំង​អស់​ហ្នឹង​ធ្លាក់​តាម​ហ្នឹង»។​

កន្លង​មក​ លោក ​សម រង្ស៊ី អះអាង​ថា​ លោក​មិន​បាន​បរិហារ​កេរ្តិ៍​លោក​ ហេង សំរិន ​នោះ​ទេ។ លោក​ថា ​លោក​គ្រាន់​តែ​ផ្សាយ​បន្ត​តាម​ហ្វេសប៊ុក​នូវ​ព្រះរាជ​សង្កថា​របស់​អតីត​ព្រះ​មហា​ក្សត្រ​ប៉ុណ្ណោះ។​

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​មក​ លោក​ សម រង្សី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ និង​ដីកា​កោះ​ហៅ​ជា​បន្ត​បន្ទាប់ទាក់ទង​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​ និង​សំណុំ​រឿង​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែងក្លាយ​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG