ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ ​និង​មេធាវី​បារម្ភ​ពី​សុខភាព​របស់​អ្នក​សារ​ព័ត៌មាន ​ម៉ិច ដារ៉ា ​ក្នុង​ពន្ធនាគារ


រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកកាសែតរបស់អង្គភាពព័ត៌មានសំឡេងប្រជាធិបតេយ្យ (វីអូឌី) នៅក្នុងរូបថតមួយដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ (រូបថតពីទំព័រហ្វេសប៊ុក Mech Dara)
រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកកាសែតរបស់អង្គភាពព័ត៌មានសំឡេងប្រជាធិបតេយ្យ (វីអូឌី) នៅក្នុងរូបថតមួយដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ (រូបថតពីទំព័រហ្វេសប៊ុក Mech Dara)

​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ​ម៉ិច ដារ៉ា ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​កំពុង​ជាប់ឃុំ​ពី​បទ​ញុះញង់​ នឹង​ដាក់​លិខិត​ទៅ​តុលាការ​ស្នើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​រូប​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយសារ​បារម្ភ​ពី​បញ្ហា​សុខភាព ​និង​ត្រូវ​មើល​ថែ​ម្តាយ​ចាស់​ជរា។​

លោក​ ម៉ិច ដារ៉ា ​ជា​អ្នក​សារ​ព័ត៌មាន​ស៊ើប​អង្កេត​ដែល​តែង​រាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​កាលពី​ថ្ងៃទី​៣០ ​ខែ​កញ្ញា​ ឆ្នាំ​២០២៤​ពីបទ​ញុះញង់​ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ។​

លោក ​ឌុច ពិសិដ្ឋ​ មេធាវី​ដែល​ការពារក្តី​ឱ្យ​លោក​ ម៉ិច ដារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ក្រុម​មេធាវី​បារម្ភ​ពី​សុខភាព​របស់​លោក​ ដារ៉ា ​ដោយសារ​លោក​មាន​ជំងឺ​ហឺត ​និង​ជំងឺ​តានតឹង​ផ្លូវ​ចិត្ត​ខ្លាំង។​ លោក​ថា​ មេធាវី​នឹង​ដាក់​សំណើ​ទៅ​តុលាការ​ ស្នើ​ឱ្យ​លោក​ ម៉ិច ដារ៉ា ​ស្ថិត​នៅ​ក្រៅ​ឃុំ ​ដើម្បី​ថែ​រក្សា​សុខភាព​ និង​ដើម្បី​អាច​មើល​ថែ​ម្តាយ​ចាស់​ជរា​នៅ​ផ្ទះ។​

លោក​និយាយ​ថា៖​ «យើង​នឹង​បំពេញ​តួនាទី​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ឱ្យ​កូន​ក្តី​របស់​យើង​ខ្ញុំ​ គឺ​លោក​ដារ៉ា។ ​អ៊ីចឹង​យើង​នឹង​ដាក់​ពាក្យ​ដើម្បី​សុំ​នៅ​ក្រៅឃុំ​ ដើម្បី​បញ្ជាក់​ថា ​គាត់​នឹង​នៅ​តែ​បន្ត​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​រឿង​ហ្នឹង​ ហើយ​គាត់​មិន​រត់​ទៅ​ណាទេ​ ហើយ​គាត់នឹង​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​តុលាការ​ប្រាប់​ ​បើសិន​គាត់​អាច​នៅ​ក្រៅ​ឃុំ​បាន។​ តែ​ពាក់ព័ន្ធ​នឹង​លទ្ធភាព​ថា ​អាច​បាន​កម្រិត​ណា​ គឺ​ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ គឺ​ទុក​ឱ្យ​ចៅក្រម​ស៊ើប​សម្រេច​ផ្អែក​ទៅ​លើ​មូលហេតុ ​និង​អង្គ​ច្បាប់​ដែល​យើង​នឹង​ដាក់​ជូន​គាត់​ពិចារណា»។​

បើ​តាម​លោក ​ឌុច ពិសិដ្ឋ ​យោង​តាម​ផ្លូវ​ច្បាប់ ​ក្រោយ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅឃុំ​ តុលាការ​នឹង​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​៥​ថ្ងៃ។​

លោក ​ម៉ិច ដារ៉ា ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ​ដែល​រហូត​មក​ដល់​ថ្ងៃ​ចន្ទ​ ទី​១៤​ខែ​តុលា​នេះ​មាន​រយៈ​ពេល​១៥​ថ្ងៃ​មក​ហើយ។​

ទិដ្ឋភាពពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
ទិដ្ឋភាពពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា ​ម៉ិច សេរីរ័ត្ន ​ប្អូន​ស្រី​របស់​លោក ​ម៉ិច ដារ៉ា​ ដែល​តែង​សួរ​សុខទុក្ខ​លោក​ក្នុង​ពន្ធនាគារ​ជា​ប្រចាំ ​ប្រាប់​វីអូអេ​ដែរ​ថា ​សុខភាព​របស់​លោក ​ម៉ិច ដារ៉ា ​មិន​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ដោយសារ​លោក​សម្រាន្ត​មិន​លក់​ ក្អក​ ឈឺ​ក​ និង​ហៀរ​សំបោរ​ ហើយ​អ្នក​ជាប់​ឃុំ​ក្នុង​បន្ទប់​ជា​មួយ​លោក ​ម៉ិច ​ដារ៉ា ​តែង​ជក់​បារី។ ​កញ្ញា​ថា ក្រុម​គ្រួសារ​ដែល​មាន​ម្តាយ​ចាស់​ជរា​ ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយសារ​បាត់បង់​សមាជិក​ជា​បង្គោល​គ្រួសារ​ម្នាក់។

កញ្ញា​និយាយ​ថា៖​ «គាត់​ប្រាប់​ថា​ គាត់​ស្រក​គីឡូ៦-៧​គីឡូ ​តែ​រយៈ​ពេល​១១-១២​ថ្ងៃ ​ហើយ​គាត់​ហូប​អត់​សូវ​បាន​ទេ។ ​នៅ​ហ្នឹង​គឺ​មាន​របប​អាហារ​តែ​ថ្ងៃ​ និង​ល្ងាច។ ​ហើយ​ទឹក​នៅ​ហ្នឹង​ [ពន្ធនាគារ] ​គឺ​អត់​ល្អ​ទៀត ​ហូប​ទឹក​ គឺ​ទឹក​ពី​ក្បាល​រ៉ូប៊ីណេ។ ​អ៊ីចឹង​ទៅ​ទាំង​ការ​ហូប​ ទាំង​ការ​អនាម័យ ​ក៏​ដូច​ជា​ការ​រស់​នៅ​ហ្នឹង ​គេ​ជក់​បារី​ វា​ធុំ​ក្លិន​បារី​ខ្លាំង»។​

កញ្ញា​អំពាវនាវ​ឱ្យ​តុលាការ​អនុញ្ញាត​ឱ្យ​បង​ប្រុស​របស់​កញ្ញា​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដើម្បី​ការពារ​សុខភាព​ដែល​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ។​ ​

ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការ​ស្នើ​ឱ្យ​លោក​ ម៉ិច ដារ៉ា​ ស្ថិត​នៅ​ក្រៅឃុំ ​លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា​ ជន​ជាប់​ចោទ​មាន​សិទ្ធិ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​គ្រប់​ដំណាក់​កាល​ទាំង​អស់ ​ប៉ុន្តែ​លោក​ថា​ ការ​សម្រេច​បែប​ណា​គឺ​ស្ថិត​លើ​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ។​

លោក​ អំ សំអាត ​នាយក​ទទួល​បន្ទុក​ផ្នែក​ចាត់​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លើក​ឡើង​ថា ​លោក​ ម៉ិច ដារ៉ា​ គួរ​តែត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ដោយ​សារ​លោក​មាន​បញ្ហា​សុខភាព​តាំង​ពី​មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន។ ​លោក​បន្ថែម​ថា ​ការ​ឃុំ​ខ្លួន​លោក​ ម៉ិច ដារ៉ា ​ក៏​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ថា​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​សារ​ព័ត៌មាន​ និង​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ ​និង​វិជ្ជាជីវៈ​ផ្សេង​ទៀត។

លោក​បញ្ជាក់​ថា៖​ «ការ​ចាប់ឃុំ​ខ្លួន​នេះ​ គេ​មើល​ទៅ​ គេ​អាច​លើក​ឡើង​ថា​ វា​ជា​ការ​សងសឹក​ចំពោះ​លោក​ ម៉ិច ដារ៉ា​ ដែល​លោក​បាន​ធ្វើ​ព័ត៌មាន​ក្នុង​សង្គម​ហើយ​ជា​ព័ត៌មាន​រសើបៗ​កន្លង​មក​នោះ។ ​អ៊ីចឹង​ការ​អនុញ្ញាត​ឱ្យ​លោក​ ម៉ិច ដារ៉ា​ នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ វា​ជា​រឿង​មួយ​ជម្រើស​ល្អ​ដែរ ​សម្រាប់​ការ​គេច​ផុត​ពី​ការ​រិះគន់​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ។ ​ណាមួយ​ការ​បន្ត​ឃុំ​ខ្លួន​លោក ​ម៉ិច ដារ៉ា ​ហាក់​ដូច​ជា​មិន​មាន​ផល​ចំណេញ​អី​សម្រាប់​កម្ពុជា​យើង​ផង​ដែរ»។​

ក្រោយ​ការ​ចាប់​ខ្លួន​លោក ​ម៉ិច ដារ៉ា​ គេ​ឃើញ​បណ្តា​ស្ថានទូត​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​នៅ​កម្ពុជា​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ អង់គ្លេស​ អូស្រ្តាលី ​និង​សហភាព​អឺរ៉ុប​ជាដើម​ បង្ហាញ​ការ​បារម្ភ​លើ​ការ​ចាប់​ខ្លួន​លោក​ ម៉ិច ដារ៉ា ​និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក។​

ចំណែក​អង្គការ ​និង​អ្នក​សារ​ព័ត៌មាន​ជាតិ-អន្តរ​ជាតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ​ការ​បង្ហោះ​សារ​របស់​លោក​ ម៉ិច ដារ៉ា ​បង្ហាញ​អំពី​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ​មិនមែន​ជា​សកម្ម​ភាព​ដែល​បង្កើត​ជា​បទ​ល្មើស​ឡើយ។ ​ពួកគេ​ក៏​បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ និង​ដោះលែង​លោក​ ម៉ិច ដារ៉ា ​ដោយ​ឥត​លក្ខខណ្ឌ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG