សាលាឧទ្ធរណ៍ព្រះសីហនុបានប្រកាសសាលដីកា ទម្លាក់បទចោទលើសកម្មជនដីធ្លីខេត្តកោះកុង៩រូប ដែលត្រូវបានតុលាការខេត្តកោះកុងចោទពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» អំឡុងពេលធ្វើការតវ៉ាការរំលោភបំពានដីធ្លីពីសំណាក់បុគ្គលមានអំណាចមា្នក់ក្នុងខេត្តកោះកុងគឺលោក ហេង ហ៊ុយ។
សកម្មជនទាំង៩រូបនោះ គឺជាតំណាងពលរដ្ឋចំនួន១៩៧គ្រួសារនៅសហគមន៍ដីធ្លីមួយ នៅក្នុងភូមិតានី ឃុំ ជខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងចំណោមសកម្មជនចំនួន៩នាក់ មានម្នាក់គឺលោក គង់ ម៉ែន បានទទួលមរណភាព ហើយតុលាការបានសម្រេចរំលត់បណ្តឹងអាជ្ញាក្នុងសំណុំរឿងរបស់លោក។
សកម្មជនដីធ្លីក្នុងខេត្តកោះកុង អ្នកស្រី ដេត ហួរ អាយុ៣៩ឆ្នាំប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អ្នកស្រីសប្បាយចិត្តនៅពេលដែលសាលាឧទ្ធរណ៍ខេត្តព្រះសីហនុបានសម្រេចទម្លាក់បទចោទមកលើអ្នកស្រី និងសកម្មជនដីធ្លីដទៃទៀតដែលជាតំណាងពលរដ្ឋចំនួន១៩៧ គ្រួសារ ក្នុងស្រុកស្រែអំបិល។ អ្នកស្រីយល់ថា សេចក្តីសម្រេចរបស់សាលាឧទ្ធណ៍ខេត្តព្រះសីហនុ បានបង្ហាញថា តុលាការខេត្តព្រះសីហនុបានសម្រេចសេចក្តីដោយឯករាជ្យ និងមានតម្លាភាពខុសពីតុលាការខេត្តកោះកុង។
អ្នកស្រីថ្លែងថា៖«នៅថ្ងៃទី១៦ ខែ១១ ម្សិលមិញនេះ គាត់[សាលាឧទ្ធរណ៍ព្រះសីហនុទម្លាក់បទចោទឱ្យពួកខ្ញុំ ហើយពួកខ្ញុំត្រេកអរហើយសប្បាយចិត្តជាទីបំផុតតុលាការឧទ្ធរណ៍គាត់ឯករាជ្យមានតម្លាភាពមិនដូចតុលាការកោះកុង»។
អ្នកស្រីបន្ថែមថា អ្នកស្រីនឹងបន្តតវ៉ាដាក់ញតិ្តទៅក្រសួង និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់តាមនីតិវិធីច្បាប់ ដើម្បីរកដំណោះស្រាយវិវាទដីធ្លីរបស់ខ្លួនជាមួយនិងលោកឧកញ៉ាហេង ហ៊ុយ ដែលអ្នកស្រីថា បានរំលោភយកដីពលរដ្ឋអស់រយៈពេលជាង១០ឆ្នាំមកហើយ។
សកម្មជនដីធ្លីក្នុងខេត្តកោះកុងរូបនេះថ្លែងថា៖«ខ្ញុំនឹងគ្រោងទៅរៀបចំទៅដាក់ញតិ្តនៅស្ថាប័នពាក់ព័ន្ធ ជាពិសេសសម្តេច ហ៊ុន ម៉ាណែត ឲ្យលោកបានដឹងឮថា ប្រជាពលរដ្ឋយើងនៅតែរងគ្រោះដីធ្លីមិនទាន់បានទទួលបានការដោះស្រាយមិនទាន់បានដំណោះស្រាយមួយណាដែលអាចទទួលយកបាននោះទេ។ អ៊ីចឹងពួកខ្ញុំនឹងក្រោកឈរទាមទារទៅតាមផ្លូវច្បាប់ដែលយើង បាត់បង់អ្វីមួយយើងត្រូវទាមទារ ខ្ញុំនឹងទាមទារនៅតែទៅដល់ លុះត្រាណាតែមានដំណោះស្រាយ»។
បើតាមសកម្មជនដីធ្លីរូបនោះ រាល់ការកោះហៅពីតុលាការ មិនមានវត្តមានរបស់លោក ហេង ហ៊ុយ ដែលជាភាគីជម្លោះចេញមុខផ្ទាល់ទេ គឺមានតែតំណាងមេធាវីរបស់លោកតែប៉ុណ្ណោះ។
សកម្មជនដីធ្លីក្នុងខេត្តកោះកុងម្នាក់ទៀតលោក ឆាន់ ឈឿន អាយុ ៤២ឆ្នាំប្រាប់វីអូអេថា ការទម្លាក់បទចោទរបស់សាលាឧទ្ធរណ៍ព្រះសីហនុមកលើខ្លួននិងសកម្មដីធ្លីផ្សេងៗទៀតគឺ ជារឿងយុត្តិធម៌មួយសម្រាប់ប្រជាពលរដ្ឋដែលរងការចោទប្រកាន់។
លោកអះអាងទៀតថា លោកនឹងបន្តស្វែងរកដំណោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តជួយ ដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយលោកហេង ហ៊ុយ ដែលត្រូវគេស្គាល់ថាជាឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តកោះកុង និងជាឧត្តមសេនីយ៍ពាក់ផ្កាយ២នៅក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖«ខ្ញុំនឹងធ្វើការបន្តទៀត ដើម្បីទាមទារដីធ្លីរបស់ខ្ញុំមកវិញគឺខ្ញុំនឹងដាក់ពាក្យបណ្តឹងបន្តទៀតទៅតុលាការដើម្បីឲ្យមានភាពយុត្តិធម៌សម្រាប់ពួកខ្ញុំដែលជាជនរងគ្រោះ ដើម្បីឲ្យបានដីខ្ញុំមកវិញ។ បើអត់បានទេ ពួកខ្ញុំមិនឈប់ទេ»។
ទោះជាយ៉ាងណាលោកនៅតែមានការព្រួយបារម្ភខ្លាចខាងភាគីលោកឧកញ៉ា ហេង ហ៊ុយ ប្តឹងបកមកវិញ។
លោកបញ្ជាក់ថា៖«ខ្ញុំនៅតែមានការព្រួយបារម្ភដោយសារតែ ខ្ញុំបានឡើងតុលាការនៅខេត្តកោះកុងគឺគេបានឈ្នះក្តីឲ្យខ្ញុំបង់ទឹកប្រាក់។ ពេលមកកំពង់សោមគេលើកលែងការចោទប្រកាន់ ហើយខ្ញុំនៅបារម្ភគេដាក់ពាក្យបណ្តឹងបន្តទៅតុលាការកំពូលទៀត ខ្លាចតែមានមួយតំណទៀត។ អ៊ីចឹងពួកខ្ញុំនឹងមានផលប៉ះពាល់កាន់តែខ្លាំង។ ពេលរដូវច្រូតកាត់ហើយ ខាងខ្ញុំមានជាប់លុយធនាគារជាច្រើន ហើយអត់មានពេលរកស៊ីរកអីអ៊ីចឹងខ្ញុំនៅតែមានការព្រួយបារម្ភជាខ្លាំង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង ហ៊ុយ បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ព្រះសីហនុ លោក លឹម ស៊ីណាត បានប្រាប់វីអូអេថា សកម្មជនដីធ្លីទាំង៩នាក់មកពីខេត្តកោះកុង ត្រូវបានតុលាការសម្រេចទម្លាក់បទចោទ កាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សាទរចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានសម្រេចទម្លាក់ការចោទប្រកាន់នានាទៅលើប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីក្នុងខេត្តកោះកុង។
លោកលើកឡើងថា៖«វាជាសញ្ញាណល្អបន្តទៀតដែរ ដែលសហគមន៍នៃករណីដីធ្លីនៃខេត្តផ្សេងៗ ក៏អាចរំពឹងថា ទៅដល់ដំណាក់កាលនៃសាលាឧទ្ធរណ៍នេះ នឹងទទួលបានយុត្តិធម៌ដូចៗគ្នា។ ហើយក៏ចង់ទទូចស្នើទៅដល់តុលាការសាលាដំបូងទាំងអស់ដែលបានសម្រេចសេចក្តីមកលើប្រជាពលរដ្ឋសហគមន៍ដីធ្លីនេះគប្បីមានការពិនិត្យពិច័យឲ្យមែនទែនមុននឹងសម្រេចសេចក្តីឲ្យពួកគាត់បានទទួលទោសទណ្ឌ»។
លោកបន្ថែមទៀតថា តុលាការសាលាដំបូងទាំងអស់គួរតែពិនិត្យឲ្យបានហ្មត់ចត់លើអង្គហេតុដែលបណ្តាលឲ្យកើតជម្លោះ មុននឹងចេញសេចក្តីសម្រេចដាក់ទោសទណ្ឌលើប្រជាពលរដ្ឋដែលមានវិវាទដីធ្លី និងថាអាជ្ញាធរតាមមូលដ្ឋានក៏គួរតែជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងរង់ចាំដីសម្រាប់បង្កបង្កើនផល ក្រោយពេលមានការដោះស្រាយបញ្ចប់ជម្លោះ។
ក្នុងសំណុំរឿងខាងលើនេះសាលាដំបូងខេត្តកោះកុងធ្លាប់បានចេញសាលក្រមផ្ដន្ទាទោសសកម្មជនដីធ្លីទាំង៩នាក់នោះឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទប្ដឹងបរិហារបង្កាច់កេរ្ដិ៍ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៣១១ ៣១២ ៤៩៤ និង ៤៩៥។ សាលាដំបូងក៏បានបង្គាប់ឲ្យពួកគាត់សងសំណងរដ្ឋប្បវេណីចំនួន៤០លានរៀលដល់ដើមបណ្ដឹងរដ្ឋប្បវេណីផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
សកម្មជនទាំងនោះក៏ធ្លាប់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ នៅពេលដែលពួកគេធ្វើដំណើរចេញពីខេត្តកោះកុងឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យទម្លាក់ចោលបទចោទប្រកាន់នៅតុលាការ៕