អង្គការយូណេស្កូ បានស្នើឲ្យកម្ពុជាពិចារណាឡើងវិញពាក់ព័ន្ធនឹងការជម្លៀសប្រជាពលចេញពីតំបន់អង្គរ និងជំរុញឲ្យមានការប្រើប្រាស់យន្តការត្រឹមត្រូវដែលស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីធានាថា ពលរដ្ឋទទួលបានលក្ខខណ្ឌរស់នៅសមស្រប និងឆ្លើយតបទៅនឹងសំណើរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UNESCO ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP។
ក្នុងសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP អង្គការយូណេស្កូ ដែលជាភ្នាក់ងារផ្នែកវប្បធម៌របស់អង្គការសហប្រជាជាតិ បានបង្គាប់ឲ្យរដ្ឋាភិបាលកម្ពុជាដាក់របាយការណ៍ថ្មីមួយ ដើម្បីធ្វើបច្ចុប្បន្នភាពលើស្ថានភាពចុងក្រោយនៃការអភិរក្សតំបន់អង្គរនៅត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងថាលក្ខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋគឺជា«រឿងអាទិភាព»។
សេចក្តីថ្លែងការណ៍របស់យូណេស្កូ ធ្វើឡើងក្រោយអង្គការលើកលែងទោសអន្តរជាតិ Amnesty International កាលពីថ្ងៃអង្គារ បានចេញរបាយការណ៍រិះគន់យ៉ាងចាស់ដៃទៅលើអង្គការយូណេស្កូ ដែលខកខាននៅក្នុងការប្រឈមមុខជាមួយរដ្ឋាភិបាលកម្ពុជានូវអ្វីដែលហៅថាការ «ជម្លៀសប្រជាពលរដ្ឋជាទ្រង់ទ្រាយធំ»នៅតំបន់អង្គរ។
ជាការឆ្លើយតបទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP អង្គការយូណេស្កូលើកឡើងថា៖ «អំពាវនាវឲ្យអាជ្ញាធរកម្ពុជាធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់មិនអនុវត្តការបណ្តេញចេញដោយបង្ខំនៅអង្គរវត្ត និងធានាថា វិធានការកែតម្រូវចាំបាច់ទាំងអស់ត្រូវបានដាក់ឲ្យដំណើរការជាបន្ទាន់ ដើម្បីធានាបាននូវការគោរពពេញលេញនៃសិទ្ធិមនុស្សសម្រាប់សហគមន៍ដែលពាក់ព័ន្ធទាំងនោះ»។
ជាងនេះទៀត អំឡុងពេលនៃការថ្លែងបើកសន្និសីទស្តីពីប្រាសាទអង្គរវត្តកាលពីថ្ងៃពុធ លោកស្រី Audrey Azoulay ប្រធានអង្គការយូណេស្កូ បាននិយាយថា៖ «សេចក្តីប្រាថ្នា និងការរស់នៅរបស់អ្នកស្រុកគួរតែត្រូវបានយកមកពិចារណាបន្ថែមទៀត ដូចដែលបានស្នើសុំដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ នេះជាអាទិភាពរបស់អង្គការយូណេស្កូ។ វាគឺជាទំនួលខុសត្រូវដ៏សំខាន់មួយក្នុងការផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន រួមទាំងអ្នកដែលងាយរងគ្រោះបំផុតផងដែរ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអង្គការយូណេស្កូតាមសារអ៊ីមែលបាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា ការរស់នៅរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពរបស់រដ្ឋាភិបាល។ លោកបន្ថែមថា អាជ្ញាធរពុំដែលខ្វះការយកចិត្តទុកដាក់ទៅលើការរស់នៅប្រកបដោយភាពសុខដុមរបស់ប្រជាពលរដ្ឋនោះទេ តាមរយៈការកសាងស្ពាន ស្តារប្រឡាយទឹក ផ្តល់ការងារ និងអនុញ្ញាតឲ្យជួសជុលផ្ទះសម្បែង រុះផ្ទះចាស់ចេញ ធ្វើផ្ទះថ្មីជំនួសដែលល្អជាង ហើយធំជាង។
លោក ឡុង កុសល ថ្លែងថា៖ «ប៉ុន្តែការរស់នៅស្របច្បាប់ និងការរស់នៅមិនស្របច្បាប់ជារឿងពីរដាច់ដោយឡែក ហើយយើងចាំបាច់មិនអនុញ្ញាតឲ្យអ្នករស់នៅមិនស្របច្បាប់ធ្វើឲ្យប៉ះពាល់ដល់តម្លៃលេចធ្លោជាសាកលភាពដើម និងបូរណភាពរបស់អង្គរឡើយ»។
អ្នកស្រី ឈឹង ចន្ទី អាយុ៣៥ឆ្នាំ ប្រជាពលរដ្ឋដែលរើពីតំបន់អង្គរទៅរស់នៅឃុំរុនតាឯក ប្រាប់វីអូអេថា អ្នកស្រីបានផ្លាស់ទីមកកាន់កន្លែងថ្មីបានមួយឆ្នាំហើយ។ អ្នកស្រីបន្ថែមថា ជីវភាពរស់នៅកន្លែងថ្មី មានការលំបាកជាងមុន ខណៈអ្នកស្រីត្រូវខ្ចីលុយធនាគារចំនួន ១ម៉ឺនដុល្លា សម្រាប់រៀបចំផ្ទះថ្មី។
អ្នកស្រីបញ្ជាក់ថា៖ «កាលយើងនៅអង្គរ ដ្បិតផ្ទះនៅមិនបានស្រួលបួលអីមែន ប៉ុន្តែយើងរស់នៅស្រួល រស់នៅដោយមិនភ័យខ្លាច។នៅរុនតាឯកគឺភ័យខ្លាចត្រង់ថាពេលខែភ្លៀងក៏ពិបាក ខ្យល់ក៏ពិបាក។ ហើយពិបាកមួយទៀតបើយើងអត់រកមួយថ្ងៃ ភ័យខ្លាចដាច់បាយ។បើនៅអង្គរ អត់រកមួយខែក៏អត់ភ័យដែរ»។
បើតាមស្ត្រីរូបនេះ អាជីពជាអ្នកបិទស្រា និងចិញ្ចឹមជ្រូករបស់ខ្លួនត្រូវបានបាត់បង់ នៅពេលដែលអ្នកស្រីផ្លាស់មកកាន់កន្លែងរស់នៅថ្មី ខណៈឥឡូវអ្នកស្រីក្លាយជាអ្នកលក់ចាប់ហួយដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ និងត្រូវបង់ធនាគារចំនួន ២០០ដុល្លារនៅក្នុងមួយខែផងដែរ។
នៅពេលសួរថាតើចង់ត្រឡប់មករស់នៅតំបន់អង្គរវិញទេ អ្នកស្រី ឈឹង ចន្ទី ឆ្លើយថាអ្នកស្រីចង់ត្រឡប់មកវិញ ប៉ុន្តែក៏មិនអាចបោះបង់ចោលកន្លែងថ្មីបានដែរ ដោយសារតែការរុះរើផ្ទះចុះឡើង មិនមែនជាការងាយស្រួលឡើយ ជាពិសេសត្រូវចំណាយថវិការច្រើន។
អ្នកស្រី ឈឹង ចន្ទី លើកឡើងទៀតថារដ្ឋាភិបាលបានផ្តល់ថវិកាប្រមាណ ៣២ម៉ឺនរៀលនៅក្នុងមួយខែក្នុងរយៈពេល ១០ឆ្នាំ ប៉ុន្តែអ្នកស្រីថា មិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃនោះឡើយ។
ពលរដ្ឋម្នាក់ទៀត លោក លោក ហ៊ន់ រ៉ាវុធ អាយុ ៤២ ឆ្នាំ ដែលជាអ្នកស្រុកនៅតំបន់រុងតាឯកតាំងពីដើម ប្រាប់វីអូអេថា ការផ្លាស់ទីរបស់អ្នកតំបន់អង្គរមកតំបន់រុនតាឯកនេះបានធ្វើឲ្យលោកជួបផលវិបាក។ លោកបន្តថា លោកត្រូវប្រគល់ដីស្រែទៅឲ្យអាជ្ញាធរជាមួយនឹងការសងសំណងតិចតួច ដែលធ្វើឲ្យជីវភាពបច្ចុប្បន្នជួបការលំបាក។
លោក ហ៊ន់ រ៉ាវុធ ថ្លែងថា៖ «កាលណាគេយកដីយើងហើយ យើងមានមុខរបរប៉ុណ្ណឹងឯងមានអីធ្វើ មានស្រែណាធ្វើទៀត? មានតែទៅសុំគេធ្វើ ទៅជួលដីគេធ្វើប៉ុណ្ណឹងឯង បើគេយក(ដីស្រែ)ហើយ យើងបានសំណងតិចតួចមក យើងបានតែម៉ាដាំអីហូបជុំវិញដីហ្នឹងឯង យើងមានតែទៅធ្វើ ទៅរកនៅខាងក្រៅទៀត»។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាបានរំលោភទៅលើច្បាប់អន្តរជាតិ តាមរយៈការជម្លៀសប្រជាពលរដ្ឋប្រមាណ ១ម៉ឺនគ្រួសារ នៅក្នុងតំបន់អង្គរ ដោយបង្ខំ។
គួរបញ្ជាក់ថា ជាដំណោះស្រាយនៃការជម្លៀសពលរដ្ឋចេញពីតំបន់អង្គរ ប្រជាពលរដ្ឋនឹងទទួលបានដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ នៅក្នុងឃុំរុនតាឯក និងអត្ថប្រយោជន៍មួយចំនួនទៀត។
កាលពីចុងខែសីហា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានថ្លែងថាបើប្រជាពលរដ្ឋមិនព្រមចាកចេញ នោះអង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលត្រូវបានចុះបញ្ជីកាលពីឆ្នាំ ១៩៩២។ អតីតអភិបាលខេត្តសៀមរាបលោក ទៀ សីហា ក៏ធ្លាប់ព្រមានថា អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់លើប្រជាពលរដ្ឋដែលបន្តតវ៉ា ជំទាស់នឹងការទៅតាំងលំនៅឋានថ្មីដែលរដ្ឋាភិបាលត្រៀមបម្រុងជាថ្នូរនឹងការចាកចេញពីតំបន់អង្គរ៕