ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប


លោក​ប៊ុត​ សុខន​ជាសកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំតាទែន​ ដែល​ត្រូវឃុំខ្លួន។
លោក​ប៊ុត​ សុខន​ជាសកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំតាទែន​ ដែល​ត្រូវឃុំខ្លួន។
នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​ខេត្ត​កណ្តាល​បាន​សម្រេចឃុំ​ខ្លួន​សកម្ម​ជន​គណបក្ស​សង្គ្រោះ ជាតិ​មួយ​រូប​ បណ្តោះ​អាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​ ពីបទ​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា។ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​បាន​ហៅ​សេចក្តី​សម្រេចនេះ​ថា ​ជា​ហេតុផល​នយោបាយ។​

វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ឆែ វិវឌ្ឍនៈ​ ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​កណ្តាល ​ដើម្បី​សុំ​អត្ថាធិប្បាយ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​ ក៏​ប៉ុន្តែ​បើតាម​ការ​បញ្ជាក់​ពី​លោក​ស្រី​ មុត​ ពិសិដ្ឋ​ មេធាវី​ការពារ​ក្តី​ជន​រងគ្រោះ​មក​ពី​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាននិយាយ​ថា ​កូនក្តី​របស់​អ្នក​ស្រី​ឈ្មោះ​ប៊ុត សុខន​ត្រូវ​បាន​តុលាការ​សម្រេចឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្តហើយ​ពី​បទ​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា។​

អ្នក​ស្រី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ​ ដោយ​សារ​មិន​ទាន់​បាន​ពិនិត្យ​សំណុំ​រឿង​នេះ​នៅ​ឡើយ។​

អ្នក​ស្រី​បញ្ជាក់​ថា៖«​ឥឡូវ​នេះ​ខ្ញុំ​មិនទាន់​អាច​និយាយ​បាន​ទេ ​ដោយ​សារ​ខ្ញុំ​មិន​ទាន់​បាន​ក្តាប់​ព័ត៌មាន​ហ្នឹង​ច្បាស់​ ហើយ​ខ្ញុំ​ត្រូវ​ការ​មើល​ឯក​សារ​ រឿង​ហេតុ​របស់​គាត់​សិន។​ អញ្ចឹង​ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ទេ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ដោយ​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​នគរ​បាល​ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​បាន​ឡោម​ព័ទ្ធ​ផ្ទះ​ និង​ចាប់​ខ្លួន​លោក​ប៊ុត សុខន​ អាយុ​៣១​ឆ្នាំ​ រស់​នៅ​ភូមិ​ស្លែង​ដីដុះ​ ឃុំព្រែក​តាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល។​

លោក​ប៊ុត​ សុខន​ជាសកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំតាទែន​ ដែល​បាន​ចូល​រួម​យ៉ាង​សកម្មក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត។​

ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​សកម្មភាព​វាយ​ដំគ្នារវាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដែល​បណ្តាល​ឲ្យមាន​ជន​រង​គ្រោះ​ចំនួន​បីនាក់​រង​របួស។​

ជម្លោះ​នេះ​បាន​កើត​មាន​ឡើង ​នៅ​ពេល​ដែល​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ស្រុក​ពញាឮ​ ខេត្ត​កណ្តាល។​ តែ​ក្បួន​ដង្ហែ​នេះ​ត្រូវ​បាន​ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជាជន​តាម​រំខាន​រហូត​ដល់​មាន​អំពើ​ហិង្សា​កើត​ឡើង។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។​

លោក​ប៊ុត​ សុខន​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយវីអូអេ​នៅ​ឯ​តុលាការ​ខេត្ត​កណ្តាល​ថា​ លោក​មិន​បាន​នៅ​កន្លែង​កើត​ហេតុ​ទេ។​

ដោយ​មាន​ដៃ​ជាប់​ខ្នោះ​ទាំង​សងខាង ពាក់​អាវ​យឺត​ពណ៌ក្រហម​ និង​ស្លៀក​ខោខ្លី​ ប៊ុត សុខននិយាយ​ថា​ ហេតុ​ការណ៍នៃ​ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​នៅ​ខាង​មុខ​ក្បួន​ដង្ហែ ចំណែក​ឯ​លោក​ដើរហែ​នៅ​ខាង​ក្រោយ​ក្បួន​ មិន​បាន​ចូល​រួម​សកម្ម​ភាព​វាយ​តប់​គ្នា​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អត់​ដឹង​ថា​ រឿង​អ្វីផង។ ខ្ញុំ​អត់ដឹង​ថា​ មាន​រឿង​ហេតុ​ការណ៍កើត​ឡើង​ទេ។​ ដល់​គេមក​ដល់​ភ្ជង់​ខ្ញុំ​ពីក្រោយ​តែ​ម្តង។ គេ​ឲ្យខ្ញុំ​ឡើង​លើ​ម៉ូតូ​ ជិះម៉ូតូ។ ដល់​លើ​ថ្នល់​ រថយន្ត​មក​ដាក់​ខ្ញុំ​ទៅ​តែ​ម្តង។ ​ចាប់​ប្រហែល​ម៉ោង​៥​និង​២០​នាទី​ ចាប់​ពីមុខ​ផ្ទះ​ខ្ញុំ​កាល​ពី​ព្រឹក​ម៉ិញ»។​

មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧​នាក់​ហើយ​ត្រូវ​បាន​ចាប់​ឃុំ​ ដោយ​រាប់​បញ្ជូល​ទាំង​សកម្មជន​៥​នាក់​នៅ​ក្នុង​ខេត្ត​កំពត ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​សម្រេចឃុំ​ខ្លួន​ពី​បទ​ទទួល​ផល​ និង​អនុផល​ព្រៃឈើ​ខុស​ច្បាប់​និង​ម្នាក់​ទៀត​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាដ ដោយ​គំរាមកំហែង​តាម​ទូរស័ព្ទ។​

លោក​អេង ឆៃអ៊ាង​ បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​ខាង​កូតា​គណបក្ស​សង្គ្រោះជាតិ បាន​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នេះ​ថា​ ជារឿង​បណ្តាល​មកពី​ហេតុ​ផល​នយោបាយ។​

លោក​និយាយ​ថា៖​«ហេតុ​ផល​នយោបាយ​ហើយ ​ពីព្រោះ​រឿង​ហ្នឹង​គណបក្ស​ប្រជាជន​ជា​អ្នក​រំលោភ​មក​លើ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​គណបក្ស​ប្រជាជន​មិន​ស្តាប់​ទាំង​ PEC​ មិន​ស្តាប់​ទាំង ​CEC​ ផង។ ​PEC​និង​CEC ​ឃាត់​អត់​ឈ្នះ​ ហើយ​ឲ្យចូល​លុក​មក​លើ​ក្បួន​គណបក្ស​សង្គ្រោះជាតិ​រហូត​ដល់​មាន​ការ​វាយ​ប្រតប់​គ្នា។ ​គេចង់​បង្កើត​ឲ្យមាន​រឿង​ហ្នឹង​ឯង»។​

លោក​ទេព​ នីថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ បាន​និយាយ​ថា​ ការ​ចាប់​ខ្លួន​នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ ​ហើយ​មិន​នៅ​ក្រោម​កិច្ចការ​របស់​គ.ជ.ប.​ទេ។​

លោក​ចាន់ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​បញ្ជាក់​ថា ​សមត្ថកិច្ច​មិន​ទាន់​អនុវត្ត​ឲ្យបាន​សមស្រប​ក្នុង​ការ​ចាត់​វិធាន​ការ​ឲ្យបាន​ត្រឹម​ត្រូវ​ដើម្បី​បង្ក្រាប​សកម្មភាព​រំខាន​ការ​ឃោសនា​រក​សំឡេង​ឆ្នោតនៅ​ឡើយ​ទេ។​

លោក​បាន​និយាយ​ថា ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ចលាចល​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​គឺត្រូវ​តែ​ដោះ​ស្រាយ​តាម​រយៈ​គ.ជ.ប. ​ជាមុនសិន​ មុន​នឹងពិនិត្យ​ដល់​រឿង​ព្រហ្ម​ទណ្ឌ។​

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​២៧​ខែ​មិថុនា​ ដោយ​គ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៦​ខែ​កក្កដា។​

កាល​ពី​ថ្ងៃដើម​ខែ​កក្កដា តុលាការភ្នំពេញ​បាន​សម្រេចឃុំខ្លួន​លោក​ឧត្តម​សេនីយ៍​ទោ​ឃី គឹមលុន​ បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។​ លោក​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ និង​មាន​ងារ​ជា​ឧកញ៉ា​ ហើយ​ត្រូវ​ឃុំខ្លួន​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ប្រព្រឹត្តអំពើ​ហិង្សា​ ក្រោយ​ពី​បាន​បាញ់​ទៅ​លើ​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីថ្ងៃ​ទី៥​កន្លង​ទៅ​នេះ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG