ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​បានចាប់​ខ្លួន​ជន​សង្ស័យ​បីនាក់​ដែល​ប្រើ​អំពើហិង្សា​លើក្បួន​ឃោសនា​គណបក្ស​សង្គ្រោះជាតិ

  • សុខ ខេមរា

កម្លាំង​ប៉ូលិស​ការពារ​សន្តិសុខ​​នៅតាមដង​ផ្លូវ​ពេល​​មាន​ក្បួន​ឃោសនា​បោះឆ្នោត​របស់គណបក្ស​នយោបាយ​។
អាជ្ញាធរ​បានចាប់​ខ្លួន​ជន​សង្ស័យ​បីនាក់​ដែល​ប្រើ​អំពើ​ហិង្សា​លើក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះជាតិ។​ លោក​សុខ​ ខេមរា​នៃ ​វីអូអេ ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​បាន​រាយ​ការណ៍​ថា ​អ្នកធ្វើ​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បីនាក់​ត្រូវ​គេ​ធ្វើឲ្យ​របួស​និង​រង​ការ​បាញ់​គម្រាម​នៅ​ពេល​ហែក្បួន​កាលពី​យប់ថ្ងៃ​សុក្រ។​

អាជ្ញាធរ​បាន​ចាប់ខ្លួន​បុរស​បីនាក់​ដែល​គេ​សង្ស័យ​ថា​ ជា​អ្នក​វាយ​ប្រហារ​និង​បង្ក​ របួស​ស្នាម​អ្នក​ឃោសនា​គណបក្ស​សង្គ្រោះជាតិ​៣នាក់​ក្នុង​ចំណោម​រាប់ពាន់​ នាក់​ដែល​បាន​ដង្ហែ​ក្បួន​ឃោសនា​កាលពី​យប់ថ្ងៃ​សុក្រ​ក្នុងរាជ​ធានី​ភ្នំពេញ។​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​គណៈបក្ស​សង្រ្គោះជាតិ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ ដែល​នៅ​កន្លែង​កើត​ហេតុ។​

ជន​សង្ស័យ​ពីរ​នាក់​ ក្នុង​ចំណោម​បីនាក់​ដែល​ត្រូវគេ​ចាប់ខ្លួន​នោះ​ ត្រូវគេ​ស្គាល់​ ឈ្មោះអ៊ុង ចាន់ថន​ មន្ត្រីប៉េអឹម​ខេត្ត​កណ្តាល​ជាអ្នក​បាញ់​កាំភ្លើង​ និង​ម្ចាស់ផ្ទះ​ ឈ្មោះ​ឃី តាំងលន់។​ ព្រឹត្តិ​ការណ៍​នេះ​បានកើត​ឡើង​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការ​មន។​

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​ត្រូវតែ​ចាប់​ខ្លួន​ជនល្មើស​មក​កាត់​ទោស​ ដែល​លោក​ចាត់​ទុកថា​ នេះ​ ជា​ការ​វាយប្រហារ​ផ្នែក​នយោបាយ​មកលើ​គណបក្ស​របស់​លោក​ដែល​កំពុង​កើន​ ប្រជា​ប្រិយភាព។​

លោក​និយាយ​ថា៖​ «ដំបូង​ឡើង​ហ្នឹង​ពួក​យើង​ហែក្បួន​ស្លូតបូត​ណាស់​ អត់មាន​ពាក្យ​សម្តី​អីទេ។​ ស្រាប់តែ​ហែ​ទៅដល់​ផ្ទះ​វីឡា​មួយ​ដែល​មាន​របង​បួន​ម៉ែត្រ​ហ្នឹង​ស្រាប់តែ​ដុំថ្ម​ហ្នឹង​ហោះចេញ​ពី​ក្នុង​មក។​ ពួក​យើង​ខ្ញុំ​ហ្នឹង​បែក​ខ្ញែក​គ្នា​នៅ​ជួរ​មុខ​ ហើយ​ឆ្ងល់​ណាស់។​ រួចពី​គប់​ដុំថ្ម​ឲ្យ​របួស​ប៉ុន្មាន​នាក់​ហើយ​ក៏ស្រាប់តែ​ឮស្នូរ​កាំភ្លើង​បាញ់​ចេញពី​ក្នុង​ផ្ទះហ្នឹង​៥​ទៅ​១០គ្រាប់​ទៀត​ ហើយ​ចាប់​អ្នក​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​ហ្នឹង​ចូលទៅ​ក្នុងផ្ទះ​ទៀត។​ ចាប់​បីនាក់​ហ្នឹង​ បាទ»។​

លោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​វិធានការ​និង​តាម​ដាន​អំពី​រឿង​ វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពីមុន​នេះ។​

ដោយ​ឡែក ​លោក​ហូ វ៉ាន់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត ​ដែល​តាម​ឃ្លាំមើល​សកម្មភាព​អាជ្ញាធរ​ បាន​បញ្ជាក់​ថា​ ជន​សង្ស័យ​ទាំងបី​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​កងរាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ​ដើម្បី​សាកសួរ។​

ក្រុម​អ្នកហែ​ក្បួន​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ត​ព័ទ្ធ​ផ្ទះ​ដែល​បាន​ប្រើដុំថ្ម​នោះ​ ចាប់​ពី​ម៉ោង​ជិត​៨​យប់​រហូត​ដល់ម៉ោង​ប្រមាណ​ជាង​១០​យប់​ ហើយ​ក្រោយមក​បាន​ចាក​ចេញ​ដោយ​បន្សល់​ទុក​ប្រមាណ​ជាង​១០០​នាក់​ដើម្បី​ឃ្លាំមើល។​

ថ្លែង​ពេល​កំពុង​ឃ្លាំមើល​នៅ​កន្លែង​កើត​ហេតុ​ លោក​ចាន់ សុវ៉េត​ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាហុក​ បាន​អះអាង​ថា ​ដោយសារ​តែ​អាជ្ញាធរ​ដែល​មិន​បាន​ចាត់​វិធាន​ការ​ឆាប់​ រួចផ្ទះ​នោះ​ក៏មិន​ព្រម​បើកទ្វារ​ ហើយ​ជន​បីរូប​ដែល​ត្រូវ​គេ​ចាប់​ដាក់ក្នុង​ផ្ទះ​នោះ​មិនអាច​ចេញ​មក​វិញ​ផង​ ក្រុមអ្នក​ហែក្បួន​ឃោសនា​បាន​បង្ហាញ​កំហឹង​ក្រេវក្រោធ​ដាក់​អាជ្ញាធរ។​ តែគ្មាន​អំពើ​ហិង្សា​ដែល​កើត​មាន​ទេ។​

លោក​និយាយ​ថា៖​ «និយាយ​រួម​ បើ​ស្ថានភាព​នេះ​មិន​អាច​ដោះស្រាយ​គ្នា​បាន​ដោយ​ផ្លូវ​ច្បាប់​ ដោយ​សន្តិវិធី​និង​ដោយ​យុត្តិធម៌ទេ​ មើល​ទៅ​វាអាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់ស្រុក​យើង​ដែរ»។​

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែលស្ថិត​នៅ​កន្លែង​កើត​ ហេតុ​ដែរ​នោះ​ បាន​អះអាង​ថា ​ក្រុម​ដង្ហែ​ក្បួន​មិន​អស់​ចិត្តទេ​ ដោយសារ​ម្ចាស់​ផ្ទះ​មិន​បើក​ទ្វារ​ឲ្យ​មើល​មនុស្ស​បីនាក់​ដែល​គេ​សង្ស័យ​ថា ​ត្រូវចាប់​ឃុំ​ទុក​ក្នុង​ផ្ទះ​នោះ។​

ក្រុម​អាជ្ញាធរ​មិន​ផ្តល់​អត្ថាធិប្បាយ​ជាផ្លូវ​ការ​នៅ​ឡើយ​ទេ ​ដោយ​គ្រាន់តែ​បាន​ បញ្ជាក់​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ​ប្រាប់​ឈ្មោះ​ថា ​ជន​សង្ស័យ​ទាំងបី​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ ឃុំ​ខ្លួន។​ តែ​បាន​បញ្ជាក់​បន្ថែម​ថា​ គ្មាន​អ្នក​ហែក្បួន​បីនាក់​ត្រូវ​គេ​ចាប់​ដាក់​ក្នុង​ផ្ទះ​ នោះ​ទេ។​ មន្ត្រី​អាជ្ញាធរ​ទាំង​នោះ​បាន​អះអាង​ថា​ ពួក​គេ​កំពុង​ស្រាវជ្រាវ​បញ្ហា​នេះ​ បន្ត ​ក្រោយ​ពី​បានបង្ហាញ​ឲ្យឃើញ​ថា​ មាន​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ម្ចាស់​ផ្ទះ​និង​រថយន្ត​ផង​ដែរ​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា។​ ពួកគេ​បាន​អះអាង​ថា​ នឹង​ជម្រាប​ជូន​ សារធារណ​ជន​ឲ្យ​បាន​ដឹង​តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​នេះ។​

គណបក្ស​សង្គ្រោះជាតិ​ត្រូវគេ​ដឹង​ថា ​ជា​គណបក្ស​ដែល​មាន​សំឡេងនិង​កម្លាំង​ ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ដែល​កាន់​កាប់​អំណាច​ជាង​៣០​ឆ្នាំ។​ គណបក្ស​ទាំងពីរ​កំពុង​ធ្វើការ​ ឃោសនា​អំពី​គោល​នយោបាយ​រៀងៗ​ខ្លួន។​

ការបាញ់​កាំភ្លើង​ពេល​មាន​ការ​ហែក្បួន​ និង​ការ​វាយ​ប្រហារ​ដោយ​គប់ដុំថ្ម​ទៅ​លើ ​គណបក្សសង្គ្រោះជាតិ​នេះ​កើត​ឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​មាន​ការ​អំពាវ​នាវ​ពី​គណបក្ស​នយោបាយ​ មន្ត្រី​សង្គម​ស៊ីវិល​ និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​សុំឲ្យ​អាជ្ញាធរ​ និង​គណបក្ស​នយោបាយ​ទាំងអស់​ទប់ស្កាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ការ​ឃោសនា​បោះឆ្នោត​និង​ដំណើរការ​បោះឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG