ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​គណបក្ស​ប្រឆាំង​ ដែល​អាជ្ញាធរ​ចាប់ខ្លួន​ បាន​ជួប​មេធាវី


លោក​ធន សារ៉ាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្សអាដហុកធ្វើ​សន្និសីទ​អំពី​ការជួញដូរ​មនុស្ស។ អង្គការនេះ​ផ្តល់មេធាវី​ការពារ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន។​
លោក​ធន សារ៉ាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្សអាដហុកធ្វើ​សន្និសីទ​អំពី​ការជួញដូរ​មនុស្ស។ អង្គការនេះ​ផ្តល់មេធាវី​ការពារ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន។​
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មេធាវី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការពារ​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពត​រួច​ហើយ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​កាល​បរិចេ្ឆទ​នៃ​ការ​កាត់ទោស​នៅ​ឡើយ។

​អាជ្ញាធរ​ខេត្ត​កំពត​បាន​ចាប់ខ្លួន​បុរស​ចំនួន​ប្រាំមួយ​នាក់​ជា​បន្តបន្ទាប់​ កាលពី​ចុង​ខែ​មិថុនា​ ដែល​បុរស​ពីរ​នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​អះអាង​ថា​ គឺ​ជា​សកម្ម​ជន​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រជែង​ដែល​មាន​សក្តានុពល​ប្រជែង​គណបក្ស​កាន់អំណាច​ ហើយ​បុរស​បួន​នាក់​ទៀត​ត្រូវ​បាន​អះអាង​ថា គឺជាអ្នក​គាំទ្រគណបក្ស​ជំទាស់​ដដែល​នេះ។​ បុរស​ប្រាំ​នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រមូល​ផល​ និង​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​និង​បុរស​ម្នាក់​ទៀត​ទទួល​រង​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​គំរាម​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​តាម​ទូរ​ស័ព្ទ។​

​លោក​ប្រាក់​ សារ៉ាន់​ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​កំពត​លើក​ឡើង​ថា ​មេធាវី​នៃ​សមាគម​អាដហុក​បាន​ដាក់​ពាក្យ​ការពារ​រួច​ហើយ​ ហើយ​នៅ​រង់ចាំ​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កំពត​សម្រាប់​ការ​បើក​សវនាការ។​

លោក​និយាយ​ថា៖​ «​គឺ​មេធាវី​ពី​សមាគម​អាដហុក​ ខេត្ត​កំពត​បាន​ដាក់​ពាក្យ​ការពារ​តាម​ផ្លូវ​តុលាការ​រួច​ហើយ​ ហើយ​ឥឡូវ​កំពុង​ជំរុញ​ឲ្យ​តុលាការ​អនុវត្ត​ទៅ​តាម​និតិវិធី»។​

តាម​របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្តកំពត​ឲ្យ​ដឹង​ថា​ លោក​ហុង វីរ៉ាវុធ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​ បាន​គំរាម​ធ្វើឃាត​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​តាម​ទូរ​ស័ព្ទ។​ បួន​ថ្ងៃ​ក្រោយ​មក ​សកម្ម​ជន​ម្នាក់​ទៀត​គឺ​លោក​ស៊​ តន​ អាយុ​៥១​ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​ជ្រៀក​ឈើ​នៅ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត​ ​ត្រូវចាប់ខ្លួន​ដោយសារ​មានការចោទ​ប្រកាន់​ថា​ បាន​បើក​សិប្ប​កម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតត្រឹម​ត្រូវ។​ ដោយឡែក​ នៅ​មុន​នោះ​មួយ​ថ្ងៃ​ បុរស​បួន​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​អះអាង​ថា ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​កំពុង​ដឹក​ឈើ​តាម​រទេះ​ ក្នុង​ឃុំ​តាកែន​ ខេត្តកំពត។​ បុរស​ទាំង​បួន​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​យក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្ទាំង​ក្រដាស​តូចៗ​បិទនៅ​ពីលើ​ឈើ​ ក្រោយ​ពី​សកម្មជន​គណបក្ស​ជំទាស់​បាន​ចែក​ខិតបណ្ណ​ឃោសនា​ដល់​ពួក​គេ។​

លោក​ប្រាក់​ សារ៉ាន់​បញ្ជាក់​ថា​ មេធាវី​របស់​អង្គការ​អាដហុក​បាន​ស្នើ​សុំ​ការពារ​ជន​ជាប់​ចោទ​ចំនួន​ប្រាំ​នាក់​ រីឯ​យុវជន​ជាប់ចោទ​អំពី​ការ​គំរាម​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​តាម​ទូរ​ស័ព្ទ​នោះ​មិន​ទាន់​បាន​ស្នើ​សុំ​មេធាវី​ការពារ​នៅ​ឡើយ។​

អ្នកស្រី​ទ្រី ឈួន​ មេធាវី​ការពារ​ឲ្យ​ជន​ទាំង​ប្រាំ​នាក់ ​ត្រូវ​គេ​រាយ​ការណ៍​ថា ​អ្នកស្រី​បាន​ជួប​កូនក្តី​របស់​ខ្លួន​ទាំង​ប្រាំ​នាក់​រួច​ហើយ។​ ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ​មិនបានផ្តល់​សេចក្តី​អត្ថាធិប្បាយអំពី​ប្រតិកម្ម​កូនក្តី​ខ្លួន​ទេ ​ដោយ​ចាត់​ទុក​ថា ​នេះ​ជា​ការ​សម្ងាត់​របស់​កិច្ចការ​ការពារ​ក្តី។​

លោក​ព្រះរាជ​អាជ្ញា​ជុំ សំបាននៃ​សាលា​ដំបូង​ខេត្តកំពត​ មាន​ប្រសាសន៍​ថា​ លោក​មិន​ដឹង​ថា​ ជន​ជាប់ចោទ​នោះ​ជា​សកម្មជន​គណបក្ស​ជំទាស់ ​ឬ​យ៉ាង​ណា​នោះ​ទេ។​ ប៉ុន្តែ​សមត្ថ កិច្ច​ បាន​ចាប់ខ្លួន​ពួក​គេ​អំពី​បទ​ល្មើស​ព្រៃឈើ​ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ពួក​គេ។​

​លោក​ព្រះរាជ​អាជ្ញា​ជុំ សំបាន​បន្ថែម​ថា ​តុលាការ​ត្រូវការ​ស៊ើប​អង្កេត​ពី​បួន​ទៅ​ប្រាំមួយ​ខែ​មុន​នឹង​ធ្វើការ​ជំនុំ​ជម្រះ​ទោស។

លោក​និយាយ​ថា៖​ «អាស្រ័យ​លើ​ចៅក្រម​អង្កេត​កំណត់ពេល​ណា។​ ខ្ញុំ​មិន​ទាន់​ដឹង​ទេ។​ បើ​តាម​ផ្លូវច្បាប់​គេ​អាច​មាន​ទោស​ពី​មួយ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ»។​

​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណ​បក្សនយោបាយ​ទាំង​ប្រាំបី​កំពុង​ធ្វើការ​ឃោសនា​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា។

លោក​ជា​ ប៉ូច​ ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពត បាន​អះអាង​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​តិចតួច​ដល់​ការ​ឃោសនា​របស់​លោក។​ ហើយ​លោក​នៅ​តែ​ចាត់​ទុក​ថា​ ការចាប់​ខ្លួននេះគឺជា​«​រឿង​នយោបាយ»។​

លោក​ទេព នីថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នកកាសែត​ក្នុង​សន្និសីទ​កាលពី​ព្រឹកមិញ​នេះ​ថា​ ករណី​ជន​ត្រូវ​ចាប់ខ្លួន​នេះ​មិន​ស្ថិត​ក្នុង​សមត្ថ​កិច្ច​របស់​គ.ជ.ប.​ទេ​ ប៉ុន្តែ​គ.ជ.ប.​នឹង​តាម​ឃ្លាំមើល​ដំណើរការ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ទេព​ នីថាព្រមាន​ថា​ «​គួរ​កុំ​ប្រញ៉ាប់​ប្រញ៉ាល់​វាយ​តម្លៃ​ថា ​នេះ​ជា​រឿង​នយោបាយ»៕
XS
SM
MD
LG