ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​អំពាវ​នាវឲ្យ​គណបក្ស​ទាំងអស់​ទប់ស្កាត់​អំពើ​ហិង្សា


អ្នកស្រី ស៊ិន ជុំបូ​ អនុប្រធាន​​គ.ជ.ប.​ចូលរួម​​ក្នុង​ពិធី​​​ទទួល​​អំណោយ​​ទឹកខ្មៅ​​សម្រាប់​​ការ​បោះឆ្នោត​​ពី​ប្រទេស​​​ឥណ្ឌា។​​
អ្នកស្រី ស៊ិន ជុំបូ​ អនុប្រធាន​​គ.ជ.ប.​ចូលរួម​​ក្នុង​ពិធី​​​ទទួល​​អំណោយ​​ទឹកខ្មៅ​​សម្រាប់​​ការ​បោះឆ្នោត​​ពី​ប្រទេស​​​ឥណ្ឌា។​​
បើទោះបី​ក្នុង​រយៈពេល​នៃការ​ឃោសនា​បោះ​ឆ្នោត​ចំនួន​៨​ថ្ងៃ​មក​ហើយ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា​គួរ​ឲ្យ​គត់​សម្គាល់យ៉ាង​ណាក៏​ដោយ​ ​ក៏​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​នៅ​តែអំពាវ​នាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​៨​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ត្រូវ​ចៀសវាង​អំពើ​ហិង្សា។​ នេះបើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គ.ជ.ប.។​

លោកស្រីស៊ីន ជុំបូ ​អនុ​ប្រធាន​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការបោះ​ឆ្នោត​ បាន​និយាយ​ក្នុង​អង្គ​សន្និសីទ​កាសែត​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ ក្នុង​ការ​ឃោសនា​កន្លង​ទៅ​នេះ​មិន​មាន​អំពើ​ហិង្សា​ណាមួយ​បាន​កើត​មាន​ឡើង​ធ្ងន់ធ្ងរ​ទេ។ ​អ្នកស្រី​បាន​និយាយ​ថា​ បើទោះបី​គ្មាន​អំពើ​ហិង្សា​មែន​ ក៏គ្រប់​គណបក្ស​នយាបាយ​ទាំង​អស់​ត្រូវ​ចៀសវាង​ការ​រិះគន់​ដែល​នាំ​ទៅ​រក​អំពើ​ហិង្សា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។​

អ្នកស្រី​និយាយ​ថា៖ ​«ជួយ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​អំពាវនាវ​ទៅ​ដល់​ការ​ឃោសនា​របស់​យើង​ហ្នឹង​ ដើម្បី​ចៀស​វាង​កុំឲ្យ​មាន​ប្រទូស្តរាយ​គ្នា​ កុំឲ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង»។

មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​បើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ចាប់​តាំង​ពីថ្ងៃ​ទី​២៧ ​ខែ​មិថុនា​មុន​នេះ។​ ក៏ប៉ុន្តែ​មាន​គណបក្ស​ចំនួន​បី​ប៉ុណ្ណោះ​ដែល​ធ្វើ​សកម្ម​ភាព​ឃោសនា​សកម្ម​ជាង​គេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច។

រយៈពេល​៨ថ្ងៃ​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​កន្លង​នេះ ​គ.ជ.ប​.បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​៧០ ​មាន​៦១​បណ្តឹង​ទទួល​នៅថ្នាក់គណៈកម្មការ​រាជធានី​ ខេត្ត​ក្រុង ​៩​បណ្តឹង​នៅ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត និង​បណ្តឹង​ផ្សេង​ទៀត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ។​

លោក​កែវ ផល្លា​ ប្រធាន​នាយក​ដ្ឋាន​សេវា​កម្មច្បាប់​ និង​វិវាទ​កម្ម​របស់​គ.ជ.ប.បាន​និយាយ​ថា​ ក្នុង​ចំណោម​បណ្តឹង​ទាំង​៧០​ ​គណបក្ស​ប្រជាជន​ប្តឹង​ចំនួន​១៤​ បណ្តឹង​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​៣១​បណ្តឹង​ អាជ្ញាធរ​ស្រុក ខណ្ឌ​មាន​ចំនួន​៤បណ្តឹង​ អាជ្ញាធរ​ឃុំ​ សង្កាត់​មាន​១១​បណ្តឹង​ និង​ប្រជា​ពលរដ្ឋ​មាន​មួយ​បណ្តឹង។​

លោក​បាន​និយាយ​ថា​ មាន​បណ្តឹង​ចំនួន​៩​ទៀត​នៅ​គណៈ​កម្មការ​រាជធានី​ខេត្ត​ក្រុង​ ដែល​បាន​ទទួល៥​បណ្តឹង​ដែល​បាន​ប្តឹង​ពី​អាជ្ញាធរ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​តែ​ម្តង​ និង​៤​បណ្តឹង​ទៀត​ជា​បណ្តឹង​ឧទ្ធរណ៍ ​ដែល​មិន​យល់​ព្រម​តាម​រយៈ​ការ​ផ្សះផ្សារ​របស់​គណៈ​កម្មការ​ឃុំ​ សង្កាត់​រៀបចំ​ការ​បោះឆ្នោត។​

លោក​និយាយ​ថា៖​ «​សូមជម្រាប​ថា ​បណ្តឹង​ទាំង​៦១​បណ្តឹង​ដែល​ទទួល​បាន​នៅ​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នោះ​គឺ​មាន​៦១​ យើង​បាន​ដោះ​ស្រាយ​ចប់​ចំនួន​៣៣​បណ្តឹង​ ហើយ​នៅ​សល់​ប៉ុន្មាន​កំពុង​តែ​ដោះ​ស្រាយ»។​

លោក​សៅ វ៉ាន់​ដេត​ អនុ​ប្រធាន​នាយក​ដ្ឋាន​បូក​សរុប​នៃ​ខុទ្ទកាល័យ​គណៈ​កម្មការ​កណ្តាល​របស់គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​អ្នក​កា​សែត​ថា​ គណបក្ស​ប្រជាជនកម្ពុជា​បាន​ប្តឹង​គណបក្សសង្គ្រោះ​ជាតិដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រព្រឹត្ត​ខុសនិតិវិធី​នៃ​ច្បាប់​បោះឆ្នោត។​

លោក​និយាយ​ថា៖​ «មាន​មូល​ហេតុ​គឺខុស​និង​និតិវិធី​នៃ​ច្បាប់​បោះឆ្នោត។ ​ដល់​ពេល​ខុស​អញ្ចឹង​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ធ្វើ​ការ​សម្រេចប្តឹង។ ​នេះ​ជា​មូល​ហេតុ​ប្តឹង​របស់​គណបក្ស​ប្រជាជន»។​

លោក​រស់ សួរ​ ប្រធាន​ការិយា​ល័យ​កិច្ច​ការ​បោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិ ​មាន​ប្រសាសន៍​ថា ​គណបក្ស​បាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន​ជាង​៤០​បណ្តឹង​ហើយ ​ហើយបណ្តឹង​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​គឺ​ជន​មិន​ស្គាល់​មុខ​ដើរ​ហែក​បដា និង​ការ​គំរាម​កំហែង​តាម​ទូរស័ព្ទ​ រក​មនុស្ស​ដែល​គំរាម​កំហែង​មិន​ឃើញ ព្រម​ទាំង​អុកឡុក​នៅ​ក្នុង​ពេល​ឃោសនា​ដែល​រំខាន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​បាន​បញ្ជាក់​ថា​ បណ្តឹង​ទាំង​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិ​ធម៌​ទេ។

​លោក​និយាយ​ថា៖​ «​ដូច​ជា​ PEC​កំពង់​ឆ្នាំង​ ទាក់ទង​នឹង​ការ​ហែក​ស្លាក ​[ពេល​យើង]​ទៅ​[ប្តឹង] [គេ]​និយាយ​រឿង​ឯណា​ផ្សេង។​ ការ​ដោះ​ស្រាយ​អញ្ចឹង​ [យើង]​ចាត់​ទុក​ថា មន្ត្រី​អស់​ហ្នឹង​រើស​ឡើង​មិន​ធ្វើ​ការ​ដើម្បី​ការ​គោរព​ច្បាប់​ទេ។ ​វាទៅ​ជា​ការ​បញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​ទៅវិញ»។​

កញ្ញា​គង់ រ៉ាវីន​ អ្នក​សម្រប​សម្រួល​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ Comfrel​ បាន​និយាយ​ថា ​ចាប់​ពីថ្ងៃ​ទី​២៧​ខែ​មិថុនា​រហូត​មក​ដល់​ថ្ងៃទី​៤​ខែ​កក្កដា​នេះ​ Comfrel​ ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ចំនួន​៦១​ករណី។​

អ្នក​ស្រី​បាន​និយាយ​ថា​ ភាព​មិន​ប្រក្រតី​ទាំង​នោះ​រួម​មាន​ការ​បំផ្លាញ​ស្លាក​ សញ្ញា​គណបក្ស​ ការហែក​ខិត​បណ្ណ​ ​ការ​បំភិត​បំភ័យ​ ការ​រំខាន​ការ​ឃោសនា​របស់​គណបក្ស​ ការ​រំលោភ​និតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត​ ការ​ចែក​អំណោយ​ និង​មន្ត្រី​រាជ​ការ​កង​យោធពល​ខេមរ​ភូមិន្ទ​ចូល​រួម​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG