អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយ៉ាងតិចចំនួន៧នាក់ និងសកម្មជនមួយចំនួនផ្សេងទៀត កំពុងស្ថិតក្នុងដៃរបស់តុលាការនៅឡើយ។
មេធាវីការពារក្តីបានអះអាងថា តុលាការមិនទាន់សម្រេចថា នឹងបន្តនិតិវិធីរបស់ខ្លួនយ៉ាងណានៅឡើយទេ។
តុលាការមិនទាន់ទម្លាក់ចោលរឿងក្តីក្តាំនេះទេ បើទោះបីជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ ដែលបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំក៏ដោយ។ ក្រុមមន្ត្រីសិទ្ធិមនុស្សបានមើលឃើញថា គណបក្សគ្រប់គ្រងអំណាចបានបន្តប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធដល់គណបក្សជំទាស់។
លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ករណីចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រកន្លងមកនិងការចេញដីការកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់គឺជារឿងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីដាក់សម្ពាធដល់គូជម្លោះនយោបាយរបស់ខ្លួនទទួលយកលក្ខខណ្ឌផ្សេងៗ។
លោកមានប្រសាសន៍ថា បើទោះបីជាគណបក្សសង្គ្រោះជាតិយល់ព្រមចូលរួមប្រជុំសភា និងបានបោះឆ្នោតជ្រើសរើសគណៈកម្មការជំនាញក្នុងរដ្ឋសភាក៏ដោយ ក៏ផ្លូវដើររបស់គណបក្សប្រជាជនកម្ពុជាដើម្បីដាក់សម្ពាធដល់គណបក្សប្រឆាំងមិនចប់ទេ។
លោកបានបញ្ជាក់ថា តាមរយៈនៃការចេញដីការកោះហៅសកម្មជនជាបន្តបន្ទាប់នេះបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធតុលាការជាល្បែងដើម្បីជាការដោះដូរផ្នែកនយោបាយ។ ដោយសារតែនៅពេលខាងមុខគឺដល់ដំណាក់កាលនៃការជ្រើសរើសសមាសភាពគ.ជ.ប.។
ដូច្នេះគណបក្សគ្រប់គ្រងអំណាចបានតម្កល់រឿងក្តីក្តាំអ្នកតំណាងរាស្ត្រ និងសកម្មជននៅក្នុងតុលាការដើម្បីជាគំនាបមិនឲ្យគណបក្សសង្គ្រោះជាតិទាមទារតាមការដែលខ្លួនចង់បាន។
លោកនិយាយថា៖ «រឿងហៅទៅតុលាការនេះអាចជាលេសដើម្បីដាក់សម្ពាធកុំឲ្យគណបក្សសង្គ្រោះជាតិធ្វើការទាមទារអ្វី ច្រើនពេក តឹងរ៉ឹងពេក។ ដូចជារឿងច្បាប់បោះឆ្នោត ឬក៏ច្បាប់ស្តីអំពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។ អញ្ចឹងនៅក្នុងក្របខណ្ឌហ្នឹង នេះបើតាមខ្ញុំយល់»។
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន៧នាក់ រាប់បញ្ចូលទាំងលោកកឹម សុខា អនុប្រធានគណបក្ស ព្រមទាំងសកម្មជនគណបក្សមួយចំនួនផ្សេងទៀត ត្រូវបានតុលាការបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនៅឡើយពាក់ព័ន្ធនឹងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីទី១៥ ខែកក្កដា ខណៈពេលដែលសកម្មជនគណបក្សមួយរូបផ្សេងទៀតគឺលោកមាជ សុវណ្ណារ៉ាបានចាកចេញទៅក្រៅប្រទេសដើម្បីគេចចេញពីដីការកោះរបស់តុលាការ។
លោក ឈាង វ៉ុន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា រឿងនេះជារឿងជាប់ពាក់ព័ន្ធនិងរឿងតុលាការមិនមែនជារឿងនយោបាយទេ។
លោកបាននិយាយថា៖ «ខ្ញុំមិនមានយោបល់អ្វីទេ។ អ្នកដែលលើកហេតុផលហ្នឹង ឲ្យគាត់គិតមើលឡើងវិញទៅ ព្រោះរឿងនេះគួរតែសួររឿងតុលាការ។ រឿងនេះពាក់ព័ន្ធរបស់តុលាការទាំងអស់ អត់ជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនផង។ អរគុណហើយ! ខ្ញុំខំប្រឹងស្តាប់ទៅក្រែងលោមានប្រយោជន៍ អត់មានប្រយោជន៍អ្វីផង»។
កាលពីសប្តាហ៍មុន សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣រូប ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅក្នុងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។ ក៏ប៉ុន្តែទាំងសំណុំរឿងអ្នកតំណាងរាស្ត្រនិងសកម្មជនគណបក្ស តុលាការមិនទាន់ទម្លាក់ចោលការចោទប្រកាន់របស់ខ្លួននៅឡើយទេ។
លោកចាន់ ចេន មេធាវីការពារក្តីអ្នកតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា សំណុំរឿងនេះតុលាការមិនទាន់ដឹងថា នឹងសម្រេចបែបណានៅឡើយ។
លោកនិយាយថា៖ «រហូតមកដល់ពេលនេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដូចជាមិនទាន់មានចេញសេចក្តីសម្រេចណាមួយទាក់ទងរឿងកូនក្តីរបស់ខ្ញុំបាទ និងអ្នកដទៃទៀតដែលមិនមែនជាកូនក្តីខ្ញុំនោះទេ។ ប៉ុន្តែគាត់ជាអ្នកតំណាងរាស្រ្ត ក៏ដូចជាសកម្មជនដទៃទៀត អត់ទាន់ឃើញសេចក្តីសម្រេចណាមួយថា យ៉ាងម៉េចទេ»។
លោកកែវ មុន្នី ចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញ មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកនិយាយយ៉ាងខ្លីថា កំពុងជាប់រវល់៕