ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ហាម​ឃាត់​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​ពីរ​នាក់​មិន​ឱ្យ​ចូល​កម្ពុជា


រូបឯកសារ៖ ​គំនរគ្រឿងញៀន​ដែលត្រូវបានរឹបអូសបាន​ត្រៀម​ដុត​បំផ្លាញ​ចោល​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។
រូបឯកសារ៖ ​គំនរគ្រឿងញៀន​ដែលត្រូវបានរឹបអូសបាន​ត្រៀម​ដុត​បំផ្លាញ​ចោល​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​ជន​បរទេស​ពីរនាក់​ពី​បទ ​«រក្សា​ទុក ​និង​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» ​ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ ​៣​ឆ្នាំ ​៦ខែ ​ហើយ​ពួក​គេ​ទាំង​ពីរនឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ និង​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ទេ ​បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ។​

ជន​ជាប់​ចោទ​ទាំង​ពីរនាក់ ​រួម​មាន​ឈ្មោះ​ហ័ង ហាវ​យាន ​(Huang Hao Yuan)​ ភេទ​ប្រុស​ អាយុ ​៣៦ ​ឆ្នាំ ​និង ហ៊ី យ៉ុងសិន ​(He Young Sheng)​ ភេទ​ប្រុស ​អាយុ​ ៤២ ​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០២៣​ នៅ​ពេល​ពួក​គេ​ប្រព្រឹត្ត​បទ​ល្មើស​នៅ​តាម​បណ្តោយ​ផ្លូវ​កោះ​ពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ នា​ទីក្រុង​ភ្នំពេញ។​

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​អ៊ី រិន្ទ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ឱ្យ​ដឹង​ថា​ តុលាការ​ក្រុង​ភ្នំពេញ​ពិត​ជា​បាន​ប្រកាស​ផ្តន្ទា​ទោស​ជន​បរទេស​ទាំង​ពីរ​នាក់ ​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​រក​ឃើញ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។ ​លោក​បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត​លើ​សំណុំ​រឿង​នេះ។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​លោក ​យង់ គិមអេង​ ប្រាប់​វីអូអេ​ថា​ ​ការ​ផ្តន្ទា​ទោស​ជន​ល្មើស​ក្នុង​ករណី​គ្រឿង​ញៀន​នេះ​នៅ​មាន​កម្រិត​ស្រាល​នៅ​ឡើយ​ ទើប​ធ្វើ​ឱ្យ​ជន​ល្មើស​អាច​នៅ​មាន​ឱកាស​ប្រព្រឹត្ត​សកម្ម​ភាព​ឧក្រិដ្ឋ​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​ថា​ បើ​សិន​ជា​ច្បាប់​យើង​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ​បន្តិច​ប្រហែល​ជា​អាច​នឹង​រាង​ចាល​ខ្លះ»។​

លោក​បាន​បន្ថែម​ថា​ អាជ្ញាធរ​ប្រទេស​កម្ពុជា​គួរ​តែ​ស្វែង​រក​មេ​ខ្លោង​នៅ​ពី​ក្រោយ​ និង​សហការ​ជា​មួយ​អន្ដរ​ជាតិ​ក្នុង​ការ​កំណត់​មុខ​សញ្ញា​ក្រុម​ជួញ​ដូរ​គឿង​ញៀន​ ហើយ​ហាម​ឃាត់​មិន​ឱ្យ​ចូល​កម្ពុជា។​

កាល​ពី​ឆ្នាំ​ ២០២៣​ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជាង ​៨.០០០​ករណី​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រមាណ ​២ ​ម៉ឺន​នាក់ ​ដែល​មាន​គ្រឿង​ញៀន​សរុប​ជិត ​៣ ​តោន ​និង​រឹប​អូស​សារធាតុ​គីមី​ផ្សំ​បាន​ចំនួន​ប្រមាណ ​១តោន​កន្លះ ​និង​ដក​ហូត​មធ្យោបាយ​ និង​សម្ភារៈ​ ដែល​ជា​វត្ថុតាង​មួយ​ចំនួន​ទៀត។​ នេះ​បើ​តាម​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​លោក ​នេត សាវឿន ​ដែល​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ កាល​ពី​ថ្ងៃ​ទី​ ២០ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤។​

បើ​តាម​លោក​ នេត សាវឿន ​ បើ​ទោះ​បីជា​អាជ្ញាធរ​កម្ពុជា​បង្កើន​ការ​បង្ក្រាប ​និង​ទប់​ស្កាត់​ជា​ប្រចាំ​ក្តី ​ក៏​លំហូរ​គ្រឿង​ញៀន​ ចូល​កម្ពុជា​នៅ​តែ​កើន​ឡើង ​ដោយសារ​តែ​ទីតាំង​ភូមិ​សាស្ត្រ​កម្ពុជា​ជាប់​ព្រំដែន​ត្រី​កោណ​មាស​ បូក​រួម​និន្នាការ​សកល​លោក​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ និង​កង្វះ​ឧបករណ៍​បច្ចេកទេស​ឆែក​ឆេរ​ជា​ដើម។​

អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​លោក ​មាស វិរិទ្ធ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ថា​ នៅ​លើ​ពិភព​លោក​មិន​មាន​សញ្ញា​ថមថយ​នៃ​បទ​ល្មើស​គ្រឿង​ញៀន​ទេ។ ​លោក​បន្ត​ថា​ ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​កម្ពុជា​មាន​ភាព​ថមថយ​បន្តិច​ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត។​

លោក​ថ្លែង​ថា៖​ «ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​គ្រាន់​តែ​ថា​ យើង​នៅ​ធូរ​ស្រាល​ជាង​គេ​ខ្លះ។ ​អ៊ីចឹង​នៅ​ប្រទេស​ដែល​មាន​ទីផ្សារ​គ្រឿង​ញៀន​ច្រើន​ ការ​ជោរ​ជន់​នៃ​ការ​ចរាចរ​គ្រឿង​ញៀន​ក៏​ជន់​ទៅ​តាម​ហ្នឹង។​ មាន​អ្នកប្រើ​បាន​មាន​អ្នក​ជួញ​ដូរ»។​

បើ​តាម​លោក ​មាស វិរិទ្ធ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ដាក់​ដំណើរ​ការ​កម្មវិធី​ទូរស័ព្ទ​ដៃ ​NoDrug ​ដែល​មាន​គោល​បំណង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​អាច​រាយ​ការណ៍​អំពី​ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ការ​ជួញ​ដូរ​ និង​ករណី​ផ្សេងៗ​ទៀត ​ដែល​ទាក់​ទង​នឹង​បញ្ហា​គ្រឿង​ញៀន​ ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG