ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ៖​ យ៉ាង​ហោច​ណាស់​មាន​ជន​សង្ស័យ​៩​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ករណី​រំដោះ​​​អ្នក​ទោស​ជន​ជាតិ​ចិន​នៅ​សៀមរាប​


អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ FreshNews)
អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ FreshNews)

មេ​ខ្លោង​គ្រឿង​ញៀន ​និង​ជា​អ្នក​ទោស​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មួយ​ក្រុមរំដោះ​ចេញ​ពី​គ្លីនិក​ធ្មេញ​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​បាន​មក​វិញ ហើយ​ជន​សង្ស័យ​មួយ​ចំនួន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការរំដោះ​អ្នក​ទោស​នោះ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ផង​ដែរ។ ​នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិកម្ពុជា​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន។

អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក​នាយ​ឧត្តមសេនីយ៍ ​ម៉ក់ ជីតូ ​ទទួល​បន្ទុក​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា​ ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួនទណ្ឌិត​ជា​ជនជាតិ​ចិន​ឈ្មោះ ចិន សិនហាន​ (CHEN HSIN HAN) ​និង​ក្រុម​ប្រដាប់​អាវុធ​ចំនួន​៦​នាក់​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នេះ។ ​

លោក​ប្រាប់​អ្នក​កាសែត​ថា៖​ «ការ​ស្រាវ​ជ្រាវ​បង្រ្កាប​នេះ​គឺ​សឹង​តែ​១០០​ភាគ​រយ​ហើយ ​បាន​ន័យ​ថា​ យើង​ស្ទើរ​តែ​បញ្ចប់​ករណី​បាន ​ដោយ​ហេតុ​ថា​ ទីមួយ​មេខ្លោង​ធំ​ ទណ្ឌិត​ដែល​ត្រូវ​រត់​ចេញ​ពី​ពន្ធនាគារយើង​ចាប់​បាន​មក​វិញ​ឈ្មោះ ​CHEN HSIN HAN។​ យើង​យក​បាន ​ទីពីរ​អ្នក​ចំណាយ​លុយ​កាក់​ដើម្បី​ធ្វើ​សកម្ម​ភាព»។

សមត្ថ​កិច្ច​ក៏បង្រ្កាប​បាន​ជន​សង្ស័យ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​របស់​នគរបាល​ ក្នុង​នោះ​មានជនជាតិ​អារ៉ាប៊ី​សាអ៊ូឌីត​ម្នាក់​ដែល​ជា​អ្នក​ឃ្លាំង​មើល​សភាព​ការណ៍​ខាង​ក្រៅ​ដើម្បី​ឱ្យ​ក្រុម​ប្រដាប់​អាវុធ​មាន​ឱកាស​ចូល​រំដោះ​ឧក្រិដ្ឋ​ជន​ CHEN HSIN HAN។ ​ហើយ​នឹង​ជន​សង្ស័យ​ឈ្មោះ​ សឹម សឿន​ ដែល​ជា​អ្នក​រៀបចំ ​ត្រួស​ត្រាយ​ផ្លូវ​ទៅ​តាម​បញ្ជា​របស់​អ្នកទោស​ CHEN HSIN HAN។ ​ជារួម​ក្នុង​សំណុំ​រឿង​នេះ​ សមត្ថ​កិច្ច​ឃាត់​ខ្លួនបាន​ជន​សង្ស័យ​យ៉ាង​ហោច​ណាស់​៩​នាក់។​

បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍​ ម៉ក់ ជីតូ ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធកំពុង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ស្ថានទូត​អាមេរិក ​និង​ភ្នាក់ងារ​ប្រឆាំង​គ្រឿង​ញៀន ​DAE ​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ស្រាវ​ជ្រាវ​ព័ត៌​មាន​បន្ថែម​អំពី​ក្រុម​ដែល​ធ្វើ​សកម្មភាព​រំដោះ​អ្នក​ទោស​ជន​ជាតិ​ចិន​កាល​ពី​ថ្ងៃទី​១៧​ ខែសីហា ​ក្នុង​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។​

យ៉ាង​ណាមិញ​លោក​កត់​សម្គាល់​ឃើញ​ថា ​ករណី​នេះ​ជា​វិញ្ញាសា​ថ្មី​មួយ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​និង​ពិបាក​ក្នុង​ការ​ស្វែង​រក​ភស្ដុង​តាង​ត្រឹម​រយៈ​ពេលខ្លី​ដោយ​ហេតុ​ផល​ថា​ មាន​អ្នក​ពាក់ព័ន្ធ​ច្រើន។ ​ប៉ុន្តែ​លោក​ថា ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​នឹង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​បង្រ្កាប​មុខ​សញ្ញា​ដែល​នៅ​សេស​សល់​ និង​អ្នក​ពាក់​ព័ន្ធ​បន្ថែម​ទៀត។​

មេ​ខ្លោង​ឧក្រិដ្ឋ​ជនជន​ជាតិចិន ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ត្រឡប់​មក​វិញ​ឈ្មោះ ​CHEN HSIN HAN​ មុន​ពេល​ខ្មាន់​កាំភ្លើង​ប្លន់​រំដោះ ​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ជាង​៥០​ឆ្នាំ ​ពីបទ ​«ជួញដូរ​គ្រឿង​ញៀន»។ ​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​អស់​នោះ​ មាន​ចម្រុះ​ជាតិ​សាសន៍ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​តៃវ៉ាន់ ​ខ្មែរ​អាមេរិក ​និង​តួកគី។​ នេះ​បើតាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គិមអេង ​លើក​ឡើង​ថា ​ការទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន​ជា​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ​ ដូច្នេះ​លោក​សង្ឈឹម​ថា​រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​តែ​ពង្រឹង​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​ច្បាប់​ ព្រមទាំង​ធ្វើការ​សហ​ការ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្រ្កាប ​និង​ទប់​ស្កាត់​សកម្ម​ភាព​ទាំង​អស់​នោះ។​

លោក​ថ្លែង​ថា៖​ «មិន​អាច​បន្ធូរ​ដៃ​បាន​ទេ ​ ហើយ​ជា​ពិសេស​កុំ​ឱ្យ​បញ្ហា​គ្រឿង​ញៀនទៅ​ជា​បញ្ហា​ចាក់​ស្រេះ​មួយ​ដែល​ពិបាក​នឹង​ដោះស្រាយ​នៅ​ក្នុង​សហគមន៍​ខ្មែរ​យើង​បាទ។​ នេះ​ជារឿង​មួយ​សំខាន់​ បាទ»។​

កាល​ពី​ដើម​ខែ​សីហា ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​បាន​ថ្លែង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិទី​៧​ដែល​នឹង​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​គាត់​គឺ​លោក ​ហ៊ុន ម៉ាណែត​ ឱ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​បន្ថែម​ទៀត​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សមត្ថ​ភាព​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី។ ​ចាប់តាំង​ពីការ​ប្រកាស​នោះ​មក​ កម្លាំង​មាន​សមត្ថ​កិច្ច​បាន​បង្កើនយុទ្ធនាការ​បង្ក្រាប​បទ​ល្មើសគ្រឿង​ញៀន​ ដោយ​ចាប់​បាន​ជន​សង្ស័យ​ជា​បន្ត​បន្ទាប់៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG