ការយាងចូលរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិចក្នុងនាមជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងតំណាងរាស្ត្រ៤០រូបផ្សេងទៀតនៃគណបក្សនេះ ទៅអង្គុយកៅអីសភា គឺបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មិនទាន់ស្លាប់នៅឡើយ ហើយជាឱកាសមួយសម្រាប់គណបក្សរាជានិយមមួយនេះ ចូលរួមដោះស្រាយបញ្ហាប្រទេសជាតិធំៗដូចជា វិបត្តិដីធ្លីជាដើម។ នេះបើយោងតាមការបញ្ជាក់របស់តំណាងរាស្ត្រនឹងអ្នកនាំពាក្យនៃគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលសាធារណជនខ្មែរទូទៅដឹងថា មិនបានទទួលអាសនៈសូម្បីតែមួយក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។
កាលពីថ្ងៃច័ន្ទនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងតំណាងរាស្ត្រនៃគណបក្សនយោបាយរបស់ព្រះអង្គ ព្រមទាំងតំណាងរាស្ត្រនៃគណបក្សនយោបាយផ្សេងទៀត បានចូលរួមក្នុងកិច្ចប្រជុំសភាពេញអង្គ ដើម្បីបញ្ជាក់ពីសុពលភាពនៃភាពជាតំណាងរាស្ត្រសម្រាប់ពលរដ្ឋខ្មែរជាង៣លាននាក់។
លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ីនប៉ិច បានប្រាប់ VOA តាមទូរស័ព្ទ ក្រោយកិច្ចប្រជុំនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទថា ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានទឹកព្រះទ័យពេញចិត្តនឹងការណ៍ដែលព្រះអង្គទទួលបានឱកាសក្នុងការស្តារស្ថានការណ៍នយោបាយយ៉ាប់យ៉ឺនឡើងវិញ ហើយការណ៍នេះបញ្ជាក់ថា ហ៊្វុនស៊ីនប៉ិចតែងតែមានវត្តមានជានិច្ច នៅគ្រាដែលកម្ពុជាជួបកលិយុគនយោបាយ។
«ជំហានដំបូងនាថ្ងៃនេះ ដែលលោកសប្បាយព្រះទ័យមែនទែន គឺបានស្តារឡើងវិញ បានខិតខំស្ថានភាពនយោបាយបច្ចុប្បន្ន ហើយស្ថិរភាពនយោបាយនៅក្នុងបច្ចុប្បន្ននេះឲ្យមានដំណើរការល្អ បានឆ្លៀតឱកាសទៅអភិវឌ្ឍន៍បាន ហើយប្រជាពលរដ្ឋ លោកអាចរកទទួលទានបានសេរីភាពនៃ មានទាំងអស់។ អីចឹងបានយើងសង្កេតឃើញថា រាល់ពេលមានវិបត្តិនយោបាយធំៗហ្នឹង គឺគណបក្សហ៊្វុនស៊ីនប៉ិចតែងតែមានវត្តមាន។ ផ្ទុយពីការណ៍ដែលបងប្អូនយល់ឃើញថា ហ៊្វុនស៊ីនប៉ិចហ្នឹងមកឆ្លៀតឱកាស មិនមែនជាឆ្លៀតជាឱកាសទេ អានេះជាគោលការណ៍នីតិរដ្ឋ។ បើយើងមានឱកាសហើយ យើងយកឱកាសហ្នឹង ប្រែក្លាយអាស្ថានភាពហ្នឹងឲ្យទៅជាស្ថានភាពល្អមួយជូនប្រជាពលរដ្ឋ ជូនប្រជាកសិករ ជូនជាតិយើង អាហ្នឹងខ្ញុំថា ល្អ ហើយសម្តេចក្រុមព្រះលោកសប្បាយព្រះទ័យណាស់ ព្រឹកមិញឃើញយើងចូលទៅបង្ហាញនូវសុពលភាព ប្រកាសសុពលភាព នៅរដ្ឋសភាជាតិហ្នឹង អីចឹងលោកសង្ឃឹមថា យើងមានឱកាសនឹងទៅបម្រើជាតិបាទ»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ីនប៉ិចរូបនេះបានលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងចាប់ផ្តើមដំណើរការឡើងវិញដោយរលូន ខុសពីការរិះគន់នានាថា លទ្ធិប្រជាធិបតេយ្យបានស្លាប់ ក្រោយតុលាការកំពូលចេញសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ លោក ញ៉េប ប៊ុនជិន អះអាងប្រាប់ VOA ថា៖
«ប្រជាពលរដ្ឋលោកមានប្រសាសន៍ស្អី អាហ្នឹងជារឿងលទ្ធិប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់បានសាបសូន្យដូចមានអ្នកដែលមានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាអស់ហើយនោះ គឺអ្នកដែលនិយាយនេះខុសហើយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែចាប់ដំណើរការទៅយ៉ាងរលូន»។
អ្នកនាំពាក្យរូបនេះបានថ្លែងថា អវត្តមានរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅសភាជាតិខ្មែរ បានធ្វើឲ្យកម្ពុជាជួបបញ្ហាជាច្រើន។ លោកថា វត្តមានរបស់ព្រះអង្គនៅពេលនេះ នឹងរួមចំណែកដល់ការដោះស្រាយបញ្ហាទាំងនោះ។
លោក ញ៉េប ប៊ុនជិន ថ្លែងយ៉ាងដូច្នេះ៖
«ការណ៍ដែលគណបក្សហ៊្វុនស៊ីនប៉ិច នៅក្នុងរដ្ឋាភិបាលចម្រុះ បងប្អូនមួយចំនួនជាពិសេស ដែលគាំទ្រគណបក្សផ្សេងៗ ចេះតែចោទថា គណបក្សហ៊្វុនស៊ីនប៉ិច ជាគណបក្សមួយរណេបរណបទៅនឹងគណបក្សដឹកនាំប្រទេស។ ប៉ុន្តែផ្ទុយទៅវិញ យើងនៅក្នុងជួររាជរដ្ឋាភិបាល គេដោះបញ្ហាជាតិធំៗច្រើនណាស់។ បើនៅភ្នំពេញនេះ អត់ដែលមានបញ្ហាទេ អាបឹងកក់ អត់ដែលមានបញ្ហាទេ អាដីក្រហម អត់ដែលមានបញ្ហាទេ អាសម្បុកចាបនែ៎ បុរីកីឡា អត់មានបញ្ហាទាំងអស់ ក៏ប៉ុន្តែអ្នកឆ្លៀតឱកាសនិយម គេតែងតែបំភ្លៃថា ហ៊្វុនស៊ីនប៉ិចទន់ជ្រាយ ហ៊្វុនស៊ីនប៉ិចធ្វើអីអត់បានទាំងអស់។ ផ្ទុយទៅវិញអត់ហ៊្វុនស៊ីនប៉ិច មានបញ្ហាកើតមិនឈប់ឈរ»។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរួសរាន់បែងចែកអាសនៈដែលនៅទំនេររបស់គណបក្សនេះ ទៅឲ្យគណបក្សនយោបាយផ្សេងទៀតដែលបានចូលរួមការបោះឆ្នោតសាកលឆ្នាំ២០១៣។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្តីពីការបែងចែកអាសនៈដែលនៅទំនេរបានឲ្យដឹងថា គណបក្សហ្វ៊ុនស៊ីនប៉ិចទទួលបាន ៤១អាសនៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន ៦អាសនៈ គណបក្សខ្មែរឈប់ក្រ ទទួលបាន ៥អាសនៈ គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន ១អាសនៈ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ពុំទទួលបានអាសនៈ។ ក្នុងចំណោមគណបក្សដែលច្បាប់អនុញ្ញាតឲ្យទទួលយកអាសនៈពីគណបក្សសង្គ្រោះជាតិ មានគណបក្សពីរមិនព្រមទទួលយក គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ដែលបូកបញ្ចូលគ្នាមានកៅអីចំនួន១១។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃអង្គារនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចបែងចែកកៅអីសភាដែលនៅសេសសល់ចំនួន១១នោះ ទៅឱ្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.បដែលចេញផ្សាយនាល្ងាចថ្ងៃអង្គារ។
គណបក្សហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៣។ អាសនៈរបស់គណបក្សនយោបាយរាជានិយមមួយនេះបានថយចុះជាបន្តបន្ទាប់រហូតដល់សូន្យ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ដោយសារគណបក្សនេះបានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏ធ្លាប់ត្រូវបានគណបក្សហ៊្វុនស៊ីនប៉ិចធ្វើបក្សប្រហារបណ្តេញព្រះអង្គចេញពីប្រធានគណបក្សកាលពីឆ្នាំ២០០៦ផងដែរ។
យ៉ាងណាមិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងនាមជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចម្តងទៀត ហើយដែលបានចួលរួមការប្រកាសសុពលភាពជាតំណាងរាស្ត្រនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ បានប្រកាសដល់តំណាងរាស្ត្រគណបក្សរាជានិយមឲ្យប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនជាតំណាង ប្រយោជន៍ដើម្បីយកឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានព្រះបន្ទូលយ៉ាងដូច្នេះ៖
«ក្នុងឋានៈខ្ញុំជាប្រធាននៃគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច ខ្ញុំថា សុំឲ្យទាំងអស់គ្នាខំប្រឹងប្រែងទៀត តែប៉ុណ្ណឹងទេណ៎ា លោកណ៎ា ខំប្រឹងប្រែងក្នុងមណ្ឌលនីមួយៗរបស់ខ្លួន ដើម្បីនឹងបានជាប់ឆ្នោតតែប៉ុណ្ណឹង»។
VOA មិនទាន់អាចទាក់ទងទៅតំណាងនៃគណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីសុំការអធិប្បាយបានទេនៅថ្ងៃអង្គារនេះ។ តំណាងនៃគណបក្សនយោបាយ ដែលមិនព្រមទទួលយកអាសនៈរបស់គណបក្សប្រឆាំងធ្លាប់លើកឡើងថា ការទទួលយកកៅអីសភារបស់គណបក្សសង្គ្រោះជាតិ មិនមានប្រយោជន៍អ្វី ព្រោះវាមិនបានបញ្ជាក់ពីឆន្ទៈម្ចាស់ឆ្នោតឡើយ។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានប្រាប់ VOA កាលពីពេលថ្មីៗនេះថា វត្តមានតំណាងរាស្ត្រគណបក្សនយោបាយផ្សេងនៅសភាជាមួយគណបក្សកាន់អំណាច មិនបានបញ្ជាក់ពីភាពជាតំណាងនៃម្ចាស់ឆ្នោតឡើយ ហើយថា ការកាន់កាប់កៅអីសភាគណបក្សប្រឆាំងដោយគណបក្សនយោបាយទាំងនោះ គ្រាន់តែជាការបង្ហាញថា សភាមិនមែនជាសភាឯកបក្សតែប៉ុណ្ណោះ។
អ្នកតាមដានស្ថានការណ៍រូបនេះបញ្ជាក់ថា៖
«មែនទែនទៅរូបភាពនេះ រដ្ឋសភាគ្រាន់តែបំពេញដើម្បីឲ្យពេញលេញទៅតាមផ្នែកខ្លះ បញ្ញត្តិខ្លះនៃស្មារតីរដ្ឋធម្មនុញ្ញទេ ដើម្បីឲ្យសភាហ្នឹងជាសភាពហុបក្ស ដើម្បីឲ្យសភាហ្នឹងគ្រប់១២៣នាក់ ១២០នាក់យ៉ាងតិច ដើម្បីធ្វើដំណើរការអីផ្សេងៗ ដើម្បីឲ្យសភាហ្នឹងជាសភា អាហ្នឹងបើយើង អាហ្នឹងដើម្បីឲ្យៗវាមានភាពពេញលេញខ្លះតាមផ្លូវច្បាប់ កុំឲ្យវាមើលមកវាជ្រុលខុស ជ្រុលហួសហេតុពេក វានៅទោលតែម្នាក់ឯង»។
បន្ទាប់ពីតុលាការកំពូលរបស់កម្ពុជា ដែលគេជឿថា ស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច បានរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនបានប្រតិកម្មដោយការប្រកាសពីលទ្ធភាពនៃការគាបសង្កត់ខាងសេដ្ឋកិច្ច និងការទូត។
សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះការណ៍ដែលរដ្ឋាភិបាលកម្ពុជា បានរំលាយគណបក្សប្រឆាំងដ៏ធំនៃប្រទេស គឺគណបក្សសង្គ្រោះជាតិ ដោយសំអាងទៅលើការចោទប្រកាន់ដែលពុំសមហេតុសមផល និងដែលពាក់ព័ន្ធនឹងនយោបាយ ដែលថា គណបក្សប្រឆាំងនេះបានចូលរួមក្នុងការឃុបឃិតមួយ ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
រដ្ឋាភិបាលស៊ុយអែតក៏បាន ប្រកាសថា ខ្លួនចាត់ទុកការវិវត្តស្ថានការណ៍នយោបាយថ្មីៗនៅកម្ពុជាថា ជាការព្រួយបារម្ភយ៉ាងខ្លាំងមួយ ដោយបានហៅវិធានការថ្មីៗនេះប្រឆាំងនឹងគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលទាំងឡាយថា ជាដំណើរថយក្រោយដ៏ធ្ងន់ធ្ងរនៃកិច្ចអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប្រទេសស៊ុយអែត ដែលជាម្ចាស់ជំនួយធំទីបួនរបស់កម្ពុជា ក៏បានសម្រេចផ្តាច់ជំនួយសម្រាប់កំណែទម្រង់វិមជ្ឈការ ហើយនឹងមិនបង្កើតទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលផងដែរ។
ក៏ប៉ុន្តែសភា និងព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃសុក្រកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍ការពារការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងកិច្ចពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ស្ថាប័នទាំងពីរបានអះអាងពីភាពស្របច្បាប់នៃចំណាត់ការអាជ្ញាធរ និងតុលាការប្រឆាំងនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងសំណុំរឿងក្បត់ជាតិ និងបញ្ហាដទៃទៀតរួមមានការបិទវិទ្យាស្ថានប្រជាធិបតេយ្យជាតិ NDI ការបញ្ឈប់ប្រតិបត្តិការនៃប្រព័ន្ធផ្សព្វផ្សាយគាំទ្រដោយសហរដ្ឋអាមេរិក និងការបិទទ្វាររបស់កាសែត The Cambodia Daily។
ស្ថាប័នសភា និងព្រឹទ្ធសភាកម្ពុជាក៏ បានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា នឹងរក្សាជំហរឥតងាករេក្នុងការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចិរភាពនៅកម្ពុជា ហើយជាពិសេសគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយការបរទេស«មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ» របស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពេលថ្មីៗនេះ៕