ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​រឿង​ក្ដី​ប្រឆាំង​នឹង​លោក Bill Cosby បង្ក​ឲ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​រំជួល​ចិត្ត


លោក Bill Cosby ចេញ​ពី​តុលាការ Montgomery County Courthouse បន្ទាប់​ពី​គណៈវិនិច្ឆ័យ​បាន​សម្រេច​ផ្ទន្តាទោស​លោក​ទាក់ទង​នឹង​បទ​បៀតបៀន​ផ្លូវ​ភេទ​នៅ​ក្នុង​ក្រុង Norristown រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
លោក Bill Cosby ចេញ​ពី​តុលាការ Montgomery County Courthouse បន្ទាប់​ពី​គណៈវិនិច្ឆ័យ​បាន​សម្រេច​ផ្ទន្តាទោស​លោក​ទាក់ទង​នឹង​បទ​បៀតបៀន​ផ្លូវ​ភេទ​នៅ​ក្នុង​ក្រុង Norristown រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ខែ​មេសា គឺ​ជា​ថ្ងៃ​បញ្ចប់​ដ៏​អាម៉ាស់​មួយ​សម្រាប់​លោក Bill Cosby ដែល​ធ្លាប់​ដើរ​តួ​ជា​ឪពុក​ដ៏​ពេញ​និយម​មួយ​រូប​តាម​កម្មវិធី​ទូរទស្សន៍។ លោក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​កម្មវិធី Bill Cosby ដែល​ជា​កម្មវិធី​មាន​រយៈពេល​វែង​មួយ​របស់​លោក។ តារា​កំប្លែង​វ័យ ៨០ ឆ្នាំ​រូប​នេះ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន ៣ ករណី ពាក់ព័ន្ធ​នឹង​ការ​បំពាន​ផ្លូវ​ភេទ ដែល​ទោស​នីមួយៗ​អាច​ធ្វើ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន ១០ ឆ្នាំ។ តួ​សម្ដែង​ស្រី​អ្នកស្រី Lili Bernard ដែល​ជា​អ្នក​ចោទ​ប្រកាន់​លោក Cosby បាន​សរសើរ​ក្រុម​គណៈវិនិច្ឆ័យ​របស់​តុលាការ ប៉ុន្តែ បាន​ទទួល​ស្គាល់​ថា សាលក្រម​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​បុរស​វ័យ​ក្មេង​ជា​ច្រើន​ដែល​ផ្ដល់​កិត្តិយស​ដល់​លោក Cosby ក្នុង​នាម​ជា​ឪពុក។

អ្នកស្រី Lili Bernard បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ​ក្រុម​គណៈ​វិនិច្ឆ័យ​របស់​តុលាការ ដែល​ក្នុង​នោះ​មាន​បុរស​ស្បែក​ខ្មៅ​វ័យ​ក្មេង​មួយ​រូប​ដែល​ខ្ញុំ​ចាត់ទុក​ប្រៀប​ដូច​ជា​កូន​ប្រុស​របស់​ខ្ញុំ​ដូច្នេះ​ដែរ ហើយ​ខ្ញុំ​ដឹង​ថា បុរស​រូប​នោះ​មាន​អារម្មណ៍​ខក​ចិត្ត​ប៉ុណ្ណា​នៅ​ពេល​ដែល​បុរស​នោះ​ក្រឡេក​មើល​ទៅ​លោក Cosby ដែល​ជា​បុរស​ស្បែក​ខ្មៅ​ប្រៀប​ដូច​ជា​ឪពុក​គំរូ​គួរ​ឲ្យ​គោរព​មួយ​រូប​ដូច្នេះ​ដែរ ហើយ​បុរស​វ័យ​ក្មេង​រូប​នេះ​នៅតែ​អាច​ផ្ដល់​ការ​សម្រេច​ចិត្ត​ថា​លោក Cosby មាន​កំហុស​នោះ»។

អ្នកស្រី Gloria Allred ដែល​ជា​មេធាវី​តំណាង​ឲ្យ​អ្នក​ចោទ​ប្រកាន់​លោក Cosby ចំនួន​ជាង ៣០ នាក់ បាន​និយាយ​ថា ការ​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មេសា​កន្លង​ទៅ​នេះ គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​ស្ត្រី​រងគ្រោះ​ទាំង​អស់ ដែល​មិន​អាច​តតាំង និង​បង្ហាញ​ភស្តុតាង​អំពី​ការ​បំពាន​ផ្លូវ​ភេទ​កាល​ពី​អតីតកាល​បាន។

អ្នកស្រី Gloria Allred ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​ស្ត្រី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «វា​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ»។ ប៉ុន្តែ នេះ​គឺ​ជា​លទ្ធផល «ជា​ប្រវត្តិសាស្ត្រ​របស់​អ្នកស្រី» Andrea Constand។ នេះ​ជា​រឿងរ៉ាវ​របស់​អ្នកស្រី Andrea Constand មិន​មែន​ជា​រឿង​រ៉ាវ​របស់​លោក Cosby ឬ​ក៏​មិន​មែន​ជា​ប្រវត្តិសាស្ត្រ​នោះ​ទេ។ វា​ជា​រឿងរ៉ាវ​នៃ​អ្នក​ដែល​ហ៊ាន​ប្រឈម​ជាមួយ​នឹង​បុរស​ល្បី​ឈ្មោះ​ម្នាក់ ដែល​មាន​ទាំង​ទ្រព្យ​សម្បត្តិ និង​អំណាច ហ៊ាន​ប្រឈម​នឹង​ការ​មាក់ងាយ​ជា​សាធារណៈ និង​ហ៊ាន​ប្រឈម​នឹង​ការ​ប្ដឹង​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​និយាយ ដោយសារតែ​លោក Cosby មាន​លុយ​ក្នុង​ការ​ធ្វើ​ដូច្នេះ​បាន»។

មេធាវី​ការពារ​ក្ដី​របស់​លោក Cosby បាន​និយាយ​ថា ទង្វើ​ដែល​លោក Cosby ធ្វើ​ជាមួយ​នឹង​ស្ត្រី​ទាំង​នោះ​គឺ​ផ្អែក​លើ​ការ​ព្រមព្រៀង​គ្នា។

លោក Tom Mesereau មេធាវី​ការពារ​ក្ដី​របស់​លោក Cosby បាន​និយាយ​ថា៖ «យើង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​របស់​តុលាការ។ យើង​គិត​ថា លោក Cosby គ្មាន​ទោស​ណា​មួយ​នោះ​ទេ ហើយ​ការ​តតាំង​នេះ​មិន​ទាន់​បញ្ចប់​នោះ​ទេ»។

ដោយ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន លោក Tom Mesereau បាន​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​បន្ត​ទៅ​តុលាការ​ឧទ្ធរណ៍​បន្ត​ទៀត។

ស្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ចោទ​ប្រកាន់​ថា លោក Cosby បាន​ឲ្យ​ថ្នាំ​ញៀន​ដល់​ពួកគេ និង​បាន​បំពាន​ផ្លូវ​ភេទ​លើ​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​នៅ​វ័យ​ជំទង់ ប៉ុន្តែ ករណី​របស់​ពួកគេ​កើត​ឡើង​យូរ​ពេក​ដែល​មិន​អាច​លើក​យក​មក​ដោះស្រាយ​នៅ​តុលាការ​បាន។ សវនាការ​ដំបូង​របស់​លោក​ Cosby ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ ក៏​បាន​ប្ដឹង​ដោយ​អ្នកស្រី Andrea Constand ផង​ដែរ ដែល​កាល​នោះ​សវនាការ​បាន​បិទ​បញ្ចប់​ដោយ​ចាត់ទុក​សំណុំ​រឿង​ជា​មោឃៈ។ លោក Cosby នឹង​រង់ចាំ​ការ​កាត់​ទោស​រូប​លោក​នៅ​ថ្ងៃ​ខាង​មុខ ដែល​នា​ពេល​បច្ចុប្បន្ន​នេះ លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ប្រាក់​ធានា៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG