ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ពុករលួយ​គំរាម​គម្រោង​សង់​ផ្លួវរថភ្លើង​លឿន​របស់​ចិន


កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​ទី​កន្លែង​សំណង់​​សង់​ផ្លួវរថភ្លើង​លឿន​របស់​ចិន នៅ​ស្ពាន​កាត់​ជ្លលង​ភ្នំ​ ​នៅ​ទីក្រុង​ Hefei ខេត្ដ ​Anhui ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ ឆ្នាំ​២០១១។​
កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​ទី​កន្លែង​សំណង់​​សង់​ផ្លួវរថភ្លើង​លឿន​របស់​ចិន នៅ​ស្ពាន​កាត់​ជ្លលង​ភ្នំ​ ​នៅ​ទីក្រុង​ Hefei ខេត្ដ ​Anhui ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ ឆ្នាំ​២០១១។​

វិធានការ​បង្រ្កាប​អំពើ​ពុក​រលួយ ​ក្នុង​ប្រទេស​ចិន​មាន​ផល​ប៉ះពាល់​ដល់​ក្រសួង​អយស្ម័យយាន​ដ៏​មាន​ឥទ្ធពល។ អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​អយស្ម័យយានលោក ​លូ ​ជីជុន​ បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ តាម​ការ​ចោទ​រកាន់​ពី​ការ​បាត់​បង់​ថវិកា​១០០​ពាន់​លាន​ដុល្លារ។​ ការ​ស៊ើប​អង្កេត​ដ៏ទូលំ​ទូលាយ​មក​លើ​រឿង​សូក​ប៉ាន់ ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​លើ​ការ​វិនិយោគ​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​នោះ។

ប្រទេស​ចិន​អួត​អាង​អំពី​រថ​ភ្លើង​របស់​ខ្លួន​មួយ​ចំនួន​ថា លឿន​ជាង​គេ​ក្នុង​ពិភព​លោក​ រួច​ក៏​បាន​រៀប​ចំ​គម្រោង​ការ​ផ្លូវ​ដែក​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​ភ្ជាប់​ទី​ក្រុង​ជា​ច្រើន​របស់​ខ្លួន​ដោយ​ប្រើ​រថ​ភ្លើង​លឿន។

គម្រោង​ការ​មាន​ទឹក​ប្រាក់​ប្រមាណ​២៧៤​ពាន់​លាន​ដុល្លារ ដែល​ជា​ផ្នែក​មូយ​នៃ​គោលនយោបាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​នឹង​ចំណាយ​ប្រាក់​ រាប់​រយ​ពាន់​លាន​ដុល្លារ។​ រដ្ឋាភិបាល​ចិន​ដាក់​ទិស​ដៅ​ថា​នឹង​សង់​ផ្លូវ​ដែក​ប្រវែង​យ៉ាង​ហោច៣​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដែល​ជា​ចំនួន​ពាក់​កណ្ដាល​នៃ​ប្រវែង​ផ្លូវ​ដែក​ទាំង​អស់​សម្រាប់​រថ​ភ្លើង​លឿន។

តែ​រដ្ឋ​មន្ដ្រី​ក្រសួង​អយស្ម័យយាន​ថ្មី​ លោក​ សេង​ ​គុង​ស៊ូ ​បាន​ការពារ​គម្រោងការ​នោះ នៅ​ក្រោម​ការ​រិះគន់ដ៏​ច្រើន។ ការ​រិះគន់​ភាគច្រើន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​បណ្ដេញលោក​ លី​ ជីហ៊ុន​ ចេញ​ពី​តំណែង​រដ្ឋ​មន្ដ្រី​ក្រសួង​អយស្ម័យយាន​ដែល​បាន​ធ្វើ​ការ​ក្នុង​ក្រសួង​អស់​រយៈ​ពេល​ ៨ឆ្នាំ។​ មាន​ការ​ចោទ​ប្រកាន់​ថា ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ថវិកា​១២១​លាន​ដុល្លារ​បាន​ត្រូវ​កេង​បន្លំ។

មន្ដ្រី​ដទៃ​ក្នុង​ក្រសួង​អយស្ម័យាន​ បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ ឬ​ ចាប់​ឃុំ​ពី​បទ​ពុករលួយ។ យ៉ាង​ហោច​ណាស់ មាន​សេចក្ដី​ស្នើ​សុំ​ លប់​ចោល​គម្រោងការ​រថភ្លើង​លឿនមូយ​ នឹង​ដាក់​ជូន​ក្រុមប្រឹក្សា​ជាន់​ខ្ពស់ក្នុង​អំឡុង​ពេល​មាន​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាជ​ជាតិ​ ប្រជា​មានិតចិន​ នៅ​ក្នុង​សប្ដាហ៍​នេះ។

តែ​រដ្ឋ​មន្ដ្រី​ថ្មី​ ក្រសួង​អយស្ម័យយាន​ និយាយ​ថា​ ការ​បណ្ដេញ​លោក​ លូចេញ​ពី​ដំណែង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផែន​ការ​នោះ​ទេ។

អ្នក​ជំនាញ​ខាង​អយស្ម័យយាន​ របស់​ធនាគារ​ពិភព​លោក រីឈត ប៊ុលឡក់ (Richard​ Bullock) ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​ផ្នែក​គម្រោង​ការអភិវឌ្ឍន៍​និយាយ​ថា​ ការ​បណ្ដេញ​លោក​ លូ មិន​ធ្វើ​ឲ្យ​គម្រោង​ការ​ទំនើបកម្ម​ផ្លូវ​ដែក​ដើរ​ខុស​ផ្លូវ​ទេ។ ​តែ​លោក​និយាយ​ថា រដ្ឋ​មន្ដ្រី​ថ្មី​ដែល​ឡើង​ជំនួស​លោក​ លូ ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យកត់សម្គាល់។​ លោក​ប៊ុលឡក់​បន្ត​ថា៖

«រដ្ឋ​មន្ដ្រី​ថ្មី​បាន​ផ្តោត​លើ​វិស័យ​ពីរ​គឺ​សុវត្ថិភាព​ និង​យន្ដការ​ផ្ដល់​កិច្ចសន្យា។ នេះ​ជា​សញ្ញា​បង្ហាញ​ការ​ផ្លាស់​ប្ដូរ​ក្នុង​របៀប​ចាត់ការ»។

ប្រសិន​បើ​វិធាន​ការ​ពង្រីក​ផែន​ការ​បាន​ត្រូវ​សម្រេច​ ប្រទេស​ចិន​នឹង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏ធំ​បំផុត​ទីពីរ​ក្នុង​ពិភព​លោក បន្ទាប់​ពីសហរដ្ឋ​អាមេរិក។ ​តែ​រឿង​អាស្រូវ​ ក្នុង​ក្រសួង​អយស្ម័យយាន​នឹង​នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់ ថា​តើ​វា​អាច​នាំ​ឲ្យ​មាន​ប្រាក់​ចំណេញ​ដែរឬ​ទេ​ ក្នុងគម្រោងការ​រថភ្លើង​លឿន ដែល​ភាគ​ច្រើន​ទទួល​ថវិកា​ពី​ការ​ខ្ចី​ប្រាក់​នោះ។

អ្នក​រិះគន់​ខ្លះ​និយាយ​ថា​ ប្រព័ន្ធ​អយស្ម័យយាន ​ហាក់​ដូច​ជា​មាន​ការ​ខ្ជះខ្ជាយ​ហួស​ប្រមាណ​ ដោយសារ​តែ​ចិន​មាន​ដី​ធំ​ល្វឹង​ល្វើយ​ ហើយ​ប្រជាពលរដ្ឋ​ម្នាក់ៗមាន​ប្រាក់​ចំណូល​តិច​តួច។ អ្នក​រិះគន់​ទាំង​នោះ​និយាយ​ទៀត​ថា សំបុត្រ​ត្រូវ​លក់ថ្លៃ ដើម្បី​អាច​យក​ទៅ​សង​ប្រាក់​កម្ចី ក៏ប៉ុន្ដែ ​ជនជាតិ​ចិន​ភាគ​ច្រើន​មិន​មាន​សមត្ថភាព​ទិញ​សំបុត្រ​ថ្លៃ​នោះទេ។ ​តែ​ទោះ​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​ជាតិ ដែលហៅថា បណ្ឌិត​សភា​វិទ្យា​សាស្រ្ដ​ បាន​រាយការណ៍​កាល​ពី​ខែ​មុន​ថា ​តាម​ការ​ធ្វើ​វិនិយោគ​បច្ចុប្បន្ន ជា​មួយ​នឹង​ចំនួន​អ្នក​ធ្វើ​ដំណើរ​ រថ​ភ្លើង​មិន​អាច​ទទួល​យកថវិកា​ច្រើន​គ្រប់​គ្រាន់​តាម​ការ​លក់​សំបុត្រ​ដើម្បី​យក​ទៅសង​ប្រាក់​កម្ចី​បាន​ឡើយ ។

លុយ​ច្រើន​សន្ធឹក​ពាក់​ព័ន្ឋ​នឹង​គម្រោង​ការ​សង់​ផ្លូវ​ដែក​ និង​ការ​ទិញ​ដី​ដើម្បី​សង់​ផ្លូវ ​បាន​ធ្វើ​ឲ្យ​មាន​អំពើ​ពុក​រលួយ។ នេះ​បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​យូរ​អង្វែង​នៅ​លើ​ផ្លូវ​ដែក​ និង​ផ្នែក​ដទៃ​នៃ​ប្រព័ន្ធ​អយស្ម័យយាន។

អំពើ​ពុក​រលួយ ​ជា​បញ្ហា​លេចធ្លោ​មួយ​ដែរ​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​រដ្ឋាភិបាល​កុម្មុយនិស្ដ​ចិន ​បាន​ខិត​ខំ​បង្រ្កាប។ ការ​បណ្ដេញ​លោក លូ​ ចេញ​ពី​តំណែង​បាន​ត្រូវ​មើល​ឃើញ​ថា​ ជា​ព្រឹត្ដការណ៍​គួរឲ្យ​ចាប់​អារម្មណ៍​មូយ​ ដែល​មន្ដ្រី​ថ្នាក់​ខ្ពស់​ក្នុង​រង្វង់​គណបក្ស​កុម្មុយ​និស្ដ​ចិន​កម្រ​នឹង​បណ្ដេញ​មន្ដ្រី​របស់​ខ្លួន​ចេញដោយសារ​ការ​ស៊ី​សំណូកណាស់។

លោក​ ហ្វាង​ យូកៃ​ អ្នក​ជំនាញ​ខាង​ការ​ប្រឆាំង​អំពើ​ពុក​រលូយ​ធ្វើ​ការ​នៅ​បណ្ឌិត​សភា​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​ចិន។ លោក​ហ្វាង​មាន​ប្រសាន៍​ថា៖ វា​មាន​សារៈ​សំខាន់​ណាស់ ដែល​គេ​ត្រូវ​ផ្ដល់​អំណាចទៅ​ឲ្យ​បណ្ដាញ​ព័ត៌មាន​អ៊ីនថឺណិត ​និង​សាធារណជន​ ដើម្បី​យល់​ដឹង​អំពី​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ក្រសួង​របស់​ដ្ឋាភិបាល​ ដូច​ជា​ក្រសួង​អយស្ម័យយាន​ជា​ដើម។

លោក​ថ្លែង​ទៀត​ថា​ នេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពុករលួយ​ ដែល​លោក​ ហ្វាង​ និយាយ​ថា មានឫស្ស​ចាក់​ជ្រៅ​នៅ​ក្នុង​សង្គម​ចិន។

យុទ្ធនាការ​នៅ​អតីត​កាល ដើម្បី​កំចាត់​អំពើ​ពុក​រលួយ ​បាន​ត្រូវ​មើល​ឃើញ​ថា បរាជ័យ​ភាគ​ច្រើន។

នាយក​រដ្ឋ​មន្ដ្រី​ វេន​ ជិបាវ​ ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​សម័យ​ប្រជុំ​សមាជ​ជាតិ​ប្រជាមានិត​ចិន​ កាល​ពី​ថ្ងៃសៅរ៍​ថា​ វិធានការ​កំចាត់​អំពើ​ពុក​រលួយ​ ជា​អាទិភាព​ចំបង​ ដោយសារ​តែ​ការសូក​ប៉ាន់​ នាំ​ឲ្យ​ប្រជាជនចិន​មិនសប្បាយចិត្ដ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ ​ធួក

XS
SM
MD
LG