ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ម្ចាស់​ឆ្នោត


បុគ្គលិក​​​រៀប​ចំ​​​ការបោះឆ្នោត​​​​​រៀបចំ​​ប្រអប់​​សន្លឹក​ឆ្នោត​​សម្រាប់​​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​​កាលពី​ឆ្នាំ​២០១២។​​
បុគ្គលិក​​​រៀប​ចំ​​​ការបោះឆ្នោត​​​​​រៀបចំ​​ប្រអប់​​សន្លឹក​ឆ្នោត​​សម្រាប់​​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​​កាលពី​ឆ្នាំ​២០១២។​​
តំណាង​គណបក្ស​ប្រឆាំង​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​បញ្ហា​រស៊ើប​នានា​ដែល​កំពុង​មានក្នុង​សង្គម​កម្ពុជា ​ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​ព្យាយាម​ឆ្លើយ​ការ​ពារ​និង​រំឭកពី​សមិទ្ធិផល​របស់​ខ្លួន ​នា​ពេល​កន្លង​មក។​

ការវាយ​ប្រហារ​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​មួយ​របស់​គណបក្ស​នយោបាយ​ ដែលរៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក​(NDI) ​និង​ចូលរួម​ដោយ​តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។​

លោក​កឹម សុខា ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្តោត​ខ្លាំង​លើការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។​

លោក​និយាយថា៖​ «បច្ចុប្បន្ន​នេះ​ច្បាប់​អន្តោ​ប្រវេសន៍​អត់​អនុវត្ត ​អនុវត្ត​តែ​មួយ​ចំហៀង​ជាមួយ​សៀម។​ ប៉ុន្តែ​ជាមួយ​វៀត​ណាម ​អត់​ឃើញ​អនុវត្ត។​ ២០​ទៅ​៣០​ឆ្នាំ​ហើយ​ ជន​អន្តោ​ប្រវេសន៍​យ៉ាង​ច្រើន​សន្ធប់​ហូរ​ចូល​មក​កម្ពុជា​ មិន​ដែល​ឃើញ​រដ្ឋាភិបាល​យក​ជន​ជាតិ​វៀតណាម​ណា​ម្នាក់​បញ្ជូន​ទៅ​ស្រុក​វិញ​ឬ ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ណា​ឡើយ»។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លើក​ឡើង​ដូច្នេះ​ ក្រោយពី​មាន​ការ​លើក​ជា​សំណួរ​ពី​យុវជន​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ប្រមាណ​២០០​នាក់​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នយោបាយ​នេះ​ ទាក់​ទងទៅនឹង​ជន​អន្តោ​ប្រវេសន៍​វៀតណាមខុស​ច្បាប់។​

លោក​កឹម សុខា​បាន​បង្ហាញ​ថា​ដើម្បី​ទប់ស្កាត់​លំហូរ​ជនជាតិ​វៀតណាម​ខុសច្បាប់​មក​កាន់​កម្ពុជា​គឺ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។​

ចំណែក​ឯ​ លោក​ហួនរាជ ចំរើន ​តំណាង​មក​ពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្លែង​ថា ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​គួរ​ដោះស្រាយ​តាម​ផ្លូវ​ការ​ទូត។​

លោក​និយាយ​ថា៖​ «ប្រសិន​បើ​ជនជាតិ​ណា​ក៏​ដោយ ​ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជាដោយ​គ្មាន​ច្បាប់ ​នាំ​មន្ត្រី​ការ​ទូត​មក​ពិនិត្យ​ និង​អញ្ជើញ​ទៅ​វិញ​ចុះ»។​

តប​ទៅ​ហ្នឹង​សំណួរនេះ​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ ឦសាន​ ហាក់​ដូច​ជា​មិន​បាន​បង្ហាញ​ពី​វិធាន​ការណ៍​ជាក់​លាក់​ណា​មួយនោះ​ទេ។​

លោក​និយាយ​ថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខំ​ពុះពារ​អនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​អំពី​នយោបាយនិង​សញ្ជាតិ​ និង​អន្តោ​ប្រវេសន៍​ ដោយ​សម្រេច​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖ ​បាន​កសាង​ច្បាប់​ និង​អនុម័ត​ច្បាប់​ស្តី​ពី​អន្តោ​ប្រវេសន៍​ និង​បទដ្ឋាន​គតិ​យុត្ត​ ផ្សេងៗ​ទៀត ​ដើម្បី​ចុះ​បញ្ជី​អត្រា​នុកូលដ្ឋាន​ ការ​ផ្តល់​ឯកសារ​អត្ត​សញ្ញាណ​និង​ឯកសារ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ»។​

អ្នក​ចូលរួម​បានលើក​ដៃ​យ៉ាង​ច្រើន​គ្នា ​ដោយ​ស្នើ​ឱ្យ​មាន​ការ​ពន្យល់​ពីគោល​នយោបាយ​របស់គណបក្ស​នយោបាយ​នីមួយៗ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ប្រាក់​បៀវត្ស​មន្ត្រី​រាជការ ​អំពើ​ពុករលួយ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

លោក​ប៊ូ បូរ៉ា​ សាស្ត្រាចារ្យ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​មួយ​កន្លែង​ បាន​ត្អូញ​ត្អែរ​ពី​ប្រាក់​បៀវត្ស​ទាប​ និង​គំនាប​ផ្នែក​នយោបាយ​លើ​មន្ត្រី​រាជការ​ដូច​ជារូប​លោក។​

លោក​ឲ្យដឹងថា៖ «មន្ត្រី​រាជការ​សព្វថ្ងៃ​ត្អួញត្អែរ​ថា​ ប្រាក់ខែ​ទាប ​ប្រាក់​ខែ​ទាប ​ហើយមាន​ការ​កាត់​ប្រាក់​ខែ​របស់​គាត់​ចូល​ទៅ​បម្រើ​បក្ស។ ​ប្រសិន​បើ​មន្ត្រី​រាជការ​មិន​ព្រម​អនុវត្ត​តាម​គោល​ការណ៍​ដែល​គេ​ដាក់​ជូន​មក​ទេ ​នោះ​នឹង​មាន​ការ​គាប​សង្កត់​ពី​អ្នក​មាន​អំណាច​មួយ​ចំនួន។​ ដូច្នេះ​ខ្ញុំ​ចង់​សួរ​ ថា​តើអស់​លោក​មាន​វិធីសាស្ត្រ​យ៉ាង​ណា​ដើម្បី​ទប់​ស្កាត់​បញ្ហា​ហ្នឹង?»​

លោក​សុខ ឦសាន​បាន​ពន្យល់​ថា ​រដ្ឋាភិបាល ​នា​ពេល​កន្លង​មក បាន​ព្យាយាម​ផ្តល់​ប្រាក់​បៀវត្សន៍​មន្ត្រី​រាជការតាម​លទ្ធភាព​របស់​ខ្លួន ​ដោយបាន​តដំឡើង​ប្រមាណ២០​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ។​

ដោយ​ឡែក ​លោក​កឹម សុខា​បាន​សន្យា​អនុវត្ត​គោល​នយោបាយ​ប្រាក់​បៀវត្សរបស់​ខ្លួន ​ប្រសិន​បើ​គណបក្ស​លោក​ឈ្នះ​ឆ្នោត ​ហើយបានសន្យា​ចុះ​ចេញ​ពី​អំណាច​ ប្រសិន​បើ​មិន​អាច​ធ្វើ​បាន។​

លោក​និយាយ​ថា៖​ «​បញ្ហា​មាន​ពីរ​សម្រាប់​មន្ត្រី​រាជការ​ប្រដាប់​អាវុធ។ ​ទីមួយ​ដោយ​សារ​ប្រាក់​ខែ​តិច​ ទី​ពីរ​គំនាប​នយោបាយ​ ដូច​ជា​ការ​បង្ខំ​ឱ្យ​ចូល​បក្ស។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ សម្រាប់​មន្ត្រី​រាជការ​សាធារណៈ​ទាំង​អស់​គឺ​យើង​អត់​មាន​ដក​ទេ​ មាន​តែ​បន្ថែម​យ៉ាង​តិច​មួយ​លាន​រៀល។ ​ទី​ពីរ យើង​ធ្វើ​យ៉ាង​ណា​ឱ្យ​មន្ត្រី​សាធារណៈ​បម្រើ​រាស្ត្រ ​បម្រើ​រដ្ឋ ​មិន​មែន​មន្ត្រី​បម្រើ​បក្ស​ទេ»។

រី​ឯ​លោក​ហួនរាជ ចំរើន​ក៏​បាន​ធ្វើ​ការ​សន្យា​ស្រដៀង​គ្នា​នេះ​ដែរ។​

ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចូលរួម​ម្នាក់​ស្នើ​ឱ្យ​មាន​ការ​ពន្យល់ពី​សមិទ្ធិផល​របស់​គណបក្ស​នីមួយៗ​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ពី​ស្នាដៃ​របស់​ខ្លួន​នា​ពេលកន្លង​មក ​ដូចជា​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ ការ​ពង្រឹង​ខឿន​សេដ្ឋកិច្ច​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ហេដ្ឋារចនា​សម្ព័ន្ធ ​និង​ធនធាន​មនុស្ស​ជា​ដើម។​

កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​របស់​គណបក្ស​នយោបាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ខណៈ​ពេល​ដែល​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ត្រឹម​តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ដែល​មាន​ការ​ចូលរួម​ពីគណបក្ស​នយោបាយ​ចំនួន​៨ ក្នុងនោះ​គណបក្ស​សំខាន់ៗ​ចំនួន​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​កំពុងតែ​ស្រូប​យក​ការ​គាំទ្របាន​យ៉ាង​ច្រើន​គឺគណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា ​ហើយ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

កិច្ច​ពិភាក្សា​នយោបាយ​នៅ​ថ្ងៃនេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ទី​២០​ ចាប់​ពី​ម៉ោង​៩​ដល់​១១​ព្រឹក៕
XS
SM
MD
LG