អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការឆ្លងកូវីដ១៩នៅទូទាំងពិភពលោក បានកើនឡើងវិញជាលើកទី១ នៅក្នុងរយៈពេល៧សប្តាហ៍ ហើយក្រុមមន្ត្រីបានសម្តែងនូវការព្រួយកង្វល់ថា ករណីឆ្លងនេះ អាចកើនឡើងយ៉ាងខ្លាំង។
អ្នកស្រី Maria Van Kerkhove ប្រធានអ្នកបច្ចេកទេសសម្រាប់ជំងឺកូវីដ១៩របស់អង្គការសុខភាពពិភពលោក បាននិយាយនៅឯសន្និសីទកាសែតកាលពីថ្ងៃចន្ទនៅទីស្នាក់ការធំរបស់អង្គការ WHO ក្នុងទីក្រុងហ្សឺណែវថា៖ «យើងចាំបាច់ត្រូវមានការព្រមានដ៏ខ្លាំងសម្រាប់យើងទាំងអស់គ្នាថា វីរុសនេះ នឹងវិលត្រឡប់មកវិញ ប្រសិនបើយើងធ្វេសប្រហែស»។
អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា ការកើនឡើងនូវករណីឆ្លង បានកើតមានឡើងនៅក្នុងតំបន់៤គឺ៖ ទ្វីបអាមេរិក តំបន់មីឌីទែរ៉ាណេខាងកើត ទ្វីបអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍។ លោកបាននិយាយទៀតថា ព្រឹត្តិការណ៍នេះ ជាការ«ស្រងាកចិត្ត ក៏ប៉ុន្តែមិនភ្ញាក់ផ្អើលទេ» ហើយបាននិយាយទៀតថា មួយផ្នែកនៃការកើនឡើងខ្លាំងនោះ ទំនងមកពី «ការបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ»។
លោក Michael Ryan នាយកកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក បាននិយាយថា៖ «នៅពេលនេះ វីរុសនេះ កំពុងឈ្នះយើង[ក្នុងស្ថានភាពរាតត្បាតនេះ]» ហើយបាននិយាយទៀតថា វាមិនអាចទៅរួចទេដែលថា ស្ថាភាពការរាតត្បាតនេះ ប្រហែលត្រូវបានគេបញ្ឈប់នៅត្រឹមចុងឆ្នាំនេះនោះ។
ការព្រមាននេះ បានកើតមានឡើងក្រោយការឆ្លងនិងការស្លាប់ពីកូវីដ១៩ បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងផ្នែកជាច្រើននៃពិភពលោក ដែលរួមជាមួយការបង្កើតវ៉ាក់សាំងផង បាននាំឲ្យមានក្តីសង្ឃឹមថា ការរាតដាលនៃកូវីដ១៩នឹងបន្តស្រាកស្រាន្ត៕