ប៉ូលិសនៅក្នុងរដ្ឋតិចសាស ភាគខាងត្បូងសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតពីសកម្មភាពរបស់មន្រ្តីម្នាក់ដែលបានរុញច្រានក្មេងស្រីជំទង់ម្នាក់ដែលគ្មានអាវុធទៅលើដី បន្ទាប់ពីមានការហៅទូរស័ព្ទដើម្បីឲ្យបញ្ឈប់ពិធីជប់លាងនៅអាងហែលទឹក។ មន្រ្តីរូបនោះបានលាឈប់ពីតួនាទីប៉ូលិសកាលពីថ្ងៃអង្គារ។ ក៏ប៉ុន្តែ ដោយមានការពិនិត្យពិច័យកំពុងកើនឡើងនៅទូទាំងប្រទេសអំពីពូជសាសន៍និងការប្រើកម្លាំង ដែលត្រូវបានប្រើប្រាស់ដោយភ្នាក់ងារពង្រឹងច្បាប់នោះ ជាថ្មីម្តងទៀត ពួកសកម្មជនកំពុងរិះគន់ភាពអយុត្តិធម៌លើរឿងក្តីថ្មីៗបំផុតនេះចំពោះអ្វីដែលពួកគេមើលឃើញពីការប្រើកម្លាំងហួស។
អ្វីដែលបានចាប់ផ្តើមនៅឯពិធីជប់លាងនៅអាងហែលទឹកក្នុងទីក្រុង Dallas ភាគខាងជើង បានបញ្ចប់ដោយមានការដាក់ខ្នោះដៃ ហើយនិងមានការទាញកាំភ្លើង។
អ្នកស្រុកក្នុងសហគមន៍បានព្យាយាមបិទពិធីជប់លាងនោះកាលពីថ្ងៃសុក្រ ដោយបានអះអាងថា ពួកក្មេងជំទង់មិនត្រូវបានអនុញ្ញាតិឲ្យទៅអាងហែលទឹកនោះទេ។ បន្ទាប់មក ប៉ូលិសបានមកដល់។
ក្មេងជំទង់ម្នាក់បានថតវីដេអូ នៅពេលដែលលោក Eric Caseblt មន្រ្តីប៉ូលិសនៃការិយាល័យប៉ូលិសទីក្រុង McKinney បានច្រានផ្តួលនាង Dejerria Becton អាយុ១៥ឆ្នាំនោះទៅលើដី។
«គាត់បានប្រាប់ខ្ញុំឲ្យបន្តដើរ អញ្ចឹងខ្ញុំបន្តដើរ ហើយខ្ញុំគិតថា គាត់ស្មានតែយើងបាននិយាយពាក្យមិនគប្បីឲ្យគាត់។ គាត់បានចាប់ដៃខ្ញុំ កាច់ដៃរបស់ខ្ញុំទៅក្រោយហើយរុញខ្ញុំខ្ទប់ទៅនឹងស្មៅ ហើយបានចាប់ផ្តើមទាញសក់ក្រងរបស់ខ្ញុំ។ ខ្ញុំប្រាប់គាត់ឲ្យដោះលែងខ្ញុំ ពីព្រោះខ្នងរបស់ខ្ញុំឈឺខ្លាំងណាស់»។
នៅពេលដែលមានការចោទប្រកាន់ផ្សេងទៀតពីការប្រើកម្លាំងហួសបានត្រូវថតដោយម៉ាស៊ីនថតរូប អ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកផ្សេងៗគ្នាបាននិយាយរឿងរ៉ាវផ្សេងៗគ្នា។ ស្រ្តីម្នាក់ដែលបានឃើញឧបទ្ទវហេតុនោះបានការពារប៉ូលិស។
«ប៉ូលីសបានចាប់ដៃនាង នាងបានចាប់ផ្តើមតដៃប៉ូលីស ដែលបានធ្វើកិច្ចការត្រឹមត្រូវ នៅពេលដែលក្មេងទាំងនេះបានរត់គេចចេញហើយបានប្រើប្រាស់ពាក្យប្រមាថមើលងាយ និងគំរាមកំហែងដល់ឆ្មាំការពារសន្តិសុខ»។
សកម្មជនកំពុងអំពាវនាវឲ្យមានតម្លាភាពហើយនិងចាត់វិធានការធ្វើការស៊ើបអង្កេត។ក្នុងចំណោមនោះ មានលោក Satinder Singh សាខាការិយាល័យរបស់សហភាពសេរីភាពពលរដ្ឋអាមេរិកនៅក្នុងរដ្ឋតិចសាសដែលបានថ្លែងតាមប្រព័ន្ធ Skype ថា៖ «អ្វីដែលប៉ូលិស បាននិយាយរហូតមកទល់ពេលនេះគឺពួកក្មេងៗបានចូលដោយគ្មានការអនុញ្ញាតិ។ នេះជាឧក្រិដ្ឋកម្ម។ ក៏ប៉ុន្តែ សំណួរគឺថា តើនេះជាមធ្យោបាយដ៏ល្អបំផុតដើម្បីឆ្លើយតបនៅពេលនេះឬ? តើខ្ញុំនឹងធ្វើឲ្យស្ថានភាពរីកកាន់តែធំឡើងទៅដល់ចំណុចមួយដែលមានមនុស្សស្លាប់ឬ? ឬ ខ្ញុំរុញច្រានក្មេងស្រីដែលស្លៀកសម្លៀកបំពាក់មុជទឹកទៅលើដីហើយខ្ញុំសង្កត់ទៅលើនាងឬ ? តើខ្ញុំគិតថា វាជាការចាំបាច់ដើម្បីភ្ជង់កាំភ្លើងរបស់ខ្ញុំទៅពួកក្មេងដែលស្លៀកសម្លៀកបំពាក់ហែលទឹកឬ?»។
ក្មេងជំទង់ៗជាច្រើនបានត្រូវចាប់ខ្លួននៅឯកន្លែងកើតហេតុ ក៏ប៉ុន្តែ មានតែបុរសម្នាក់ ប៉ុណ្ណោះ ដែលបានត្រូវរងការចោទប្រកាន់ពីការជ្រៀតជ្រែកកិច្ចការប៉ូលិស៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន