ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សន្ទនា​ជាមួយ​ ម៉ម កល្យាណនី៖ ការ​ស្វែងរក​អត្តសញ្ញាណ


ផ្លាក​ផ្សាយ​របស់​ភាពយន្ត​ឯកសារ​ខ្លី​ឆ្នាំ​២០១៤ «ការ​គំរាម​កំហែង​ព្រៃ​សក្ការៈ​ កម្ពុជា​» ឬ «ពុះពារ​ការពារ​ជ្រលង​អារ៉ែង» ដោយ​​ផលិករ​ខ្មែរ​អាមេរិកាំង ម៉ម កល្យាណនី។ (ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណនី)

កំណត់​និពន្ធ៖ កញ្ញា ម៉ម កល្យាណនី គឺជា​ផលិតករ​ភាពយន្ត​ឯកសារ​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់។ គាត់​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដោយ​សារ​តែ​សង្គ្រាម​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​បាន​រស់នៅ​សហរដ្ឋ​អាមេរិក។ ការ​ចាកចេញ​ពី​ប្រទេស​កំណើត​បណ្តាល​ឲ្យ​មាន​ទុក្ខសោក និង​ការ​បាត់បង់​នូវ​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​គាត់។ ក៏ប៉ុន្តែ បទ​ពិសោធន៍ និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​អារ៉ែង បាន​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់កញ្ញា កល្យាណនី ក្នុង​បទ​សន្ទនា​ជាមួយ​នឹង VOA កន្លង​ទៅ​មុន​នេះ។

VOA៖ ជា​កិច្ច​ចាប់ផ្តើម នាង​ខ្ញុំ​ចង់​ឲ្យ​អ្នក​នាង​ចែក​រំលែក​បទ​ពិសោធន៍​ជូន​លោក​អ្នក​ស្តាប់​ថា តើ​ប្រវត្តិ​នៃ​ការ​ផ្លាស់​ទីលំនៅ​មក​សហរដ្ឋអាមេរិក​នេះ​មាន​ផល​លំបាក​អ្វី​ខ្លះ​ក្នុង​ការ​ស្វែងរក​អត្តសញ្ញាណ និង​និយម​ន័យ​គ្រួសារ?

កញ្ញា ម៉ម កល្យាណនី៖ ខ្ញុំ​កើត​នៅ​ក្នុង​សម័យ ប៉ុល ពត កាល​ពី​ឆ្នាំ១៩៧៧។ គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់នៅ​តាម​ទី​ជនបទ ហើយ​បន្ទាប់​មក​យើង​បាន​ទៅ​រស់នៅ​តាម​ជំរុំ។ ក្រោយ​ពេល​ចេញ​ពី​ជំរុំ យើង​ក៏​បាន​មក​រស់នៅ​នៅ​សហរដ្ឋ​អាមេរិក។ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​ដល់​ខ្ញុំ​មាន​ការ​ចេះដឹង ខ្ញុំ​ឧស្សាហ៍​គិត​ថា ខ្ញុំ​មាន​ការ​លំបាក​នៅ​ក្នុង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​មក​ពី​កន្លែង​ណា។ ខ្ញុំ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ផ្ទះ និង​ប្រទេស​ជាតិ​របស់​ខ្ញុំ។ ខ្ញុំ​ឆ្ងល់​ថា តើ​ផ្ទះ​ខ្ញុំ​នៅ​ទីណា? ខ្ញុំ​បាន​សួរ​សំណួរ​នេះ។ ខ្ញុំ​មាន​អារម្មណ៍​ថា ផ្ទះ​ខ្ញុំ​មិនមែន​នៅ​ស្រុក​អាមេរិក ហើយ​មិន​មែន​នៅ​ស្រុក​ខ្មែរ។ ខ្ញុំ​ដូច​ជា​នៅ​កណ្តាល​វាល​គ្មាន​គោល​ដៅ គ្មាន​វប្បធម៌ ប្រពៃណី និង​គ្មាន​កេរមរតក​អ្វី​សោះ​តាំង​ពី​ដើម។ មាន​តែ​ឪពុក​ម្តាយ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ដែល​បាន​បង្ហាត់​ខ្ញុំ​ឲ្យ​ដឹង​អំពី​ស្រុក​ខ្មែរ ឲ្យ​ចេះ​និយាយ​ខ្មែរ ឲ្យ​ទៅ​វត្ត និង​ឲ្យ​ចេះ​ដឹង​ពី​ការ​អភិវឌ្ឍន៍​ផ្ទាល់​ខ្លួន។ ក៏ប៉ុន្តែ ខ្ញុំ​នៅ​តែ​មាន​សំណួរ​មួយ​ហ្នឹង និង​ឆ្ងល់​ថា តើ​ផ្ទះ​ខ្ញុំ​នៅ​ឯណា?

VOA៖ អ្នកនាង​ធ្លាប់​ចុះ​ទៅ​តំបន់​អារ៉ែង​នៃ​ខេត្ត​កោះកុង​ជា​ច្រើន​ដង។ ហើយ​កាល​ពី​ខែ​មករា ដើម​ឆ្នាំ​នេះ អ្នកនាង​បាន​ចុះ​ទៅ​តំបន់​អារ៉ែង​ម្តង​ទៀត។ ហើយ​អ្នកនាង​បាន​រស់​នៅ​ជាមួយ​នឹង​បង​ប្អូន​សហគមន៍​នៅ​តំបន់​នោះ។ ខ្ញុំ​ចង់​ដឹង​ថា តើ​អ្នក​នាង​អ្វី​ខ្លះ​នៅ​តំបន់​អារ៉ែង?

កញ្ញា ម៉ម កល្យាណនី ៖ នៅពេលខ្ញុំមានគំនិតថាចង់ទៅអារ៉ែង ខ្ញុំមានអារម្មណ៍ថាចង់ធ្វើកុនឯកសារមួយអំពីប្រពៃណី និងកេរមរតករបស់ខ្មែរនៅក្នុងតំបន់អារ៉ែង និងអំពីសាសនា។ ខ្ញុំគិតថា សាសនាយើងកើតចេញពីដី ព្រៃ។ បើយើងមិនការពារព្រៃ និងធម្មជាតិរបស់យើង សាសនាយើងក៏គ្មានដែរ។ ដូច្នេះ ខ្ញុំមានគំនិតថា ខ្ញុំចង់ត្រឡប់ទៅអារ៉ែងវិញ ដើម្បីថតកុនឯកសារអំពីព្រះសង្ឃមកពីភ្នំពេញ ដែលធ្វើដំណើរទៅអារ៉ែង ដើម្បីជួយប្រជាជននៅអារ៉ែងឲ្យការពារខ្លួន ការពារព្រៃ ធម្មជាតិ ហើយកុំឲ្យធ្វើសាងសង់វារីអគ្គិសនីនៅកន្លែងហ្នឹង។ ក៏ប៉ុន្តែ នៅពេលខ្ញុំទៅដល់ទីនោះ ខ្ញុំឃើញថា ព្រះសង្ឃបានជួយប្រជាជន តែខ្ញុំបានចំណាយពេលវេលារស់នៅជាមួយបងប្អូនសហគមន៍នៅទីនោះទៅវិញ។ ខ្ញុំឃើញថា ប្រជាជនយើងក៏មានសាសនាដែរ ហើយសាសនាហ្នឹងមានកំណើតមកពីដី ពីព្រោះគាត់រស់នៅជាមួយដី និងព្រៃ។ ហើយការរស់នៅរបស់គាត់មានការជិតសិ្នទ្ធិមែនទែនជាមួយព្រៃ។ ដូច្នេះ ខ្ញុំក៏បានផ្លាស់ប្តូរគម្រោងរបស់ខ្ញុំវិញ។ ប្តូរពីការចងក្រងឯកសាររឿងព្រះសង្ឃ ទៅជាឯកសារស្តីអំពីការរស់នៅរបស់ប្រជាជននៅជាមួយធម្មជាតិ។

VOA៖ អ្នកនាង​មាន​បទ​ពិសោធន៍​រស់នៅ​ជាមួយ​នឹង​បងស្រី រ៉ឹម សាវស៊ី នៅ​ក្នុង​តំបន់​អារ៉ែង។ សូម​ឲ្យ​អ្នកនាង​ចែក​រំឡែក​បទពិសោធន៍​រស់​នៅ​ជាមួយ​នឹង​បងស្រី រៀម សាស៊ី។

កញ្ញា ម៉ម កល្យាណនី ៖ ខ្ញុំបានជួបបងស្រី រ៉ឹម សាវស៊ី លើកទីមួយកាលពីឆ្នាំមុន នៅពេលដែលខ្ញុំបានទៅតំបន់អារ៉ែងលើកទីមួយ។ ខ្ញុំបានថតព្រះសង្ឃប្រជុំជាមួយនឹងបងប្អូននៅតំបន់អារ៉ែង។ ហើយខ្ញុំបានថតគាត់នៅក្នុងការប្រជុំហ្នឹង។ នៅពេលដែលខ្ញុំបានឃើញគាត់នៅពេលនោះ ខ្ញុំឃើញគាត់បីកូនរបស់គាត់ ហើយកូនគាត់ក្មេងមែនទែន គឺកូនង៉ា។ ហើយខ្ញុំចាប់អារម្មណ៍ជាមួយមុខគាត់មែនទែន។ មុខគាត់ស្អាត ហើយញញឹមស្រស់។ មិនមែនគាត់ញញឹមទេ។ តែពេលគាត់កាន់កូនរបស់គាត់ វាសមណា។ ខ្ញុំចាប់អារម្មណ៍ជាមួយគាត់ និងទឹកមុខគាត់ ហើយខ្ញុំថតគាត់។ នៅពេលដែលខ្ញុំកំពុងតែថតគេផ្សេងៗ ខ្ញុំឮគាត់និយាយថា គាត់ចង់ឲ្យនរណាម្នាក់មកថតរឿងអំពីអារ៉ែង។ ខ្ញុំក៏ប្រាប់គាត់ថា ចាំពេលខ្ញុំមកលើកក្រោយ ខ្ញុំនឹងធ្វើរឿងហ្នឹង តាមដានជីវិតគាត់ ហើយខ្ញុំចង់សម្តែងរឿងពីជីវិតគាត់។ ហើយគាត់ក៏យល់ព្រមឲ្យខ្ញុំថតពីជីវិតគាត់។

ហើយ​ប៉ុន្មាន​ខែ​មុន ខ្ញុំ​បាន​ទៅ​អារ៉ែង ហើយ​ខ្ញុំ​បាន​រស់នៅ​ជាមួយ​គាត់ និង​គ្រួសារ​គាត់​ប្រហែល​មួយ​ខែ។ ខ្ញុំ​បាន​រស់នៅ​ជិតសិ្នទ​មែន​ទែន ហើយ​បាន​ស្គាល់​ចិត្ត​គ្នា។ ហើយ​ខ្ញុំ​ឃើញ​ថា ចិត្ត​គាត់​ទូលាយ​មែន​ទែន។ ខ្ញុំ​មិន​ដែល​បាន​ជួប​នរណា ដែល​មាន​ចិត្ត​ទូលាយ​ដូច​គាត់​ពី​មុន​ទេ។ ខ្ញុំ​គិត​ថា យើង​អ្នក​នៅ​ទីក្រុង យើង​មិន​ដែល​ឲ្យ​នរណា​ម្នាក់​ស្គាល់​ចិត្ត​យើង​ទេ។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​រស់នៅ​ជាមួយ​គាត់ និង​គ្រួសារ​គាត់ ពួក​គាត់​មិន​មាន​ជញ្ជាំង និង​ទ្វា​បិទ​បាំង​អ្វី​ទេ។ ចិត្ត​គាត់​ទូលាយ​មែន​ទែន។ ហើយ​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ចិត្ត​គាត់​ទូលាយ​យ៉ាង​នេះ។ ពេល​ខ្ញុំ​គិត​ទៅ ខ្ញុំ​យល់​ថា ជីវិត​គាត់​រស់នៅ​ជាមួយ​ធម្មជាតិ​យ៉ាង​ទូលាយ។ នៅ​ពេល​យើង​ដើរ​ក្នុង​ព្រៃ យើង​មិន​ដែល​ឃើញ​ជញ្ជាំង។ យើង​ឃើញ​តែ​ភាព​ទូលាយ។ ហើយ​អ្វីៗ​ទាំង​អស់​មាន​ភាព​ទូលាយ។ ហេតុដូច្នេះ វា​ធ្វើ​ឲ្យ​ចិត្ត​យើង​ទូលាយ។ ដូច្នេះ ខ្ញុំ​គិត​ថា ពីព្រោះ​គាត់​រស់នៅ​ជាមួយ​ធម្មជាតិ ហើយ​ចិត្ត​គាត់​ទូលាយ​ជាមួយ​ធម្មជាតិ ដូច្នេះ​ហើយ​បាន​ជា​គាត់​មាន​គំនិត​អញ្ចឹង។

VOA៖ តាមរយៈ​ការ​រស់នៅ ហើយ​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​បងស្រី រ៉ឹម សាវស៊ី តើ​បទពិសោធន៍​នេះ​អាច​ជួយ​ជា​មេរៀន​អ្វី​ខ្លះ​ដល់​អ្នកនាង​ផ្ទាល់​ក្នុងការ​ស្វែងរក​អត្តសញ្ញាណ ហើយ​និង​តម្លៃ​នៃ​វប្បធម៌​ដែល​អ្នក​នាង​បាន​លើក​ឡើង​ពី​មុន?

កញ្ញា ម៉ម កល្យាណនី ៖ នៅពេលដែលខ្ញុំស្វែងរកអត្តសញ្ញាណតាំងពីដើម ខ្ញុំឆ្ងល់មែនទែនថា តើផ្ទះខ្ញុំនៅទីណា? ហើយខ្ញុំរស់នៅទីណា? ចិត្តរបស់ខ្ញុំមិននឹងនរ ប៉ុន្តែ ពេលខ្ញុំទៅរស់នៅជាមួយ រ៉ឹម សាវស៊ី ចិត្តរបស់ពួកគាត់នឹងនរមែនទែន។ ពួកគាត់នៅជាមួយធម្មជាតិ មានផ្ទះសម្បែង ហើយគាត់មានប្រពៃណី វប្បធម៌ ហើយកេរមរតករបស់គាត់តាំងពីជីដូនជីតារបស់គាត់។ ហើយជីដូនជីតារបស់គាត់បង្ហាត់បង្រៀនគាត់ និងនិទានរឿងឲ្យគាត់ស្តាប់អំពីជីវិតគាត់ និងជីវិតជាមួយធម្មជាតិ។

ប៉ុន្តែ នៅ​ក្នុង​ជីវិត​ខ្ញុំ​ទៅ​វិញ ឪពុក​ម្តាយ​ខ្ញុំ​គាត់​ខំ​តស៊ូ ឲ្យ​ខ្ញុំ​ចេះដឹង​ពី​ប្រពៃណី​របស់​ខ្ញុំ អំពី​វប្បធម៌ កេរមរតក។ ពីព្រោះ​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​ត្រូវបាន​គេ​ជម្លៀស​ពី​ប្រទេស​ជាតិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​ទុក្ខសោក។ ហើយ​ចិត្ត​ខ្ញុំ​មិន​ទាន់​នៅ​នឹង។ ហើយ​ឥឡូវ ខ្ញុំ​កំពុង​តែ​ស្វែងរក ហើយ​ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​រស់នៅ​ជាមួយ​ធម្មជាតិ​ជាមួយ​នឹង​រៀម សាស៊ី និង​គ្រួសារ​របស់​គាត់។ ហើយ​នៅ​អារ៉ែង ខ្ញុំ​គិតថា ខ្ញុំ​ឈប់​ស្វែងរក​ទៀត​ហើយ។ ខ្ញុំ​យល់​ថា ផ្ទះ​សម្បែង​របស់​ខ្ញុំ​គឺ​នៅ​ក្នុង​ធម្មជាតិ ហើយ​នេះ​ក៏ជា​ផ្ទះ​សម្បែង​របស់​ប្រជាជន​ខ្មែរ​យើង​ទាំង​អស់​គ្នា​ដែរ។ ហើយ​ខ្ញុំ​បំផ្លាញ​ធម្មជាតិ ផ្ទះសម្បែង​របស់​យើង ព្រៃឈើ ទឹក​របស់​យើង ប្រៀប​ដូច​យើង​បំផ្លាញ​ខ្លួន​ឯង​ដែរ។ ហើយ​ខ្ញុំ​យល់​ថា បើ​នៅ​អារ៉ែង បើ​គេ​សាងសង់​វារីអគ្គិសនី​ទៅ ជម្លៀស​ប្រជាពលរដ្ឋ​ទៅ ​រៀម សាស៊ី គ្រួសារ​របស់​គាត់ និង​ប្រជាជន​ក្នុង​អារ៉ែង​ទាំងអស់​ទៅ​កន្លែង​ផ្សេង នោះ​ពួក​គាត់​នឹង​មាន​បទ​ពិសោធន៍​ដូច​ខ្ញុំ និង​ឪពុកម្តាយ​ខ្ញុំ​ដែរ ក្លាយ​ជា​ជន​ភៀស​ខ្លួន នៅ​ក្នុង​ជំរុំ ប៉ុន្តែ ជំរុំ​នៅ​ក្នុង​ប្រទេស​យើង។ ក៏​ប៉ុន្តែ ពួក​គាត់​អត់​មាន​ឱកាស​អ្វី​សោះ ខ្ញុំ​មក​អាមេរិក ខ្ញុំ​មាន​ឱកាស​ច្រើន។ ប៉ុន្តែ នៅ​ក្នុង​ស្រុក​ខ្មែរ បើ​គេ​ជម្លៀស​គាត់​ចេញ នោះ​ពួក​គាត់​នឹង​គ្មាន​ឱកាស​អ្វី​សោះ។ ដូច្នេះ ពួក​គាត់​នឹង​មាន​ទុក្ខសោក​ច្រើន៕

---------

កញ្ញា ម៉ម កល្យាណនី គឺ​ជា​ផលិតករ​ភាពយន្ត​ខ្មែរ​អាមេរិកាំង។ ខ្សែ​ភាពយន្ត​រូបភាព​ឯកសារ​លើក​ដំបូង​បង្អស់​របស់​នាង​គឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល ​និយាយ​អំពី​ការ​តស៊ូ​របស់​គ្រួសារ​ខ្មែរ​៣គ្រួសារ ក្នុង​អំឡុង​នៃ​ការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​ពិភព​លោក បាន​ឈ្នះ​ពាន់​រង្វាន់ Grand Jury Prize សម្រាប់​ខ្សែ​ភាពយន្ត​ឯកសារ​ពិភពលោក​នៅ​ឯ​មហោស្រព​ភាពយន្ត​ទី​ក្រុង​សាន់ដាន (Sundance Film Festival) នៅ​ឆ្នាំ​២០១៣។

XS
SM
MD
LG