ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អឺរ៉ុប​មិន​អាច​ទ្រទ្រង់​ការ​បន្ត​ការ​ហូរ​ចូល​ជន​ភៀស​ខ្លួន


ក្រុម​នៃ​ជន​ចំណាក​ស្រុក​មួយ​ក្រុម​ធ្វើ​ដំណើរ​ទៅ​កាន់​ខ្សែ​បន្ទាត់​ព្រំដែន​ ដើម្បី​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ាសេដ្ឋាន​ពី​ប្រទេស​ក្រិក នៅ​ក្បែរ​ក្រុង Gevgeliga ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាសេដ្ឋាន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។
ក្រុម​នៃ​ជន​ចំណាក​ស្រុក​មួយ​ក្រុម​ធ្វើ​ដំណើរ​ទៅ​កាន់​ខ្សែ​បន្ទាត់​ព្រំដែន​ ដើម្បី​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ាសេដ្ឋាន​ពី​ប្រទេស​ក្រិក នៅ​ក្បែរ​ក្រុង Gevgeliga ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាសេដ្ឋាន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ឬ UNCHR បាន​ឲ្យ​ដឹង​ថា​ ជន​ភៀស​ខ្លួន ​និង​ជន​ចំណាក​ស្រុក​ជិត​៣០០.០០០​នាក់​បាន​មក​ដល់​អឺរ៉ុប​ដោយ​ឆ្លង​កាត់​សមុទ្រ​ម៉េឌីទែរ៉ាណេ​នៅ​ឆ្នាំ​នេះ។​ ពួកគេ​ភាគ​ច្រើន​ទៅ​ប្រទេស​អ៊ីតាលី​ និង​ប្រទេស​ក្រិក។​ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ព្រមាន​ថា​ ស្ថានការណ៍​ជន​ភៀស​ខ្លួន​បន្ត​ហូរ​ចូល​នេះ​នឹង​មិន​អាច​ទ្រទ្រង់​បាន​តទៅទៀត​នោះ​ទេ​ ហើយ​បាន​អំពាវនាវ​រក​ដំណោះស្រាយ​ពេញ​លេញ​មួយ។​ ​

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ស្ថានភាព​ចលាចល​នៃ​មនុស្ស​រាប់​ពាន់​នាក់​ដែល​ព្យាយាម​ចូល​មកប្រទេសម៉ាសេដ្វាន (Macedonia) ដែល​ជា​អតីត​សាធារណៈ​រដ្ឋ​យូហ្គោស្លាវី កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ស្ងប់​ស្ងាត់​ទៅ​ហើយ។​ ប៉ុន្តែ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា​ ជន​ភៀស​ខ្លួន​ទាំង​នេះ​កំពុង​បន្ត​ ហើយ​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ លោកស្រី​ Melissa Fleming ថ្លែង​ថា​ ជន​ភៀស​ខ្លួន​ចូល​ម្តង​ជា​ក្រុមៗ ហើយ​ក្រុម​នីមួយៗ​មាន​ពី​៣០០​ទៅ​៤០០នាក់។​ អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​ព្រំដែន​ប្រទេស​ម៉ាសេដ្ឋាន​និយាយ​ថា​ អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​មក​ដល់​ព្រំដែន​ប្រទេស​នេះ​មាន​រហូត​ដល់​ទៅ​ ៣.០០០​នាក់​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ភាគ​ច្រើន​រត់​គេច​ចេញ​ពី​អំពើ​ហិង្សា​ និង​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ អាហ្វហ្គានីស្ថាន​ និង​អ៊ីរ៉ាក់។​

លោក​ស្រី​ Fleming និយាយ​ថា​ ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​ទាំង​នោះ​រួម​មាន​ ស្រ្តី​ កុមារ​ និង​មនុស្ស​ចាស់​ទន់ខ្សោយ​ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម​នៅ​ពេល​ដែល​ពួក​គេ​មក​ដល់។

‍«ពួកគេ​ជា​ញឹកញាប់​មាន​សភាព​ហត់​នឿយ​ខ្លាំង។​ ពួកគេ​មាន​របួស​ផ្លូវចិត្ត​ ហើយ​ជា​ញឹក​ញាប់​ត្រូវ​ការ​ជំនួយ​មនុស្សធម៌។​ ដូច្នេះ​ វា​មាន​សារៈសំខាន់​ណាស់​ដែល​អ្នក​ទាំង​នេះ​ដាច់​ខាត​មិន​ត្រូវ​គេ​ធ្វើ​បាប។​ ហើយ​ពួក​គេ​ត្រូវ​តែ​ទទួល​បានជំនួយ​ដ៏​ចាំបាច់‍»។​

នៅ​ពេល​ដែល​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​បាន​សម្រាក​ ពួក​គេ​នឹង​ឆ្ពោះ​ទៅ​ប្រទេស​ស៊ែប៊ី (Serbia) ដោយ​ឆ្លង​កាត់​ប្រទេស​ហុងគ្រី​ហើយ​បន្ត​ទៅ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប។​ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ឬ UNCHR​ រាយការណ៍​ថា ​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​ស៊ុយអែត​ ទទួល​យក​ជន​សុំ​សិទ្ធិ​ជ្រកកោន​ប្រមាណ​៤៣​ភាគរយ។​ ប្រទេស​អាល្លឺម៉ង់​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ប្រទេស​នេះ​រំពឹង​ថា​នឹង​មាន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ចំនួន​ប្រមាណ​៨០០.០០០នាក់​មក​ដល់​នៅ​ឆ្នាំ​នេះ។​

លោក​ស្រី​ Fleming និយាយ​ថា​ ស្ថានការណ៍​នៅ​មិន​អាច​ទ្រទ្រង់​បាន​ឡើយ​ ហើយ​មិន​អាច​ដោះស្រាយ​ដោយ​ប្រទេស​ណា​មួយ​តែ​ឯកឯង​នោះ​ទេ។​ លោកស្រី និយាយ​ថា​ ​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង​២៨​នៅ​ក្នុង​សហភាព​អឺរ៉ុប គួរ​តែ​ធ្វើ​ការបែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទទួលជន​ភៀស​ខ្លួន​ទាំង​នេះ​ឲ្យ​បាន​សមរម្យ​និង​ប្រកប​ដោយ​សមភាព​ជាង​នេះ។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​អំពាវនាវ​ឲ្យ​មាន​មធ្យោបាយ​ស្រប​ច្បាប់​ច្រើន​ជាង​មុន​ ដូច​ជា​ ផ្តល់​ឱកាស​ក្នុង​ការ​តាំង​ទីលំនៅ​ជា​ថ្មី​និង​ផ្តល់​ទិដ្ឋាការ​សម្រាប់​សិស្ស​ និស្សិត​ និង​អ្នក​ធ្វើ​ការ​ ធ្វើ​ដូច្នេះ​អ្នក​ទាំង​នោះ​ មិន​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ដំណើរ​ដ៏​គ្រោះថ្នាក់​នេះ​នោះ​ទេ៕

​ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG