តំណាងរាស្ត្រនៅសភាអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយអំពីផែនការចំណាយថវិការបស់រដ្ឋាភិបាលដែលមានទឹកប្រាក់ចំនួន១.១ ទ្រីលាន ឬជាង១០០ម៉ឺន លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៦ ។ ការចំណាយកញ្ចប់ថវិកានេះនឹងពន្យារកម្មវិធីកាត់បន្ថយពន្ធដ៏មានប្រជាប្រិយភាពជាច្រើនសម្រាប់ក្រុមហ៊ុននិងបុគ្គលឯកជននានា។
អ្នកតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋ បានបង្ហាញសេចក្តីព្រាងនៃសេចក្តីស្នើច្បាប់ស្តីពីការចំណាយដ៏ធំមហិមានេះកាលពីយប់ថ្ងៃអង្គារ ក្រោយពីចេញពីកិច្ចប្រជុំមួយដែលដឹកនាំដោយប្រធានសភា គឺលោក Paul Ryan។ សេចក្តីព្រាងនៃសេចក្តីស្នើច្បាប់នោះរួមបញ្ចូលទាំងសំណើរបស់សមាជិកសភាពីគណបក្សសាធារណរដ្ឋឲ្យបញ្ចប់បម្រាមនាំប្រេងឆៅចេញពីសហរដ្ឋអាមេរិករយៈពេល៤០ឆ្នាំ និងសំណើរបស់សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យឲ្យពន្យារការមិនយកពន្ធលើក្រុមហ៊ុនផលិតថាមពលខ្យល់និងពន្លឺព្រះអាទិត្យ។
សេចក្តីព្រាងនៃសេចក្តីស្នើច្បាប់ថវិកានេះ ក៏បានផ្អាករយៈពេល២ឆ្នាំនូវកម្មវិធីលើកលែងពន្ធចំនួន២ដែលមានគោលដៅផ្តល់មូលនិធិដល់ច្បាប់ថែទាំសុខភាពរបស់លោកប្រធានាធិបតីអូបាម៉ា។ កម្មវិធីមួយទាក់ទងនឹងពន្ធលើសម្ភារៈវេជ្ជសាស្ត្រនិងកម្មវិធីមួយទៀតទាក់ទងនឹងពន្ធលើការធានារ៉ាប់រងសុខភាព ដែលនឹងចូលជាធរមាននៅឆ្នាំ២០១៨។
គេរំពឹងថា សភានិងព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងបោះឆ្នោតសម្រេចលើច្បាប់ថវិកានេះនៅថ្ងៃព្រហស្បតិ៍នេះ៕