នាយកប្រតិបត្តិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលលោកស្រី Amanda Bennett នាយកថ្មីរបស់សំឡេងសហរដ្ឋអាមេរិកដែលទើបស្បថចូលកាន់តំណែងលោក Michael Abramowitz និងប្រធានវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពលោក Stephen Capus ប្រឈមនឹងសំណួរពិបាកៗនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៅសភាកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ អំពីថវិកា អាទិភាព និងបញ្ហាប្រឈមនានារបស់បណ្តាញសារព័ត៌មានទាំងនេះ។
លោក Scott Perry សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋបានចាប់ផ្តើមសវនាការនេះដោយសួរទៅកាន់លោកស្រី Bennett ថាតើលោកស្រីចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវកម្មដែរឬទេ។ លោកស្រី Bennett ឆ្លើយតបថា «ខ្ញុំនឹងទទួលយកនិយមន័យផ្តល់ដោយសហរដ្ឋអាមេរិកដែលចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវកម្ម»។
លោក Perry បានជជីកសួរលោកស្រី Bennett អំពីសារអ៊ីម៉ែលមួយដែលបានផ្ញើចេញទៅកាន់អ្នកសារព័ត៌មាន VOA បន្ទាប់ពីការសម្លាប់រង្គាលដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែកក្កដា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែល១២០០នាក់ថា បុគ្គលិកទាំងអស់គួរ «ជៀសវៀងហៅក្រុមហាម៉ាស់និងសមាជិករបស់ក្រុមនេះថាជាភេរវករ លើកលែងតែឃ្លារដែលត្រូវបានដកស្រង់»។
អ្វីដែលមិនត្រូវបានលើកឡើងនៅក្នុងសវនាការនោះគឺសារអ៊ីម៉េលដែលត្រូវបានផ្ញើចេញនោះក៏បានលើកឡើងដែរថា វាសមស្របក្នុងការពណ៌នាសកម្មភាព«ក្រុមហាម៉ាស់» ថាជា «ការវាយប្រហារភេរវកម្មឬសកម្មភាពភេរវកម្ម»។
លោកស្រី Bennett បានថ្លែងថា គោលនយោបាយទីភ្នាក់ងារគឺប្រើពាក្យ «ភេរវជន» ដោយប្រុងប្រយ័ត្ននិងនៅពេលណាវា«សមស្រប»។
លោកស្រីក៏បានថ្លែងថា ទីភ្នាក់ងារឥឡូវនេះកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីធានាថាសេវាភាសាទាំង៤៨នៅ VOA ធ្វើទៅតាមគោលការណ៍វិចារណកថារបស់ទីភ្នាក់ងារនេះ។
លោក Michael McCaul ប្រធានគណៈកម្មាធិការបានសរសើរទីភ្នាក់ងារ USAGM ជា «សញ្ញានៃសេរីភាព ផ្តត់ផ្គង់ការណ៍ពិតដល់អ្នកដែលរស់នៅក្រោមការជិះជាន់និងគាបសង្កត់»។ ទោះជាយ៉ាងនេះក្តី លោកបានថ្លែងថា មានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងរបៀបដែលទីភ្នាក់ងារនេះកំពុងត្រូវបានគ្រប់គ្រង។
លោក McCaul និងអ្នកតំណាងរាស្ត្រដទៃទៀតបានសាកសួរអំពីបញ្ហាដ៏យូរអង្វែងនានា រួមទាំងការទទួលបុគ្គលម្នាក់មកធ្វើការវិញនៅ VOA ទាំងបុគ្គលនោះធ្លាប់ត្រូវបានបញ្ឈប់ពីការងារក្រោមរដ្ឋបាលមុន ហើយអ្នកដែលត្រូវបានបុគ្គលលួចផ្តល់ព័ត៌មានសម្ងាត់ដែលមិនបញ្ចេញឈ្មោះចោទសួរអំពីក្រមសីលធម៌និងកិត្តិនាមរបស់លោកស្រី។
សមាជិករដ្ឋសភាមួយរូបទៀតគឺលោក Tim Burchett បានចោទសួរលោកស្រី Bennett អំពីការដោះស្រាយបញ្ហាបុគ្គលិក ដោយសាកសួរថាតើវាសមស្របឬទេដែលទីភ្នាក់ងារនេះនៅតែជួលអ្នកដែលបៀតបៀនបុគ្គលិកមកធ្វើការទៀត។
លោកស្រី Bennett បដិសេធមិនឆ្លើយ ដោយថាវា«មិនសមរម្យក្នុងការឆ្លើយតបនឹងសំណួរអំពីបញ្ហាបុគ្គលិកក្នុងវេទិកាសាធារណៈមួយ»។ លោកស្រីបានថ្លែងថា បញ្ហានោះត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ដោយខាងដេប៉ាដឺម៉ង់ធនធានមនុស្សរបស់ទីភ្នាក់ងារនេះ ហើយក៏ត្រូវបានស៊ើបអង្កេតដោយគណៈកម្មាធិការនេះផងដែរ។
ការកាត់បន្ថយថវិកា
សវនាការនេះក៏ផ្តោតលើការកាត់បន្ថយថវិកានិងប្រតិបត្តិការផងដែរ។ ទាំងប្រធាន VOA និងប្រធានវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព បានបង្ហាញពីការព្រួយបារម្ភថាតើវានឹងប៉ះពាល់ដល់បេសកកម្មយ៉ាងណាដែរ។ លោក Capus បានថ្លែងថា ផលប៉ះពាល់នឹងមានភាព «អាក្រក់ខ្លាំង» ហើយថាវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព «ជាទីដៅរបស់រុស្ស៊ី បេឡារុស អ៊ីរ៉ង់ និងចិនដោយឥតសង្ស័យ»។
លោក Capus បានថ្លែងថា ប្រសិនបើ វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពផ្អាកដំណើរការនៅក្នុងតំបន់ ទស្សនិកជននឹងងាយរងគ្រោះដោយសារប្រទេសទាំងនោះនិងដោយសារការឃោសនារបស់ពួកគេ។
លោក Abramowitz ដែលបានស្បថចូលកាន់តំណែងកាលពីប៉ុន្មានសប្តាហ៍មុន ក៏បានថ្លែងដែរថា កង្វះខាតធនធាននឹងធ្វើឱ្យប៉ះពាល់ដល់បញ្ហានានាដែលគណៈកម្មការសភានិង VOA ខ្វល់ខ្វាយអំពី។ ឧទាហរណ៍ការផ្សាយព័ត៌មានអំពីអ៊ីរ៉ង់និងរុស្ស៊ី។
លោកបានថ្លែងថា «ស្ថានភាពនឹងអាក្រក់ខ្លាំង»។ លោកបន្ថែមថា ទស្សនិកជនក្នុងប្រទេសទាំងនោះជាញឹកញាប់ស្តាប់ព័ត៌មាន VOA «ពីព្រោះ VOA គឺជាប្រភពព័ត៌មានតែមួយគត់ដែលប្រឆាំងនឹងព័ត៌មានមិនពិតដែលចេញពីរដ្ឋាភិបាល»។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យលោកស្រី Dina Titus បានសាកសួរលោក Capus អំពីអ្នកស្រី Alsu Kurmasheva អ្នកសារព័ត៌មានដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ីដែលត្រូវបានឃុំខ្លួនមុនកាត់ទោសតាំងពីខែតុលា ឆ្នាំ២០២៣។
ប្រធានវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពបានផ្តល់ព័ត៌មានចុងក្រោយដល់គណៈកម្មការសភាអំពីករណីរបស់អ្នកស្រី Kurmasheva ដោយថ្លែងថាលោកជឿថា «បទចោទប្រកាន់ទាំងនោះប្រឆាំងនឹងអ្នកស្រីគឺដោយសារអ្នកស្រីធ្វើការឱ្យយើង»។
រុស្ស៊ីបានចោទប្រកាន់អ្នកស្រី Kurmasheva ពីបទមិនបានចុះបញ្ជីទិដ្ឋាការអាមេរិករបស់អ្នកស្រីជាមួយអាជ្ញាធរ ដែលអ្នកស្រីខកខានមិនបានចុះបញ្ជីខ្លួនឯងថាអ្នកស្រីជាភ្នាក់ងារបរទេសហើយបានបំពានច្បាប់យោធា។
អ្នកស្រីមិនទាន់ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកចាត់ទុកថាជាបុគ្គល «ត្រូវបានឃុំខ្លួនដោយខុស» នៅឡើយទេ។ សមាជិកខ្លះនៃគណៈកម្មការសភាបានបង្ហាញការព្រួយបារម្ភអំពីមូលហេតុដែលមន្ត្រីសហរដ្ឋអាមេរិកមិនទាន់ចាត់ទុកថាអ្នកស្រីត្រូវបានឃុំខ្លួនដោយខុស៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ