ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល USAGM កាលពីថ្ងៃសុក្រ ទី១៩ ខែមេសាកន្លងទៅនេះ បានតែងតាំងលោក Michael Abramowitz ជានាយកអចិន្ត្រៃយ៍ថ្មីសម្រាប់សំឡេងសហរដ្ឋអាមេរិក Voice of America។
នៅក្នុងអ៊ីម៉ែលមួយផ្ញើទៅកាន់បុគ្គលិកកាលពីថ្ងៃទី១៩ ខែមេសា អ្នកស្រី Amanda Bennett នាយកប្រតិបត្តិនៃទីភ្នាក់ងារ USAGM បាននិយាយថា លោក Abramowitz ដែលជាអតីតអ្នកកាសែត ហើយបច្ចុប្បន្នជាប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ Freedom House នឹងចូលកាន់តំណែងជានាយកវីអូអេនៅក្នុងប៉ុន្មានខែខាងមុខនេះ។
អ្នកស្រី Bennett បានសរសេរនៅក្នុងសារអ៊ីម៉ែលថា៖ «ខ្ញុំប្រាកដក្នុងចិត្តថា មនុស្សជាច្រើនក្នុងចំណោមពួកយើង បើមិនមែនភាគច្រើននៃអ្នកទាំងអស់គ្នា ពិតជាបានដឹងអំពីការងារគួរឲ្យកត់សម្គាល់របស់អង្គការ Freedom House ដែលបានដឹកនាំការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសការការពារនិងតស៊ូតមិដើម្បីសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក»។
លោក Abramowitz បានកាន់តួនាទីជាប្រធានអង្គការ Feedom House តាំងពីឆ្នាំ២០១៧។ លោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Harvard និងបានបំពេញវិជ្ជាជីវៈរបស់លោកនៅកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍អស់រយៈពេល ២៤ឆ្នាំ។ លោកក៏ធ្លាប់បានធ្វើការងារពាក់ព័ន្ធទៅនឹងការអប់រំអំពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និង Holocaust អស់រយៈពេល៨ឆ្នាំនៅសារមន្ទីរនៃការចងចាំអំពើប្រល័យពូជសាសន៍ Holocaust នៅសហរដ្ឋអាមេរិកផងដែរ។
អ្នកស្រីបានបន្តថា៖ «ដោយសារតែលោកមានចំណេះជំនាញនិងបទពិសោធន៍បែបនេះ លោកយល់យ៉ាងស៊ីជម្រៅទៅលើការងារដូចគ្នាដែលពួកយើងបានបូជាជីវិតនិងអាជីពរបស់យើងដើម្បីបុព្វហេតុនេះ»។
លោក Abramowitz ត្រូវគេរំពឹងថានឹងចាប់ផ្ដើមតួនាទីរបស់លោកនៅវីអូអេនៅដើមរដូវក្ដៅខាងមុខនេះ។ នៅក្នុងសារជាវីដេអូមួយផ្ញើទៅកាន់បុគ្គលិកទាំងអស់ លោកនិយាយថា លោកមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងសម្រាប់តំណែងនេះ។
លោកថ្លែងថា៖ «នេះជាស្ថាប័នដែលពោរពេញទៅដោយប្រវត្តិអស្ចារ្យ ហើយអ្វីដែលសំខាន់បំផុតនោះគឺបេសកកម្មដ៏អស្ចារ្យ។
លោកបន្តថា៖ «បេសកកម្មនេះពិតជាជំរុញទឹកចិត្តដល់រូបខ្ញុំយ៉ាងខ្លាំង ជាពិសេសនោះគឺគំនិតដែលថា យើងផ្សព្វផ្សាយព័ត៌មាន និងដំណឹងដែលពិត ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅកាន់ផ្នែកដ៏ធំនៃពិភពលោកដែលមានចំនួនអ្នកស្ដាប់និងទស្សនាយ៉ាងច្រើន។ សម្រាប់មនុស្សភាគច្រើន វីអូអេគឺជាប្រភពព័ត៌មានតែមួយគត់សម្រាប់ដំណឹងនានាដែលពួកគេទទួលបាន»។
អ្នកស្រី Bennett ផ្ទាល់ក៏ធ្លាប់បានបម្រើការជានាយកវីអូអេពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ផងដែរ។ អ្នកស្រីបានលាឈប់ពីតំណែងនេះក្រោយពេលមានការសម្រេចពីសភាឱ្យលោក Michael Pack ដែលជាអ្នកផលិតខ្សែភាពយន្តបែបអភិរក្សនិយមដឹកនាំទីភ្នាក់ងារ USAGM។
លោក Pack ដែលកាលនោះត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីលោក Donald Trump សម្រាប់តួនាទីជាប្រធានទីភ្នាក់ងារ USAGM បានរងនូវការប្ដឹងផ្ដល់និងការចោទប្រកាន់ពីសំណាក់អ្នកលួចផ្តល់ព័ត៌មានសម្ងាត់។ លោកក៏បានលាឈប់ពីតំណែងនេះនៅពេលលោក Joe Bidenបានក្លាយជាប្រធានាធិបតី ហើយក៏ត្រូវបានសម្រេចដោយក្រុមស៊ើបអង្កេតឯករាជ្យមួយថា លោក Pack បានរំលោភអំណាចជាញយដង ព្រមទាំងមានជាប់ពាក់ព័ន្ធជាមួយនឹងការដឹកនាំមិនត្រឹមត្រូវដ៏ធ្ងន់ធ្ងរ រួមមានទាំងការប៉ុនប៉ងជ្រៀតជ្រែកទៅលើខ្លឹមសារបទវិចារណកថាទៀតផង។
ក្រោយការចាកចេញរបស់លោក សភាអាមេរិកក៏បានបន្ថែមយន្តការត្រួតពិនិត្យនិងតុល្យភាពទៅលើតួនាទីនាយកប្រតិបត្តិរបស់ទីភ្នាក់ងារ USAGM រួមទាំងការជ្រើសរើសនិងការបណ្ដេញចេញថ្នាក់ដឹកនាំនៃទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយនេះ។
លោក Abramowitz នឹងក្លាយជានាយកវីអូអេផ្លូវការលើកដំបូងចាប់តាំងពីអាណត្តិមួយរយៈពេលខ្លីរបស់លោក Robert Reilly ដែលត្រូវបានតែងតាំងដោយលោក Pack សម្រាប់តួនាទីនេះពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។
បន្ទាប់ពីការបណ្ដេញលោក Reilly ចេញពីតំណែងនេះ វីអូអេត្រូវបានដឹកនាំដោយនាយកស្ដីទី អ្នកស្រី Yolanda Lopez ពីឆ្នាំ២០២១ រហូតដល់ពេលអ្នកស្រីលាលែងពីតំណែងនៅខែកញ្ញា ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ តួនាទីនេះស្ថិតក្នុងដៃលោក John Lippman។
លោក Abramowitz បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកកំពុងទន្ទឹងរង់ចាំបំពេញការងារនៅវីអូអេ ដោយផ្អែកទៅលើក្ដីបារម្ភអំពីកម្រិតនៃព័ត៌មានក្លែងក្លាយចេញពីរដ្ឋាភិបាលផ្ដាច់ការណ៍នានានៅលើពិភពលោក។
លោកថ្លែងដូច្នេះថា៖ «វីអូអេគឺជាកំផែងការពារការណ៍ពិត និងសេរីភាពសារព័ត៌មាន ហើយខ្ញុំរីករាយណាស់ដែលបានកាន់តំណែងនៅស្ថាប័ននេះ និងធ្វើការជាមួយអ្នកកាសែត និង បុគ្គលិកដ៏មានទេព្យកោសល្យ។ រួមគ្នា យើងអាចយកឈ្នះសង្គ្រាមព័ត៌មានបាន»។
អង្គការ Freedom House កាលពីថ្ងៃសុក្រទី១៩ ខែមេសា បានចេញសេចក្ដីប្រកាសមួយដើម្បីថ្លែងអំណរគុណដល់លោក Abramowitz សម្រាប់ការដឹកនាំរបស់លោក។
អ្នកស្រី Jane Harman សហប្រធានគណៈអភិបាលនៃអង្គការ Freedom House បានថ្លែងថា៖ «សម្រាប់រយៈពេលមួយទសវត្សរ៍ លោកMike Abramowitz គឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យជាបន្តបន្ទាប់របស់អង្គការ Freedom House ដោយលោកបានកំណត់ទស្សនវិស័យសម្រាប់អង្គការនេះដែលជំរុញឲ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធដើម្បីសេរីភាពនៅជុំវិញពិភពលោក»។
ក្នុងនាមជានាយកវីអូអេ លោក Abramowitz នឹងគ្រប់គ្រងសេវាផ្សព្វផ្សាយដែលមានជា៤៨ភាសា ដែលផ្សព្វផ្សាយព័ត៌មានទៅកាន់មនុស្សប្រមាណ ៣៥៤ លាននាក់នៅជុំវិញពិភពលោករៀងរាល់សប្ដាហ៍ តាមរយៈទូរទស្សន៍ វិទ្យុ និង ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលឯករាជ្យ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ