លោកប្រធានាធិបតី Donald Trump បានបដិសេធថាលោកគ្មានផែនការជាបន្ទាន់ណាមួយដើម្បីដកស.រ.អា.ចេញពីអង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ថា WTO ទេ។
លោក Trump បាននិយាយប្រាប់ពួកអ្នកកាសែតនៅលើយន្តហោះ Air Force One នៅក្នុងការធ្វើដំណើរខ្លីមួយកាលពីរសៀលថ្ងៃសុក្រពីរដ្ឋ Maryland ទៅកាន់រដ្ឋ New Jersey ថា «អង្គការ WTO បានចាត់វិធានការមិនល្អដល់យើង»។
ក៏ប៉ុន្តែនៅពេលត្រូវសួរថាតើលោកចង់ដកស.រ.អា.ពីអង្គការអន្តរជាតិសាកលតែមួយគត់ដែលដោះស្រាយបទបញ្ញត្តិពាណិជ្ជកម្មរវាងប្រទេសជាតិឬទេ លោក Trump បានឆ្លើយថា «មិនមែននៅពេលនេះទេ ក៏ប៉ុន្តែពួកគេត្រួវប្រព្រឹត្តមកលើយើងដោយយុត្តិធ៌ម»។
សេចក្តីថ្លែងទាំងនេះមានឡើងនៅពេលដែលលោក Trump ហាក់ដូចជាមានបំណងខ្លាំងឡើងៗក្នុងការប្រឈមមុខជាជាងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ក្រុមប្រទេសជាតិ G-7 អង្គការអូតង់និងអង្គការ WTO។លោកបាននិយាយច្រើនដងមកហើយថាស.រ.អា.អាចមានភាពល្អប្រសើរជាងមុនដោយធ្វើឱ្យមានកិច្ចព្រមព្រៀងខាងពាណិជ្ជកម្មនិងខាងយុទ្ធសាស្ត្រមួយនិងមួយជាមួយប្រទេសជាតិឯទៀតៗ។
ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ទៀត លោក Trump នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីចូលរួមក្នុងសន្និសីតកំពូលប្រចាំឆ្នាំនៃអង្គការអូតង់នៅមុនមានជំនួបដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសអង់គ្លេសជាមួយលោកស្រីនាយករដ្ឋមន្ត្រី Theresa May ហើយបន្ទាប់មកទៀតនៅក្នុងប្រទេស Finlande អព្យាក្រឹត្យជាមួយប្រធានាធិបតីរុស្សី Vladimir Putin៕