ចំនួនប្រជាជនក្នុងទ្វីបអាហ្វ្រិកត្រូវគេរំពឹងថា នឹងកើនឡើងបួនដងនៅក្នុងសតវត្សរ៍នេះ។ ការកើនឡើងនេះនឹងធ្វើឲ្យមានភាពចាំបាច់ដែលមិនស៊ីសង្វាក់គ្នាក្នុងការផលិតស្បៀងអាហារបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ ទ្វីបនេះក៏កំពុងបើកទូលាយយ៉ាងលឿនចំពោះការធ្វើអាជីវកម្មដ៏មមារញឹក ដែលភាគច្រើនត្រូវបានជំរុញបន្ថែមដោយប្រាក់មកពីបរទេស។
លោក William Laurance គឺជានាយកមជ្ឈមណ្ឌលសម្រាប់វិទ្យាសាស្ត្របរិស្ថានតំបន់ត្រូពិចនិងនិរន្តភាព នៃសាកលវិទ្យាល័យ James Cook ក្នុងប្រទេសអូស្ត្រាលី។ លោកនិយាយថា៖ «ដោយសារតែរឿងទាំងនោះហើយ ទើបមានការដាក់ស្នើដ៏ធំ ក្នុងការកសាងផ្លូវថ្នល់ មហាវិថី ផ្លូវរថភ្លើង គឺគម្រោងទាំងនេះហើយដែលនឹងឈានជើងចូលទៅក្នុងតំបន់ដាច់ស្រាលនៃទ្វីបអាហ្វ្រិក»។
លោកបន្ថែមថា ផ្លូវនៃការអភិវឌ្ឍទាំងនេះ ដែលជាមធ្យមមានប្រវែងពី១.០០០ ទៅ៤.០០០គីឡូម៉ែត្រ នឹងអាចមានផលប៉ះពាល់យ៉ាងធំទៅលើទ្វីបនេះ។
«ផ្លូវទាំងនេះនឹងមានភាពខ្វាត់ខ្វែងក្នុងទ្វីបអាហ្វ្រិក។ ពួកវានឹងមានប្រវែងសរុបជាង៥៣.០០០គីឡូម៉ែត្រ និងមានរូបរាងដូចជាសំបុកពីងពាងយក្ស ដែលគ្របដណ្តប់លើទ្វីបអាហ្វ្រិកទាំងមូល»។
ក៏ប៉ុន្តែ លោកនិយាយថា គ្មានផែនការជាទូទៅណាមួយ ឬយុទ្ធសាស្ត្រពិតប្រាកដ បានលេចចេញឡើងទេ ក្នុងការសម្រួលដល់ភាគីពាក់ព័ន្ធផ្សេងៗ ទាំងនៅក្រៅ និងក្នុងប្រទេស។
ក្នុងរបាយការណ៍សិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយដោយទស្សនាវដ្ដីជីវវិទ្យាថ្មី (Current Biology) លោក Laurance និងក្រុមរបស់លោកបានវិភាគទៅលើគម្រោងធំៗចំនួន៣៣ ដែលត្រូវបានគេស្នើឡើង និងគម្រោងខ្លះទៀតកំពុងដំណើការ។ ការវិភាគនោះផ្តោតទៅលើចំនួនប្រជាជន សក្តានុពលនៃកសិកម្ម និងតម្លៃនៃបរិស្ថាន បូកបញ្ចូលទាំងជីវៈចម្រុះ ប្រភេទសត្វជិតផុតពូជ ទីជម្រកសត្វដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងដំណើរនៃការលូតលាស់របស់រុក្ខជាតិក្នុងការរក្សាទុកធាតុកាបូន។
«មានគម្រោងប្រហែល៦ ដែលមើលទៅហាក់ដូចជាគម្រោងដែលមានគំនិតល្អៗ ក្នុងន័យថា គម្រោងទាំងនោះនឹងផ្តល់អត្ថប្រយោជន៍ផ្នែកកសិកម្មបានច្រើន ហើយមិនធ្វើឲ្យមានការប៉ះពាល់ច្រើនដល់បរិស្ថានទេ។ ហើយក៏មានគម្រោង៦ផ្សេងទៀតដែល បើសិនជាខ្ញុំវិញ ខ្ញុំនឹងដកចេញពីបញ្ជី ហើយគម្រោងទាំងនោះអាចប៉ះពាល់ចំតំបន់បរិស្ថានសំខាន់ៗបំផុតរបស់ទ្វីបអាហ្វ្រិក ដូចជាអាងទឹកនៃទន្លេ Congo តំបន់ព្រៃឈើនៅអាហ្វ្រិកខាងលិច ក៏ដូចជាព្រៃឈើតំបន់អេក្វាទ័រដែលកំពុងរងគ្រោះយ៉ាងខ្លាំងនៅអាហ្វ្រិកភាគខាងកើត។ តំបន់ទាំងនេះសម្បូរទៅដោយធនធានសត្វព្រៃ និងធនធានធម្មជាតិយ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើល»។
មានគម្រោងផ្សេងៗទៀតដែលមានលក្ខណៈសក្តិសមនឹងត្រូវបានគេអនុវត្តនៅចំណុចកណ្តាលនៃទ្វីបអាហ្វ្រិក។ លោក Laurance បានផ្តល់អនុសាសន៍ថា គួរតែមានការប្រុងប្រយ័ត្នក្នុងការបន្តគម្រោងទាំងនោះទៅមុខទៀត។ លោកថា អ្វីដែលមើលទៅហាក់ដូចជាអស្ចារ្យមុនពេលអនុវត្ត អាចប្រែក្លាយទៅជាផ្តល់ផលវិបាកដែលយើងមិនប្រាថ្នាចង់បាន។ ជាឧទាហរណ៍ ដូចជាក្នុងករណីជីករករ៉ែក្នុងទ្រង់ទ្រាយធំជាដើម។
«មានមនុស្សតិចតួចប៉ុណ្ណោះដែលក្លាយជាអ្នកមានខ្លាំងពិតប្រាកដ ហើយមានការងារធ្វើបន្ថែមមួយចំនួនទៀត ក៏ប៉ុន្តែជាញឹកញយ អ្វីដែលអ្នកតែងមើលឃើញគឺថា មានមួយភាគធំនៃចំនួនប្រជាជននៅតែប្រឈមមុខដោះស្រាយលើបញ្ហាផ្សេងៗជាបន្ទាន់ ដូចជាអាហារ ដីធ្លី ហើយរបស់របរជាច្រើនទៀតបានឡើងថ្លៃ ហើយប្រជាជនទាំងនោះ មិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់ពីគម្រោងទាំងនោះ។ ដូចនេះ អ្នកកំពុងតែបង្កើននូវគម្លាតផ្នែកសេដ្ឋកិច្ច។ យើងមានសសរស្តម្ភនៃសេដ្ឋកិច្ចនោះគឺវិស័យរ៉ែ ដែលកំពុងតែរីកធំឡើង ហើយក្លាយជាវិស័យដ៏អស្ចារ្យមួយ ក៏ប៉ុន្តែសសរស្តម្ភផ្សេងទៀតនៃវិស័យសេដ្ឋកិច្ច កំពុងរួមតូចហើយក្លាយជាធាតុមិនសូវមានប្រយោជន៍»។
លោក Laurance អំពាវនាវឲ្យមានការសិក្សាស្រាវជ្រាវក្នុងស្រុក និងជាលក្ខណៈជាតិ ដែលអាចតម្រង់ទិសរដ្ឋាភិបាលឲ្យប្រើប្រាស់វិធានការជំនួសផ្សេងៗ និងប្រើវិធានការការពារបរិស្ថានដែលធានាថា នឹងមានអនាគតវិជ្ជមាន។
លោកនិយាយថា៖ «បើសិនវិធានការទាំងនោះមិនត្រូវបានគេយកមកអនុវត្តទេ អ្នកនឹងមានតែការបំផ្លាញព្រៃឈើដ៏រលត់រលាយ។ នឹងមានបទល្មើសលើបំផ្លាញសត្វកាន់តែច្រើន។ នឹងមានការបាត់បង់ចំនួនសត្វព្រៃជាច្រើន។ អ្នកអាចបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍»។
លោក Laurance និយាយថា ពេលវេលាដែលត្រូវអនុវត្តវិធានការគឺពេលនេះហើយ នៅមុនពេលដែលគម្រោងបទល្មើសទាំងនោះរីកចម្រើនឡើង ដែលពិបាកនឹងបន្ថយល្បឿន៕
ប្រែសម្រួលដោយ នៀម ឆេង