ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ព្រួយ​បារម្ភ​ពី​​រុស្ស៊ី​ជំរុញ​ឲ្យ​ប្រទេស​ជិត​ខាង​រុស្ស៊ី​​ងាក​ទៅ​រក​អង្គការ​ណាតូ


ស្រ្តី​ម្នាក់​កាន់​ផែនទី​ប្រទេស​អ៊ុយក្រែន​ចែក​ជា​ពីរ​ផ្នែក នៅ​អំឡុង​ពេល​ដង្ហែ​ក្បួន​សន្តិ​ភាព​មួយ​នៅ​ក្រុង Donetsk ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន។ ការ​ព្រួយ​បារម្ភ​ពី​​រុស្ស៊ី​ជំរុញ​ឲ្យ​ប្រទេស​ជិត​ខាង​រុស្ស៊ី​​ងាក​ទៅ​រក​អង្គការ​ណាតូ។

ការ​ព្រួយ​បារម្ភ​ទាក់ទង​ការ​រំលោភ​ឈ្លានពាន​របស់​រុស្ស៊ី​ បាន​ជំរុញ​ប្រទេស​ជិត​ខាង​របស់រុស្ស៊ី​ ក្នុង​អង្គការ​សន្ធិ​សញ្ញា​អាត្លង់ទិក​ខាង​ជើង​ ឬ​ហៅ​កាត់​ថា ​អង្គការ​ណាតូ​(NATO)​ ពង្រឹង​កងទ័ព​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

ខណៈ​ដែល​លោក​ Andrzej​ Duda​ ប្រធានាធិបតី​ប៉ូឡូញ​ បាន​ស្បថ​ចូល​កាន់​តំណែង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៨​ ខែ​មិថុនា​កន្លង​ទៅ​ លោក​ជាមួយ​នឹង​ការ​កើន​ឡើង​នៃសំឡេង​បន្ទរ​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​ កំពុង​អំពាវនាវ​ឲ្យ​កងទ័ព​អង្គការ​ណាតូ​អចិន្រ្តៃយ៍​ធ្វើការ​ទប់ទល់​ប្រឆាំង​ការ​គំរាម​កំហែង​ពី​ប្រទេស​រុស្ស៊ី។

លោក​ Keir​ Giles​ ដែល​ជា​អ្នក​ជំនាញ​ខាង​ប្រទេស​រុស្ស៊ី​នៅ​ឯ​Chatham​ House​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​ បាន​និយាយ​ទៅ​កាន់​ VOA​តាម​ប្រព័ន្ធ​ Skype​ ថា៖ «វា​នៅ​តែ​ជា​ករណី​ដែល​ថា ​កាលណា​អ្នក​ចូល​កាន់​តែ​ជ្រៅ​ទៅ​ភាគ​ខាង​កើត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ការ​យល់​ឃើញ​អំពី​ការ​គំរាម​កំហែង​សន្តិសុខ​ពី​រុស្ស៊ី ​គឺ​មាន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​បញ្ហា​កាន់​តែ​ផ្ទាល់​ គឺការ​ព្រួយ​បារម្ភ​កាន់​តែ​បន្ទាន់​របស់​បណ្តា​ប្រទេស​ដែល​នៅ​ជិត​រុស្ស៊ី»។

ប្រទេស​ប៉ូឡូញ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ទីក្រុងKaliningrad​ ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​មាន​ការ​ពង្រាយ​ទាហាន​រុស្ស៊ី​យ៉ាង​ច្រើន​បំផុត​ ហើយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អាច​ចាត់​ទុក​វត្ត​មាន​របស់​អង្គការ​ណាតូ​អចិន្រ្តៃយ៍ក្នុង​ប្រទេស​ប៉ូឡូញ​ជា​ ទង្វើ​នៃ​ការ​ឈ្លានពាន​មួយ។

លោក​ Giles​ បាន​និយាយ​ថា ​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​អំពី​ចេតនា​របស់​រុស្ស៊ី​ចំពោះ​បណ្តា​រដ្ឋ​អតីត​សហភាព​សូវៀត។

លោកបានបន្តថា៖ «ដូច្នេះ​ វា​មិនមែន​ជា​បញ្ហា​ថ្មី​ទេ​។ វា​ជា​បញ្ហា​ដែល​ប្រទេស​ប៉ូឡូញ និង​រដ្ឋ​នៅ​តំបន់​បាល់ទិក​ បាន​និយាយ​ជា​យូរ​មក​ហើយ។ វា​គឺ​គ្រាន់តែ​ថា​ មុន​ពេល​មាន​វិបត្តិ​អ៊ុយក្រែន​កើត​ឡើង បណ្តា​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​អង្គការ​ណាតូ​ និងមួយ​ផ្នែក​នៅ​ក្នុង​សហភាព​អឺរ៉ុប ថា​ជា​អ្នក​បង្ក​ឲ្យ​មាន​បញ្ហា​ដោយ​លើកឡើង​ពី​បញ្ហារុស្ស៊ី​ នៅ​ពេល​ដែល​វា​មិនមាន​ជា​បញ្ហា​កើត​ឡើង​នៅ​ឡើយ។ ឥឡូវនេះ​ ពិតណាស់​ពួកគេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បញ្ហា​នេះ​ពិត​ជា​ត្រឹមត្រូវ​ទាំងស្រុង​មែន»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​រំលោភ​លើ​ដែន​អាកាស​របស់​ប្រទេស​ជិត​ខាង​ ​ក្នុង​កម្រិត​ខ្ពស់​មួយ​ដែល​មិន​ធ្លាប់​ឃើញ​តាំង​ពី​សង្គ្រាម​ត្រជាក់​មក​ ហើយ​យន្តហោះ​អង្គការ​ណាតូ​បាន​ប្រវេប្រវារា​រាំង​យន្តហោះ​ទាំងនោះ។ លោក​ Giles​ អះអាង​ថា​ វិមាន​ក្រឹមឡាំង​កំពុង​សម្លឹង​រក​មើល​វិធី​ដើម្បី​កែកុន​ការ​បាត់បង់​ឥទ្ធិពល​ជា​សកល​របស់​ខ្លួន​តាមរយៈ​ការ​បង្ហាញ​អំណាច​របស់​ខ្លួន។

លោក​គូស​បញ្ជាក់​ថា៖ «ដោយសារ​តែ​បញ្ហា​នេះ ​វា​ត្រូវ​បាន​គេ​ថ្លែង​ម្តង​ហើយ​ម្តងទៀត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ថា បណ្តា​រដ្ឋបាល់ទិក​មួយ​ចំនួន ជា​ពិសេស​រដ្ឋ​ដែល​ជា​អតីត​ទឹកដី​របស់​សហភាព​សូវៀត​ គឺ​ជា​អតីត​ទឹកដី​របស់​រុស្ស៊ី។ វា​ជា​បញ្ហា​មួយ​ដែល​លោក​ប្រធានាធិបតី​ ពូទីន​ បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់។ ហើយប្រទេស​រុស្ស៊ី​ឥឡូវនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពីរដង​រួច​មក​ហើយ​ថា ​ក្នុង​រយៈ​ពេល​ប្រាំពីរ​នេះ ​ដែល​រុស្ស៊ី​ពេញ​ចិត្ត​ក្នុង​ការ​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​គោលបំណង​គូស​បន្ទាត់​ព្រំដែន​ជា​ថ្មី»។

រដ្ឋតំបន់​បាល់ទិក​ព្រួយ​បារម្ភ​ថា​ វិមាន​ក្រឹមឡាំង​អាច​នឹង​យក​ការ​បង្ក្រាប​ជនជាតិ​ភាគតិច​រុស្ស៊ី​ ជា​ការ​ដោះសារ​ក្នុង​ការ​ទាមទារ​ទឹកដី​ ដូច​ដែល​រុស្ស៊ី​បាន​ធ្វើ​រួច​មក​ហើយ​ជាមួយ​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​ខែ​មិថុនា​ អង្គការ​ណាតូ​បាន​ប្រកាស​ថា​ នឹង​ពង្រឹង​កម្លាំង​យោធា​សមាជិក​សម្ព័ន្ធ​របស់​ខ្លួន​ដែល​មាន​អារម្មណ៍​ថា​ ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ពី​ប្រទេស​រុស្ស៊ី។

លោក​Robert Pszczel​ អតីត​នាយក​ការិយាល័យ​ព័ត៌មាន​របស់​អង្គការ​ណាតូ​នៅ​ក្រុង​ម៉ូស្គូ​បាន​មាន​ប្រសាសន៍​ថា៖«វា​គ្មានទេ​ចេតនា​លាក់បាំង​ ហើយ​ក៏​គ្មានចេតនា​ដែល​ប្រឆាំង​រុស្ស៊ី​ដែរ។ ប៉ុន្ដែ​នៅ​ពេល​ដូចគ្នា​នេះ​ដែរ​ យើង​ត្រូវការ​ប្រទេស​សមាជិក​ណាតូ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហាប្រឈម​ផ្នែក​សន្តិសុខពិត​ប្រាកដ​ ដែល​បង្ក​ចេញ​ពី​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី»។

ចាប់​តាំង​ពី​មាន​វិបត្តិ​អ៊ុយក្រែន​មក​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី​ បាន​ព្យាយាម​លាបពណ៌​ឲ្យ​អង្គការ​ណាតូ​ថា ​កំពុង​ឡោមព័ទ្ធ​ប្រទេស​រុស្ស៊ី។

ការ​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់​អង្គការ​ណាតូ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ នឹង​ចាប់​ផ្តើម​នៅ​ខែ​តុលា​ខាងមុខ​ ដែល​មាន​ការ​ចូលរួម​ពី​ទាហាន​៣៦.០០០នាក់​មក​ពី​៣០​ប្រទេស។ ហើយសមយុទ្ធ​យោធា​របស់​អង្គការ​ណាតូ​ដែល​បាន​គ្រោង​ទុក​ទាំងអស់​ ​ប្រទេស​រុស្ស៊ី​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ៖ ហង្ស វុទ្ធិកា

XS
SM
MD
LG