សង្គ្រាមរាប់ទសវត្សរ៍បានបន្សល់ទុកឲ្យប្រទេសកម្ពុជានូវគ្រាប់មីន ហើយនិងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ដែលសម្លាប់ហើយនិងធ្វើឲ្យរបួសមនុស្សរាប់រយនាក់ក្នុងមួយឆ្នាំៗ។ កាលពីអាទិត្យកន្លងទៅនេះ គេបានសាកល្បងមធ្យោបាយថ្មីមួយនៅទីក្រុងភ្នំពេញ ដើម្បីបង្រៀនកូនក្មេងអំពីគ្រាប់មីន ហើយទំនងដូចជានឹងត្រូវយកទៅប្រើនៅក្នុងប្រទេសដទៃៗទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
គ្មានអ្វីគួរឲ្យប្លែកទេ ដែលកូនក្មេងចោមរោមជុំវិញកញ្ចក់ computer កុមារម្នាក់កំពុងតែលេងល្បែង កុមារដទៃៗទៀត ឲ្យការណែនាំ ។
ក៏ប៉ុន្ដែនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានៅទីក្រុងភ្នំពេញមួយនេះ ល្បែងដែលពួកគេលេងខុសប្លែកពីល្បែងឯទៀតៗ ។
នេះគឺជាអ្វីដែលអ្នកបង្កើតល្បែងនេះហៅថា ជាល្បែងប្រាកដប្រជាមួយ ជាល្បែងដែលរចនាឡើងដើម្បីអប់រំ ។ កូនក្មេងកំពុងតែសប្បាយរីករាយ នៅពេលដែលពួកគេរៀនសូត្រអំពីរបៀបសំគាល់ សញ្ញាគ្រោះថ្នាក់នែគ្រាប់មីន ហើយនិងគ្រាប់បែក នៅក្នុងទេសភាពធម្មតាមួយនៃប្រទេសកម្ពុជា ។
នៅក្នុងប្រទេសមួយដែលកាលពីឆ្នាំទៅ មនុស្សជិត២៥០នាក់ ដែល១ភាគ៣ជាកុមារ ត្រូវស្លាប់ឬរបួសដោយគ្រាប់មីន ហើយនិងគ្រាប់មិនទាន់ផ្ទុះ ការអប់រំមនុស្សជំនាន់ក្រោយអំពីរបៀបជៀសវាងកំទេចសំណល់នែសង្គ្រាមជារឿងសំខាន់ណាស់ ។
កុមារស៊ិន អាយុ១២ឆ្នាំ ដែលជួយនៅក្នុងការសាកល្បងល្បែងនេះ ពន្យល់ថា គេត្រូវការរកម្ហូបឲ្យឆ្កែរបស់គេ នៅលើផ្ទាំងកញ្ចក់ ហើយនៅពេលជាមួយគ្នានេះដែរជៀសវាងសញ្ញាក្រហម ព្រមានអំពីគ្រាប់មីនដែលលោកអ្នកឃើញមាននៅពាសពេញប្រទេសកម្ពុជា។ សញ្ញាទាំងនោះមិនងាយស្រួលឲ្យគេមើលឃើញគ្រប់ពេលវេលានោះទេ ។
“យើងដើរទៅមុខ ដើម្បីយើងឃើញសញ្ញាព្រួញមានក្រហម យើងឡើងលើអត់កើតទេ បានតែយើងចុះក្រោមហើយទៅខាងឆ្វេងនិងខាងស្ដាំដៃ “។
លោកសាស្ដ្រាចារ្យ Frank Biocca មកពីសកលវិទ្យល័យ Michigan State University ដែលគេបានបង្កើតធ្វើល្បែងនោះឡើង ជាផ្នែកមួយនែកម្មវិធីបរិញ្ញាប័ត្រ នៃសកលវិទ្យាល័យនោះ ។ ចុះហេតុអ្វីបានជាគេសាកល្បងល្បែងនេះនៅទីក្រុងភ្នំពេញ ។
“ប្រទេសកម្ពុជាជាករណីគន្លឹះមួយ ហើយសំខាន់ណាស់ ។ នេះជាតំបន់សាកល្បងទីមួយរបស់យើង ដូច្នេះហើយយើងសង្ឃឹមថានឹងលុបចោល ជំពូកល្បែងផ្សេងៗ ដែលខុស ឬមិនល្អនៅក្នុងបរិយាកាសនេះ ពីព្រោះខ្ញុំគិតថា ល្បែងនេះជាតំណាងបរិយាកាសល្អមួយ នៃបញ្ហាជាតួយ៉ាង ដែលយើងអាចមាននៅក្នុងប្រទេសដទៃៗទៀតដែរ ។ ហេតុដូច្នេះហើយ បើការសាកល្បងធ្វើដំណើរការល្អនៅទីនេះ យើងសង្ឃឹមថាល្បែងដូចគ្នានេះនឹងមានដំណើរការល្អ យ៉ាងហោចណាស់ ពិតជានៅទូទាំងប្រទេស អាស៊ីអគ្នេយ៍ ហើយអាចនៅទ្វីបអាហ្វ្រីកផងដែរ ពិតណាស់ហើយ នៅពេលដែលយើងសម្របសម្រួលទៅតាមស្ថានភាពតាមតំបន់នោះដែរ” ។
លោក Biocca និយាយថា ល្បែងនោះអាចប្រើបាន នៅក្នុងប្រព័ន្ធប្រតិបត្ដិការនៃម៉ាស៊ីន computers ភាគច្រើន គឺ PCs, Macs, Linux, the Web ហើយព្រមទាំងនៅក្នុងទូរស័ព្ទដទៃទៀតផង ដែលលោកយល់ឃើញថា នឹងក្លាយទៅជាម៉ាស៊ីន computers មានតម្លៃថោកៗ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។
លោក Allen Tan ជួយជ្រោមជ្រែងក្នុងការសាកល្បងនោះ។ លោកជានាយកមូលនិធិសប្បុរសធម៌ Golden West Humanitarian Foundation នៅប្រទេសកម្ពុជា។ មូលនិធិនេះ ជាមូលនិធិសប្បុរសធ៌ម ដែលមានទីស្នាក់ការនៅសរអា ហើយដែលផ្ដល់ការណែនាំខាងបច្ចេកទេសទៅឲ្យអង្គការដោះគ្រាប់មីននានា។ គឺមូលនិធិ Golden West នេះហើយដែលបានទៅរកសកលវិទ្យាល័យ Michigan State University ២ឆ្នាំមុននេះ ហើយស្នើយោបល់សុំឲ្យនិស្សិតសកលវិទ្យាល័យនោះសរសេរកម្មវិធី អំពីល្បែងដើម្បីអប់រំអំពីគ្រាប់មីនហើយនឹងគ្រឿងមិនទាន់ផ្ទុះដល់កូនក្មេង ។
លោក Tan ដែលជាអតីតអ្នកជំនាញខាងការកំទេចគ្រាប់បែកនៃកងទ័ពជើងគោកសរអានិយាយថា ល្បែងនេះមានសក្ដានុពលនឹងផ្ដល់ផលប្រយោជន៍ដល់កូនក្មេង នៅក្នុងប្រទេសរាប់សិប ។
“តំបន់ក្រោយការប្រយុទ្ធគ្នាទាំងឡាយណាក៏ដោយ នឹងទៅជាទីដៅសម្រាប់ការអប់រំបែបនេះ ជាពិសេសជាមួយមនុស្សវ័យក្មេង ដែលមិនទាន់កើត នៅពេលការប្រយុទ្ធគ្នានោះកើតមានឡើង ហើយគ្រោះថ្នាក់ទាំងនេះជាច្រើន ជាគ្រោះថ្នាក់បន្សល់ទុកកេរ្តិ៍តំណែល។ ពិតណាស់ហើយ តំបន់ក្រោយការប្រយុទ្ធគ្នាណាមួយ អាចជាទីដៅសម្រាប់ការហ្វឹកហ្វឺនបែបនេះ” ។
សរុបសេចក្ដីទៅល្បែងនេះ ដែលទទួលមូលធនពីក្រសួងការបរទេសសរអា មានសក្ដានុពលអាចមានទស្សនិកជនទូលំទូលាយ ។
ទស្សនិកជនខ្មែរមួយក្រុមតូច ដែលសាកល្បងល្បែងនេះនៅខែមិថុនា ពិតជាសប្បាយរីករាយនឹងលេងល្បែងនេះ ។ តើពួកកុមារទាំងនេះរៀនបានអ្វីខ្លះដោយប្រើវិធីនេះ ជាជាងវិធីជាប្រពៃណី ដូចជាខិតប័ណ្ណ ហើយនិងការសំដែងបង្ហាញ បានដល់កំរិតប៉ុន្មាននោះ ក្រុមអ្នកធ្វើល្បែងនេះនឹងវាយតម្លៃមើល ។
ដូចកុមារទាំងអស់នោះដែរ កុមារ Minea អាយុ១២ឆ្នាំ និយាយថា គេចូលចិត្ដល្បែងនេះណាស់ ។ នេះមិនគួរឲ្យយើងងឿងឆ្ងល់ពេកទេ ដោយហេតុថា កុមារខ្មែរមានឱកាសតិចតួចណាស់ នឹងបានលេងល្បែង computer ។
តើកុមារនេះរៀនអ្វីពីល្បែងនេះទេ? បើគេស្ថិតនៅទីជនបទ ហើយឃើញបង្គោលសញ្ញាព្រមានអំពីគ្រាប់មីន តើគេនឹងធ្វើអ្វីដែរ?
“ ហើយត្រូវថយចេញពីវាឲ្យឆ្ងាយ កុំទៅប៉ះពាល់វា ហើយកុំទៅលេងជិតហ្នឹង” ។
បើល្បែងនេះអាចបញ្ជូនសារនេះបានដោយជោគជ័យទៅឲ្យកុមារនៅក្នុងប្រទេសក្រោយការប្រយុទ្ធគ្នាដទៃៗទៀត គឺនៅពេលនោះហើយដែលល្បែងនេះគួរមានលទ្ធភាពអាចកាត់បន្ថយមរណភាព ហើយនិងការរងរបួសដែលកុមារទទួលរងគ្រោះថ្នាក់ ដោយសារបញ្ហាពីសតវត្សរ៍ទី២០នេះ ៕
ប្រែសម្រួលដោយអ្នកស្រីកងស៊ីវន ។