ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រាជការ​ពឹង​លើ​ការងារ​ក្រៅម៉ោង​សម្រាប់​បំពេញ​ជីវភាព​ខ្វះខាត


មន្ត្រី​រាជការ​ពឹង​លើ​ការងារ​ក្រៅម៉ោង​សម្រាប់​បំពេញ​ជីវភាព​ខ្វះខាត
មន្ត្រី​រាជការ​ពឹង​លើ​ការងារ​ក្រៅម៉ោង​សម្រាប់​បំពេញ​ជីវភាព​ខ្វះខាត

ដោយសារ​ប្រាក់​បៀវត្សរ៍​តិច​ហើយ​ការ​ចំណាយកាន់តែ​ច្រើន​ទៅ​តាម​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ ដែល​ចេះតែ​ឡើង​ថ្លៃ​ មន្រ្តី​រាជការ​របស់​ប្រទេស​កម្ពុជា​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ច្រើន​កន្លែង​ឬ ​ធ្វើការ​ច្រើន​ម៉ោង​ដើម្បី​រក​ចំណូល​ទប់ទល់​ជីវភាព។

ជាក់ស្តែង​លោក​ឡោ ថុយ ​ជាគ្រូ​កីឡា​នៅ​វិទ្យាល័យ​បឹងត្របែក​រស់នៅ​ភូមិ​កោះក្របី ​ឃុំ​ព្រែកថ្មី ​ស្រុក កៀនស្វាយ​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ​ប្រាក់ខែ​គ្រូបង្រៀន​របស់​គាត់​បាន​ប្រមាណ​ជា​៤០០.០០០​រៀល​ គឺ​ប្រហែល​ជា​១០០​ដុល្លារ​ ហើយ​នៅពេល​ទំនេរ​គាត់​ត្រូវ​រត់ម៉ូតូ​កង់បី​បន្ថែម​ទៀត។ មុខរបរ​បន្ថែម​នេះ ​អាច​ជួយ​ឲ្យគាត់​រក​ចំណូល​បាន​ប្រហែល​ជា​១០០ដុល្លារ​ក្នុង​មួយ​ខែ។

លោក​ឡោ ថុយ ​មាន​អាយុ​ជាង​៤០ឆ្នាំ​មាន​កូនបី​នាក់​កំពុង​សិក្សា។​ ប្រពន្ធ​របស់​គាត់កាត់ដេរ​សម្លៀក​បំពាក់​នៅផ្ទះ​ដែល​អាច​រកចំណូល​បាន​មួយខែ​ប្រហែល​ជា​៥០​ដុល្លារ​អាមេរិក​បន្ថែម​ពី​លើអ្វី​ដែល​គាត់​អាច​រកបាន។

លោក​ឡោ ថុយ​ បាន​ត្អូញត្អែរ​ថា ​ការ​ព្យាយាម​រកប្រាក់​ដោយ​គ្មាន​ពេល​ទំនេរ​នេះ​ស្ទើរតែ​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​បាន​នោះទេ ​ពីព្រោះ​ប្រេងសាំង​និង​ទំនិញ​ផ្សេងៗ​បាន​ឡើងថ្លៃ​ជា​បន្ត​បន្ទាប់។

«ជីវភាព​ខ្វះខាត​ ពីព្រោះ​ប្រាក់ខែ​តែប៉ុណ្ណឹង​ វា​មិនអាច​ចាយ​គ្រប់គ្រាន់​ដល់​មួយ​ខែ។ ​យើង​រត់ម៉ូតូ​កង់បីថែម ​ហើយ​ប្រពន្ធ​រកខ្លះ​ទៅ​ វាអាច​បាន​ទប់ទល់»។

លោក​ឡោ ថុយ​ បាន​ឱ្យដឹង​បន្តថា ​មិត្តភក្តិ​របស់​គាត់​មួយ​ចំនួន​ដែល​ជា​មន្រ្តី​រាជការ​ក៏ធ្វើ​ការងារ​ក្រៅ​ផ្សេង​ដែរ​ដើម្បី​ទប់ទល់​នឹង​ការ​ចាយវាយ​នេះ​ដូចជា​រត់ម៉ូតូ​ឌុប​និង​លក់​ផ្លែឈើ​ជាដើម។

ជាមួយគ្នា​នេះ​ដែរ​លោក​ជា កុសល ជា​មន្រ្តី​រាជការ​នៃ​ក្រសួង​អប់រំ​ បាន​ឱ្យដឹង​ថា​ ប្រាក់ខែ​របស់​គាត់​៤៣០.០០០​រៀល​ប្រហែល​ជា​១០៥​ដុល្លារ​អាមេរិក​ ក៏ប៉ុន្តែ​ការ​ចំណាយ​ប្រចាំខែ​របស់​គាត់​ដែល​មាន​កូន​២នាក់​ និង​ប្រពន្ធ​បម្រើ​ការងារ​រដ្ឋ​ដូចគ្នា​មាន​ប្រាក់ខែ​ប្រហែល​ជា​១០០​ដុល្លារ​ដែរ​នោះ​គឺ​មិនអាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំខែ​បាន​នោះទេ​ ពីព្រោះ​ជា​រៀងរាល់​ខែ ​ការ​ចំណាយ​ទៅលើ​កូន​រៀន ​ម្ហូបអាហារ​ ប្រេងសាំង ​ទឹក ​ភ្លើង​គឺ​អស់​ប្រហែល​ជា​៤០០​ដុល្លារ​អាមេរិក។

លោក​បាន​ឱ្យ​ដឹង​បន្ត​ថា​ ប្រាក់ខែ​ដែល​មិនអាច​ទប់ទល់​នឹង​ការ​ចំណាយ​បែប​នេះ​ទើប​បណ្តាល​ឱ្យគាត់​ត្រូវ​យក​ពេល​ទំនេរ​ពី​ធ្វើការ​ខិតខំ​បង្រៀន​កូនសិស្ស​នៅ​តាម​ផ្ទះ​ចំនួន​បី​ម៉ោង​ក្នុង​មួយថ្ងៃ។ គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រហែល​ជា​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ពី​ការបង្រៀន​ក្រៅម៉ោង​នេះ។

ក៏ប៉ុន្តែ​លោក​បាន​ត្អូញត្អែរ​ថា ​ការរកប្រាក់​បែប​នេះ​គឺ​ពិត​ជា​មាន​ការហត់​នឿយ​ខ្លាំង​ណាស់​ ហើយ​ប្រាក់​ដែល​បាន​មកនោះ​ក៏​គ្រាន់តែ​សម្រាប់​ការចាយ​វាយ​ប៉ុណ្ណោះ​ មិនមាន​អ្វី​សោះ​សល់​សម្រាប់​នៅ​ពេល​ឈឺ​និង​ពេល​ចាស់​នោះទេ។

«ប្រទេស​យើង​កំពុង​អភិវឌ្ឍ។ អញ្ចឹង​ប្រាក់ខែ​មន្រ្តី​រាជការ​មាន​លក្ខណៈទាប ​បើសិនជា​យើង​មិន​រកចំណូល​ពី​ខាងក្រៅ​មក​ទប់ទល់​និង​ជីវភាព​យើង​ទេ​ចាយ​អត់គ្រប់​ទេ។ ប្រសិន​ដូច​ប្រទេស​ដទៃ​ទៀត​ ប្រាក់ខែ​មន្រ្តី​រាជការ​គេ​គ្រប់គ្រាន់។ អញ្ចឹង​គេ​ធ្វើការ​ប្រាំបី​ម៉ោង​ទេ​ ​គេ​អាច​ចាយ​បាន​ហើយ»។

លោក​ជា កុសល​ បាន​ឱ្យដឹង​បន្ត​ថា ​មិត្តភក្តិ​គាត់​មួយ​ចំនួន​ដែល​ជា​ប៉ូលិស​ក្រៅពី​ម៉ោង​ធ្វើការ​ត្រូវ​ទៅ​យាម​តាម​ធនាគារ​ឬ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​រកប្រាក់​បន្ថែម​ពីលើ​ប្រាក់ខែ​ដែល​បាន​តិចតួច​នេះ។

ប្រទេស​កម្ពុជា​ជាផ្លូវការ​មាន​មន្ដ្រី​រាជការ​ចំនួន​ជាង​១៨០.៣០០នាក់។ ប្រមាណ​ជា​៦០​ភាគរយ​នៃ​ពួកគេ​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ចន្លោះ​៦៥​ដុល្លារ​ទៅ​១០០​ដុល្លារ​អាមេរិក។ ដោយ​បំពេញ​ការងារ​ចំនួន​ប្រាំបី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​ប្រាំថ្ងៃ​ក្នុង​មួយសប្ដាហ៍។ នេះ​បើយោង​តាម​លោក ​ពេជ្រ ប៊ុនធិន ​រដ្ឋលេខាធិកា ​នៃ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ។

លោក​បាន​ទទួល​ស្គាល់​ថា​ពិតជា​មាន​មន្រ្តី​រាជការ​មួយ​ចំនួន​បាន​ធ្វើការ​ក្រៅម៉ោង​ដើម្បី​រកប្រាក់​កម្រៃ​ទប់ទល់​នឹង​ការចាយវាយ​ផង​និង​ក៏ដើម្បី​ឱ្យ​ជីវភាព​កាន់តែ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​ដែរ។

«រដ្ឋាភិបាល​គាត់​បាន​គិតគូ​រ​ហើយ​ បាន​ឃើញ​ប្រទេស​ជាតិ​យើង​ធូរធារ​ប៉ុណ្ណេះ​ហើយ​ យើងបាន ​រស់នៅ​ប្រាក់ខែ​បាន​ប៉ុណ្ណឹង​យើង​ក៏​មិនជា​ថ្ងូរ​ទាមទារ​ឲ្យ​លើល​ពី​នេះ​ពេក​ដែរ។ ខ្ញុំ​ជឿថា ​មន្រ្តី​រាជការ​ទាំងអស់ ​យល់​អំពី​បញ្ហា​នេះ ​និង​អត់ធ្មត់ ​រដ្ឋ​មិនមែន​ជា​មេគោ​សម្រាប់​តែ​មក​ឲ្យ​ទឹក​ដោះ​ទេ។ មន្រ្តី​រាជការ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដទៃទៀត​ដែរ​ត្រូវ​ថែម​បំប៉ន​មេគោ​នេះ​ ដើម្បី​មាន​ទឹកដោះ​តទៅ​ទៀត»។

ចាប់តាំង​ពី​ឆ្នាំ​២០០៨​មក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ដំឡើង​ប្រាក់​បៀរវត្សរ៍​ដល់​មន្ដ្រីរាជការ​ជា​រៀងរាល់​ឆ្នាំ​ចំនួន​២០​ភាគរយ​លើ​ប្រាក់ខែ​របស់​ពួកគេ។ ក៏ប៉ុន្ដែ​គណបក្ស​សម រង្ស៊ី ​ដែល​ជាគ​ណបក្ស ​ជំទាស់​និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​របស់​លោក​ រ៉ុង ឈុន ​ធ្លាប់​បាន​លើក​ជា​ញឹកញាប់​ថា​ ប្រាក់ខែ​នោះ​ បើទោះ​បី​ជា​មាន​ការ​ដំឡើង​បន្ថែម​ក៏ដោយ​ក៏មិនអាច​អនុញ្ញាត​ឲ្យ​មន្ដ្រី​រាជការ​អាច​រស់​នៅ​សមរម្យ ​ទៅតាម​តម្លៃ​ទំនិញ​និង​ប្រេងសាំង​លើ​ទីផ្សារ​ដែល​ចេះតែ​ឡើង​ថ្លៃ​នោះ​ដែរ។

លោក ​រ៉ុង ឈុន ​និង​គណបក្ស​ជំទាស់​ធ្លាប់​បាន​ទាមទារ​ឲ្យមាន​ការ​ដំឡើង​ប្រាក់បៀរវត្សរ៍​មន្ដ្រី​រាជការ ​គ្រូបង្រៀន ​ប៉ូលិស​ និង​ទាហាន​ឲ្យបាន​យ៉ាងតិច​ចំនួន​មួយលាន​រៀល​ឬ​ស្មើនឹង​ប្រហាក់ប្រ​ហែល​២៥០​ ដុល្លារ​អាមេរិក​ក្នុង​មួយខែ។

«រដ្ឋាភិបាល​មិនយក​ចិត្តទុក​ដាក់​ មិនបាន​ផ្តល់​ដំណោះស្រាយ​ឲ្យ​ពួកគាត់​។ បើចាប់​គិត​ពី​ឆ្នាំ​១៩៩៣​ មកដល់​ពេលនេះ​ ១៨ឆ្នាំ​ហើយ​ មិនទាន់​មាន​ដំណោះស្រាយ​វិជ្ជមាន​ណាមួយ​ជូន​ពួកគាត់ ​ហើយ​វា​ផ្ទុយ​ទៅ ​និង​អនុសាសន៍​របស់​អង្គការ ​UNESCO ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិនឲ្យ​លើសពី​១៥ឆ្នាំ ​ត្រូវតែដោះស្រាយ​បញ្ហា​គ្រូបង្រៀន ​មន្រ្តីរាជការ​ឲ្យមាន​លក្ខណៈ​ល្អប្រសើរ»។

លោក ​ចាន់ សុផល ​ប្រធាន​សមាគម​អ្នកសេដ្ឋកិច្ច​កម្ពុជា​ បាន​ឱ្យដឹង​ថា​ ចំពោះ​បញ្ហា​ប្រាក់បៀរវត្សរ៍​របស់​មន្រ្តី​រាជការ​ ដែល​មិនអាច​ទប់ទល់​នឹង​ការចំណាយ​បាន​នេះ​ធ្វើឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេវា​បម្រើ​សាធារណៈ​ ដូចជា​សេវាអប់រំ ​និង​សុខាភិបាល​ជាដើម​ ដោយ​មន្រ្តី​ទាំងនោះ​មិនបាន​យកចិត្ត​ទុកដាក់​ បំពេញ​ការងារ​នោះ​ទេ គឺ​ពួកគាត់​ត្រូវ​ចំណាយ​ពេលច្រើន​ទៅលើ​ការរកប្រាក់​ខាងក្រៅ​ជាង​ការបំពេញ​ភារកិច្ច​ការងារ​របស់​ពួក​គាត់។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​បើសិន​ជា​បញ្ហា​នេះ ​នៅតែ​មិនមាន​ការ​ដោះស្រាយ​ទៀត​ទេ ​នោះ​វា​នឹងផ្តល់​ផលវិបាក​ជាច្រើន​ដល់សង្គម។

«នេះ​ជា​បញ្ហា​អវិជ្ជមាន​មួយ​រ៉ាំរ៉ៃ​ជាយូរ​មកហើយ។ យើង​គួតែ​ដោះស្រាយ​ប្រសិន​ជា​នៅតែ​ បណ្តោយ​អញ្ចឹង​ទៀត​គឺមាន​ន័យថា​សេវា​សាធារណៈ​ គឺ​សេវា​បម្រើ​ប្រជារាស្រ្ត​ពី​មន្រ្តី​រាជការ​យើង​នៅតែ​មាន ​គុណភាព​ទាប ​មាន​កង្វះខាត ​សំខាន់​ណាស់​រឿង​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​ គឺត្រូវ​ឲ្យ​មន្រ្តីរាជ​ការ​មានប្រាក់​បៀវត្សរ៍​សមរម្យ​រស់នៅ​បាន​ថ្លៃថ្នូរ​ ទើប​មាន​ការខិតខំ​បម្រើ​ការងារ​បាន​ច្បាស់លាស់​ ជា​កត្តា​សំខាន់​បំផុត ​ដើម្បី​អនាគត​ដល់​ប្រទេស​ខ្មែរ​យើង»។

ទោះ​ជាយ៉ាង​ណា​លោក​ពេជ្រ ប៊ុនធិន ​រដ្ឋលេខាធិកា​នៃរ​ដ្ឋលេខា​ធិការដ្ឋាន​មុខងារ​សាធារណៈ​មាន​ប្រសាសន៍​ថា ​មន្ដ្រី​រាជការ​កម្ពុជា​ទទួល​បាន​ប្រាក់ខែ​ប្រសើរ​ជាង​បុគ្គលិក​រដ្ឋ​នៃ​ប្រទេស​ជិតខាង។ ក៏ប៉ុន្ដែ​ លោក​មិន​បង្ហាញ​ថា ប្រទេស​ជិតខាង​នោះ​ ដូចជា​ប្រទេស​ណាខ្លះ​នោះទេ។

អង្គការ​សហ​ប្រជាជាតិ​បាន​ព្យាករណ៍​ថា​ កម្ពុជា​នឹង​ប្រឈម​នឹង​អតិផរណា​រហូត​ដល់​៦ភាគរយ​នៅ​ឆ្នាំ២០១១​បើធៀប​ទៅនឹង​ឆ្នាំ២០១០​ដែល​អតិផរណា​មាន​ជាង​៤​ភាគរយ។ ការវាយ​តម្លៃ​នេះ​ដោយ​យោង ​ទៅលើ​តម្លៃ​ប្រេង​និង ​ទំនិញ​នាំចូល​បាន​កើនឡើង​ខ្ពស់។

អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​អះអាង​ថា​ អតិផរណា​បន្ទុច​បង្អាក់​គម្រោ​ងវិនិយោគ​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក​រដ្ឋ​និង​អ្នកមាន​ប្រាក់​ខែ​ថេរ​ ជាពិសេស​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាខ្លាំង។ មន្រ្តី​ជំនាញ​សេដ្ឋកិច្ច​និង​មន្រ្តី​គណបក្ស​ជំទាស់​ចាត់ទុក​ថា​ការ​ផ្តល់​ប្រាក់ខែ​មិនគ្រប់គ្រាន់​បាន​បង្ក​ឱ្យ​មាន​អំពើ​ពុករលួយ​យ៉ាងខ្លាំង​នៅ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG