ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ​បណ្តឹង​បាន​ចំនួន​៧៤​ក្នុង​ចំណោម​បណ្តឹង​៧៨​


ក្រុមប្រឹក្សាធម្មនុញ្ញ នៅតាមបណ្តោយមហាវិថីមុនីវង្ស ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)​
ក្រុមប្រឹក្សាធម្មនុញ្ញ នៅតាមបណ្តោយមហាវិថីមុនីវង្ស ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)​

បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ គឺ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​ចំពោះ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ។ បញ្ហា​ទាំង​នោះ​​ រួម​មាន​ ការ​បាត់​ឈ្មោះ​ បញ្ជី​ឈ្មោះ​ប៉ោង​ និង​ឈ្មោះ​ស្ទួន​ និង​អ្នក​មាន​សញ្ជាតិ​ដទៃ​មាន​សិទ្ធិ​បោះឆ្នោត​ជាដើម។

រយៈ​ពេល​៨​ថ្ងៃ​ក្រោយដំណើរការដោះស្រាយ​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោតថ្មី​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បាន​ដោះស្រាយ​ពាក្យ​បណ្តឹង​ចំនួន​៧៤ ​ក្នុង​ចំណោម​បណ្តឹង​សរុប​ចំនួន​៧៨​ ដែល​ស្ថាប័ន​កំពូល​នេះ​ទទួល​បាន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នា​ថ្ងៃ​ពុធ​នេះ។ ​

បណ្តឹង​ទាំង​៧៨​នេះ​ ភាគ​ច្រើន​គណបក្ស​សង្គ្រោះជាតិ​ បានប្តឹង​ជំទាស់​ទាមទារ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន​ជាង​២.០០០​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​ ដោយ​ចោទ​ថា​ អ្នក​ទាំង​នោះ​មិន​មាន​សញ្ជាតិ​ខ្មែរ​ ឬ​ពុំ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត។​

ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​តែ​ជា​បញ្ហា​រសើប​ចំពោះ​ការ​បោះឆ្នោត​ និង​នយោបាយ​កម្ពុជា​ ដែល​ជា​រឿយៗ​ គណបក្ស​ជំទាស់​តវ៉ា​ដោយ​អះអាង​ថា ​ជន​អន្តោប្រវេសន៍​វៀតណាម​ នាំ​ឲ្យ​លទ្ធផល​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន។​

លោក អ៊ុត ឈន​ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជាក់​ប្រាប់​ VOA ថា​ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បាន​ពិនិត្យ​ឈ្មោះ​អ្នក​ដែល​រង​ការ​ចោទ​ថា​ មិន​មាន​សញ្ជាតិ​ខ្មែរ​ បាន​ចំនួនជាង​១.៨០០​នាក់​ហើយ។ ក៏​ប៉ុន្តែ​លោក​ថា​ ស្ថាប័ន​កំពូល​មួយ​នេះ​ មិន​ទាន់​សម្រេច​លុប​ឈ្មោះ​ណា​មួយ ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង​នោះ​ទេ។

លោក អ៊ុត ឈន​ បញ្ជាក់​ប្រាប់​ VOA​ ថា​ ការសម្រេចរបស់​គ.ជ.ប​នា​ពេល​កន្លង​មក​ គឺ​ត្រឹមត្រូវ​តាម​ច្បាប់។

«យើង​និយាយ​ពី​រឿង​ច្បាប់ ដំណាក់កាល​នេះ​ជា​ដំណាក់​កាល​អី។ ជា​ដំណាក់កាល ​ពិនិត្យ​បញ្ជី​ សេចក្តី​សម្រេច​របស់​គ.ជ.ប ​ឈ្មោះ​ ក្រោយ​គេ​ប្រកាស​ផ្សាយ។ ចឹង​ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ តាម​ច្បាប់​កាល​ណា​គេ​ចុះ​ផ្អែក​តាម​មាត្រា​៤៦​ អ្នក​នោះ​ឯង​មាន​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ។ ចឹង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ មាន​ភារកិច្ច​ឆែក​លើ​ច្បាប់​ហ្នឹង។ បើ​យើង​ឆែក​ឃើញ​ថា​ រាល់​ការ​សម្រេច​របស់​ គ.ជ.ប​ គឺ​សុទ្ធ​តែ​ផ្អែក​តាម​ច្បាប់​ហ្នឹង មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណជាតិ​ខ្មែរ​ កាល​ហ្នឹង​គេ​មាន​មូលដ្ឋាន​ហ្នឹង​ យើង​ទទួល​របស់​គេ​ហើយ»។

បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ គឺ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​ចំពោះ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ។ បញ្ហា​ទាំង​នោះ រួម​មាន​ ការ​បាត់​ឈ្មោះ​ បញ្ជី​ឈ្មោះ​ប៉ោង​ និង​ឈ្មោះ​ស្ទួន​ និង​អ្នក​មាន​សញ្ជាតិ​ដទៃ​មាន​សិទ្ធិ​បោះឆ្នោត​ជាដើម។

អ្នក​ស្រី​ ម៉េង​ សុភារី​ ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដែល​ផ្អែកទៅ​លើ​អង្គ​ច្បាប់​ ឬ​ឯកសារ​បញ្ជាក់​សញ្ជាតិ​តែមួយ​មុខ​នោះ។ អ្នកស្រី​ថា​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ គប្បី​ធ្វើ​ការ​ស៊ើបអង្កេត​លើ​បញ្ហា​ទាំង​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ។​

«ការ​ប្តឹង​នេះ​ គឺ​យើង​យោង​ទៅ​លើ​លក្ខខណ្ឌ​សញ្ជាតិ។ ដើម្បី​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ លុះត្រា​តែ ​មាន​សញ្ជាតិ​ខ្មែរ ចឹង​ផ្អែក​លើ​មាត្រា​នេះ ភ្នាក់ងារ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្តឹង​សុំ​ឲ្យ​យក​មាត្រា​ហ្នឹង​ មក​ធ្វើ​ការ​ពិចារណា។ ប៉ុន្តែ​ត្រូវ​បាន​ស្ថាប័ន​ដោះស្រាយ​វិវាទ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត​គ្រប់​ជាន់​ថ្នាក់​ច្រាន​ចោល​ទាំង​អស់»។​

អ្នក​ស្រី​ ម៉េង​ សុភារី​ បញ្ជាក់​ប្រាប់​ VOA​ ថា​ គណបក្ស​សង្គ្រោះជាតិ​ គ្រោង​នឹង​បញ្ចូន​ព័ត៌មាន​ និង​ឈ្មោះ​ដែល​គួរ​ឲ្យ​សង្ស័យ​ទាំង​អស់​ ទៅ​កាន់​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​មើល​លើ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។

«ដូច្នេះ​ការ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​នា​ពេល​នេះ​របស់​ចុង​ចម្លើយ​ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​មក​ថា ​ជា​ជន​បរទេស ក៏​មិន​មែន​មាន​ន័យ​ថា ​ពួក​គាត់​មាន​សិទ្ធិ​បោះឆ្នោត​រហូត​គ្រប់​អាណត្តិ​នោះ​ដែរ។ នៅ​ពេល​ដែល​រក​ឃើញ​ថា​ ការ​ប្រើប្រាស់​ឯកសារ​នេះ​ ការ​ផ្តល់​ឯកសារ​នេះ​ មិន​ស្រប​ច្បាប់ មិន​ស្រប​នីតិវិធី​ច្បាប់​ស្តី​ពី​សញ្ជាតិ នោះ​ពួក​គាត់​នឹង​មិន​អាច​បោះឆ្នោត​បាន​ទៀត​ទេ»។​

ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ មើល​ឃើញ​ថា​ ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដោយ​សម្រេច​ផ្អែក​តែ​ទៅ​លើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​តែ​មួយ​មុខ​ ដូច​គ្នា​នឹង​គ.ជ.ប​ដែរ​នោះ​ ធ្វើ​ឲ្យ​ភាគី​ដើម​បណ្តឹង​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ។​

លោក​ សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​ថា​និកហ្វិក​លើក​ឡើង​ថា​ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គួរ​តែ​ធ្វើការ​ដេញដោល​សួរ​ទាក់ទង​នឹង​ប្រភព​នៃ​ការ​ផ្តល់​អត្តសញ្ញណប័ណ្ណ​នោះ។

លោក​បញ្ជាក់​ប្រាប់ VOA ថា៖

«ព្រោះ​អី​យើង​មិន​បាន​ធ្វើ​កោសល្យវិច្ច័យ​ ឬ​ផ្ទៀងផ្ទាត់​ជាមួយ​ស្ថាប័ន​ដែល​ចេញ​អត្តសញ្ញាណប័ណ្ណ​ហ្នឹង។ តើ​វា​ត្រឹមត្រូវ​ទេ ​អត្តសញ្ញណប័ណ្ណ​ប្រភេទ​ថ្មី​ ឬ​ចាស់។ យើង​ចង់​ឃើញ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ធ្វើ​ការ​ដេញដោល​សួរ​ប្រភព​ចេញ​អត្តសញ្ញាណប័ណ្ណ​ហ្នឹង»។ ​

លោក ​គល់ បញ្ញា​ នាយក​ប្រតិបតិ្ត​នៃ​គណៈកម្មាធិការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel ប្រាប់​ VOAថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គួរ​តែ​មាន​យន្តការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅចំពោះ​ការ​ផ្តល់​សញ្ជាតិ​ទៅ​ឲ្យ​ជន​ទាំងនេះ។ ​

«ទាក់ទង​នឹង​វិវាទ​បោះឆ្នោត ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គាត់​ដើរ​តួនាទី​ដូច​តុលាការ​ចឹង​ គាត់ត្រូវ​មាន​យន្តការ​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ ក៏​ប៉ុន្តែ​ភាគ​ច្រើន​ទាក់ទង​នឹង​ការ​ប្តឹង​ជំទាស់​អ្នក​អត់​មាន​សិទ្ធិ​បោះឆ្នោត។ តែ​បច្ចុប្បន្ន​នេះ​ គ.ជ.ប. និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គាត់​ឈរ​តែ​លើ​ក្រដាស​ មាន​ន័យ​ថា ​ឯកសារ​អត្តសញ្ញាណប័ណ្ណ។ បញ្ហា​ត្រង់​ថា ​តើ​ការ​បញ្ជាក់​ហ្នឹង​ពិត​ជា​ត្រឹម​ត្រូវ​ទេ? លោក​ប្រហែល​ជា​គ្មាន​មធ្យោបាយ​ សមត្ថកិច្ច​ ឬ​លទ្ធភាព​ដើម្បី​ទៅ​ពិនិត្យ​លើ​រឿង​សញ្ជាតិ​ហ្នឹង​អី​ទេ។ ប៉ុន្តែ​គាត់​អាច​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ផ្តល់​ការ​បញ្ជាក់​ថែម​ទៀត​ទៅ​លើ​ការ​សង្ស័យ​ហ្នឹង»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ លើក​ឡើង​ថា​ ភាគី​ដើម​បណ្តឹង​ នៅ​តែ​មាន​សិទ្ធិ​តវ៉ា​ទាក់ទង​នឹង​ច្បាប់​សញ្ជាតិ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ឬ​តុលាការ។ ហើយ​លោក​ថា​ បើ​សិន​ជា​បុគ្គល​ដែល​គេ​សង្ស័យ​ទាំង​នោះ ​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ថា ​ទទួល​សញ្ជាតិ​មិន​ត្រឹម​ត្រូវ​មែន​នោះ​ គ.ជ.ប.​នឹង​លុប​ឈ្មោះ​បុគ្គល​ទាំង​នោះ​ ចេញ​ពី​បញ្ជី​បោះឆ្នោត​ នៅ​ពេល​គ.ជ.ប​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី៕

XS
SM
MD
LG