ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ ​Hun Sen's Cambodia៖ ​វប្បធម៌​នយោបាយ​របស់​កម្ពុជា​ពិបាក​នឹង​ផ្លាស់​ប្តូរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​និពន្ធ ​Hun Sen's Cambodia៖ ​វប្បធម៌​នយោបាយ​របស់​កម្ពុជា​ពិបាក​នឹង​ផ្លាស់​ប្តូរ

កំណត់​និពន្ធ៖ ការកើន​សំឡេងយ៉ាង​ច្រើន​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹកនាំបាន​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។ យ៉ាង​នេះ​ក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​កាន់​អំណាច​ហើយ​លោក​ទើប​បាន​គម្រប់​ខួប​៣០​ឆ្នាំ​នៃ​ការ​កាន់​អំណាច​នេះ។ នៅ​ពេល​នេះ​យើង​មាន​លោក Sebastian Strangio អតីត​អ្នក​កាសែត​នៃ​កាសែត the Phnom Penh Post និង​ជា​អ្នក​និពន្ធ​សៀវភៅ​ Hun Sen’s Cambodia ប្រែ​ថា«កម្ពុជា​របស់​លោក​ហ៊ុន សែន‍» ដែល​រៀបរាប់​អំពី​ការ​កាន់​អំណាច​៣​ទសវត្ស​របស់​លោក។ ​លោក​ សឹង សុផាត នៃ VOA បាន​ពិភាក្សា​ជាមួយ​លោក Sebastian Strangio​ ​អំពី​អនាគត​នៃ​ការ​វិវត្ត​នយោបាយ​របស់​កម្ពុជា​ដូច​តទៅ៖

VOA៖ លោកបាន​ទៅ​រស់​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៨​ដែល​ជា​ឆ្នាំ​បោះឆ្នោត​ហើយ​គណបក្ស​របស់​លោក​ហ៊ុន សែន​បាន​ទទួល​ជ័យ​ជម្នះ​ភ្លូកទឹកភ្លូក​ដី។ អញ្ចឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​វិញ​បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​ទេ?

Sebastian Strangio៖ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល។ មាន​មនុស្ស​តិច​តួច​ណាស់​ដែល​អាច​ទស្សន៍ទាយ​ពី​លទ្ធផល​ឆ្នាំ​២០១៣​ ពីព្រោះ​ឆ្នាំ​២០០៨​គណបក្ស​ប្រជាជន​បាន​ឈ្នះ​ដាច់។ ហើយ​វា​ហាក់​ដូច​ជា​គណបក្ស​នេះពេល​នោះមាន​ប្រជាប្រិយភាព​ដល់​កម្រិត​មួយ​ដែល​គ្មាន​គូ​ប្រជែង។ ប៉ុន្តែឆ្នាំ​២០១៣​បាន​បង្ហាញថា​ យើង​បាន​យល់​ខុស។ យើងបាន​មើល​រំលង​ការផ្លាស់​ប្តូរ​ខាង​សេដ្ឋកិច្ច​និង​សង្គម​ដែល​បានកើត​ឡើង​ មិន​ត្រឹម​តែ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​រយៈ​ពេល​២​ទសវត្ស​ចុង​ក្រោយ​ម៉្លេះ។

VOA៖ ក្រោយ​ការ​បោះឆ្នោត គណបក្ស​ប្រជាជន​បាន​សន្យា​ធ្វើ​កំណែទម្រង់​«ស៊ី​ជម្រៅ‍»។ តើ​លោក​គិត​ថា​អាច​ធ្វើ​បាន​កម្រិត​ណា​ដែរ?

Sebastian Strangio៖ រឿង​នេះ​ជា​ការ​លំបាក។ ខ្ញុំ​គិត​ថា​លោក​ហ៊ុន សែន​ដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​កំណែទម្រង់​និង​ដឹង​ថា​ បើ​លោក​មិន​ធ្វើ​អ្វី​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន​សាមញ្ញ​នោះ​ទេ គណបក្ស​របស់​លោក​នឹង​ពិបាក​នឹង​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨។ យើង​ចាប់​ផ្តើម​ឃើញ​មាន​កំណែ​ទម្រង់បណ្តើរៗ​ហើយ​នៅ​ក្នុង​វិស័យ​អប់រំ​និង​បរិស្ថាន​ជា​ដើម ប៉ុន្តែ​បញ្ហា​នៃ​ប្រព័ន្ធ​នយោបាយ​កម្ពុជា​នៅ​ត្រង់​ថា លោក​ហ៊ុន សែន​ពឹង​ផ្អែក​ខ្លាំង​ពេក​ទៅ​លើ​ក្រុម​ឧកញ៉ា​និង​អ្នក​មាន​អំណាចខាង​ផ្នែក​ពាណិជ្ជកម្ម យោធា និង​ក្នុង​រដ្ឋាភិបាល។ លោក​បាន​កាន់​អំណាច​ដោយផ្គាប់​ចិត្ត​ក្រុម​ទាំង​នេះ។ សំណួរ​សំខាន់​បំផុត​នៅ​ពេល​នេះ​គឺ​ថា ​តើ​លោក ហ៊ុន សែន​ អាច​ធ្វើ​កំណែទម្រង់​នយោបាយ​បាន​សមល្មម​ដែល​អាច​រារាំង​ពលរដ្ឋ​កុំ​ឲ្យ​បែរ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​ ហើយ​ដោយ​អាច​នៅរក្សា​ការ​គាំទ្រពី​ក្រុម​អ្នក​មាន​អំណាចនានា​ដែល​ធ្លាប់​បាន​គាំទ្រ​លោក។

VOA៖ តើ​លោក​អាច​ធ្វើ​បាន​ទេ?

Sebastian Strangio៖ ឥឡូវ​នេះ​ខ្ញុំ​ឃើញ​មាន​ភាព​ផ្ទុយ​គ្នា​ច្រើន។ ឧទាហរណ៍ រដ្ឋាភិបាលចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ ប៉ុន្តែ​បើ​និយាយ​អំពី​ការដោះស្រាយ​បញ្ហា​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏​ចាក់​ឫស​គល់​នៅ​កម្ពុជា ដូច​ជា​ក្រុម​ឧកញ៉ា​ដែល​ទាក់ទង​នឹង​ការ​កាប់​ព្រៃឈើ​ការ​រឹបអូស​ដីធ្លី លោក​ហ៊ុន​សែន​ពិបាក​នឹង​កាត់​ផ្តាច់​បណ្តាញ​នេះ។ នៅ​តាម​ជនបទ​នៅ​មាន​ការ​រអារ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កាប់​ព្រៃឈើនិង​ការ​រឹបអូស​ដីធ្លី ហើយ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​តាម​ពិត​មាន​អំណាច​តិច​តួច​ណាស់​ដើម្បី​បញ្ឈប់​រឿង​ទាំង​នេះ។ ប្រព័ន្ធ​នយោបាយ​នេះ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ក្រុមនេះ។ យើង​នឹង​ត្រូវ​ចាំ​មើល​សិន​ថា​តើ​លោក​ហ៊ុន សែន​អាច​ធ្វើដោះស្រាយ​បាន​កម្រិត​ណា​នោះ។

VOA៖ មើល​ទៅ​សំណួរ​នេះ​មួយ​ផ្នែក​ក៏​ទាក់ទង​នឹង​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​រិះគន់​ផង​ដែរ​អំពី​កង្វះ​ភាព​ជា​អ្នក​ដឹកនាំ។ លោក Sebastian ​បាន​លើក​ចំណុច​នេះ​នៅ​ក្នុង​សៀវភៅ​លោក​ដែរ។ ចុះ​តើ​លោក​មើល​ឃើញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ប្រជែង​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ទេ? ហើយពួក​គេ​ត្រូវ​ធ្វើ​អ្វីបន្ថែម​ទៀត​ដើម្បី​អាច​មាន​សង្ឃឹម​នោះ?

Sebastian Strangio៖ វា​ជា​រឿង​លំបាក​សម្រាប់គណបក្ស​ប្រឆាំង​ព្រោះ​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយកម្ពុជា​សព្វ​ថ្ងៃ​នេះ ​ដែល​ផ្អែក​លើបរិបាលកិច្ច​ឬបណ្តាញ​ខ្សែ​រយៈ​បក្ខពួក គឺ​ភក្តីភាព​រវាង​បណ្តា​រដ្ឋមន្ត្រី​និង​បុគ្គលិក រវាង​មេ​ទាហាន​និង​កូន​ទាហាន​ជា​ដើម។ បក្ស​ប្រឆាំង​ពិបាក​នឹងជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​បែប​នេះ​និង​ទាញ​យក​ភក្តីភាព​ពី​មន្ត្រី​រាជការ​ឬ​មន្ត្រី​ប៉ូលិស​ជា​ដើម។ អញ្ចឹង​ហើយគណបក្ស​ប្រឆាំង​ជួប​ការ​លំបាក​ខ្លាំង ហើយ​លទ្ធភាព​របស់​ពួក​គេ​នៅ​ពេល​នេះ​មាន​ត្រឹម​ជួយ​ជំរុញ​គោល​នយោបាយ​ឲ្យ​ប្រសើរ​ជាង​មុន​ក្នុង​សភា ហើយ​សង្ឃឹមការ​ផ្លាស់​ប្តូរ​សន្សឹមៗ​នឹង​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ឥទ្ធិពល​ច្រើន​ជាង​មុន​ក្នុង​កិច្ចការ​គ្រប់គ្រង​ប្រទេស​ជាតិ។ ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នយោបាយឆាប់​នោះ​ទេ ព្រោះ​កន្លង​មក​នៅ​កម្ពុជា រាល់​ការ​ផ្លាស់​ប្តូរ​អំណាចតែងមាន​អំពើ​ហិង្សា។ ដូច្នេះ​ជំហាន​ប្រសើរ​បំផុត​គឺប្រហែលជា​ប្រព័ន្ធ​នយោបាយ​នេះ​ត្រូវ​ផ្លាស់​ប្តូរ​សន្សឹមៗ។ ខ្ញុំ​មិន​គិត​ថា​គណបក្ស​ប្រឆាំង​អាច​កាន់​អំណាច​នៅ​ពេល​នេះ​ទេ ហើយ​លោក​ហ៊ុន សែន​ក៏ទំនង​នឹងមិន​លះបង់​អំណាច​ឲ្យ​ពួក​គេ​ស្រួលៗដែរ។

VOA៖ ក្នុង​សៀវភៅ​របស់​លោក លោក​ហាក់មាន​សុទិដ្ឋិនិយម​ចំពោះ​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា។ អ្នក​វិភាគ​ម្នាក់​ថ្លែង​ថា អនាគត​របស់​កម្ពុជា​នឹង​អាស្រ័យ​លើ​លទ្ធភាព​ដែល​ជំនាន់​ថ្មី​នេះ អាច​បង្កើត​មេដឹកនាំនិង​នយោបាយ​ថ្មី​មួយ​ ដើម្បី​អាច​ជៀសវាង​វប្បធម៌​នយោបាយ​កាប់ចាក់​គ្នា​របស់​ជំនាន់​ចាស់។ តើ​លោក​គិត​ថា​ពេល​ណា​ទើប​យើង​អាច​ឃើញ​មាន​អ្នក​ដឹកនាំ​ជំនាន់​ថ្មី? ​

Sebastian Strangio៖ រឿង​នេះ​កំពុង​កើត​ឡើង​បណ្តើរៗ​ហើយ។ ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​មាន​ការ​ចេះដឹង​និង​មធ្យោបាយ​ទំនាក់​ទំនងជាមួយ​ពិភព​ខាង​ក្រៅ​ជាង​ពេល​ណាៗ​ទាំង​អស់។ ដូច្នេះ​យើង​ចាប់​ផ្តើម​ឃើញ​មាន​មនុស្ស​ក្មេងៗ ចាប់​ផ្តើមរះឡើង​នៅក្នុង​ផ្នែក​អង្គការ​និង​វិស័យ​ឯកជន ដែល​មានសមត្ថភាព​ជា​អ្នក​ដឹកនាំ។ ប៉ុន្តែ​សំណួរ​នៅ​ត្រង់​ថា​តើ​ប្រព័ន្ធ​នយោបាយ​សព្វ​ថ្ងៃ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រើប្រាស់​ទេពកោសល្យ​នានា​ក្នុង​រដ្ឋាភិបាល​ដែរ​ឬ​ទេ។ នៅ​ក្នុងរយៈ​ពេល​១៨​ខែ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​មក​នេះ​ ខ្ញុំ​នៅ​តែ​ឃើញ​នយោបាយ​ចាស់​ដដែល។ គឺ​ឃើញមាន​តែ​ការ​ចរចា​រវាង​អ្នក​នយោបាយ​សំខាន់ៗ អ្នក​ចង់​បាន​មុខមាត់ តែ​មិន​សូវ​ឃើញ​មាន​សាច់ការ​អ្វី​ទេ។​

VOA៖ អ្នក​វិភាគ​យល់​ថា​លោក​ហ៊ុន សែន​កំពុង​រៀប​ចំ​កូនៗ​របស់​លោកឲ្យ​ស្នង​អំណាច។ តើ​នឹង​មាន​ផល​វិបាក​អ្វី​បើ​ពិត​មែន​នោះ?

Sebastian Strangio៖ វា​មិន​ទាន់​ដល់​ពេលដែល​យើង​អាច​ប្រាកដ​ថា​គណបក្ស​ប្រជាជន​មាន​គម្រោង​អ្វី​ទេ។ ពិត​ណាស់​ពួក​គេ​ប្រហែល​គិតគូរ​អំពី​អ្នក​ស្នង​អំណាច​ហើយ។ ​មិន​មែន​តែ​លោក​ហ៊ុន សែន​ទេ គឺ​មន្ត្រី​ធំៗ​របស់​គណបក្ស​ប្រជាជន​ផ្សេង​ទៀតសុទ្ធ​តែ​បាន​បញ្ជូល​កូនចៅ​ទៅ​ក្នុង​តំណែង​សំខាន់ៗ។ ប៉ុន្តែ​រឿង​ស្នង​អំណាច​នេះ មិនមែន​អាស្រ័យ​តែ​លោក​ហ៊ុន សែន​ម្នាក់នោះ​ទេ គឺ​អាស្រ័យ​លើ​ការ​យល់ព្រមពី​មន្ត្រី​មាន​អំណាច​ទាំង​អស់របស់គណបក្សប្រជាជន​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​សព្វ​ថ្ងៃ។ ខ្ញុំ​គិត​ថា ​បេក្ខជន​ដែល​នឹង​អាច​ស្នង​លោក​ហ៊ុន សែន​បាន​ដាច់​ខាត​ត្រូវ​តែ​អាច​ទាញ​យក​ភក្តីភាព​ពី​ក្រុម​អ្នក​មាន​អំណាច​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ខ្ញុំគិត​ថា​យើង​មិន​ទាន់​ឃើញ​មាន​បេក្ខជន​នោះ​នៅឡើយ។​

VOA៖ សំណួរ​ជា​ចុងក្រោយ​របស់​ខ្ញុំ គឺ​លោក Sebastian និយាយ​ក្នុង​សៀវភៅ​លោក​ថា រឿងរ៉ាវ​របស់​កម្ពុជា​គួរ​ត្រូវ​គេ​កត់​ត្រា​ទុក។ តើ​មាន​មេរៀន​អ្វី​ពី​កម្ពុជា​ដែល​អាច​យក​ទៅ​អនុវត្ត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន?

Sebastian Strangio៖ សំខាន់​គឺមេរៀន​នៃ​អន្តរកាល​ប្រជាធិបតេយ្យ​របស់​កម្ពុជា។ បច្ចុប្បន្ន​នៅ​ប្រទេស​ដូច​ជា​មីយ៉ាន់ម៉ា​កំពុង​មាន​អន្តរកាល​បែប​នេះ គឺ​ផ្លាស់​ប្តូរ​ពី​សង្គមនយោបាយ​បិទ​ជិត​ទៅ​ជា​នយោបាយ​បើក​ចំហរ​ចំពោះ​ជំនួយ​និង​វិនិយោគ​អន្តរជាតិ។ ប៉ុន្តែ​បទ​ពិសោធន៍​ពី​ប្រទេស​កម្ពុជា​បង្ហាញ​ថា​ ការ«កសាង‍»លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ដែល​បាន​ឆ្លង​កាត់អស្ថេរភាព​និង​អំពើ​ហិង្សា​យ៉ាង​ច្រើន​លើស​លុប​និង​មាន​ប្រវត្តិ​ស្ថាប័ន​ប្រជាធិបតេយ្យ​តិចតួច​ដូច​កម្ពុជា គឺ​មិន​ស្រួល​ដូច​អ្វី​ដែល​សហគមន៍​អន្តរជាតិ​បាន​គិត​នោះ​ទេ។ វា​ជា​មេរៀន​សម្រាប់​តំបន់​ផ្សេង​ទៀត។ បញ្ហា​សព្វ​ថ្ងៃ​នៅ​ត្រង់​ថា​មនុស្ស​ជា​ច្រើន​លែង​ចាប់​អារម្មណ៍​នឹងរឿង​កម្ពុជា​ដូច​មុន​ទៀតហើយ ដែល​នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ព្រោះ​ខ្ញុំ​គិត​ថា​ មេរៀន​ពី​កម្ពុជា​គឺ​ច្បាស់​ណាស់។ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​វិភាគ​អំពី​ស្ថានភាព​របស់​កម្ពុជាក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយចាប់​តាំង​ពី​សម័យ​អ៊ុនតាក់​នៅ​ដើម​ទសវត្ស​១៩៩០​មក ពួក​គេ​ប្រាកដ​ជា​មាន​សុទិដ្ឋិនិយម​មធ្យម​ប៉ុណ្ណោះ​សម្រាប់​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កន្លែង​ផ្សេង​ទៀត​ដូច​នៅ​ភូមា​ជា​ដើម៕

XS
SM
MD
LG