ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាពលរដ្ឋ​កូឡុំប៊ី​ដើរ​ក្បួន​តវ៉ា​ដើម្បី​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព


Colombia បាតុករ​កាន់​ដៃ​គ្នា​ដើម្បី​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ពួក​ឧទ្ទាម​ នៅ​ទីលាន​មួយ​ក្នុង​ក្រុង​បូហ្គោតា (Bogota) កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។

មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កូឡុំប៊ី​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​តវ៉ា​ក្នុង​គោលបំណង​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​បដិវត្តន៍​កូឡុំប៊ី ដែល​បាន​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ច្រើន​ជាង ៥ ទសវត្សរ៍​កន្លង​មក​ហើយ។

ការ​ដើរ​ជា​ក្បួន​តវ៉ា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​លើក​ទី​ពីរ​របស់​ប្រជាពលរដ្ឋ​កូឡុំប៊ី ដើម្បី​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព ដែល​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​កន្លង​មក​នេះ។

ការ​តវ៉ា​គាំទ្រ​កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos ដែល​ទើបតែ​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព បាន​បន្ត​ការ​ចរចា​បន្ថែម​ទៀត​ជាមួយ​នឹង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​អ្នក​តំណាង​ក្រុម​ឧទ្ទាម​បដិវត្តន៍​កូឡុំប៊ី ក្នុង​គោល​បំណង​ដើម្បី​ថែ​រក្សា​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ។

កាល​ពី​សប្ដាហ៍​មុន លោក Santos បាន​និយាយ​ថា លោក​នឹង​បន្ត​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​នឹង​ពួក​ឧទ្ទាម​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ទោះ​បីជា​ការ​រំពឹងទុក​ឲ្យ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​កូឡុំប៊ី​បោះ​ឆ្នោត​មិន​គាំទ្រ​រួច​មក មាន​ឱកាស​តិចតួច ដោយសារតែ​មេដឹកនាំ​ពួក​ឧទ្ទាម​បដិវត្តន៍​កូឡុំប៊ី​បដិសេធ​មិន​ព្រម​ធ្វើ​ការ​កែប្រែ​លើ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​ក៏​ដោយ។

កន្លង​មក ប្រជាពលរដ្ឋ​កូឡុំប៊ី​ភាគ​ច្រើន​បាន​បោះ​ឆ្នោត​បដិសេធ​កិច្ច​ព្រមព្រៀង​នេះ គឺ​ដោយសារ​កិច្ច​ព្រមព្រៀង​នេះ​ធានា​ឲ្យ​ពួក​ឧទ្ទាម​មាន​កៅអី​នៅ​ក្នុង​សភា ដោយ​មិន​មាន​ការ​បោះ​ឆ្នោត ហើយ​ពួកគេ​នឹង​ត្រូវ​រួច​ទោសពៃរ៍​ពី​អំពើ​ឧក្រិដ្ឋ ដែល​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​នៅ​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កន្លង​មក៕

XS
SM
MD
LG