ប្រជាពលរដ្ឋកូឡុំប៊ីបានបោះឆ្នោតបដិសេធកិច្ចព្រមព្រៀងសន្តិភាពសម្រាប់បញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃកាលពីថ្ងៃអាទិត្យម្សិលមិញ។ កិច្ចព្រមព្រៀងដែលបានចរចាអស់រយៈពេលជាង ៤ ឆ្នាំ រវាងរដ្ឋាភិបាលកូឡុំប៊ី និងកងកម្លាំងបដិវត្តន៍កូឡុំប៊ី ត្រូវបានគេរំពឹងថានឹងទទួលបានការគាំទ្រពីសាធារណជនទូទៅ ប៉ុន្តែផ្ទុយទៅវិញ អ្នកបោះឆ្នោតក្នុងចំនួន ៥០.២១ ភាគរយបានបោះឆ្នោតបដិសេធចំពោះកិច្ចព្រមព្រៀងនេះ។
លោក Peter Hakim ដែលជាប្រធាន និងអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីអង្គការចរចាអន្តរអាមេរិកាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រាប់ VOA ថា អតីតប្រធានាធិបតីកូឡុំប៊ីលោក Alvaro Uribe ជាមេដឹកនាំឲ្យមានការបោះឆ្នោតប្រឆាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។
មូលហេតុ ដែលប្រជាពលរដ្ឋកូឡុំប៊ីភាគច្រើនបោះឆ្នោតបដិសេធចំពោះកិច្ចព្រមព្រៀងនេះ គឺដោយសារពួកគេមានការខកចិត្តដែលថា ពួកឧទ្ទាមបដិវត្តន៍កូឡុំប៊ីស្ទើរតែទាំងអស់ មិនត្រូវបានគេកាត់ទោសចំពោះបទឧក្រិដ្ឋដែលពួកគេត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តិនៅក្នុងការបះបោរប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេលរាប់ទសវត្សកន្លងមកនេះ។
លោកប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos បានមានប្រសាសន៍ថា លោករំពឹងថា កិច្ចឈប់វាយប្រយុទ្ធគ្នាជាមួយពួកឧទ្ទាមបដិវត្តន៍កូឡុំប៊ីនេះនឹងនៅតែបន្តអនុវត្តទៅមុខទៀត។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងមិនបោះបង់ចោលទេ។ ខ្ញុំនឹងនៅតែរក្សាការស្វែងរកសន្តិភាពរហូតដល់នាទីចុងក្រោយនៃអាណត្តិរបស់ខ្ញុំ ពីព្រោះថា នេះជាវិថីដែលធ្វើឲ្យប្រទេសកូឡុំប៊ីមានភាពប្រសើរឡើងវិញសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា»។
មេដឹកនាំភាគីទាំងសងខាង បានបញ្ជាក់ថា ពួកគេនឹងព្យាយាមកែសម្រួលកិច្ចព្រមព្រៀងសន្តិភាពនេះឡើងវិញ ជាជាងការត្រឡប់ទៅរកជម្លោះវិញ ដែលជម្លោះដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៦៤ នេះ បានសម្លាប់មនុស្សអស់ជាច្រើន ធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់ខ្លួន និងបណ្ដាលឲ្យមនុស្សរាប់លាននាក់ផ្សេងទៀតគេចចេញពីផ្ទះសម្បែងរបស់ពួកគេ៕