ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ចលនា​ពួក​ឧទ្ទាម​ត្រូវ​បាន​ចុះ​ហត្ថលេខា


កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​ចុងក្រោយដើម្បី​បញ្ចប់​ជម្លោះ​រាប់ ទសវត្ស​មកនេះ។​

កិច្ច​ព្រមព្រៀង​សន្តិភាព​ចុង​ក្រោយ​រវាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ចលនា​ពួក​ក្រុម​ឧទ្ទាម​កូឡុំប៊ី ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ កិច្ច​ព្រមព្រៀង​នេះ​ពាំនាំ​មក​នូវ​ការ​បញ្ចប់​ការ​បះបោរ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​យ៉ាង​យូរ​នៅ​ក្នុង​ទ្វីប​អាមេរិក។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki Moon និង​ប្រមុខ​រដ្ឋ​ជា​ច្រើន​រូប​ទៀត បាន​ចូលរួម​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​នៅ​ក្នុង​ទីក្រុង Cartagena ប្រទេស​កូឡុំប៊ី។ កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos និង​មេដឹកនាំ​ពួក​ឧទ្ទាម​លោក Rodrigo Londono ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល ៥ ទសវត្ស កន្លង​មក​នេះ។

លោក Ban Ki Moon បាន​មាន​ប្រសាសន៍​ថា៖ «សព្វថ្ងៃ​នេះ ជនជាតិ​កូឡុំប៊ី​កំពុង​និយាយ​ថា​លា​ហើយ​ចំពោះ​ភ្លើង​សង្រ្គាម និង​ផ្ញើ​នូវ​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ដែល​បំភ្លឺ​ពិភពលោក​ទាំង​មូល‍»។

លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos និយាយ​ថា៖ «ជន​រួម​ជាតិ​កូឡុំប៊ី​ទាំង​អស់! រាត្រី​ភ័យ​តុកស្លុត​គឺ​បាន​បញ្ចប់​ហើយ។ ថ្ងៃ​នេះ យើង​អញ្ជើញ​អ្នក​រាល់​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ ទាំង​អ្នក​រស់នៅ​ក្នុង​ទីក្រុង និង​តាម​ជនបទ​ឲ្យ​បើក​ភ្នែក បើក​ចិត្ត​ស្វាគមន៍​ថ្ងៃ​ថ្មី‍»។

ចំណែក​ឯ​មេដឹកនាំ​ក្រុម​ឧទ្ទាម​លោក Londono ដែល​គេ​ស្គាល់​ថា​ឈ្មោះ Timochenko នោះ បាន​ស្នើ​សុំ​ការ​លើកលែង​ទោស​សម្រាប់​អំពើ​អន្តរាយ​នានា ដែល​ចលនា​ក្រុម​ឧទ្ទាម​របស់​លោក បាន​ធ្វើ​រាប់​ទសវត្ស​កន្លង​មក។

ជម្លោះ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង ២ សែន ៥ ម៉ឺន​នាក់ បាន​បាត់បង់​ជីវិត និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង ៥ លាន​នាក់​ផ្សេង​ទៀត​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ៕

XS
SM
MD
LG