រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមធំទីពីរនៅក្នុងប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសពីការចរចាសន្តិភាព ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៧ ខែតុលា ខាងមុខនេះ នៅក្នុងរដ្ឋធានីរបស់ប្រទេសអេក្វាទ័រ។
ការប្រកាសពីការចរចាសន្តិភាពជាមួយនឹង ក្រុមទាហានដើម្បីសេរីភាពជាតិ ដែលជាក្រុមដ៏ខ្លាំងក្លាមួយមានសមាជិកចំនួន ២ ពាន់នាក់ នេះ បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីពលរដ្ឋកូឡុំប៊ីបានបោះឆ្នោតបដិសេធកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះរវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី។ ការបោះឆ្នោតបដិសេធនេះ បានធ្វើឲ្យអ្នកការទូត និងមេដឹកនាំពិភពលោកនានា មានការភ្ញាក់ផ្អើល។
បន្ទាប់ពីការប្រកាសកាលពីថ្ងៃចន្ទម្សិលមិញមក លោកប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos បានសន្យានៅក្នុងការថ្លែងរបស់លោកថា៖ «សន្តិភាពនឹងមិនរអិលធ្លាក់ពីដៃរបស់យើងទេ។ វានឹងកាន់តែខ្លាំងជាងមុន ហើយសន្តិភាពនេះនឹងទទួលបានជោគជ័យពេញលេញជាក់ជាមិនខាន»។
កិច្ចព្រមព្រៀងសន្តិភាពរបស់លោកប្រធានាធិបតី Santos ជាមួយនឹងក្រុមពួកឧទ្ទាមបដិវត្តន៍កូឡុំប៊ី ត្រូវបានមតិអន្តរជាតិកោតសរសើរ ប៉ុន្តែមិនត្រូវបានប្រជាពលរដ្ឋកូឡុំប៊ីគាំទ្រនោះទេ។
ទោះបីជាប្រជាពលរដ្ឋកូឡុំប៊ីមិនគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះក៏ដោយ ក៏កាលពីសប្ដាហ៍មុន លោក Santos បានទទួលពានរង្វាន់ណូបែលសន្តិភាព សម្រាប់កិច្ចប្រឹងប្រែងរបស់លោកនៅក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ដែលអូសបន្លាយពេលយ៉ាងយូរនេះ។
អតីតប្រធានាធិបតីកូឡុំប៊ីលោក Alvaro Uribe ឥឡូវនេះកំពុងព្យាយាមចរចាឡើងវិញនូវផ្នែកខ្លះនៃកិច្ចព្រមព្រៀងសន្តិភាពនេះ ដោយធ្វើយ៉ាងណា ឲ្យកិច្ចព្រមព្រៀងនេះធានាផ្ដល់កៅអីសភាសម្រាប់ក្រុមឧទ្ទាម និងការរួចផុតទោសពៃរ៍ពីការកាត់ទោស និងការជាប់ពន្ធនាគារ៕