ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនអ៊ុយហ្គរនៅអាមេរិក​ថា ចិន​ប្រើ​ប្រាស់​ក្រុម​គ្រួសារ​របស់គេ​ដែល​កំពុង​ជាប់​ឃុំឲ្យធ្វើបទសម្ភាសន៍​ដោយ​បង្ខំ


រូបឯកសារ៖ សកម្មជនអ៊ុយហ្គរ និងអ្នកគាំទ្រធ្វើការតវ៉ាមួយ នៅខាងមុខការិយាល័យអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ សកម្មជនអ៊ុយហ្គរ និងអ្នកគាំទ្រធ្វើការតវ៉ាមួយ នៅខាងមុខការិយាល័យអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

សមាជិក​សហគមន៏ជនជាតិអ៊ុយហ្គរ (Uighur) ក្នុងសហរដ្ឋអាមេរិកកំពុងសម្តែងនូវ​ការមន្ទិលសង្ស័យក្រោយ​ប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋាភិបាលចិន ដែលបាន​បង្ហាញមុខក្រុម​គ្រួសាររបស់​ពួកគេ​ក្នុង​ខ្សែវីដេអូដាច់ដោយ​ឡែក​ពីគ្នា​មួយ​ចំនួនក្នុងតំបន់​ស្វយ័ត Xinjiang ដោយ​ក្នុងខ្សែវីដេអូនោះ ពួកគេ​បាន​ប្រកាស​ច្រាន​ចោលការឃុំខ្លួនរបស់ពួក​គេថា​ជា​ការ​ឃោសនានោះ។ ​

ជនជាតិ Uighurs ទាំងនោះ បាននិយាយថា ក្រុម​គ្រួសាររបស់​ពួកគេ បន្ទាប់​ពី​បាន​បាត់​ខ្លួន​អស់​រយៈពេល​រាប់ឆ្នាំកន្លងមក ​កំពុងទាក់​ទង​មក​ពួកគេ​តាម​រយៈ​បណ្តាញសង្គម​របស់​ប្រទេសចិន ដោយ​ប្រាប់​ពួកគេ​ថា ​កុំ​ឲ្យធ្វើ​ការ​រិៈគន់ដល់​ការ​បង្រ្កាប​ក្នុងតំបន់​ស្វយ័ត​ Xinjiang​ ។

ស្រ្តី​ជន​ជាតិ​ Uighur ម្នាក់ឈ្មោះ Samira Imin ​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ប្រាប់វីអូអេថា ប្រព័ន្ធផ្សព្វផ្សាយ​របស់​ចិន​ កាល​ពីពេល​កន្លង​ទៅ​ក្នុងខែ​នេះ បាន​បង្ហាញ​រូប​ភាព​ឪពុក​របស់​នាងឈ្មោះ​ Iminjan Seydin ក្នុងខ្សែវីដេអូមួយដែលផុសផ្សាយក្នុងប្រព័ន្ធ Twitter របស់​សារព័ត៌មាននេះ​ បន្ទាប់ពីឪពុក​របស់​នាង​បាន​បាត់​ខ្លួនក្នុង​មណ្ឌលឃុំឃាំង​របស់ចិន អស់​រយៈពេលជាង​២ឆ្នាំមក​ហើយ។ លោក Seydin បានទាក់ទងមក​កូនស្រីរបស់​គាត់​នាង​ Imin ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក តាម​ប្រព័ន្ធ​សង្គម WeChat របស់ចិន ដោយ​ច្រាន​ចោ​ល​នូវ​ការ​ឃុំ​ខ្លួន​របស់​គាត់​ ហើយ​ប្រាប់​កូន​ស្រី​គាត់​ថា នាង​កំពុង​ត្រូវ​បាន​គេ​បោក​ប្រាស់ «ដោយ​ពួក​អ្នក​ប្រឆាំង​នឹង​ចិន​»។

អ្នកស្រី Imin អាយុ​២៧​ឆ្នាំ ដែលជាបុគ្គលិក​ពេទ្យ​ក្នុងទីក្រុង​បូស្តុន​ បាន​ប្រាប់​វីអូអេ តាម​សម្តីដើម​យ៉ាងដូចនេះ​ថា «ក្នុងការសន្ទនាតាម​ប្រព័ន្ធ​បណ្តាញសង្គម WeChat ​ជាលើក​ទី១​ បន្ទាប់​ពីរយៈពេល​ជិត​៣ឆ្នាំ គាត់​បាន​ទាម​ទារឲ្យ​ខ្ញុំ​លុប​ចោល​នូវ​រាល់​ការ​ផុស​ទាំងឡាយ​កាល​ពី​អតីត​កាល​ នឹង​មិនត្រូវ​ផុសអ្វី​តាម​បណ្តាញ​សង្គមទៀត​ទេ​ដូច​ជា​ Twitter ជាដើម»។ នាង​បន្ត​ថា​ នាង​ជឿជាក់​ថា ឪពុក​របស់​នាង​ត្រូវ​បាន​អាជ្ញាធរ​ចិន​បង្ខំ​ឲ្យប្រាប់​នាង​ថា​ ត្រូវ​បញ្ឈប់សកម្មភាពគាំទ្រ​ជនជាតិ Uighur។

នាង Imin បន្តក្នុងសម្តីដើម​ទៀត​ថា «​ការ​ប៉ុន​ប៉ង​របស់​រដ្ឋាភិបាល​ចិនដើម្បី​គ្រប់គ្រងសកម្មភាពនិង​គំនិត​របស់​ខ្ញុំតាម​រយៈឪពុក​របស់​ខ្ញុំ​ ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​ចង់​ឲ្យឪពុក​របស់​ខ្ញុំមាន​សេរីភាព​មិន​ស្ថិត​នៅ​ក្រោ​មការ​តាម​ស៊ើបអង្កេត​គ្រប់ប្រភេទរបស់រដ្ឋាភិបាលចិន​។ ខ្ញុំ​ចង់​សន្ទនា​ជាមួយ​គាត់​ក្នុង​ភាព​ធម្មតា​»។

នៅមុន​ពេលត្រូវ​បាន​អាជ្ញាធរចិន​ចាប់​ខ្លួន កាលពីពាក់​កណ្តាល​ឆ្នាំ២០១៧ លោក Seydin ជា​សាស្ត្រាចារ្យ​បង្រៀន​ប្រវត្តិសាស្រ្តចិនពេញម៉ោង នៅក្នុង​វិទ្យាសា្ថន​ឥស្លាម​ Xinjiang ក្នុង​ទីក្រុងUrumqi ។​ នៅក្នុងពេល​ជាមួយ​គ្នា​នោះ​ គាត់ក៏ជា​ម្ចាស់​នៃ​អង្គការ​បោះពុម្ព​ផ្សាយ​ដែល​មាន​ឈ្មោះថារោងពុម្ព Imin ដែល​បន្ទាប់​ពី​ចាប់​ផ្តើម​បើក​ដំណើរការ​ដំបូងក្នុង​ឆ្នាំ២០១២ ​រហូត​មក​ដល់​ពេល​នេះ បាន​បោះពុម្ពសៀវភៅបាន​ចំនួន​ជិត​៥០​ក្បាល​ អំពី​ប្រធាន​បទ​ផ្សេងៗ ដូច​ជា​ការអប់រំ ​ភាសា បច្ចេកវិទ្យា​ និង​ចិត្តសាស្រ្ត ជា​ដើម​។ ​

នាង​ Imin បាននិយាយថា​ នាងបាន​បាត់ដំណឹងឪពុក​របស់​នាង​អស់​រយៈពេល​ជា​ច្រើន​ខែរហូត​ដល់​ឆ្នាំ២០១៩ នៅពេលដែលអ្នកទាក់ទងរបស់នាង​ក្នុង​ក្រុង​ប៉េកាំង​ បាន​ប្រាប់​នាង​ថា ឪពុក​របស់​នាង​ត្រូវ​បាន​គេដាក់​ក្នុង​ជំរំកសាង​ខ្លួន​ឡើងវិញ»។ គេ​បាន​ប្រាប់​នាង​ថា​ ឪពុក​របស់​នាង ត្រូវ​បាន​គេកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនូន​១៥​ឆ្នាំ ពី​បទ​ «ញុះញង់​ឲ្យ​មាន​ភាពជ្រុលនិយម» នៅក្នុង​សវនាការ​ជំនុំជំរះក្តី​មួយដោយសម្ងាត់​។

ចាប់ពីពេលនោះ​មក នាង Imin​ បាន​ចាប់ផ្តើម​ប្រមូលការ​គាំទ្រ​នៅ​លើ​បណ្តាញសង្គម ដើម្បីផ្សព្វ​ផ្សាយ​ឲ្យ​មាន​ការយល់​ដឹង​អំពីជោគវាសនា​របស់​ជន​ជាតិ Uighur និង​ទាម​ទារ​ឲ្យមាន​ការ​ដោះ​លែង​ឪពុក​របស់​នាង​ ដែលនាង​និយាយថា ​ត្រូវបាន​គេ​ចាប់​ខ្លូន​ ដោយ​សារ​តែ​គាត់បោះពុម្ព​សៀវ​ភៅវេយ្យាករណ៏ជា​ភាសាអារ៉ាប់នោះ​។ ​

នាង Imin មិនមែនជាជន​ជាតិ​ Uighur​ តែម្នាក់គត់​ដែលរស់នៅ​ក្រៅប្រទេស​ ហើយ​មាន​គ្រួសារ​សាច់ញាតិត្រូវបាន​សារព័ត៌មានរដ្ឋចិនចុះផ្សាយ បន្ទាប់ពីពួកគេ​បាន​បាត់ខ្លួន​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។ ​ ​

បុរសជនជាតិ Uighur ម្នាក់ទៀត ឈ្មោះ Kuzzat Altay អាយុ​៣៦ឆ្នាំ បានរកឃើញ​ឪពុករបស់​គាត់ឈ្មោះ Memet Kadir នៅក្នុងវីដេអូ​របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវរដ្ឋចិនឈ្មោះ Global Times កាលពីខែមករា។ លោក​ Memet Kadir អាយុ៦៨ឆ្នាំ​ បានបាត់​ខ្លួន​អស់​រយៈពេលប្រមាណ​ពីរឆ្នាំ។​

លោក Altay បាននិយាយក្នុងសម្តីដើមថា «​អស់​រយៈពេល២ឆ្នាំ ខ្ញុំមិនដឹងថាតើ​ឪពុក​ខ្ញុំគាត់​ស្លាប់ឬក៏នៅរស់។​ ស្រាប់​តែ​ភ្លាមៗ ខ្ញុំ​ក៏បាន​ឃើញ​រូបឪពុករបស់ខ្ញុំ ​ប្រកាសថ្កោល​ទោស​ខ្ញុំ​នៅ​លើ​កញ្ចក់​ទូរទស្សន៍រដ្ឋ​ចិន ​ហើយ​ប្រាប់​ឲ្យខ្ញុំ​បញ្ឈប់នូវ​សកម្មភាពរបស់ខ្ញុំ​ បើមិន​ដូច្នេះទេ​ គាត់នឹង​កាត់​កាល់​ខ្ញុំ​ចោល។ លោក Altay ​ថា ឪពុកលោក​មើល​ទៅ ហាក់​ដូច​ជា​ពិការ​ខ្លួន ហើយ​ថា ​សម្តី​របស់​លោក​ស្តាប់​ទៅ ដូចជា​សម្តី​ដែល​គេ​ប្រាប់​ឲ្យ​និយាយ»​។

សកម្មជន ​Uighur រូបនេះ បាន​រត់គេច​ខ្លួនចេញពីតំបន់​ស្វយ័ត Xinjiang ប្រទេសចិនកាល​ពី​ឆ្នាំ២០០៥ ហើយ​បានមកតាំងទី​លំនៅ​ក្នុងទីក្រុង McLean រដ្ឋ Virginia សហរដ្ឋ​អាមេរិក ដែលនៅទីនោះ​ ​លោក​ជាប្រធានគ្រប់គ្រងសមាគម Uighur អាមេរិក។​ លោក​បាន​ចាប់ផ្តើម​សកម្មភាពបន្ទាប់ពី​ឪពុក​របស់គាត់ ​បាន​ទុកសារសំឡេងមួយ​ កាល​ពីខែ​កុម្ភៈ ឆ្នាំ២០១៨ ប្រាប់លោកថា ប៉ូលិសចិន​កំពុងនាំគាត់ទៅកាន់ជំរំ​ឃុំខ្លួនក្នុងទីក្រុង Urumqi នៃតំបន់ស្វយ័ត Xinjiang ​របស់ប្រទេសចិន។ ​

លោក​ Altay បានប្រាប់វីអូអេក្នុងសម្តីដើមថា «ឪពុករបស់​ខ្ញុំគឺជា អ្នកជំនួញម្នាក់​ដែលចូលនិវត្តន៏មាន​សុខភាពល្អ ហើយ​គាត់មិនត្រូវការ​វគ្គបណ្តុះបណ្តាលជំនាញ ដើម្បីរក​ការងារ​ធ្វើ​ដូច​អ្វី ដែល​ចិន​បាន​អះអាងថាជំរំនេះគឺ សម្រាប់​វគ្គបណ្តុះបណ្តាលជំនាញការងារ។ គាត់មាន​សមត្ថភាព ក្នុងការបង្កើតការងារ មិនមែន​គាត់​ត្រូវការស្វែងរកការងារធ្វើនោះទេ។ ប៉ុន្តែ​ពួកអាជ្ញាធរចិន​ នៅ​តែ​នាំខ្លួនគាត់ទៅ»។

ដោយជឿជាក់ថា អាជ្ញាធរចិនបង្ខំ​ឪពុក​របស់​លោក​ឲ្យ​បង្ហាញខ្លួន​ក្នុងប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ចិន លោក​បន្តក្នុងសម្តីដើមយ៉ាងដូច្នេះថា «ខ្ញុំបាន​ស្នើ​សុំឲ្យចិន​អនុញ្ញាតឲ្យឪពុក​ខ្ញុំមក​សហរដ្ឋ​អាមេរិក ដើម្បីថ្លែង​បញ្ជាក់នូវ​ពាក្យ​សំដីដែល​គាត់​បាន​និយាយនៅក្នុងវីដេ​អូ Global Times ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយចិន​» ។

អង្គការសិទ្ធិមនុស្សមួយចំនួន​លើក​ឡើង​ថា ប្រទេស​ចិន ចាប់តាំង​ពីឆ្នាំ២០១៦​មក បាន​ចាប់​ផ្តើមយុទ្ធនាការ​ជាប្រព័ន្ធក្នុងការតាមដានឈ្លបមើល និងការ​ចាប់ឃុំឃាំងជនជាតិ Uighur និង​ជន​ជាតិភាគតិចមូស្លីមជាច្រើន​ទៀត តាមអំពើចិត្តរបស់ខ្លួន នៅក្នុងតំបន់​ភាគពាយ័ព្យ Xinjiang ។​ អង្គការសហប្រជាជាតិនៅក្នុងឆ្នាំនេះ បាន​ទាមទារ​ឲ្យមាន​ការអនុញ្ញាតបើកឲ្យចូលទៅ​កាន់​តំបន់នោះដោយគ្មាន​ការរារាំង ព្រោះអាច​មាន​មនុស្ស​ប្រមាណ​១លាននាក់​ កំពុង​ត្រូវ​បាន​គេ​ចាប់ឃុំខ្លួននៅក្នុងតំបន់នោះ។ ​

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាល​ចិនបានបដិសេធនូវការចោទ​ប្រកាន់​ទាំងនេះ ដោយ​និយាយ​ថា ខ្លួន​កំពុង​តែធ្វើយុទ្ធនាការ​បង្កើត «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​តាមរយៈ​ការ​អប់រំ» នៅក្នុងតំបន់ Xinjiang ។ មន្ត្រីចិន​បានហៅជំរុំនោះថា «ជា​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» សម្រាប់ប្រជាពលរដ្ឋ​ ដែល​មាន​ទស្សនៈជ្រុល​និយម​និង​ភេរវកម្ម» ។ នៅក្នុង​ពេលផ្សេងទៀត ​មន្ត្រីចិនបាន​និយាយថា ជំរំនេះគឺដើម្បី​បង្រៀន​ពលរដ្ឋ​ដែលត្រូវ​ការ​ជំនាញ​ការងារ​ក្នុងការ​រក​ការ​ងារ​ថ្មី​ធ្វើ។

លោក Francisco Bencosme អ្នកចាត់ការ​ផ្នែកតស៊ូមតិរបស់អង្គការ Amnesty International USA ​ បាន​ប្រាប់​វីអូអេថា ​វីដេ​អូ​ដែលមាន​ចំនួន​កាន់​តែច្រើនឡើង​ៗ ​ចេញ​មក​ពីតំបន់ Xinjiang ​គឺជាការយាយីរំខាន​របស់​ក្រុងប៉េកាំងចំពោះសកម្មជន​ Uighur ដែលរស់នៅក្រៅប្រទេសដែល​កំពុងធ្វើ​សកម្មភាព​ដើម្បី​ជួយ​ជនជាតិ​ Uighur នៅក្នុងតំបន់ Xinjiang ។

លោក Bencosme បានថ្លែង​ក្នុងសម្តីដើម​យ៉ាង​ដូចនេះថា វីដេ​អូ​ទាំងនេះ គឺ​ជាផ្នែកមួយ​នៃ​រូប​ភាព​ផ្សេងៗទៀត ដែល​ប្រទេស​ចិនបាន​បង្ខំ​ឲ្យមាន​ការសារភាពពីសំណាក់​សមាជិក​ក្រុមគ្រួសារ​ដើម្បី​បំបិទ​មាត់​សកម្មជនដែល​ប្រឆាំងតវ៉ា»។

អ្នកស្រី Louisa Greve នាយិកាសំរាប់ការ​តស៊ូមតិសកលនៃ​គម្រោងសិទ្ធិមនុស្ស Uighur ​បាន​លើក​ឡើង​ថា ការប៉ុនប៉ងបំបិទ​មាត់របស់​សកម្មជន Uighur នៅក្រៅប្រទេស​ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់កាន់​តែខ្លាំង​លើ​ពួក​សកម្មជន​ហើយ​។ អ្នកស្រី​បន្តថាសកម្មជនទាំងនេះ គឺ«ជាអ្នក​ដែល​បានរួចជីវិតពី​ការ​ធ្វើទុក្ខ​បុកម្នេញ​យ៉ាងខ្លាំង» ហើយ​ពួកគេ​ភាគច្រើន កំពុង​ទទួល​រងនូវ​ជំងឺបាក់ស្បាត។​ ​ ​

អ្នកស្រី​ Greve បានថ្លែងក្នុងស​ម្តី​ដើមថា «សកម្មជន Uighur ទាំងនេះ​ កំពុងស្ថិតក្នុងភាពភ័យខ្លាច​ ហើយ​មាន​អារម្មណ៏​ខ្លាច​ក្រែងពួកគេ​កំពុង​ធ្វើឲ្យក្រុម​គ្រួសារ​ ទទួលរងគ្រោះកាន់​តែខ្លាំង​ថែម​ទៀតនៅ​ក្នុង​ប្រទេស​ចិន​ ដោយ​សារ​តែ​ការនិយាយ​របស់​ពួក​គេ​នៅ​ក្រៅ​ប្រទេសនោះ។ នេះជារឿង​គួរ​ឲ្យ​ស្អប់​ខ្ពើម​មួយ‍»។

នាង Ziba Murat ស្ថិត​ក្នុងចំណោមជន​ជាតិ Uighur ​មួយ​ចំនួន​ដែលមិន​ហាន​និយាយស្តីក្នុង​រយៈពេល​កន្លងមក​ បន្ទាប់​ពីនាងបាន​បាត់​ការទាក់ទងជាមួយ​ម្តាយនាងក្នុងខែ​កញ្ញា ឆ្នាំ២០១៨។ នាង​បាន​ប្រាប់​វីអូអេថា នាង​គិត​ពីដំបូងថា ការ​មិនធ្វើ​សកម្ម​ភាព​ណាមួយ គឺជា​រឿង​មួយ​ដ៏​ប្រសើរបំផុតសម្រាប់​ម្តាយ​របស់​នាង។ ក្រុម​សាច់​ញាតិ​របស់​នាង​ក្នុង​តំបន់ Xinjiang ប្រាប់​នាង​ថា ការ​ធ្វើ​សកម្មភាព​តាម​ប្រព័ន្ធ​អន​ឡាញ​ អាច​នឹង​ធ្វើឲ្យមាន​គ្រោះ​ថ្នាក់​ ដល់​ក្រុម​គ្រួសារ។ ​ ​

ដោយឡែក​អ្នកស្រី Ziba Murat ​អាយុ​៣៤​ឆ្នាំ រស់​នៅទីក្រុង​ Tampa រដ្ឋ Florida ជាម្តាយមួយរូប​និងជា​អ្នកវិភាគ​របស់​ក្រុមហ៊ុនឯកជនមួយ បាន​ថ្លែង​ក្នុងសម្តីដើម​ថា «ការនៅស្ងៀមស្ងាត់​មិននិយាយស្តី នឹង​មិនអាច​ទ្រាំត​ទៅទៀត​បាន​ឡើយ»។​ អ្នកស្រីថា គ្រួសារអ្នក​ស្រីនៅ​មិន​ទាន់​បានឮដំណឺង​អំពីម្តាយ​របស់​អ្នកស្រី​ឈ្មោះ Gulshan Abbas នៅឡើយទេ។ ម្តាយរបស់អ្នកស្រីជាអ្នក​ជំនាញ​ខាង​ជំងឺសើរស្បែក​មុន​ពេល​ដែល​គាត់​ចូលនិវត្តន៍ពីការងារនៃ​មន្ទីរពេទ្យទីក្រុង Urumqi មុន​ពេល​ដែល​គាត់​បាន​បាត់​ខ្លួន​ភ្លាម​ៗកាល​ពីចុង​ឆ្នាំ២០១៨។

អ្នកស្រី​បានប្រាប់វីអូអេក្នុងសម្តីដើមថា «ខ្ញុំនៅតែ​មាន​អារម្មណ៏ភ័យខ្លាច​ក្នុង​ខ្លួនរបស់​ខ្ញុំ ព្រោះ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​នណាម្នាក់​ដែល​ជាសាច់​ញាតិរបស់​ខ្ញុំ​ទទួល​រងគ្រោះនៅក្នុង​ប្រទេស​ចិន។ ប៉ុន្តែ​បើ​ខ្ញុំ​មិន​និយាយ​ទេ តើ​មាន​នរណានឹង​និយាយ​សំរាប់​ម្តាយ​របស់ខ្ញុំ។ ខ្ញុំនឹង​និយាយ​រឿងនេះឲ្យកាន់​តែ​ច្រើន​ថែម​ទៀត រហូត​ដល់​ពួក​គេ​ដោះលែង​ម្តាយ​របស់​ខ្ញុំ»។

ប្រែសម្រួលដោយ​ ជា្រ វណ្ណារិទ្ធ

XS
SM
MD
LG