ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះរាជ​អាជ្ញា​តុលាការ​ខ្មែរក្រហម​ស្តាប់​​សេចក្តី​សារ​ទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង


អ្នកស្រី​សាស្ត្រាចារ្យ​នូ លក្ខិណា ​ប្រធាន​វិទ្យាសា្ថន ​ASRIC​ ពេល​សម្ភាសន៍​ជាមួយ​វីអូអេ ​ខ្មែរ​នៅ​ក្រុង​ឡងប៊ិក ​រដ្ឋ​កាលីហ្វ័រនីញ៉ា។​
អ្នកស្រី​សាស្ត្រាចារ្យ​នូ លក្ខិណា ​ប្រធាន​វិទ្យាសា្ថន ​ASRIC​ ពេល​សម្ភាសន៍​ជាមួយ​វីអូអេ ​ខ្មែរ​នៅ​ក្រុង​ឡងប៊ិក ​រដ្ឋ​កាលីហ្វ័រនីញ៉ា។​

មន្ត្រី​តុលាការ​ខ្មែរក្រហម​ប្រឈម​មុខ​នឹង​សំណួរ ការ​ឈឺចាប់​ និង​ស្រណោះ​ស្រណាក​ជាច្រើន​ក្នុង​ពេល​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​រស់រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។​ ពលរដ្ឋ​ជាច្រើន​មិន​បាន​ពេញចិត្ត​នឹង​ការ​កាត់​ទោស​រកយុត្តិធម៌​ដល់​ជន​រង​គ្រោះ​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជិត​ពីរ​លាន​នាក់​នោះ​ទេ។

លោក​នីកូឡាស់ ​កុំជាំង​ (Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ក្នុង តុលាការ​កាត់ទោស​ខ្មែរក្រហម ​ដែលចូលរួម​ដោយ​អ.ស.ប.បាន​ព្យាយាម​ពន្យល់​ ក្រុម​ជន​រងគ្រោះ​ ដែលរួច​ពីស្លាប់​នៅ​សម័យ​ខ្មែរក្រហម​ នៅក្រុង​ឡងប៉ិច​ រដ្ឋ កាលីហ្វ័រញ៉ា​អំពី​ដំណើរ​ការ​កាត់ទោស​ដើម្បី​ស្វែង​រក​យុត្តិធម៌​ពី​ឧក្រិដ្ឋកម្ម​ទាក់ ទង​នឹង​អំពើ​កាប់​សម្លាប់​រង្គាល​កាលពី​ទសវត្សរ៍​១៩៧០។ ​តែ​ពល​រដ្ឋ​អ្នក​ចូល​រួម​ មួយ​ចំនួន​បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​រៀបចំ​កាត់ទោស​យក​យុត្តិធម៌ ក្នុង​តុលាការ​ខ្មែរក្រហម​នោះ​ទេ។​ ​

ពួក​គេ​បាន​រៀបរាប់​ថា ​ការ​ឈឺចាប់​របស់គេ​ ដែល​បាន​បាត់បង់​សាច់​ញាតិ​ជា​ច្រើន ​ការ​រង​ទុក្ខ​របស់​ពួកគេ​មុន​មក​ដល់​ស.រ.អា. ការឆ្លងកាត់​ការរង​ទុក្ខវេទនា ​ការ​ព្រាត់ប្រាស់​ស្រុកទេស​ និង​សាច់​ញាតិ​ជា​ទីស្រឡាញ់​គឺ​ធំធេង​គ្មាន​អ្វី​ប្រៀប​ បាន​ទាល់​តែ​សោះ។ ​តែពួក​គេ​ថា​ តុលាការ​បាន​នាំយក​មនុស្ស​តែពីរ​បី​នាក់​មក​ កាត់​ទោស ​ហើយ​ពន្យារ​ពេល​ដ៏យូរ​ ទន្ទឹមគ្នា​នឹង​ជន​ដៃ​ដល់​រាប់ពាន់​ រាប់​ម៉ឺន​នាក់​ នៅ​រួច​ខ្លួន​ដោយ​សេរី។​

ឆ្លើយតប​នឹង​ការ​ត្អូញត្អែរ ​លាយ​ឡំ​នឹង​ការ​រិះគន់​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង នោះ ​លោក​សហ​ព្រះរាជ​អាជ្ញា​នីកូឡាស់​កុំជាំងបាន​ថ្លែង​ថា៖​

«លោក​អ្នក​និយាយ​ថា ​តុលាការ​ដំណើរការ​យឺត។​ លោក​អ្នក​និយាយ​ថា ​តុលាការ​នេះកាត់​ទោស​មនុស្ស​តិចតួច។​ ខ្ញុំ​យល់​ស្របមែន។​ ជា​ការណ៍​ពិត​ មនុស្ស​រាប់ពាន់​នាក់​គួរ​ត្រូវ​តែ​នាំ​យក​មក​កាត់​ទោស។​ តែវា​មិន​អាច​ទៅ​រួច។​ ប្រសិន​បើ​លោក​អ្នក​និយាយ​ថា​ កាត់ទោស​កើត​យឺត​ពេល​ ខ្ញុំយល់​ស្រប។​ តុលាការ​គួរ​តែ​កាត់​ទោស​៣០​ឆ្នាំ​មក​ហើយ។​ តែវា​ជា​រឿង​មិន​អាច​ទៅ​រួច។​ ពេល​នេះ​យើង​មាន​សេចក្តី​សម្រេច​ចិត្តត្រូវ​ធ្វើ។​ ម៉ោង​កំពុង​រំកិល​ទៅមុខ។ ​ខៀវ សំផន​ ​អាយុ​៨៣ឆ្នាំ ​ហើយ​នួន ជា​ អាយុ​៨៨​ឆ្នាំ។​ ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ។​ ដូច្នេះ​សំណួរ​សួរ​ថា​ តើ​យើង​មិន​ធ្វើអ្វី​ទាំង​អស់?​ តើ​យើង​ដើរ​ចេញ​ ឬ​ក៏​យើង​ជំរុញ​ទៅ​មុខ ​ហើយ​ព្យាយាម​បញ្ចប់​ការ​រក​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​សេស​សល់​ ដែល​បាន​កើត​ឡើង​នោះ?»​

លោក​នីកូឡាស់បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៅកាន់​ក្រុម​ពលរដ្ឋខ្មែរ​អាមេរិកាំង​ប្រមាណ​១០០​នាក់​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​ពី​រឿង​រ៉ាវ​អតីត​កាល​ក្នុង​ទីស្នាក់ការ​សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក ​CAA ​របស់​លោកគីម ថៃគួច​ក្នុង​ក្រុង​ឡងប៉ិច ​ដែល​គេ​ដឹង​ថា ​មាន​ពលរដ្ឋខ្មែរ​ភៀស​ខ្លួន​ពី​របប​ខ្មែរក្រហម​មក​រស់នៅ​ទី​នោះ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​អាមេរិក។​

ការ​បញ្ចាំង​ខែ្ស​អាត់​វីដេអូ​ឲ្យ​ឃើញ​ពី​ការ​ធ្វើ​សក្ខី​កម្ម​របស់​ដើម​បណ្តឹង​ជា​សង្ខេប​ និង​ការ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ក្រុម​អ្នក​ចូលរួម​ ហើយ​នឹង​ការ​សួរ​ដេញ​ ដោល​ដោយ​ក្លាហាន​របស់​ពួក​គេ ​នៅចំពោះ​មុខ​លោក​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ នោះ​ បាន​បំបែក​ភាព​ស្ងប់ស្ងៀម​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ក្នុង​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃ​ទី៤​ខែ​កញ្ញា ​ដែល​រៀបចំ​ដោយ​អង្គការ​សមាគម​ខ្មែរ​ជាង​១០។ ​ហើយ​កម្ម​វិធី​នេះ​ត្រូវ​សម្រប​សម្រួល​ដោយ​លោក​ឆាំង សុង ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​សម័យ​ទសវត្សរ៍​១៩៧០។​

លោកស្រី​សាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំង​នូ លក្ខិណា​ ​និង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវ ជ្រាវ​អនុវត្ត​សង្គម​នៃ​កម្ពុជា ​(Asric) ​ដែលមាន​មូលដ្ឋាន​នៅ​ស.រ.អា.ជា​អ្នក​ជួយ​រៀប​ចំកម្ម​វិធី​ពិភាក្សា​នេះ​ដែរ ​ដោយសារ​តែ​អង្គការ​អ្នកស្រី​ធ្វើ​ការ​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​ស.រ.អា.ដាក់​ពាក្យ​ប្តឹង​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​ជា​បន្ត​បន្ទាប់​នោះ។ ​លោកស្រី​បាន​បញ្ចេញ​យោបល់​ក្នុង​វេទិកា​ពិភាក្សា​រឿង​ខ្មែរ​ក្រហម​ថា ​តុលាការ​មិន​បាន​បកស្រាយ​ឲ្យ​ពលរដ្ឋ​ ជាពិសេស​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ស.រ.អា. ឲ្យ​បាន​យល់​ទេ​ ចំពោះ​គំនិត​ខុស​គ្នា​រឿង​យុត្តិធម៌​ ដែល​ជា​ការ​កាត់​ផ្តាច់​រវាង​ការ​ចង់​បាន​របស់​តុលាការ​ និង​ការ​ចង់បាន​របស់​ពលរដ្ឋ​នោះ។​

«បញ្ហា​ស្មុគស្មាញ​របស់​តុលាការ​ខ្មែរក្រហម​នេះ​ ខ្ញុំ​គិត​ថា ​តុលាការ​មិន​ទាន់​បាន​ ពិភាក្សា​ឲ្យបាន​យល់​ពេញលេញ​ ឬ​សូម្បី​ការ​អប់រំ​ក៏​មិនផ្តល់​ឲ្យ​បាន​ពេញ​លេញ​ដែរ។​ តុលាការ​មិនទាន់​ធ្វើ​កិច្ចការ​នេះ​ដល់​ពលរដ្ឋខ្មែរ​នៅ​បរទេស​ទេ។​ ពេល​តុលាការ​និយាយ​អំពី​ជន​រស់រាន​មាន​ជីវិត ​ឬជន​រងគ្រោះ​ គេ​ផ្តោត​លើតែ​ជនរង​គ្រោះ​ដែល​នៅក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ។​ រឿងនេះ​ហើយ​ដែល​ជា​ការ​ប្រឈម​មុខ​របស់​អង្គការ​ ASRIC​ ក្នុង​ការ​ធ្វើឲ្យ​គេ​ចូល​រួម​ពាក់ព័ន្ធ​នឹង​ដំណើរការ​នីតិវិធី»។​

លោក​សហ​ព្រះរាជ​អាជ្ញា​បានសួរ​ថា​ តើ​អារម្មណ៍​របស់​ជនរង​គ្រោះ​ចង់​បាន​អ្វី?​ លោកស្រី​នូ លក្ខណា​បាន​បញ្ជាក់​ភ្លាម​ថា​ «យុត្តិធម៌​ពេញលេញ​ និង​ការ​បញ្ជាក់​ ការណ៍​ពិត​និង​សុំទោស»​ពីជនជាប់​ចោទ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម។​

«បើ​យោង​តាម​ការ​សន្ទនា​ជាមួយ​នឹង​អ្នក​រស់​រានមាន​ជីវិត​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ ពួក​គេ​ចង់​ឮ​ឃាតករ​ ដែល​ជាប់​ពិរុទ្ធ​ទាំងនេះ​សុំទោស​ ហើយ​ដែល​រឿង​នេះ​ជា​ រឿង​មិន​អាច​កើត​ឡើង។​ ពួកគេ​មិន​ដែល​សុំទោស​ទេ»។​

លោក​សហ​ព្រះរាជ​អាជ្ញា​វិញ​បាន​អះអាង​ថា​ ទាំង​ខៀវ សំផន​ និង​នួន​ ជា ​ដែល​ជា​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូល​ពីរ​នាក់​ដែល​នៅ​រស់​រាន​មាន​ជីវិត​ឈរ​តតាំង​នឹង​តុលាការ ​តែងតែ​ប្រកែក​មិន​ទទួល​ស្គាល់​ការ​សម្លាប់​ ការ​ជាប់​ទាក់ទង​ឧក្រិដ្ឋ​កម្ម​ទាំង​នោះ​ទេ។​ ពួក​គេ​ថា​ នោះ​ជា​រឿង​ដែល​ក្រុម​សត្រូវ​របស់​ខ្មែរក្រហម​ជាអ្នក​ប្រព្រឹត្ត ​ដោយ​លោក​សហ​ព្រះរាជ​អាជ្ញា​ដក​ស្រង់​សម្តី​នួន ជា​មក​បញ្ជាក់​ថា​ ជា​ចារកម្ម​វៀតណាម។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​ចាត់​ទុក​ថា​ ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​ ៧​សែន​នាក់​មិនអាច​មាន​ការ​បក​ស្រាយ​សមហេតុ​ផល​ដើម្បីដោះសារ​បាន​ទេ។​

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ដោយលើក​យក​ឧទាហរណ៍​ដែល​មាន​ការ​អះអាង​ ផ្ទុយ​គ្នា​ខ្លះ​រវាង​សម្តី​នួន ជា ​ដែល​ផ្តល់​សក្ខី​កម្ម​ក្នុង​តុលាការ ​និង​ការ​សម្ភាស​ ជា​មួយ​នឹង​លោក​ថេត សម្បត្តិ ​សហ​ផលិតករខ្សែ​ភាពយន្ត​ឯកសារ​រឿង​សត្រូវ​របស់ ប្រជាជន ​ឬ ​Enemies of the People។​

«គាត់​មិន​អាច​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ទេ។​ គាត់​បាន​បដិសេធ​មិន​ ទទួល​ខុសត្រូវ​ពីអ្វី​ដែល​បាន​កើត​ឡើង»។​

លោក​ព្រះរាជ​អាជ្ញា​ដកស្រង់​សម្តី​នួន ជា​មក​បញ្ជាក់​ថា​ ការ​សម្លាប់​នោះ​គឺ​ដោយ​ សារ​តែ​គេ​ចង់​បំផ្លាញ​ដល់​គណបក្ស​កុម្មុយនីស្ត​ខ្មែរក្រហម។ ​តែ​លោក​សហ​ ព្រះ​រាជ​អាជ្ញា​អះអាង​ថា​ មាន​ពលរដ្ឋស្រី្ត ​ក្មេង ​មនុស្ស​ម្នារ​យ៉ាង​ច្រើន​ត្រូវ​សម្លាប់​ធ្វើ​ទារុណកម្ម​នៅ​គុក​ស-២១​ និង​ទូទាំង​ប្រទេស​ ដោយការ​ចោទ​ប្រកាន់​ឥត​ហេតុ ផល​នោះ​ថា​ ជា​សេអ៊ីអា​ ថា​ជា​កាហ្យ៊េបេជា​ដើម។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ កាលពី​ដើម​ខែ​សីហា​ តុលាការ​ខ្មែរក្រហម​បាន​កាត់​ទោស​ឲ្យ​នួន ជា ​បង​ធំ​ទី២ ​និង​ខៀវ សំផន ​ប្រមុខ​រដ្ឋ ​ជាប់​គុក​មួយ​ជីវិត​ពីបទ​ទាក់ទង​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ពី​ទីក្រុង​ដោយ​បង្ខំ​ ដែល​ធ្វើ​ឲ្យ​ស្លាប់​ និង​ព្រាត់ ប្រាស់​គ្រួសារ​យ៉ាង​វេទនា​ ហើយ​នឹង​ការ​សម្លាប់​ពលរដ្ឋ​នៅ​ទួល​ពោធិជ្រៃ​ ដែល​ នួន​ ជានិយាយ​ថា​ លោក​គ្មាន​ជាប់​ពាក់​ព័ន្ធ​នោះ។​

ថ្លែង​ប្រាប់​វីអូអេ​ក្រោយពី​កិច្ច​ពិភាក្សា​ជាមួយ​សហ​ព្រះរាជ​អាជ្ញា ​អ្នកស្រី​ព្រំ រ័ត្នរស់នៅ​ក្នុងក្រុង​ឡងប៉ិច​ អះអាង​ថា​ ការ​ស្លាប់ក្រុម​គ្រួសារ​អ្នកស្រី​មិន​អាច​ដូរ​នឹង​យុត្តិធម៌​ដែល​តុលាការ​បាន​ផ្តល់​ទេ។​ អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​ផ្តល់​យុត្តិធម៌​កន្លង​មក​របស់​តុលាការ​ខ្មែរក្រហម​គឺ​មិន​ទាន់​បាន​គាប់ចិត្ត​អ្នកស្រី​ទេ។​

«អរដែរ​ តែ​ត្រេក​អរ​ វា​តិច។​ ដូច​ថា ​វា​ស្រួល​ណាស់។ ​ពួក​វា ​វា​ស្រួល។ ​វាជាប់​គុក​ ​វាមាន​បាយញ៉ាំ។ ​វា​មាន​កន្លែង​ដេក។​ ប៉ុន្តែ​ខ្ញុំវិញ​ អត់បាយ​ ស្រែក​យំ ​ទឹក​ភ្នែក​ហូរ​ឈាម​ហូរ​រហូត​ដល់ស្លាប់ ​ដាច់​ជីវិត។​ ពេល​មុន​ស្លាប់​ ប្អូន​ប្រុស​ខ្ញុំ ​សុំបាយ​ ​ឃ្លាន​បាយ។​ ប្អូនស្រី​ខ្ញុំឃ្លាន​បាយ។ ​ឪពុក​ខ្ញុំ​ក៏​ស្រែក​សុំបាយ​គេ​រហូត​ អត់​មាន​បាយ​មួយ​គ្រាប់​ចូលពោះ​រហូត​ដល់​ដាច់​ខ្យល់។ ​ម្តាយ​ខ្ញុំសុំទឹក​គេ​ផឹក​ក៏​គេ​មិន​យក​ឲ្យ​ទេ ​រហូត​ទាល់​ដាច់​ខ្យល់។​ ហើយ​វា ​វា​មាន​អី។ ​វាមិន​ពិបាក​ទេ។​ គុក​មួយ​ជីវិត​នេះ។​វា​ស៊ីស្រួល​ ដេក​ស្រួល»។​

អ្នក​ចូលរួម​កិច្ច​ពិភាក្សា​ម្នាក់​ទៀត​បាន​ថ្លែង​ថា ​ការ​កាត់​ទោស​នេះ​មិន​បាន​ពង្រីក​ ដល់​ប្រទេស​នានា ​ដូចជា​ចិន​ វៀតណាម ​ស.រ.អា.​ និង​រុស្ស៉ី ​និង​មន្ត្រី​រដ្ឋាភិបាល​ កំពូលៗ​ ដែល​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សម័យ​ខ្មែរក្រហម​នោះ​ទេ។​ រឿងនេះ​លោក​ មិន​អាច​ទទួល​យក​បាន​ទេ។​

«ខ្ញុំ​ខក​ចិត្ត​ដោយសារ​តុលាការ​ពន្យារ​ពេល​យូរ​ណាស់ ​តែ​តុលាការ​មិន​ចោទ​និង​មិន​ចាប់​ខ្លួន​អ្នក​ផ្សេង​ទៀត ​ក្រៅតែ​ពី​បី​នាក់​នោះ។ ​ពេល​មួយ ​ខ្ញុំ​មិន​ប្រាកដ​ទេ​ តែ​ខ្ញុំ​មិន​បាន​តាម​មើល​តុលាការ​ទេ។​ ខ្ញុំ​និយាយ​ថា​ ហ្អើយ ​ប៉ុណ្ណឹង​បាន​ហើយ។​ ខ្ញុំ​មិន​ចង់​ស្តាប់​ទេ»។​

លោក​សហ​ព្រះរាជ​អាជ្ញា​បរទេស​បាន​អះអាង​ថា​ ជា​រឿង​ល្អ​ដែល​កម្ពុជា​មាន​ តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​ ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន ​រួម​ទាំង​ប្រទេស​ស៊ីរី​ ដែល​គ្មាន​តុលាការ​កាត់ទោស​ទេ​ ទោះ​ជា​គេ​ចង់​បាន​ក្តី។​

«យ៉ាង​ហោច​ណាស់​តុលាការ​នេះ ​ខ្ញុំ​សង្ឃឹម​ថា ​នឹង​នាំ​មក​នូវ​ការ​ទទួល​ស្គាល់​ខ្លះ​ អំពី​ការ​ឈឺចាប់​ ដែល​កម្ពុជា​បាន​ឆ្លង​កាត់»។​

លោក​ក៏​បាន​បន្ថែម​ថា​ ការ​កាត់​ទោស​នេះ​នឹង​ត្រូវ​គេ​ចង​ក្រង​ជា​ឯកសារ​ប្រវត្តិ​ សាស្ត្រ ​ជា​មរតក​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​ប្រឹង ប្រែង​របស់​ពិភព​លោក​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យុត្តិធម៌ ​ផ្តល់​ឱកាស​ដល់​ ជន​រងគ្រោះ ​ដើម្បី​និយាយ​ចេញ ​ហើយ​អាច​ឲ្យមាន​ការ​ទទួល​ស្គាល់​ចំពោះ​ ឧក្រិដ្ឋ​កម្ម ​ដែល​ជា​ការ​វិវត្ត​ផ្នែក​ប្រព័ន្ធ​យុត្តិ​ធម៌​ក្នុង​ប្រទេស​ដែល​នឹង​ផ្តល់​ក្តី​សង្ឃឹម​អំពី​យុត្តិធម៌​ដល់​ពលរដ្ឋ​កម្ពុជា។​

ជន​ទាំង​ពីរ​គឺ​នួន ​ជា ​និង​ខៀវ សំផន​នឹងត្រូវ​គេ​កាត់ទោស​ប៉ុន្មាន​ខែ​ខាង​ មុខ​នេះ​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​០០២​វគ្គទី២ពី​បទចោទ​លើ​ឧក្រិដ្ឋកម្ម​នានា​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​១​លាន​៧សែន​នាក់​នៅ ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧៩។ ​ឧក្រិដ្ឋកម្ម​ទាំងនោះ​គឺរួម​ទាំង​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ផង​ដែរ ​ក្នុង​សំណុំ​រឿង​០០២​វគ្គទី២៕​

XS
SM
MD
LG