ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​នឹង​ជួប​ជាមួយ​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម


លោកស្រី​សាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំង​នូ លក្ខិណា​ ​និង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវ ជ្រាវ​ អនុវត្ត​សង្គម​នៃ​កម្ពុជា ​(Asric) ​មាន​មូលដ្ឋាន​នៅស.រ.អា.​​។
លោកស្រី​សាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំង​នូ លក្ខិណា​ ​និង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវ ជ្រាវ​ អនុវត្ត​សង្គម​នៃ​កម្ពុជា ​(Asric) ​មាន​មូលដ្ឋាន​នៅស.រ.អា.​​។

ពលរដ្ឋខ្មែរ​នៅរដ្ឋ​កាលីហ្វ័រញ៉ា​ជាច្រើន​នាក់​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​គ្រោង​នឹង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​នឹង​សហ​ព្រះរាជ​អាជ្ញា​បរទេស​នៃ​សាលាក្តី​កាត់​ទោស​ខ្មែរក្រហម។​

កិច្ច​ពិភាក្សា​គ្នានេះ​អាច​ជា​ការ​ពិភាក្សា​ស៊ីជំរៅ​នឹង​ផ្តល់ការ​យល់ដឹង​ថែម​ទៀត​ដល់​ពលរដ្ឋ​ខ្មែរ​ទាក់ទង​នឹង​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម ​ដែល​ចូលរួម​ដោយ​អ.ស.ប. ​ក្រោយ​ពេល​មាន​សាលក្រម​ដាក់​ទោសជន​ជាប់ចោទ​ពីរនាក់​អស់​មួយ​ជីវិត​ និង​នៅ​ពេល​សំណុំ​រឿង​ខ្មែរ​ក្រហម ​វគ្គសំខាន់​កំពុង​ដំណើរការ។​

សហ​ព្រះរាជ​អាជ្ញា​បរទេស​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គ្រោង​នឹង​ឆ្លើយ​ បំភ្លឺ​និង​ផ្តល់​ការ​ពន្យល់​អំពី​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ដែលភាគ​ច្រើន​ជា​ជន​រងគ្រោះ​សម័យ​ខ្មែរក្រហម​ ដែល​ភៀស​ខ្លួន​ មក​រស់​នៅ​ស.រ.អា.។​ ការ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​តុលាការ​បាន​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរនាក់​គឺ​នួន ជា​ និង​ខៀវ សំផនក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី១​ទាក់ទង​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពីផ្ទះ​សម្បែង​និង​ការ​កាប់​សម្លាប់​ក្នុង​ទស​វត្សរ៍១៩៧០ ​ហើយ​នឹង​ក្នុង​ពេល​ដែល​សំណុំ​រឿង​០០២​ វគ្គ​ទី២​ជាវគ្គ​សំខាន់​កំពុង​ចាប់ផ្តើម។​

ក្នុង​វេទិកាអំពីការ​កាត់ទោស​ខ្មែរក្រហម​ ដែលមាន​ការ​ចូល​រួម​ពី​លោក​សហ​ព្រះរាជ​អាជ្ញា​ នីកូឡាស់ ​កុំជាំង​ (Nicholas Koumjian) ​និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ អ្នក​ស្រាវជ្រាវ​ និង​ជន​រងគ្រោះ​រាប់សិប​នាក់នោះ​ ត្រូវ​គេ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៤ ​ខែ​កញ្ញា​ វេលា​ម៉ោង​៦​ល្ងាច ​ក្នុង​ការិយាល័យ​កណ្តាល​របស់​សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក​របស់​លោក​គឹមថៃ គួច​ (Kimthai Kuoch)​ នៅ​ទីក្រុង​ Long Beach ​រដ្ឋ​កាលីហ្វ័រញ៉ា។ ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​អង្គការ​សមាគម​ខ្មែរ​ច្រើន​ជាង​១០​ រួមនឹង​អង្គការ​ Asric​ នឹង​រៀបចំ​កម្មវិធី​នេះ​រួម​គ្នា​ ហើយ​កិច្ច​ពិភាក្សា​នោះ​មាន​សំណួរហើយ​នឹង​ចម្លើយ ​ដែល​ត្រូវ​សម្រប​សម្រួល​ ដោយ​លោក​ឆាំង សុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក្នុង​ទសវត្សរ៍​១៩៧០​ និង​ក្រោយមក​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា។​

លោកស្រី​សាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំង​នូ លក្ខិណា​ ​និង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវ ជ្រាវ​ អនុវត្ត​សង្គម​នៃ​កម្ពុជា ​(Asric) ​មាន​មូលដ្ឋាន​នៅស.រ.អា.បានថ្លែង​ថា ​កម្មវិធី​ពិភាក្សា​ក្នុង​វេទិកានេះ​គឺដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​សាលាក្តី​កាត់ទោស​ ខ្មែរក្រហម​ ជូនដល់​ពលរដ្ឋ ​ហើយ​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​បាន​សួរ​សំណួរនានា​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​តុលាការ​ ជាពិសេស​ពលរដ្ឋ​ដែល​បាន​ដាក់ពាក្យ​បណ្តឹង​តាម​រយៈ​វិទ្យាស្ថាន​ Asric។​

«យើង​ចង់​ឲ្យពួក​គេ​ជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​សហ​ព្រះរាជ​អាជ្ញា​ថ្មី​ ដូច្នេះ​ពួក​ គេ​អាច​មាន​អារម្មណ៍​យល់​ដឹង​អំពី​សេចក្តី​សង្ឃឹម​បន្ទាប់​ពី​ការ​ចេញ​សាលក្រម។​ ខ្ញុំ​គិត​ថា មាន​បៀប​ច្រើនយ៉ាង​ ដែល​ក្រុមអ្នក​រស់រាន​មាន​ជីវិត​ពិតជា​មិន​សប្បាយ​ចិត្ត​នឹង​សាលក្រម​ ហើយ​ប្រហែល​ជា​វេទិកា​នេះ​ជាឱកាស​មួយ​សម្រាប់​ពួកគេ​ចែកចាយ​ការមិន​ពេញចិត្ត​នោះ​ ហើយ​សួរ​សំណួរនានា ​ជាពិសេស​នៅពេល​សំណុំ​រឿង​០០២ ​វគ្គទី២​នឹង​បន្ត​ដំណើរការ​ជឿនលឿន​ទៅ​មុខ»។​

លោកស្រី​បាន​បន្ថែម​ថា​ លោកស្រី​បាន​ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ជួប​ជា មួយ​មន្ត្រី​តុលាការ ​ដូច​ជា​អ្នកនៅ​ក្នុង​ក្រុងឡុងប៉ិច​ជាដើម​នេះ ​ឲ្យរៀន​សូត្រ ​សួរដេញ​ដោល​អំពី​ ថា​តើ​តុលាការ​ធ្វើអ្វី​ខ្លះ​ក្នុង​ការ​ផ្តល់​យុត្តិធម៌ ​ហើយ​យុត្តិធម៌​នោះ​ជា​យុត្តិធម៌​ពិត​ទេ​ចំពោះ​សហគមន៍​ខ្មែរ។​

«តុលាការ​អះអាង​ថា​ គេកំពុង​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​កម្ពុជា​ តែយើង​ចង់​ដឹង​ឲ្យ​ពិត​ប្រាកដ​ថា​ មានអ្វី​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​នោះ​ មានន័យ​ពិតប្រាកដ​យ៉ាងម៉េច​ ហើយ​តើ​គេ​កំណត់​យុត្តិធម៌​ដូចម្តេច។​ ដូច្នេះការ​ដែល​គេ​និយាយ​ថា​ គេរក​បាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​កម្ពុជា​នោះ​ វាពិត​ជា​លទ្ធផល​ធំធេង​ណាស់។​ ដូច្នេះ​យើង​ចង់​ឲ្យ​តុលាការ​ពន្យល់​ថា ​វាមាន​ន័យ​យ៉ាងម៉េច​ពិតប្រាកដ ​ហើយ​តើ​ពលរដ្ឋ​កម្ពុជា​បាន​ផល​ប្រយោជន៍​យ៉ាងម៉េច​ពី​សមិទ្ធផល​ដ៏អស្ចារ្យ​ដែល​គេ​អះអាង​នោះ»។​

ពលរដ្ឋ​ខ្មែរ​ជិត​កន្លះ​លាន​នាក់​នៅ​ស.រ.អា. បាន​រត់ភៀស​ខ្លួន​គេច​ចេញ​ផុតពី​ការ​កាប់​សម្លាប់​មែន​ តែក្រុម​គ្រួសារ​របស់​ពួក​គេ​ជាច្រើន​ត្រូវក្រុម​ខ្មែរក្រហម​កាប់​សម្លាប់​ក្នុង​ប្រទេស។​ ពលរដ្ឋ​ខ្មែរ​ជា​ជន​រងគ្រោះ​នៅ​ស.រ.អា.និង​នៅ​ពាសពេញ​ពិភព​លោក ​តិចតួច​ណាស់​ដែល​ចូលរួម​ពាក់ព័ន្ធ​នឹង​តុលាការ​ខ្មែរក្រហម​ដែល​មាន​ការ​ផ្តល់​យុត្តិធម៌​ចម្រូង​ចម្រាស់​នេះ។​

លោក​ឆាំង សុង ​អ្នកសម្រប​សម្រួល​វេទិកា​នេះ​ បាន​អះអាង​ថា​ ការ​ពិភាក្សា​នេះ​នឹង​ផ្តល់​សារៈ​សំខាន់​ដល់​ពលរដ្ឋ​ខ្មែរ​អំពី​ដំណើរការ​ពិតប្រាកដ​របស់​តុលាការ​ ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ និង​ផ្តល់​ការ​យល់​ដឹង​អំពី​រឿង​យុត្តិធម៌​ ដែល​ប្រទាញ​ប្រទង់​មិនចេះ​ចប់​ក្នុង​សហគមន៍​ខ្មែរ​នោះ។ លោក​ថា​ ការ​ជួប​មន្ត្រី​តុលាការ​ ដូចជា​សហ​ព្រះរាជ​អាជ្ញា​ដោយ​ផ្ទាល់នេះ​គឺ​មានសារៈ​សំខាន់​ណាស់ ហើយ​ជា​ឱកាស​ដ៏​កម្រ។​

«ចង់តែ​ប៉ុណ្ណឹង​ទេ ​ចង់​ឲ្យ​បាន​ជួប​ផ្ទាល់​តែ​ម្តង​ ព្រោះ​ខ្មែរ​យើង​នៅ​ទីនេះ​មិន​ដែល​បាន​ជួប​ឯណា។​ តែខ្មែរ​នៅស្រុក​ខ្មែរ​បាន​ជួប។​ គេតាម ​គេបាន​ដឹង​ឮ​ច្រើន ​ហើយ​ខ្មែរ​នៅ​ទីនេះ ​នៅ​ឆ្ងាយ​ មិន​បាន​ដឹង​ឮ​ឯ​ណា»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ លោក​សហ​ព្រះរាជ​អាជ្ញា​អាច​បំភ្លឺ​អំពី​ការ​យល់​ច្រឡំ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​ឧទាហរណ៍​ដូច​ជា​ថា ​អំណះ​អំណាង ​ដែល​នួន ជា​ផ្តល់​សក្ខី​កម្ម​ក្នុង​តុលាការ​ គឺ​ជា​រឿង​ត្រឹមត្រូវ។ ​នៅ​ពេល​គេ​មិន​បាន​ស្តាប់​តុលាការ​វិនិច្ឆ័យ​ផ្សេងៗ​ទៀត​ ដែល​បំភ្លឺ​អំពីការ​ដែល​យើង​ច្រឡំ​ថា ​រឿង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជា​ឧក្រិដ្ឋកម្ម​ទាំងអស់​នោះ​ លោក​ពន្យល់​ថា ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទាក់ទង​នឹង​ជនជាតិ​ចាម​ និង​វៀតណាម​នោះ​ គ្រាន់តែ​ជារឿង​ឧក្រិដ្ឋកម្ម​មួយ​ក្នុង​ឧក្រិដ្ឋ​កម្ម​ធំៗ​ដទៃ​ទៀត​តែ​ប៉ុណ្ណោះ។​

លោក​ឆាំង សុង​បាន​បន្ថែម​ថា​ ការ​កាត់ទោស​មួយ​ជីវិត​ចំពោះ​អតីត​មេ​ដឹកនាំ​ខ្មែរ ក្រហម​កំពូល​ពីរ​នាក់​នោះ​ ទោះជា​មិន​បាន​យុត្តិធម៌​១០០​ភាគរយ​មែន ​តែ​កម្ពុជា​បាន​ធ្វើតាម​ច្បាប់​ តាម​សង្គម​ស៊ីវិល័យ​ហើយ។​ ហើយ​លោក​ថា​ រឿង​នេះ​ជារឿង​ ពិបាក​និយាយ ​ដោយ​សារ​រឿង​រ៉ាវ​នៅ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ពី​រឿង​យុត្តិធម៌ ​ឬ​ មិន​យុត្តិធម៌​នេះ។​ ​តែរឿង​មួយ​ដែល​ល្អ​ជា​គំរូ​នោះ​ លោក​ថា ​តាមរយៈ​តុលាការ​កម្ពុជា​ដែល​ចូលរួម​ដោយ​អន្តរជាតិនេះ​ ​អន្តរជាតិ​ទាំងមូល​ដឹង​ពី​កំហុស​របស់​ក្រុម​ខ្មែរក្រហម​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ។​

«អន្តរជាតិ​ទាំងមូល​ទុក​ថា​ ខ្មែរក្រហម​ធ្វើ​នេះ​វា​ខុស។​ ការណ៍​ហ្នឹង​វា​ខុស។​ វាអត់ ត្រូវ​ទេ។ កុំធ្វើទៀត។​ អញ្ចឹង​ណា​បាទ! ​កុំធ្វើទៀត! ​រឿងហ្នឹង​វាខុស​ហើយ!»។​

លោក​ប៉ាស៊ីន ចានូ ​(Pasin Chanou) ​អ្នក​សម្រប​សម្រួល​ម្នាក់​នៃ​វេទិកាពិភាក្សា​ រឿង​ខ្មែរក្រហម​នេះ​មក​ពី​សមាគម​ Cambodia Town ​បាន​ថ្លែង​ថា​ កម្ម​វិធី​ពិភាក្សា​នេះរៀបចំ​ឡើង​គឺ​ដោយសារ​តែ​ពលរដ្ឋ​កម្ពុជា​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​មាន​ការចាប់​អារម្មណ៍​នឹង​ដំណើរការ​កាត់ទោស​ដោយ​តុលាការ​ ហើយ​ចង់​ដឹង​ពី​ដំណើរ​ការ កាត់​ទោស​នេះ​បន្ថែម​ទៀត។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូល​តែពីរ​នាក់​ប៉ុណ្ណោះ ​ក្រោយ​រយៈ​ពេល​៣៥​ឆ្នាំ​នៃ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​ ១​លាន​៧សែន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ ​ដល់ឆ្នាំ​១៩៧៩។ ​មេ​ដឹកនាំ​ទាំងពីរ​នោះ​គឺ​ នួន ជា ​បងធំ​ទី២​ ឬ​មេ​មនោគមន៍​វិជ្ជា​ខ្មែរក្រហម​ និង​ខៀវ សំផន​ ប្រមុខ​រដ្ឋ​ខ្មែរក្រហម​ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​កាលពី​ថ្ងៃទី៧​ខែ​សីហា​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឬ​សំណុំ​រឿង​០០២ ​វគ្គទី១​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដោយ​បង្ខំ​ចេញ​ពី​ផ្ទះ​សម្បែង​និង​ការ​កាប់​សម្លាប់​មួយ​ផ្នែក​តូច។ ​ជន​ទាំង​ពីរ​ដដែល​នឹង​ត្រូវ​គេ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម ប្រឆាំង​នឹង​មនុស្សជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ ផង​ក្នុង​សំណុំ​រឿង​០០២​វគ្គទី២៕

XS
SM
MD
LG