មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ស្នើឲ្យក្រុមឃោសនានយោបាយគណបក្សខ្លួននិយាយតែអំពីកម្មវិធីនយោបាយ សម្រាប់ការអភិវឌ្ឍភូមិឃុំ ដោយបញ្ចៀសឲ្យបានរាល់សកម្មភាពហិង្សានានា។ ការលើកឡើងរបស់ប្រធានគណបក្សជំទាស់រូបនេះគឺ បន្ទាប់ពីមានការគំរាមធ្ងន់ៗជាច្រើនលើកពីមន្ត្រីរដ្ឋាភិបាលនិងលោក ហ៊ុន សែន នាពេលថ្មីៗនេះ។
ក្នុងថ្ងៃប្រកាសបេក្ខជនស្រ្តីឈរក្នុងលេខរៀងទីមួយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានគណបក្សសង្គ្រោះជាតិបានស្នើមិនឲ្យប្រើពាក្យសម្តីអសុរោះ ដែលនាំឲ្យកើតជាអំពើហិង្សា ដោយបានតម្រូវឲ្យអ្នកឃោសនារកសំឡេងឆ្នោតផ្តោតតែលើការឃោសនាពីកម្មវិធីនយោបាយរបស់គណបក្សខ្លួន ដែលនឹងផ្តល់អំណាចដល់ឃុំសង្កាត់ឲ្យច្រើនជាងមុន។
ថ្លែងទៅកាន់ក្រុមបេក្ខជនស្រ្តីចំនួន១០៣នាក់ ដែលឈរឈ្មោះក្នុងលេខរៀងទីមួយសម្រាប់តំណែងមេឃុំ ចៅសង្កាត់ លោក កឹម សុខា បានស្នើឲ្យបេក្ខជនស្ត្រីទាំងនោះ និយាយតែពីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ។
លោក កឹម សុខា ថ្លែងទៅកាន់បេក្ខនារីទាំងនោះថា៖
«យើងធ្វើឲ្យឃុំសង្កាត់ មានអំណាច មានថវិកា និងមានសេវាល្អ។ មានអំណាច មានថវិកា មានសេវាល្អ នេះហើយជាសារដែលគណបក្សសង្គ្រោះជាតិត្រូវតែបញ្ជូនទៅអ្នកបោះឆ្នោត ដើម្បីឲ្យគេគាំទ្រយើង»។
ប្រធានគណបក្សជំទាស់រូបនេះ ក៏បានអំពាវនាវឲ្យសកម្មជនរបស់គណបក្សប្រឆាំង កុំឲ្យមានការភ័យខ្លាចចំពោះការគំរាមកំហែងថ្មីៗ។
លោក កឹម សុខា បន្ថែមថា៖
«បើប្រជាពលរដ្ឋចូលចិត្តស្រលាញ់អ្នកដែលវាយបំបាក់ធ្មេញគេ បោះឲ្យគេទៅ បើប្រជាពលរដ្ឋចូលចិត្តអ្នកស្លូត ដូចគណបក្សសង្គ្រោះជាតិ បោះឲ្យសង្គ្រោះជាតិទៅ ស្រេចតែប្រជាពលរដ្ឋទេ មែនទេបងប្អូន?»។
ការលើកឡើងរបស់លោក កឹម សុខា គឺមិនប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការគំរាមកំហែងជាបន្តបន្ទាប់ពីគណបក្សកាន់អំណាច រួមទំាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដែលព្រមានថា ប្រទេសកម្ពុជានឹងធ្លាក់ក្នុងភ្លើងសង្រ្គាមប្រសិនបើគណបក្សលោកចាញ់ការបោះឆ្នោតនោះ។
កាលពីថ្ងៃអាទិត្យកន្លងទៅ នាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានចូលរួមក្នុងពិធីដាក់ឲ្យដំណើរការអគាររដ្ឋបាលជាច្រើននៅជាយក្រុងសៀមរាប បានព្រមានវាយបំបែកធ្មេញក្រុមណាដែលចេញមកតវ៉ាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
មេដឹកនាំនៃក្រសួងការពារជាតិរូបនេះ មិនបានបញ្ជាក់ពីក្រុមនៃគណបក្សនយោបាយណាទេ ដែលមានបំណងចេញមកតវ៉ាលទ្ធផលបោះឆ្នោត ប៉ុន្តែលោកបានលើកឡើងអំពីការធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោតដែលបានកើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣។ ការធ្វើបាតុកម្មនាពេលនោះត្រូវគេដឹងថា ជាការធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ។
នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានព្រមានថា៖
«ពេលដែលបោះឆ្នោតចាញ់ គឺមិនព្រមចាញ់ទេ គឺចេញមកព្រោងព្រាត ទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ លើកនេះ មិនទុកទេ ប្រាប់ឲ្យហើយ ហ្នឹងនិយាយត្រង់ៗចឹងហ្មង។ ថាម៉េច ថាចុះ ខ្ញុំថា ថាម៉េច ថាចុះ តែរឿងពិត ត្រូវតែនិយាយគ្នាអញ្ចឹងមិនអនុញ្ញាតជាដាច់ខាត»។
ការព្រមានរបស់លោក ទៀ បាញ់ កើតមានឡើងមិនដល់បីសប្តាហ៍ទៀត ដែលការបោះឆ្នោតឃុំសង្កាត់ នឹងមកដល់។
ថ្វីដ្បិតតែមានការព្រមានជាបន្តបន្ទាប់ពីរដ្ឋាភិបាលអំពីការឆ្លើយតបនឹងចលនាបាតុកម្ម និងការផ្ទុះសង្គ្រាមសារជាថ្មីក្តី ក្រុមបេក្ខជនស្ត្រីឈរឈ្មោះក្នុងលេខរៀងទីមួយរបស់គណបក្សសង្គ្រោះជាតិ មិនបានបង្ហាញឥរិយាបថភ័យខ្លាចនោះឡើយ សម្រាប់យុទ្ធនាការរកសំឡេងឆ្នោតនាពេលខាងមុខ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត បេក្ខជនស្ត្រីលេខរៀងទីមួយនៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាប់ VOA ក្រោយការប្រកាសពីសមាសភាពបេក្ខជនស្រ្តីទាំង១០៣នាក់នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅថ្ងៃពុធនេះថា ការគំរាមកំហែងនឹងមិនបន្ទច់បង្អាក់ដល់ការធ្វើឃោសនារបស់កញ្ញាដើម្បីកាន់កាប់កៅអីជាចៅសង្កាត់អូចារ នោះទេ។
កញ្ញាបញ្ជាក់ថា៖
«ទោះបីមានការគំរាមកំហែងបែបណាក៏ដោយ ក៏មិនអាចរាំងស្ទះសកម្មភាពរបស់ខ្ញុំបានដែរ គំនិតខ្ញុំ ឆន្ទៈខ្ញុំ គឺត្រូវតែទៅជួបពលរដ្ឋដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ»។
អ្នកស្រី ស្វាត វ៉ារី បេក្ខជនស្ត្រីលេខរៀងទីមួយផ្សេងទៀត នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និយាយថា អ្នកស្រី បារម្ភអំពីការព្រមាននៃការផ្ទុះសង្គ្រាម តែមិនបារម្ភចំពោះការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទេ។ អ្នកស្រីបន្តថា អ្នកស្រីធ្លាប់ប្រាប់ដល់ប្រជាពលរដ្ឋក្នុងឃុំថា សង្គ្រាមនឹងមិនកើតមាននោះទេ ប្រសិនបើពួកគាត់បោះឆ្នោតឲ្យគណបក្សប្រឆាំងនោះ។
បេក្ខនារីរូបនេះថ្លែងថា៖
«ការបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គឺបញ្ចៀសសង្គ្រាម គ្មានសង្គ្រាមទេ»។
យ៉ាងណាក៏ដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា មិនមានការគំរាមកំហែងខាងនយោបាយក្នុងប្រទេសកម្ពុជា ដូចអ្វីដែលក្រុមអ្នកជំទាស់បានលើកឡើង។ លោកបន្តថា គណបក្សប្រឆាំងនឹងមិនមានជោគវាសនាឈ្នះការបោះឆ្នោតផងដែរ ដោយសារតែកម្លាំងគាំទ្ររបស់គណបក្សនេះបានបែកខ្ញែក គ្នាអស់ទៅហើយ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣៕