ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​បក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស​ធ្វើ​បាតុកម្ម​នៅតូក្យូ​សុំ​អន្តរាគមន៍​ជប៉ុន


ជា ហ្គេចឡាង ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ៍ញ៉ា។ (ចាប ចិត្រា/VOA)
ជា ហ្គេចឡាង ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ៍ញ៉ា។ (ចាប ចិត្រា/VOA)

ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​នឹង​ជួបជុំ​​គ្នា​ធ្វើ​បាតុកម្មដ៏​ធំ​មួយ​ទៀត​ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​​នៅថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​​ជួយ​​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​និង​សម្រួលដល់​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង។

ជប៉ុន​គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុងឆ្នាំ​១៩៩១​ដែល​ធានារបប​នយោបាយ​ប្រជាធិបតេយ្យ​ សេរីនិយម​ពហុបក្ស​នៅ​កម្ពុជា​ជាថ្នូរ​នឹង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាង​២០ឆ្នាំ​ហើយ​ក្នុង​នាម​ជាប្រទេស​ហត្ថលេខី​មួយ​ជប៉ុនមាន​កាតព្វ​កិច្ចធានា​ឱ្យ​កិច្ចព្រមព្រៀង​នេះ​អនុវត្ត​ដោយជោគជ័យ។

អ្នកស្រី​ជា ហ្គេចឡាង ប្រធាន​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ​អាមេរិក​ប្រចាំ​ទីក្រុងឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​បញ្ជាក់​ប្រាប់ VOA ​ពេល​ទៅដល់ទីក្រុង​តូក្យូកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖

​«គោលបំណង​របស់ខ្ញុំ​ផ្ទាល់តែម្តង​គឺ​មកចូលរួម​បាតុកម្ម​ជាមួយ​នឹង​បងប្អូនខ្មែរ​នៅជប៉ុន​ ជា​ពិសេសចលនា​យុវជនខ្មែរ​នៅជប៉ុន​ដើម្បីទាមទារ​ប្រទេស​ជាតិ​របស់​យើង​ដឹកនាំ​ដោយ​ហ៊ុន សែន​ឱ្យ​គាត់​គោរពសិទ្ធិមនុស្ស​ដើម្បី​ឱ្យ​ប្រទេស​ជាតិ​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ‍។ ជាពិសេស​យើង​ទាមទារ​ឱ្យ​គាត់​ដោះលែង​លោកកឹម សុខា»។​

ប្រទេស​ជប៉ុន​បាន​ជួយ​កសាងធនធាន​មនុស្ស​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មកប៉ុន្តែ​ជប៉ុន​កម្រ​បញ្ចេញ​ទស្សនៈ​នយោបាយ​ដោយ​ចំហរ​ពី​បញ្ហា​កម្ពុជា។

អ្នកស្រី​ជា ហ្គេចឡាង​បាន​បន្ថែម​ទៀតថាតួនាទី​របស់​ជប៉ុន​មិន​អាច​ខ្វះបានទេ​នៅ​ក្នុង​នយោបាយ​កម្ពុជាជាពិសេស​វារឹតតែ​សំខាន់ទៀត​នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​ប្តេជ្ញា​វិលត្រឡប់ចូល​ប្រទេស​វិញ​៖

«យើងត្រូវការ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ពីព្រោះជប៉ុនគឺជា​ប្រទេស​មួយ​ជាហត្ថលេខី​ជាសាក្សី​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដើម្បី​ឱ្យ​គាត់​ទទួល​ដឹងឮ​ថា​បន្តិច​ទៀត​មាតុភូមិ​និវត្តន៍​របស់​គណបក្សសង្គ្រោះជាតិ​និង​លោក​ប្រធាន​ស្តីទីសមរង្ស៊ី ឱ្យ​គាត់​ជួយ​ការពារ​ពីព្រោះ​ហ៊ុន សែន​ដឹង​ស្រាប់​ហើយ​គឺគាត់​មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​ជាពិសេស​គឺ​គាត់​ប្រើ​អំណាច​ផ្តាច់ការ‍»។

សហគមន៍​អន្តរជាតិ​និង​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្សនានា​បាន​វាយ​តម្លៃ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅកម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ហើយធ្លាក់ចូលទៅក្នុង​របបផ្តាច់ការ​ក្រោយ​ពី​តុលាការ​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​និង​ចាប់​ប្រធាន​គណបក្ស​ដាក់​ឃុំឃាំង​ក្នុង​លំនៅ​ដ្ឋានហើយ​ការបោះឆ្នោត​ជាតិ​កាលពីឆ្នាំ​មុន​បាន​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​ឈាន​មក​របបគ្រប់គ្រង​ឯកបក្ស​ឡើងវិញ​ដូច​ទសវត្សរ៍​ទី​៨០។​

អ្នកស្រី​ធិត គឹមហ៊ុន ប្រធាន​គណៈកម្មាធិការ​កិច្ចការស្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ​ក្រៅ​ប្រទេសដែល​បាន​ធ្វើដំណើរ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​បាតុកម្ម​បាន​បញ្ជាក់​ប្រាប់VOAពី​ទីក្រុង​តូក្យូដែរ​ថា៖

«លទ្ធិប្រជាធិបតេយ្យ​នៅប្រទេស​កម្ពុជា​គឺអត់មាន​ជីវិត​រស់រានទេ។ ហើយ​ហេតុអ្វី​បាន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​អត់​មានជីវិត​រស់រាន​ហើយ​បាន​ស្លាប់​ទៅហើយ​គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​បាន​បញ្ចេញមតិ​ ក៏​ដូច​ជាបង្ហាញ​នូវ​ទឹកចិត្តគោល​គំនិត​របស់​គាត់​ត្រូវបាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​ហេតុផល‍»។

រហូត​មក​ដល់​ពេល​នេះ​មាន​អតីត​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាង​១០​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនា​គារដោយ​សារតែ​ការបញ្ចេញ​មតិ​ហើយ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​បាន​ញុះញង់​ដែល​នាំ​ឱ្យ​មាន​អស្ថិរភាព​និង​មានជាង​១៤០នាក់​ត្រូវបានតុលាការនិងប៉ូលិសកោះហៅ​ទៅសាកសួរ​ដោយ​សារតែ​ជួបជុំ​គ្នា​ទទួល​ទាន​នំបញ្ចុក។

លោកស្រី ធិត​ គឹមហ៊ុន បាន​បន្ថែម​ទៀតថា៖

«គោល​បំណងនៃ​បាតុកម្មនោះដែរ​គឺ​យើងប្រកាស​ជាសាកលថា​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ប្រឆាំង​ដាច់​ខាត​រាល់អំពើ​ហិង្សា​របស់​ហ៊ុន សែនដែល​បាន​ធ្វើ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូច​ជាមាន​ប្រតិកម្ម​ទៅលើ​គណបក្ស​សង្គ្រោះជាតិ​ជាពិសេស​គឺ​ធ្វើ​បាប​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្នា​គ្មាន​កំហុសអ្វីសោះ‍»។​

អ្នកស្រី​ថោង ធារី តំណាងស្ត្រី​នៃ​ចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិនៅកូរ៉េ ​ដែល​គ្រោង​នឹង​ចូលរួម​បាតុកម្ម​នេះ​ដែរបាន​បញ្ជាក់​ប្រាប់VOAថា៖

«របបដឹកនាំភ្នំពេញសព្វថ្ងៃ​ដែល​មើល​ទៅ​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ឈឺចាប់​ជាច្រើននាក់។ អីចឹង​ទៅ​ដោយសារ​ខ្ញុំ​នៅក្រៅ​ប្រទេស​ខ្ញុំ​ដើរបាន​ខ្ញុំ​ចេះ​តែ​ទៅចូលរួម​ព្រោះ​នៅ​អត់​សុខ​ដើម្បី​ឱ្យ​បងប្អូន​នៅ​ក្នុង​ប្រទេស​ក្តី​ក្រៅប្រទេស​ក្តី​កុំ​អស់​សង្ឃឹម​។ របបភ្នំពេញ​នេះ​យើង​នឹង​ព្យាយាម​យើង​ប្តេជ្ញា​ឱ្យ​មានការផ្លាស់ប្តូរ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជូន​ម្ចាស់​ទឹកដីជារបស់​យើង​គ្រប់ៗ​រូប‍»។​

សហគមន៍អន្តរជាតិ​ជាពិសេស​ក្រុម​បស្ចឹមប្រទេស​បាន​ទាមទារ​ជាបន្ត​បន្ទាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែលម្អ​ស្ថានការណ៍​ឡើងវិញ​បើមិនដូច្នោះ​ទេ​នឹង​ត្រូ​វរងទណ្ឌកម្មអន្តរជាតិ​លើ​ផ្នែក​សេដ្ឋកិច្ច​និង​ទិដ្ឋាការ។ ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធានា​ថា​នឹង​ជួយ​គាំពារ​កម្ពុជា​ក្នុង​គ្រា​ដែលមាន​ទណ្ឌកម្ម​ទាំងនោះ។

កាលពីដើមសប្តាហ៍​នេះ​ប្រតិភូ​ជប៉ុន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដោយ​ផ្តោត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​សកម្មភាព​នយោ​បាយ​ ការបញ្ចេញ​មតិ​និង​សិទ្ធិ​នៃការជួបប្រជុំ​នានា។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កាលពី​ថ្ងៃអង្គារ។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​ពីការសន្យា​របស់​កម្ពុជា​ថា​នឹង​កែលម្អស្ថានការណ៍​សិទ្ធិ​មនុស្ស​ឡើយ។ ​

លោក ហៃ វណ្ណា​ ប្រធាន​គណៈកម្មាធិការ​ចលនាសង្គ្រោះជាតិ​នៅ ប្រទេស​ជប៉ុន​ដែល​ជា​អ្នករៀបចំ​បាតុកម្ម​នេះ​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​នៅតែមានសុទិដ្ឋិនិយម​ថា​ពិភពលោក​ជាពិសេស​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃសន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ហ្នឹង​គេ​មិន​ទុក​ឱ្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​អ្វី​ស្រេច​តែនឹង​ចិត្ត​ទេ​ ជាពិសេស​អ្វី​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​នៃ​ប្រទេស​ទាំងនោះ‍‍»។

លោក​វណ្ណា​បាន​អះអាង​ថា​ព័ត៌មាន​ស្តីពី​ការចុះហត្ថលេខា​នៃ កិច្ចព្រមព្រៀង​សម្ងាត់រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ដែល​ត្រូវ​សារព័ត៌មាន​អាមេរិកាំង​ទម្លាយ​ឱ្យ​ដឹង​កាលពីខែមុនគឺជា​បញ្ហា​ដ៏រសើប​មួយ​ដែល​ធ្វើ​ឱ្យសហរដ្ឋ​អាមេរិក​និង​ជប៉ុនមិនអាចនៅ​ស្ងៀម​ទៀតបានទេ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកែក​ជាបន្តបន្ទាប់​ថា​មិន​មាន​កិច្ចព្រមព្រៀង​ដូចនេះ​ឡើយ៕

XS
SM
MD
LG