ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្កើន​កំដៅ​ការទូត​​ដាក់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

ខួប​លើក​ទី​មួយ​នៃ​ការបោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នៅ​ប្រទេស​​កម្ពុជា​ត្រូវ​បាន​កត់​សម្គាល់​ដោយ​ការ​ផ្តោះផ្តង​សម្ដី​​​​ការ​ទូត​ខ្លាំងៗ រវាង​​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​​រហូត​ដល់​មាន​ការ​ស្នើ​ឱ្យ​មន្ត្រី​ស្ថាន​ទូត​​សហរដ្ឋ​អាមេរិក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

សហរដ្ឋ​អាមេរិក​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ និង​គោរព​សិទ្ធិ​ពលរដ្ឋ​ដោយបញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នករិះគន់​រដ្ឋាភិបាល​ព្រោះ​តែ​ហេតុផល​នយោបាយ។ នេះ​បើ​តាម​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​

សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​រិះ​គន់​និង​ចាត់​ទុក​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាងរាស្រ្តកាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​ ដែល​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​ឯកបក្ស​ថា «មាន​កំហុស​ឆ្គងយ៉ាងខ្លាំង‍»​ និង ​«មិន​មាន​ភាព​សេរី និង​យុត្តិធម៌​ទេ ហើយ​ក៏​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា‍» ដែរ។

ការបោះឆ្នោត​កាល​ពី​មួយ​ឆ្នាំ​មុនបាន​ធ្វើឡើង​ក្រោយពី​តុលាការ​កំពូលបាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​និង​បានហាមឃាត់​មន្ត្រី​គណបក្ស​ជាង​១០០​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។ មន្រ្តី​គណបក្ស​សំខាន់ៗ​ដទៃ​ទៀត​ដែល​រួម​មាន​លោក សម រង្ស៊ី ​ស្ថាបនិក​គណបក្ស​បាន​រត់​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស។

នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​ជម្លោះ​ការទូត​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បានកើតឡើង​ដោយ​ចំហរ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោតបើ​ទោះបីជា​ការបោះឆ្នោត​បាន​បញ្ចប់​មួយ​ឆ្នាំ​ហើយ​ក៏ដោយ។ ក្នុង​ការ​បោះឆ្នោត​លើក​មុនៗ​មាន​ការ​តវ៉ា​ម្តង​ម្កាល ប៉ុន្តែ​បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​ដែល​ចាញ់​ឆ្នោត​ហើយ​មិន​ដែល​អូស​បន្លាយ​ដល់​ពេញមួយ​ឆ្នាំ​ទេ។​

រដ្ឋាភិបាល​កម្ពុជាបាន​ចាត់​ទុក​ថា ប្រតិកម្ម​របស់​អន្តរជាតិ​គឺ​ជា​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​របស់​មហាជន​។ រដ្ឋាភិបាល​កម្ពុជា​បាន​សំអាង​លើ​តួលេខ​អ្នក​ចេញ​មក​បោះឆ្នោត​ដែល​មាន​ជាង​៨៣ភាគរយ​ហើយ​ថា សំឡេង​ឆ្នោត​ដែល​គណបក្ស​កាន់អំណាច​បាន​ទទួល​គឺជា​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​បាន​គាំទ្រ​គណបក្ស​របស់​ខ្លួន។

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា៖

«គេ​ចោទ​យើង​ថា​អត់​បាន​កសាង​លទ្ធិប្រជាធិបតេយ្យ យើង​បាន​កសាងការបោះឆ្នោត​មួយ​ដ៏​ទៀងទាត់​។ របៀបរបប​នៃ​គណបក្ស​នយោបាយ​មាន​ចែង​នៅ​ក្នុង​របប​គណបក្ស​នយោបាយ​។ ប្រជាពលរដ្ឋ​បាន​បង្ហាញ​ពី​សិទ្ធិ​និង​ភាព​ម្ចាស់ការ​របស់​មហា​ជន​ របស់​ប្រជាពលរដ្ឋ​របស់​ខ្មែរក្នុង​ការ​ចេញ​ទៅ​បោះឆ្នោត។ អា​ហ្នឹង​ប្រជាពលរដ្ឋ​លោក​បាន​បង្ហាញ​ហើយថា​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​មូលដ្ឋាន​គ្រឹះ​នៃ​ការបោះឆ្នោត​ដោយ​ទៀងទាត់និង​សេរីភាព​នៃ​ការ​បញ្ចេញ​យោបល់តាម​រយៈ​សន្លឹក​ឆ្នោត​បាន​ចាប់​ផ្តើម​ចាក់​ឫស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា‍»។​

លោក ផៃ ស៊ីផាន បាន​ព្រមានថា​អ្នករិះគន់​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​បង្កើត ​«អរិយភាព‍» ដែល​នាំ​ឱ្យ​បាត់បង់ «ស្ថិរភាព​និង​សន្តិភាព​»​ គឺនឹង​ត្រូវ​ចាប់ខ្លួន​ហើយ​មន្ត្រីទូត​សហរដ្ឋ​អាមេរិក​ដែល​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​កើត​មាននៅ​ប្រទេស​កម្ពុជា​ត្រូវតែ​ចាកចេញ។​

«ហើយ​មន្ត្រី​ស្ថានទូត​ដែល​ប្រើប្រាស់​លក្ខណៈ​ព្រៃផ្សៃ​គួរតែ​បញ្ចប់​។ នេះ​ជា​សំណូមពរ​របស់​យើង​ ត្បិត​យើង​នៅ​ជា​មិត្ត​ជាមួយ​គ្នា​ហើយ​បើ​មន្ត្រី​នោះ​មិន​ពេញចិត្ត​ស្រុក​ខ្មែរ​វេច​អីវ៉ាន់​ចេញ​ទៅវិញ​ទៅ​។ យើង​មិន​ស្វាគមន៍​ទេ។ និយាយ​ឱ្យ​ច្បាស់​បើ​សិន​ជា​យើង​មាន​សិទ្ធិ​និយាយ​ដូច​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះ​ជា​ប្រទេស​ខ្មែរ។ នេះ​និយាយ​ឱ្យ​ច្បាស់​នៅ​ក្នុង​គោល​ជំហរ​ហ្នឹង»។

សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​បាន​កើត​មាន​ឡើង​ផ្ទួនៗ​ក្នុងរយៈពេល​ជាង​ពីរសប្ដាហ៍​ចុងក្រោយ​នេះ​ក្នុង​នោះ​មាន​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជាដោយ​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក។ សេចក្ដី​ស្នើ​ច្បាប់​នេះ​មាន​គោលបំណង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​បាន​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។ ហើយបណ្តាញ​សារព័ត៌មាន​ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​គឺ The Wall Street Journal បាន​ទម្លាយ​ព័ត៌មាន​មួយ​ដែល​បង្ហើប​ប្រាប់​ដោយ​មន្ត្រី​អាមេរិកាំង​ថា​កម្ពុជា​និង​ចិន​បាន​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​សម្ងាត់​អនុញ្ញាត​ឱ្យ​កងទ័ព​ជើងទឹក​ចិន​ប្រើប្រាស់​ផ្នែក​មួយ ​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ដែល​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ទន្ទឹម​គ្នា​នោះ​ដែរនៅ​មាន​សេចក្តី​ស្នើ​ច្បាប់ចំនួន​បី​ទៀត ដែល​សមាជិកព្រឹទ្ធសភា​និង​អ្នក​តំណាងរាស្រ្ត​អាមេរិកាំង​បាន​ស្នើ​ឡើង​ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា ដោយ​ផ្តោតលើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ទទួល​ពី​សហរដ្ឋ​អាមេរិក។​

រីឯ​អតីត​គណបក្ស​ប្រឆាំងក៏​បាន​យក​ឱកាស​នៃ​ខួប​បោះឆ្នោត​នេះ​អំពាវ​នាវឱ្យពលរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ក្រោក​ឡើង​តស៊ូ​ទាមទារ​សិទ្ធិ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក សម រង្ស៊ី​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ថែម​ទាំង​បាន​រិះគន់​គោលនយោបាយ​ការបរទេស​របស់​លោក​ហ៊ុន សែនដែល​ងាក​ទៅ​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​វត្តមាន​របស់​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កោះកុង​ថា​អាច​នឹង​ឈាន​ទៅ​រក​អស្ថិរភាព​នៅ​ក្នុង​តំបន់៖

«នយោបាយ​លោក ហ៊ុន សែន ទៅ​អែប​ចិន​នៅ​ពេល​នេះ​គឺ​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ពីព្រោះ​មិន​ត្រឹម​តែ​ប៉ះពាល់​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា​ទេ តែ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​និង​សន្តិសុខ​ប្រទេស​ជិត​ខាង​និង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ទាំង​មូល»។

អ្នក​វិនិយោគ​ទុន​ចិន​តូច​ធំ​បាន​សម្រុក​មក​ខេត្ត​ព្រះសីហនុ ដោយ​បោះ​ទុន​វិនិយោគ​លើ​ល្បែង​ស៊ីសង​កាស៊ីណូ អគារ​ខុនដូ សណ្ឋាគារ និង​មណ្ឌល​កម្សាន្ត​តាម​គម្រោង​អភិវឌ្ឍន៍​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ចិន។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​កម្ពុជា​គ្រាន់តែ​ជាប់​នៅ​ក្នុង​ចន្លោះ​ការប្រកួតប្រជែង​យក​ឧត្តម​ភាព​នៅ​ក្នុង​តំបន់​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ​ហើយ​កម្ពុជា​ត្រូវ​តែ​ការពារ​ជំហរ​របស់​ខ្លួន​ជៀស​វាង​ការយល់​ច្រឡំ​ណាមួយ។ កម្ពុជាបាន​ប្រកែក​យ៉ាង​ខ្លាំង​ថា​មិន​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​រវាង​ចិន​និង​កម្ពុជា​សម្រាប់​ការ​ប្រើ​ប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ឡើយ។

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​វិញ​ក៏​បាន​ចោទ​សួរ​ពី​ចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ពី​កិច្ចព្រមព្រៀង​សម្ងាត់​រវាង​ចិន​និង​កម្ពុជា។ លោក​ក៏​បាន​បន្តព្រមានសហរដ្ឋ​អាមេរិក​ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​សំខាន់ៗ​តែ​១០​នាក់របស់​លោក​ដូចជា​រដ្ឋមន្ត្រី​ការពារ​ជាតិ មហាផ្ទៃ​ ការបរទេស និងសេដ្ឋកិច្ច​ជាដើម​តាមសេចក្តី​ស្នើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិកអាចនឹងឈានទៅ​ដល់​ការ​ផ្តាច់​ទំនាក់​ទំនងនឹងគ្នា។

លោក​ ហ៊ុន សែន បាន​បន្ថែម​ថា​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៃ​សហរដ្ឋ​អាមេរិក​នឹង​មិន​ចាត់​វិធានការ​ក្តៅ​នេះ​ទេ៖

«ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​រដ្ឋបាល​លោក​ត្រាំ លោក​មិន​ល្ងង់​ដល់​ថ្នាក់​រុញ​កម្ពុជាដែល​មាន​ទំនាក់​ទំនង​ការទូត​ចេញ​ពី​ដៃ​របស់​ខ្លួន​ទេ‍»។​

សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែនដោយសារ​កង្វល់​ពីសិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ចេញពី​សហភាព​អឺរ៉ុប​ផងដែរ។ សហភាព​អឺរ៉ុបកំពុងតែ​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុ​គ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​ (ហៅថា​ EBA) ​ពី​កម្ពុជា។ ដំណាក់កាលតាម​ដាន​និងវាយ​តម្លៃ​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាលខែ​សីហា​នេះ។ បន្ទាប់​ពី​នេះ​គឺ​សហភាព​អឺរ៉ុប​នឹង​សរសេរ​របាយ​ការណ៍ពី​ការ​រក​ឃើញ​និង​ធ្វើ​ការ​សន្និដ្ឋាន។ បន្ទាប់​ពី​នោះ​ប្រទេស​កម្ពុជាមាន​ពេល​មួយ​ខែ​ដើម្បី​ឆ្លើយតប។ កម្ពុជា​នឹង​ត្រូវ​បង់​ពន្ធ​ជិត​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​បើ​សិន​ជា​បាត់​បង់​ឋានៈ​អនុគ្រោះពន្ធ EBA។

ប្រទេស​កម្ពុជា​គឺ​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មវិធី​EBA ​ដ៏​ធំ​បំផុត​ទីពីរ​ដោយ​មាន​ទំហំ​រហូត​ដល់​១៨ភាគរយ​នៃ​ទំនិញ​ទំាង​អស់​ដែល​នាំ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ក្រោម​កម្មវិធី​នេះ។ ទំនិញ​នាំចូល​ក្នុង​ឆ្នាំ២០១៨​មាន​ចំនួន​ជិត​៦ពាន់​លាន​ដុល្លារហើយ​៩៥ភាគរយ​នៃ​ចំនួន​នេះ​គឺ​រួច​ពន្ធ​ ដែល​មាន​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​និង​វាយនភណ្ឌ ។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​មាន​គោល​បំណង​ដោះស្រាយ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​ដោយ​ធ្វើ​ការ​ជាមួយ​នឹង​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​នេះ។

សម្រាប់​អតីត​គណបក្ស​ប្រឆាំង​គឺ​ស្ថានភាព​នេះ​មិន​បាន​ប្រសើរ​ទេ​ដោយ​សារចាប់ពី​ដើម​ឆ្នាំ​២០១៩​មក មាន​អតីត​សកម្មជន​និង​អតីត​មន្ត្រី​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារតែ​ការ​បញ្ចេញ​មតិ​និង​មាន១៤០​នាក់​ទៀត​ត្រូវ​បាន​តុលាការ​កោះ​ទៅ​សួរ​ចម្លើយ​ដោយសារតែ​សង្ស័យ​ថា​នៅ​គាំទ្រ​អតីត​បក្ស​ប្រឆាំង​និង​រៀបចំ​សកម្មភាព​ទទួល​លោក​សម រង្ស៊ី​ដែល​មានបំណង​វិល​ចូល​ប្រទេស​វិញ​នៅ​ចុង​ឆ្នាំ​នេះ។ ​

យ៉ាងណាក៏ដោយ នេះ​មិនមែន​ជា​លើកដំបូង​ទេ​ដែល​លោក​ ហ៊ុន សែន បាន​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។​ លោក​ហ៊ុន សែន អាចនៅ​បន្ត​វាយប្រហារ​សហរដ្ឋ​អាមេរិកដោយសារ​ក្នុង​ពេល​កន្លង​មក​លោក​តែងតែ​គេច​រួច​ពី​ទណ្ឌកម្ម​អន្តរជាតិ​បើ​ទោះបីជា​លោក​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ផ្ទុយ​នឹង​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ឬ​ធ្វើ​ឱ្យ​អន្តរជាតិ​អាក់​អន់​ចិត្ត​ក៏ដោយ។ ដូចជា​ក្នុង​ករណី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ដែល​ផ្តួលរំលំ​នាយករដ្ឋមន្ត្រី​ទី១​គឺ​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ និង​ការ​បង្កើត​តុលាការកាត់​ទោស​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ជាដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សកម្ម​ជន​សិទ្ធិ​មនុស្ស​អន្តរជាតិ។ នៅ​ពេល​នេះ​លោក ​ហ៊ុន សែន​ ថែម​ទាំង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុង​ប៉េកាំង​ដោយ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មាន​តាំង​ពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់​មូលដ្ឋាន។

អ្នក​ឯកទេស​ពី​បញ្ហា​កម្ពុជាដូច​ជា​លោក​ ភីធឺ ម៉ាក់ខ្វៃ បាន​ហៅ​លោក ​ហ៊ុន សែន ​ថា​ជា ​«មនុស្ស​ពូកែយក​រួច​ខ្លួន‍» ដោយ​ហេតុផល​ថា​ក្រោយ​ពី​វិបត្តិ​ទាំងនោះ ​លោក ហ៊ុន សែន​ បាន​ងើប​ឡើងវិញ​ក្នុង​នាម​ជា​អ្នក​ដែល​មាន​ជ័យ​ជម្នះ។

សម្រាប់​លើក​នេះ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ អះអាង​ថា​កម្ពុជា​ក៏​បាន​ត្រៀម​ទប់ទល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ដែរ​។ ​នៅ​ក្នុង​វេទិកា​មួយ​នៅ​រាជ​ធានីភ្នំពេញ​កាលពី​ចុង​ខែ​កក្កដា​លោក​ហ៊ុន សែន​បាន​លើក​ឡើង​ដោយ​ទំនុក​ចិត្ត​ថា​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​មាន​ឱកាសដាក់លើ​លោក​ឬ​មន្ត្រី​របស់​លោក​ទេ​ដោយសារតែ​លោក​បាន​ដឹង​ពី​ការិយាធិបតេយ្យនៃដំណើរ​ការ​អនុម័ត​និង​ការអនុវត្ត​ច្បាប់​ដ៏​ស្មុគ​ស្មាញ​របស់​សហរដ្ឋ​អាមេរិក។​

«នៅ​វៀតណាម​មាន​ច្បាប់​ច្រើន​ណាស់ ដែល​អាមេរិក​ប្រុង​ធ្វើ​ដាក់ទណ្ឌកម្ម​វៀតណាម​នោះ​ប៉ុន្តែ​គ្មាន​ច្បាប់​ណាមួយ​បាន​ឆ្លង​ទេ​។ នៅ​មីយ៉ាន់ម៉ា​ នៅ​ប្រទេស​នេះ​ប្រទេស​នោះ​ច្រើន​ណាស់​ គ្មាន​ច្បាប់​ណាមួយ​បាន​ឆ្លង​ទេ‍»។​

លោក ហៃ វណ្ណា សកម្មជន​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​មើល​ឃើញ​ថា​សម្ពាធ​អន្តរជាតិ​លើក​នេះ​ខុស​គ្នា​ពី​លើក​មុនៗ ដោយ​សារ​តែអ្វី​ដែលកើត​មាន​ឡើងនៅ​ពេល​នេះគឺ​ហួស​ពី​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ​បាន​ប៉ះពាល់​ដល់​តំបន់​និង​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក។

«ប៉ុន្តែ​ចុងក្រោយ​ខ្ញុំ​គិត​ថា​ទាំង​សហរដ្ឋ​អាមេរិក​ទាំង​សហភាព​អឺរ៉ុប​ក៏​ដូច​ជា​បណ្ដា​ប្រទេស​មហា​អំណាច​នៅ​លើ​ពិភព​លោក​គេ​មិន​អាច​ឈរ​អោប​ដៃ​ឱ្យ​លោក​ហ៊ុន សែន​ធ្វើ​អ្វី​ស្រេច​តែ​នឹង​អំពើ​ចិត្ត​បាន​នោះ​ទេ​។ ជាពិសេស​បញ្ហា​ចុងក្រោយ​ដែល​យើង​បាន​ឃើញ គឺ​របប​ក្រុង​ភ្នំពេញ​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​នឹង​ប្រទេស​ចិន​ដើម្បី​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស​កម្ពុជា។ នេះ​គឺជា​បញ្ហា​ក្តៅ​ហើយ​វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់ហើយ​ពេល​វា​ប៉ះពាល់​ដល់​សន្តិសុខតំបន់​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​គេ​មិន​អាច​ឈរ​មើល​តទៅ​ទៀត​បាន​ទេ‍»។

រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក Michael R. Pompeo ថ្លែង​សុន្ទរកថា​ស្តី​ពី៖ «ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅ​អាស៊ី​ដើម្បី​ភាពរីកចម្រើន‍» នៅ​ទីក្រុង​បាងកក ប្រទេសថៃ ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៩។ (Photo: Ron Przysucha/US Department of State)
រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក Michael R. Pompeo ថ្លែង​សុន្ទរកថា​ស្តី​ពី៖ «ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅ​អាស៊ី​ដើម្បី​ភាពរីកចម្រើន‍» នៅ​ទីក្រុង​បាងកក ប្រទេសថៃ ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៩។ (Photo: Ron Przysucha/US Department of State)

ប៉ុន្តែ​លោក Michael Pompeo រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បន្ទន់​ជំហរ​ខ្លះ​ក្នុង​ពេលដែល​លោក​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុង​ទីក្រុ​ង​បាង​កក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា៖

«ខ្ញុំ​ចង់​ថ្លែង​បញ្ជាក់​រឿង​រ៉ាវ​ខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាមេរិក-អាស៊ាន។ ​ប្រទេសកម្ពុជា​បាន​បដិសេធ​របាយ​ការណ៍​ដែល​ថា​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន សាងសង់ឡើង​នៅ​លើ​ទឹកដី​របស់​ខ្លួន។ ​សហរដ្ឋអាមេរិក ​ស្វាគមន៍​ការ​ការ​ពារ​ដ៏​ខ្លាំង​ក្លា​នូវ​អធិបតេយ្យ​ភាព​របស់​កម្ពុជា ហើយ​យើងលើក​ទឹក​ចិត្ត​ដល់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ឱ្យ​ធ្វើតាម​លំនាំ​របស់​កម្ពុជា»។

អ្នកវិភាគ​មើល​ឃើញ​ថា​ចេតនា​របស់​សហគមន៍​អន្តរជាតិ​ក៏​មិន​មែន​ជា​ទណ្ឌកម្ម​ដែរ​ គឺ​គ្រាន់តែ​ចង់​ឱ្យ​សភាព​ការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​វិល​មក​រក​ស្ថានភាព​ដូចដើម​វិញ​ប៉ុណ្ណោះ។​

លោក​ ឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​បាន​បញ្ជាក់ថា​ពេលនេះ​គឺ​ជា​ដំណាក់​កាល​ឱ្យ​ប្រទេស​កម្ពុជា​យល់​ហើយ​អង្គុយ​ជជែក​គ្នា៖ «ការណ៍​ដែល​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​មិន​មែន​ដើម្បី​ជំរុញ​ដើម្បី​គាប​សង្កត់​ឬ​មួយ​គឺ​ដើម្បី​ឱ្យ​កម្ពុជា​រងទុក្ខ​ទោស​ទេ​ប៉ុន្តែ​ដើម្បី​បញ្ជាក់​ប្រាប់​កម្ពុជា​ថា​នៅ​មាន​ពេល​ដើម្បី​ចរចា​គ្នា​នៅ​មាន​ពេល​ដើម្បី​អង្គុយ​នៅ​នឹង​តុ​រវាង​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ប្រទេស​ឯ​ទៀតៗ​ហើយ​នឹង​អង្គការ​អន្តរជាតិ​ឯ​ទៀតៗ​ជាមួយ​នឹង​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បរិយាកាស​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សិទ្ធិ​មនុស្ស​គឺ​រៀបចំឡើង​វិញ​ព្រោះ​គេ​យល់​ថា​ការចរចា​ហ្នឹង​ត្រូវ​ស៊ីពេល​វេលា​ច្រើន​ណាស់​ហើយ​គេ​បារម្ភ‍»។​

​ហើយ​ពេល​វេលា​ដែល​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​គឺ​មុន​ពេល​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ២០២២ ​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឱក សេរីសោភក្តិ៍៕

XS
SM
MD
LG