ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ខ្លះថា​រដ្ឋបាល​លោក ​ត្រាំ​ត្រូវ​ផ្តោតលើ​តំបន់​អាស៊ាន​ស៊ីជម្រៅជាង​មុន


អ្នកតំណាងរាស្ត្រអាមេរិក អ្នកស្រី Ann Wagner (R-MO) ថ្លែងនៅវេទិកាអាស៊ានសំខាន់​សម្រាប់អាមេរិកនិងអាមេរិកសំខាន់សម្រាប់អាស៊ាននៅអគារសភាកាលពីខែកក្កដាឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)
អ្នកតំណាងរាស្ត្រអាមេរិក អ្នកស្រី Ann Wagner (R-MO) ថ្លែងនៅវេទិកាអាស៊ានសំខាន់​សម្រាប់អាមេរិកនិងអាមេរិកសំខាន់សម្រាប់អាស៊ាននៅអគារសភាកាលពីខែកក្កដាឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)

សមាជិក​សភា​អាមេរិក​ជម្រុញ​ដល់​រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ ឲ្យធ្វើគោល​នយោបាយ​ទាក់ទង​នឹង​តំបន់​អាស៊ាន​ដ៏មាន​សក្តានុពល​ឲ្យកាន់​តែ​ស៊ី​ជម្រៅជាង​មុន​ ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ពីតំបន់​ដែល​ចិន​កំពុង​មាន​ឥទ្ធិពលខ្លាំង។​

ក្រុម​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​បាន​ប្រមើល​មើល​ឃើញ​ថា​តំបន់​អាស៊ាន​គឺជា ប្លុក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ត្រូវការ​ចាំ​បាច់​ធ្វើ​ទំនាក់ ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ខ្លាំង​ជាង​ពេល​មុនៗ ​ខណៈ​ដែល ឥទ្ធិពល​ចិន​ចេះតែ​កើន​ឡើង​ខ្លាំង​ទៅៗ។

លោក​ស្រី ​អាន វែកនឺ​ (Ann Wagner ​-R-MO) ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ មក​ពី​រដ្ឋ ​មីសួរី ​(Missouri)​ ដែល​ជា​សហ​ប្រធាន ​គណៈកម្មាការ​ Asean​ Caucus ​នៃ គណៈ​គម្មាការ​ការ​បរទេស​សភា​បាន​អះអាង​ថា៖​

«តំបន់​អាស៊ាន​គឺពិត​ជា​តំបន់​យុទ្ធសាស្ត្រ​ស៊ី​ជម្រៅ​មួយ​ ហើយ​នឹង​មាន​សារៈ​សំខាន់ ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សហរដ្ឋ​អាមេរិក​ ហើយ​ជា​តំបន់​ដែល​មាន​កំណើន​ឥទ្ធិពល ពិភព​លោក‍»។

បន្ថែម​ពីលើ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​លោក​ស្រី ​Ann Wagner ​ដែលជា​អ្នកធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​អាស៊ី​អាគ្នេយ៍​ហៅថា ​South ​East​ Asia ​Act ​ឬហៅថា​ H.R. ​6828 ​កាល​ពី ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៨​នោះ ​បាន​ជម្រុញ​ដល់​រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ បញ្ជាក់​ឲ្យបាន​ច្បាស់ ធានា​យុទ្ធសាស្ត្រ​ និង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​អាស៊ាន​និង​ប្រទេស​ជា​សមាជិក​ទាក់ទង​នឹង​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច សន្តិភាព ​សន្តិសុខ ​ស្ថិរភាព​ក្នុង​តំបន់ ​និង ​តំបន់​ឥណ្ឌូ បាស៊ីហ្វ៊ិក ។

លោក​ស្រី​ថា​លោក​ស្រី​បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​បង្កើត​យុត្តិសាស្ត្រ គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​ធ្វើការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​តំបន់​អាស៊ាន​ រួមទាំង​ព័ត៌មាន អំពី​សម្ព័ន្ធមិត្ត​ ដៃគូ ​ការធ្វើ​វិនិយោគ​ ការអភិវឌ្ឍន៍​ គម្រោង​អំពី​សិទ្ធិមនុស្ស ​កិច្ចសហ ប្រតិបត្តិការ​សន្តិសុខ​ សន្តិសុខ​ផ្នែក​ថាមពល ​ការ​កសាង​សមត្ថភាព ​ការអនុវត្តន៍​ច្បាប់ អន្តរជាតិ​ និង ​ការ​ដាក់​ទណ្ឌកម្ម ​ហើយនឹង​ការ​បង្កើត​កិច្ចសហការ​ផ្នែក​ពាណិជ្ជកម្ម ដែល​មាន​បញ្ចូល​ជាមួយ​នឹង​ការ​វាយ​តម្លៃ​អំពី​ការ​ផ្តល់​ថវិកា​ផងដែរ។

«សហការី​របស់​ខ្ញុំ​ និង​ខ្ញុំ ​ប្តេជ្ញា​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​នឹង​តំបន់ ​ហើយ​ផ្តល់ ថវិកា​ដល់​កម្មវិធី​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ពង្រឹង​នីតិរដ្ឋ​និយាយ​ដោយ​ត្រង់​ទៅ​គឺ ប្រព័ន្ធ​យុត្តិធម៌ ​ហើយនឹង​ពង្រឹង​សេរីភាព​ព័ត៌មាន​ ការគោរព​សិទ្ធិមនុស្ស​ និង ​សេរីភាព នាវាចរណ៍ ​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​និស្សិត​ អ្នក​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​មក​ពី​ជុំវិញ តំបន់។ ​នោះគឺ​ជា​គោល​បំណង​របស់​យើង‍»។

ថ្លែង​ប្រាប់​ VOA ​នៅក្រោយ​ពីលោក​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធីអាស៊ាន​សំខាន់

ចំពោះ​អាមេរិក​ និងអាមេរិក​សំខាន់​ចំពោះ​អាស៊ាន​នៅឯ​រដ្ឋសភា​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ លោក ​ថេត យូហូ ​(Ted Yoho) ​សមាជិក​រដ្ឋ​សភា​នៃ​គណបក្ស​សាធារណ រដ្ឋមក​ពីរដ្ឋ ​Florida ​បាន​ធ្វើការ​កត់​សម្គាល់​អំពី​សារៈ​សំខាន់​ដែល​រដ្ឋបាល​លោក​ ត្រាំ ត្រូវ​មាន​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​ខ្លាំង​ថែម​ទៀត ​ជាកម្រិត​យុទ្ធសាស្ត្រ​ក្នុង វិស័យ​ជាច្រើន​រាប់ទាំង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​សន្តិសុខ ​វប្បធម៌​ជាដើម។

អ្នកតំណាងរាស្ត្រអាមេរិក លោក Ted Yoho (R-Fl) ថ្លែងនៅវេទិកាអាស៊ានសំខាន់​សម្រាប់អាមេរិកនិងអាមេរិកសំខាន់សម្រាប់អាស៊ាននៅអគារសភាកាលពីខែកក្កដាឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)
អ្នកតំណាងរាស្ត្រអាមេរិក លោក Ted Yoho (R-Fl) ថ្លែងនៅវេទិកាអាស៊ានសំខាន់​សម្រាប់អាមេរិកនិងអាមេរិកសំខាន់សម្រាប់អាស៊ាននៅអគារសភាកាលពីខែកក្កដាឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)

«ដៃគូ​យុត្តិសាស្ត្រ ​នឹង​ក្លាយ​ជារឿង​សំខាន់​ជាងមុន​ នៅពេល​ដែល​ចិន​បន្តភាព​ក្រអឺត ក្រទម​របស់​ខ្លួន​និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់ ​ឥណ្ឌូ ប៉ាស៊ីហ្វ៊ិក​ គំរាម​កំហែង ដល់​ប្រទេស​អាស៊ាន។ ​ហើយខ្ញុំ​នឹង​មិន​និយាយ​ច្រើន​អំពីរឿង​នេះទេ ​ដោយសារ​តែខ្ញុំ ជា​អ្នក​ប្រឆាំង​នឹង​បញ្ហានេះ​យ៉ាង​ខ្លាំង។​ ខ្ញុំជឿថា​រឿង​ដែល​សំខាន់​បំផុត​ដែល​សហរដ្ឋ អាមេរិក​អាច​ធ្វើបាន​សម្រាប់​អាស៊ាន​គឺការ​បង្ហាញ​ការគាំទ្រ​របស់​យើង​ហើយ​មាន វត្តមាន​ក្នុង​តំបន់។​ ខ្ញុំគិត​ថា​លោក​អ្នក​នឹង​ឃើញ​រឿងនេះ​នឹង​ដំណើរការ​ទៅមុខ​ក្នុង រដ្ឋបាល​នេះ​និង​រដ្ឋបាល​បន្ទាប់‍»។

លោក ​ថេត យូហូ ​ដែល​ចង់ឲ្យ​មាន​ច្បាប់​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន ​កើត ឡើង​ផង​នោះ​បាន​បន្ថែម​ថា​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​លើ​បញ្ហា​ជាច្រើន​យូរមក​ហើយ។

«អាស៊ាន​បាន​ក្លាយជា​ប្លុកនាំមុខ​ និង ​ជា​សហគមន៍​កសាង​និង​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ស្ថិរភាព​តំបន់​ ឥណ្ឌូ ប៉ាស៊ីហ្វ៊ិក។​ ប្លុក​អាស៊ាន​បាន​បង្កើត​ទំនាក់​ទំនង​ជិតដិត​ ជាមួយ សហរដ្ឋ​អាមេរិក​ ហើយ​ចាប់​តាំង​ពីឆ្នាំ​១៩៩៧ ​មក ​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​បាន ធ្វើ​កិច្ច​សហ​ប្រតិ្តបត្តិការ​លើ​បញ្ហា​ជាច្រើន​ចាប់ពី​បញ្ហា​សន្តិសុខ ​និង​ ការ​មិន​សាយ ភាយ​អាវុធ​នុយក្លេអ៊ែ‍»។

តំបន់​អាស៊ាន​១០​ប្រទេស ​ដែល​ក្នុងនោះ ​មាន​កម្ពុជា​ផងនោះ​ មាន​ពលរដ្ឋ​សរុប ​ជាង ៦៥០ ​លាន​នាក់។​ ហើយ​បើតាម​តួលេខ​របស់​អង្គការ​បី ​ដែលរួម​គ្នា​សម្ពោធ​សៀវភៅ ស្តីពី ​អាស៊ាន​សំខាន់​សម្រាប់​អាមេរិក​និង​អាមេរិក​សំខាន់​សម្រាប់​អាស៊ាន ​ដែល​រៀប ចំ​ដោយ​«ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ អាមេរិក ​អាស៊ាន‍» ​មជ្ឈមណ្ឌល «East West Center‍» ក្នុង​ប្រទេស​អាមេរិក​ និង​ វិទ្យាស្ថាន ​«ISEAS Yousof Ishak Institute‍»​ នៃ​ប្រទេស សីង្ហបូរី ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ប្លុកអាស៊ាន​ទាំង​១០​ប្រទេស​ មាន​ផលិត​ផល​សរុប​ក្នុង ស្រុក ​GDP ​ដល់ទៅ​ ២.៨ ​លាន លាន ​ដុល្លារ​អាមេរិក ​ហើយ​ជា​តំបន់​សេដ្ឋកិច្ច​ទី៣ ក្នុង​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វ៊ិក ​បន្ទាប់​ពីចិន ​និង​ ឥណ្ឌា។ ​ហើយ​អាស៊ាន​ជា​ទីតាំង​សំខាន់ សម្រាប់​ពាណិជ្ជកម្ម​ពិភព​លោក ​ដែល​បង្កើត​ចំណូល​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​កាត់ តំបន់​ដល់​ទៅ​ ៣.៤ ​លាន លាន​ ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​មួយឆ្នាំៗ ​អាមេរិក​នាំចូល​ទំនិញ​និង​សេវាកម្ម​ទៅកាន់​អាស៊ាន​ដែលមាន​ទឹកប្រាក់​ ដល់​ទៅ ​១០៥ ​ពាន់​លាន​ដុល្លារ​ ក្រៅពី​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាច្រើន​រួមទាំង​ សេដ្ឋិកច្ច សន្តិសុខ ​ការទូត​ ផងនោះ។

នៅក្នុង​សៀវភៅ​អាស៊ាន​ដដែល​បាន​ទស្សទាយ​ថា​ អាស៊ាន​នឹងមាន​កំណើន​សេដ្ឋកិច្ច ៥.៥ ​ភាគរយ ​ក្នុងមួយ​ឆ្នាំ ​ហើយនឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ធំបំផុត​ ទី៤​ក្នុង​ពិភពលោក នៅឆ្នាំ​២០៥០។

ថ្លែង​ក្នុង​វេទិកា​ស្តីពី​អាស៊ាន​នៅឯ​អគារ​រដ្ឋសភា​ដែល​មាន​ការ​ចូលរួម​ជាច្រើន​ពី​ស្ថាប័ន រដ្ឋ​ ឯកជន​ និង ​តំណាង​ទូត​អាស៊ាន​មួយ​ចំនួន​ រួមទាំង​កម្ពុជា​ផង​នោះ​ លោក MAHENDRA SIREGAR ​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​ប្រទេស​អាមេរិក​បាន​ថ្លែង​ពី សក្តានុពល​តំបន់​អាស៊ាន​និង​ការ​បើក​ចំហរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​សន្តិសុខ​ ជាមួយ​សហរដ្ឋ​អាមេរិក។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Mahendra Siregar ថ្លែងនៅវេទិកាអាស៊ានសំខាន់​សម្រាប់អាមេរិកនិងអាមេរិកសំខាន់សម្រាប់អាស៊ាននៅអគារសភាកាលពីខែកក្កដាឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Mahendra Siregar ថ្លែងនៅវេទិកាអាស៊ានសំខាន់​សម្រាប់អាមេរិកនិងអាមេរិកសំខាន់សម្រាប់អាស៊ាននៅអគារសភាកាលពីខែកក្កដាឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)

«តំបន់​ប្រកប​ដោយ​យុត្តិសាស្ត្រ​នេះ​គឺផ្តល់​ឳកាស​ដ៏ធំធេង​សម្រាប់​ការ​វិនិយោគ​ផ្នែក​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការតភ្ជាប់​នានា​ ដែល​ជាកន្លែង​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន និង​អ្នក​វិនិយោគ​ មាន​បំណង​ក្នុងការ​ចូលរួម។ ​ហើយខ្ញុំ​សូម​បញ្ជាក់​អំពី​សារៈ​សំខាន់ នៃច្បាប់​មួយ​ហៅថា​ BUILD ACT ​ឬ ​ជាច្បាប់​ស្តីពី​ការ​ប្រើប្រាស់​វិនិយោគ​ឲ្យ​ប្រសើរ​ឡើង​ដើម្បី​ការ​អភិវឌ្ឍន៍ ​ក្នុង​ការ​សម្រួល​ឲ្យមាន​វិនិយោគ​ច្រើន​លើ​គម្រោង​ហេដ្ឋា​រចនា សម្ព័ន្ធ‍​ដែលអាច​ទទួល​បាន​ប្រាក់​ចំណាយ​នោះ»។

លោក​ អេឡិចសាន់ឌឺ ហ្វេលមែន​ (ALEXANDER ​C FELDMAN) ​ជា​ប្រធាន​ក្រុម ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក ​អាស៊ាន​ បាន​ថ្លែងថា​តំបន់​អាស៊ាន​គឺជា​ប្លុក​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ពិភព​លោក​សម្រាប់​ការ​វិនិយោគ ​ហើយ​លោក​មានក្តី​រំពឹងថា​រដ្ឋាភិបាល អាមេរិក​នឹង​គិតគូរ​បន្ថែម​អំពី​តំបន់​នេះ។

«ខ្ញុំគិតថា​រដ្ឋបាល​សហរដ្ឋ​អាមេរិក​នឹង​ប្តេជ្ញាចិត្ត​ចំពោះ​តំបន់​អាស៊ាន​ ហើយ​នឹង​ចំពោះ តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វ៊ិក ​ហើយ​យុទ្ធសាស្ត្រ​នោះនឹង​ផ្តល់​ឲ្យ​អាមេរិក​មាន​ទំនាក់​ទំនង​ជិត​ដិត​ជាមួយ​តំបន់‍​អាស៊ាន»។

លោក Alexander C. Feldman ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ចអាមេរិក-អាស៊ាន ថ្លែង​នៅ​វេទិកា​អាស៊ាន​សំខាន់​សម្រាប់​អាមេរិក​និង​អាមេរិក​សំខាន់​សម្រាប់​អាស៊ាន​នៅ​អគារ​សភា​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)
លោក Alexander C. Feldman ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ចអាមេរិក-អាស៊ាន ថ្លែង​នៅ​វេទិកា​អាស៊ាន​សំខាន់​សម្រាប់​អាមេរិក​និង​អាមេរិក​សំខាន់​សម្រាប់​អាស៊ាន​នៅ​អគារ​សភា​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៩ ។ (សុខ ខេមរា/VOA)

លោក​អះអាង​ថាតំបន់​អាស៊ាន​មាន​វប្បធម៌​ចម្រុះ ​មាន​ជំនាញ​និង ​ទេព្យ​កោសល​ច្រើន ដែល​លោក​គិតថា​ ក្រុមហ៊ុន​អាមេរិកាំង​ចូលចិត្ត​ពលរដ្ឋ​អាស៊ាន​ ស្រឡាញ់​តំបន់​ដែល មាន​យុវជន​រាប់រយ​លាន​នាក់​ជា​ធន​ធាន​មនុស្ស​គឺច្រើន​ជាង​ពលរដ្ឋ​អាមេរិក​ទៅ​ទៀត។

«ពាណិជ្ជកម្ម​សំខាន់​ណាស់​សម្រាប់​អាមេរិក។​ការធ្វើ​ពាណិជ្ជកម្ម​អាស៊ាន ​អាមេរិក​មាន ជាង​១០០​ពាន់​លាន​ក្នុងមួយ​ឆ្នាំ ​ហើយ​មាន​រដ្ឋ​ចំនួន២២​ក្នុង​ប្រទេស​អាមេរិក​ មាន ពាណិជ្ជកម្ម​ជាង​១ពាន់​លាន​ក្នុង​មួយឆ្នាំ​ជាមួយ​នឹង​អាស៊ាន‍»។

លោក​បាន​បន្ថែម​សេចក្តី​ថា ​ពាណិជ្ជកម្ម​អាស៊ាន​ជាមួយ​អាមេរិក​មាន​ច្រើន​ជាង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ជាមួយ​នឹង​ប្រទេស​ធំៗ​ចំនួន​៤ ​គឺ ​ចិន​ ឥណ្ឌា ​ជប៉ុន ​និង​កូរ៉េ ខាង​ត្បូង។

នៅ​ឯ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​អាស៊ាន​ក្នុងទីក្រុង​បាងកក​លោក​ Mike Pompeo ​រដ្ឋមន្ត្រី​ការ បរទេស​អាមេរិក​ បាន​ជំរុញ​ដល់​ប្រទេស​អាស៊ាន​ឲ្យជឿ​ទុកចិត្ត​សហរដ្ឋ​អាមេរិក​ដោយ បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​ជាច្រើន​ទសវត្សរ៍​មក​នេះ​បាននាំ​ឲ្យ​សម្ព័ន្ធ​មិត្ត​ធ្វើឲ្យ តំបន់​អាស៊ី​ដើរចេញ​ពី​ភាព​ក្រីក្រ​ទៅកាន់​ភាព​រីក​ចម្រើន​ ក្រៅពី​បាន​បញ្ជាក់​ពីយុទ្ធ សាស្ត្រ​ឥណ្ឌូ ប៉ាស៊ីហ្វ៊ិក​របស់​រដ្ឋបាល​លោក​ ត្រាំ​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង​បាងកក​ និង ​រិះគន់​គោល​នយោបាយ​ចិន ​ចំពោះ​តំបន់​ផង​នោះ។

XS
SM
MD
LG