ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​ ​លី ស្រីវីណា​ លាលែង​ពី​បក្ស​ប្រឆាំង​ តែ​មិន​ចូល​បក្ស​ប្រជាជន​ទេ 


រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

អតីត​អ្នកតំណាងរាស្រ្ត​ម្នាក់​ដែល​បាន​លាលែង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មុខ​មកបកស្រាយនៅ​ថ្ងៃ​សុក្រ​នេះថា​ លោកស្រី​មិន​មាន​ចេតនា​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ការ​ផ្សព្វផ្សាយ​នានា​តាម​បណ្តាញ​សង្គម​ទេ។

លោកស្រី​ ​លី ស្រីវីណា​ ដែល​ធ្លាប់​ជា​អ្នកតំណាងរាស្រ្ត​មណ្ឌល​ភ្នំពេញ​បាន​បញ្ជាក់ថា​ ការ​សុំ​លាលែង​ គឺ​ធ្វើ​ឡើង​ដោយសារ​មាន​ការ​មមាញឹកក្នុង​វិជ្ជាជីវៈ។​

លោកស្រី​ ​លី ស្រីវីណា​ ​បានបន្ថែម​ក្នុង​លិខិត​បំភ្លឺ​ថា៖​

​«ការ​លាលែង​នេះ​គឺ​ ដោយ​សារ​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ​ ​កិច្ចការ​វិជ្ជាជីវៈ​របស់​នាង​ខ្ញុំ​មាន​ភាព​កាន់តែ​មមាញឹក។​ ​នាង​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​នាងខ្ញុំ​មិន​ត្រូវ​ការ​ ​និង​មិន​បាន​សុំ​តំណែង​អ្វី​មួយ​ពី​គណ​បក្ស​កាន់​អំណាច​ដូច​ការ​ផ្សព្វ​ផ្សាយតាម​គណនី​បណ្តាញ​សង្គម​មួយ​ចំនួន​នោះ​ទេ»។​

យោង​តាម​មន្ត្រី​គណបក្ស​គឺ ​លោកស្រី​លី ស្រីវីណា ដែល​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​បាន​សុំ​លាលែង​តាំងពី​ថ្ងៃទី​១ខែ​កញ្ញា​គឺ មុន​ការ​ចាប់​ខ្លួន​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​នាំ​ឱ្យ​មាន​ការតានតឹង​នយោបាយ​នៅ​កម្ពុជា​ និង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​ប្តឹង​រំលាយហើយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​អំពាវ​នាវ​ឱ្យ​អ្នក​តំណាងរាស្រ្ត​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​គណបក្ស​ប្រឆាំង​ចុះ​ចូល​មុន​នឹង​ការ​រំលាយ។ ​

​លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាងរាស្រ្ត​ ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា មូល​ហេតុ​នៃ​ការចាកចេញ​របស់​លោកស្រី​ ​លី ស្រីវីណា​ ​គឺ​ជា​ការពិត​ ​ហើយ​លោក​ថា​ ​គណបក្ស​បាន​ជ្រើស​រើស​បេក្ខភាព​ថ្មី​សម្រាប់​ជំនួស​កន្លែង​ទំនេរ​របស់​លោកស្រី​រួចរាល់​ហើយ។​

​លោក​ ​សុន ឆ័យ​ ​មាន​ប្រសាសន៍​ថា៖​

«ដោយ​សារ​ការងារ​រវល់​របស់​លោកស្រី​ ​ហើយ​ចង់​ទុក​ឱកាស​ឲ្យ​សមាជិក​បេក្ខជន​បន្ទាប់​ហ្នឹង​អាច​នឹងបន្ត​ជា​តំណាង​រាស្រ្ត​រយៈពេល​ចុងក្រោយ​នេះ​ ​ក៏​លោកស្រីក៏​លាលែង​ទៅ។​ ​ដូច្នេះ​ខ្ញុំថា នេះគឺជា​ការ​ឆ្លុះ​បញ្ចាំង​ការពិត​ហើយ​អំពី​ការ​លាលែង​នេះ។​ ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការទៅ​ចុះចូលគណបក្ស​ណា ​ឬ​ក៏​ការ​សៅហ្មង​ណាមួយ​នៅ​ក្នុង​គណបក្ស​ទេ»។​

បើ​តាម​លោក​ ​សុន ឆ័យ ​រហូត​មក​ដល់​ពេល​នេះ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ ៥៥​រូប​ ​មាន​តែ​ ១៨​រូប​ប៉ុណ្ណោះ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​តំណាង​រាស្រ្ត​មួយ​រូប​បាន​ចុះចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច។​ ​ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង​ ៥០​នាក់​ក្នុងចំណោម​ ​៥០០៧​នាក់​នៅ​ទូទាំង​ប្រទេស​ ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។​ ​លោក​បន្ថែម​ថា​ ​អ្នក​ដែល​សម្រេច​ចុះ​ចូល​ទាំង​នោះ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG