ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ សមរភូមិ​ក្នុង​ហឹប​ឆ្នោត​ដ៏​តាន​តឹង​គឺ​នៅ​ភ្នំពេញ


មនុស្សម្នាដើរកម្សាន្តមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលនៅម្ខាងទៀតនៅទន្លេសាប មានអគារសណ្ឋាគារសុខាដែលទើបសាងសង់រួចលូតផុតឡើង។ (អូន ឆេងប៉រ/VOA)
មនុស្សម្នាដើរកម្សាន្តមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលនៅម្ខាងទៀតនៅទន្លេសាប មានអគារសណ្ឋាគារសុខាដែលទើបសាងសង់រួចលូតផុតឡើង។ (អូន ឆេងប៉រ/VOA)

លោក ​សាយ​ ឈុំ ​ដែល​ជា​អនុ​ប្រធាន​បក្ស​ផង​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​មជ្ឈឹម​បក្ស​ចុះ​ជួយ​រាជ​ធានី​ផង​នោះ​ បាន​ប្រកាស​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​រក្សា​ប្រៀប​ឈ្នះ​ក្នុង​រាជធានី​បន្ត​ទៅ​ទៀត ​ដោយ​ហេតុ​ថា​បក្ស​កាន់​អំណាច​យូរ​ឆ្នាំ​មួយ​នេះ ​បាន​នាំ​មក​ឱ្យ​ប្រជា​ពលរដ្ឋ​រាជ​ធានី ​នូវ​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត។

នៅ​ថ្ងៃ​អាទិត្យ ​ទី៤​ ខែ​មិថុនា ​ឆ្នាំ២០១៧​នេះ ​ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ពេញ​សិទ្ធិ​នៅ​ទូទាំង​ប្រទេស​ដែរ​ នឹង​ត្រូវ​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​នៅទូទាំង​រាជធានី​ដ៏​ចំណាស់​មួយ​នេះ។ ​តំណាង​គណបក្ស​ធំៗ ​សុទ្ធ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ថា​ ខ្លួន​អាច​នឹង​កើប​ប្រមូល​ជ័យ​ជម្នះ​បាន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ដ៏​ចំណាស់​មួយ​នេះ ខណៈ​ដែល​អ្នក​វិភាគ​ទាយ​ទុក​មុន​ពី​ការ​ប្រកួត​ប្រជែង​ដ៏​តាន​តឹង​សម្រាប់​ទីក្រុង​ភ្នំពេញ​មួយ​នេះ។

នៅ​ចំពោះ​មុខ​សមាជិក​បក្ស​និង​អ្នក​គាំទ្រ​ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​កោះពេជ្រ​ អំឡុង​ពេល​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា ​លោក​ប្រធាន​ព្រឹទ្ធសភា ​សាយ ​ឈុំ ​បាន​ពោល​សរសើរ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​រាជធានី​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​សុទ្ធសាធ ​ថា​បាន​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​ក្នុង​មូលដ្ឋាន​រាជធានី​«ពិតៗ»។

​លោក ​សាយ​ ឈុំ ​ដែល​ជា​អនុ​ប្រធាន​បក្ស​ផង​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​មជ្ឈឹម​បក្ស​ចុះ​ជួយ​រាជ​ធានី​ផង​នោះ​ បាន​ប្រកាស​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​រក្សា​ប្រៀប​ឈ្នះ​ក្នុង​រាជធានី​បន្ត​ទៅ​ទៀត ​ដោយ​ហេតុ​ថា​បក្ស​កាន់​អំណាច​យូរ​ឆ្នាំ​មួយ​នេះ ​បាន​នាំ​មក​ឱ្យ​ប្រជា​ពលរដ្ឋ​រាជ​ធានី ​នូវ​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត។

លោក ​សាយ​ ឈុំ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា៖

«គណបក្ស​យើង​ពិត​ជា​ឈ្នះ​ដាច់​ខាត ​ដោយ​មូលហេតុ ​យើង​មាន​គោល​នយោបាយ​ត្រឹមត្រូវ​ ដែល​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន ​និង​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​បន្ត​ទៅ​មុខ​ទៀត»។

លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

​ដោយ​មិន​អាច​ប្រកែក​បាន ​រាជធានី​ភ្នំពេញ​ជា​មណ្ឌល​បោះឆ្នោត​តែ​មួយ​គត់​នៅ​ទូទាំង​ប្រទេស ​ដែល​ទទួល​ផល​ ​និង​ផ្លែ​ផ្កា​ច្រើន​ជោគ​ជាំ​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស​របស់​ប្រទេស ​និង​ដែល​បាន​ប្រែ​ក្លាយ​មុខ​មាត់​ថ្មី​ជាមួយ​នឹង​អគារ​ខ្ពស់ៗ​ មណ្ឌល​ពាណិជ្ជកម្ម ​ឧស្សាហកម្ម ​អប់រំ​សិក្សាធិការ ​និង​ទេសចរណ៍​ ដែល​ស្រូប​ទាញ​នូវ​ប្រជាជន​ដែល​បម្លាស់​ទី​មក​ពី​គ្រប់​ទិសទី​នៃ​ប្រទេស​ចូល​មក​រក​ការងារ​ធ្វើ ​និង​បន្ត​ការ​សិក្សា។

​សាលា​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​អភិបាល​រាជធានី​ដែល​ចូល​មក​កាន់​តំណែង​នេះ ​តាម​រយៈ​ការ​ចាត់​តាំង​ស្រប​ខ្សែ​បណ្ដាញ​ពី​ថ្នាក់​រាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ទៅ ​បាន​ដឹក​នាំ​ការ​ដោះស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មក ​ដូច​មាន​បញ្ហា​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក​ជំនន់ ​ការ​ជួស​ជុល​ផ្លូវ​នានា​ក្នុង​ក្រុង​ និង​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ជា​ដើម។

​ក៏​ប៉ុន្តែ​ បើ​ទោះ​ជា​ការ​អភិវឌ្ឍ​លឿន​រហ័ស​យ៉ាង​ណា​ក្ដី ​សម្រាប់​គណបក្ស​ប្រជាជន ​ដែល​គ្រប់គ្រង​រដ្ឋបាល​គ្រប់​ថ្នាក់​ក្នុង​រាជធានី ​តាំង​ពី​ថ្នាក់​រាជ​ធានី ​ដល់​ថ្នាក់​ភូមិ​សង្កាត់ ​តែង​តែ​ប្រឈម​នឹង​ការ​គាំទ្រ​មិន​ប្រាកដ​ប្រជា​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​កាល​ពី​ការ​បោះ​ឆ្នោត​កន្លង​មក។

​ក្នុង​ចំណោម​ការ​បោះឆ្នោត​៨លើក ​តាំង​ឆ្នាំ​១៩៩៣​មក ​ដែល​មាន​ទាំង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ និង​ការ​បោះ​ឆ្នោត​ជាតិ​ គណបក្ស​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​មួយ​នេះ ​ទទួល​នូវ​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត ​តែ​បាន​បួន​លើក​ប៉ុណ្ណោះ​គឺ​ក្នុង​ឆ្នាំ២០០២ ​ឆ្នាំ២០០៧ ​ឆ្នាំ២០០៨ ​និង​ឆ្នាំ២០១២។

​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១២ ​បក្ស​ប្រជាជន​ធ្វើ​បាន​ល្អ​បំផុត​ ដោយ​កើប​ប្រមូល​កៅអី​ចៅ​សង្កាត់​ទាំង​៩៦​សង្កាត់​នា​ពេល​នោះ ​ដែល​ជា​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​រូប​ច្បាស់​លាស់​នៅ​ឡើយ​ និង​គ្រប់គ្រង​សំឡេង​គាំទ្រ​ឈ្នះ​ដាច់​ដល់​ទៅ ​៦៣%​នៃ​សំឡេង​ឆ្នោត​សរុប។

​កន្លង​មក​ត្រឹម​តែ​មួយ​ឆ្នាំ ​ពោល​គឺ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ គណបក្ស​ប្រជាជន​ដែល​បាត់​បង់​អស់​កៅអី​រដ្ឋ​សភា​២២​អាសនៈ​នៅ​ទូទាំង​ប្រទេស បាន​ចាញ់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​បាន​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ​ជាមួយ​នឹង​សំឡេង​ឆ្នោត​គាំទ្រ​៥៨%​សម្រាប់​នៅ​មណ្ឌល​ភ្នំពេញ​មួយ។

លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/VOA)
លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/VOA)

​នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ​ដែល​បក្ស​ប្រជាជន​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើស​លប់ ​នៅ​ទី​ក្រុង​ដែល​មាន​កំណើន​អភិវឌ្ឍ​ខ្ពស់​មួយ​នេះ ​រាប់​តាំង​ពី​ឆ្នាំ១៩៩៣ ​ឆ្នាំ១៩៩៨ ​ឆ្នាំ២០០៣ ​និង​ឆ្នាំ២០១៣ ​បក្ស​ដែល​មិន​មែន​គណបក្ស​ប្រជាជន​បាន​ស្រូប​ទាញ​កម្លាំង​គាំទ្រ​ច្រើន​ជាង​បក្ស​កាន់​អំណាច​មួយ​នេះ​ជានិច្ច។

​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​ទី៤ ​ខែមិថុនា ​ខាង​មុខ​នេះ ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បក្ស​ជំទាស់ ​នឹង​ចូល​រួម​ជាមួយ​នឹង​គណបក្ស​ផ្សេង​ទៀត ​ប្រកួត​ប្រជែង​យក​កៅអី​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន​៨៩៩​កន្លែង ​នៅ​១០៥​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ។

​ការ​ប្រទាញ​ប្រទង់​ប្រផិត​ប្រផើយ​នៃ​សំឡេង​គាំទ្រ​របស់​បក្ស​កាន់​អំណាច​នៅ​ភ្នំពេញ ​គឺ​ដោយ​សារ​តែ​បក្ស​មួយ​នេះ​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ទាក់​ទាញ​សំឡេង​ឆ្នោត ​ដែល​មិន​មាន​ប្រសិទ្ធភាព​ និង​ឥទ្ធិពល​អ្វី​ជា​ដុំ​កំភួន​ដល់​សតិ​អារម្មណ៍​អ្នក​បោះ​ឆ្នោត​ក្នុង​ទីក្រុង​ឡើយ។ ​នេះ​បើ​តាម​លោក​បណ្ឌិត ​Markus ​Karbaum ​អ្នក​ជំនាញ​ការ​ម្នាក់​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។

លោក​ Karbaum ​បាន​ប្រាប់ VOA ​តាម​សារ​អេឡិចត្រូនិច​ក្នុង​ន័យ​ដើម​ថា៖

​«នៅ​ពេល​ដែល​អ្នក​បោះ​ឆ្នោត​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង​លើ​ខ្លួន​ឯង ​ហើយ​អាច​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិត​ល្អន់ ​លើ​មេ​ដឹកនាំ​ដែល​មាន​ចរឹត​ដាច់​ណាត់​ (ដោយ​សារ​តែ​កម្រិត​វប្បធម៌​ពួក​គេ​ខ្ពស់) ​លទ្ធភាព​ដែល​ពួក​គេ​នឹង​បោះ​ឆ្នោត​ជូន​បក្ស​មិន​មែន​រដ្ឋាភិបាល​មាន​កាន់​តែ​ខ្ពស់»។

​អ្នក​ជំនាញ​រូប​នេះ​បាន​និយាយ​បន្ថែម​ថា​ អ្នក​បោះឆ្នោត​នៅ​ភ្នំពេញ​បាន​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់​ អំពី​បញ្ហា​នានា​ដែល​ប្រឈម​ឡើង​ចំពោះ​មុខ​ពួក​គេ ​ក្នុង​ពេល​ដែល​ទីក្រុង​កំពុង​រីក​ដុះដាល ​រួម​មាន​បញ្ហា​ចរាចរណ៍​ បញ្ហា​ចម្រូងចម្រាស​នៃ​គម្រោង​អភិវឌ្ឍ​ដ៏​ប្រទាញ​ប្រទង់​មួយ​ចំនួន​ក្នុង​ទីក្រុង​មួយ​នេះ ​និង​បញ្ហា​សន្តិសុខ។

​ក៏​ប៉ុន្តែ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​សន្តិសុខ​រើស​ថ្មី​នៅ​តាម​ខណ្ឌ​ ដើម្បី​វាយ​បង្ក្រាប​មិន​ប្រណី​ដៃ​លើ​ការ​តវ៉ា​នានា​ក្នុង​ទីក្រុង​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​មក ​ក្រោម​ហេតុ​ផល​រក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ បាន​នាំ​ឱ្យ​ប្រជា​ប្រិយភាព​ និង​ស្នាដៃ​កសាង​នានា​ក្នុង​ទីក្រុង​ស្ថិត​ក្នុង​ចម្ងល់​មួយ​ថា​ តើ​អាច​ទទួល​បាន​ការ​គាំទ្រ​ឬ​អត់។

​លោក​អភិបាល​រាជធានី​ភ្នំពេញ ​ប៉ា ​សុជាតិវង្ស ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​សម្រាប់​អត្ថបទ​រាយ​ការណ៍​មួយ​នេះ​របស់​ VOA​ ទេ ​ដោយ​ថា​ វា​មិន​មាន​ប្រយោជន៍​អ្វី​ដែល​លោក​គ្រាន់​តែ​លើក​សរសើរ​ស្នាដៃ​ខ្លួន​ឯង​នោះ​ ហើយ​លោក​ថា ​បើ​ឱ្យ​លោក​និយាយ​ លោក​មុខ​ជា​នឹង​ត្រូវ​«អួត»​ខ្លួន​ឯង​ហើយ។

​ថ្មីៗ​នេះ ​ការ​ថ្លែង​នានា​អំពី​គំនិត​ផ្ដួច​ផ្ដើម​មួយ​ចំនួន​សម្រាប់​ការ​គ្រប់គ្រង​រាជធានី​ភ្នំពេញ ​របស់​លោក​អភិបាល​ ប៉ា​ សុជាតិវង្ស ​បាន​ទទួល​ការ​សរសើរ​ផង ​ចំអក​ពេប​ជ្រាយ​ផង ​ដូច​យ៉ាង​ការណ៍​ដែល​លោក​ចង់​ឱ្យ​មាន​ការ​បញ្ឈប់​ការ​នាំ​ចូល​ឡាន​ជជុះ​ដើម្បី​បញ្ចៀស​ការ​ស្ទះ​ចរាចរណ៍​ ការ​ហាម​ឃាត់​សត្វ​សុនខ​មិន​ឱ្យ​ឡើង​សួន​សាធារណៈ​ ការ​ចង់​ហាម​មិន​ឱ្យ​មាន​ស្ថានីយ៍​ជួសជុល​រថយន្ត​នៅ​ក្នុង​ក្រុង ​និង​ការ​ព្រមាន​ម្ចាស់​គ្រឹះស្ថាន​ធនាគារ​ក្នុង​ការ​ដាក់​ទូរ​ដក​លុយ ​ATM ​នៅ​កន្លែង​ដែល​មិន​មាន​ការ​យាម​កាម​ត្រឹមត្រូវ។

ការកើន​ឡើង​នៃ​សំណង់​អគារ​ខ្ពស់ៗ​នៅ​បុរី​កីឡា តាម​បណ្តោយ​ផ្លូវ​លេ​១៦៩​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
ការកើន​ឡើង​នៃ​សំណង់​អគារ​ខ្ពស់ៗ​នៅ​បុរី​កីឡា តាម​បណ្តោយ​ផ្លូវ​លេ​១៦៩​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

​លោក ​ហុក ​ឆាយឡេង ​ជា​ពលរដ្ឋ​ម្នាក់​អាយុ​២២​ឆ្នាំ​ ដែល​ត្រូវ​បោះឆ្នោត​នៅ​ក្នុង​ខណ្ឌ​ទួលគោក ​បាន​ឱ្យ​ដឹង​ថា ​ការ​ថ្លែង ​គំនិត​ផ្ដួច​ផ្ដើម ​និង​ក៏​ដូច​ជា​សកម្មភាព​នានា​នៅ​ថ្នាក់​រាជធានី ​និង​ថ្នាក់​ខណ្ឌ ​ក៏​អាច​មាន​ឥទ្ធិពល​មក​ដល់​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ។

​និស្សិត​ឆ្នាំ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​រូប​នេះ​ បាន​និយាយ​ប្រាប់​ VOA ​ថា៖

​«ដោយ​សារ​នេះ​វា​ស្ថិត​នៅ​ក្នុង​រាង​តំបន់​ដែរ​ ដូច​យើង​នៅ​ក្រុង​ភ្នំពេញ​អ៊ីចឹង​ ការងារ​របស់​អភិបាល​ក្រុង​ ការងារ​អី ​អាច​ប៉ះ​ពាល់​ទឹក​ចិត្ត​យើង​ដែរ ​ដោយ​សារ​តែ​យើង​ជិត​ដិត​នឹង​គាត់​ យើង​រស់នៅ​ក្នុង​តំបន់​របស់​គាត់។​ បើ​គាត់​ធ្វើ​ការ​រាង​ពិបាក​ទៅ ​វា​រាង​ទើស​ទាល់​ពេក​ទៅ ​យើង​រាង​បាក់​ទឹក​ចិត្ត​ដែរ​ យើង​ថា ​ហ្អេ៎ ​អត់​ចង់​ឱ្យ​គាត់​នៅ​ទៀត​ទេ»។

​លោក​ ឆាយឡេង​ បាន​បន្ថែម​ថា ​ជួន​កាល​ការ​ថ្លែង​នានា​របស់​ថ្នាក់​ដឹក​នាំ​រាជធានី ​ធ្វើ​ឱ្យ​លោក​មាន​ការ​អស់​សំណើច​ហើយ​គិត​ថា ​ជួន​កាល​មាន​អារម្មណ៍​ថា ​ធ្វើ​ការងារ​ហាក់​ដូច​ជា​«ក្មេង​លេង»។

​ក៏​ប៉ុន្តែ​ពលរដ្ឋ​ផ្សេង​ទៀត​ដូច​ជា​លោក ​ឃុន​ វិសាល ​វ័យ​៤៥ឆ្នាំ​ ដែល​រស់​នៅ​ភ្នំពេញ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ហាក់​មាន​ក្ដី​សមាន​ចិត្ត​ និង​កោត​សរសើរ​ចំពោះ​ការ​ដឹក​នាំ​រាជធានី ​និង​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​ដ៏​រហ័ស​របស់​ទីក្រុង​មួយ​នេះ។

​ថ្លែង​នៅ​គេហដ្ឋាន​របស់​លោក ​ក្បែរ​វត្ត​ប្រយូរវង្ស ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​លោក​ វិសាល ​បាន​និយាយ​ថា៖

​«អគារ​កាន់​តែ​ធំៗ​ទៅ​ ជុំវិញ​ឡើង​សុទ្ធ​តែ​អគារ​អស់​ហើយ​ឥឡូវ​ ...​ ហ្អេ ​ឃើញ​ខ្ពស់ៗ​អ៊ីចឹង​ចេះ​តែ​សប្បាយ​ចិត្ត​ទៅ​ បាន​កុំ​តែ​អត់​មាន​អ្វី​សោះ»។

​លោក​ សុខ ​ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ទទួល​ស្គាល់​ថា​ សកម្មភាព​មួយ​ចំនួន​របស់​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ថ្នាក់​ក្រោម ​ចង់​មិន​ចង់ ​តែង​តែ​បង្ក​នូវ​សតិ​អារម្មណ៍​មិន​ពេញ​ចិត្ត​ពី​ចំណោម​មហា​ជន​ដែល​រង​ផល​ប៉ះ​ទង្គិច​ ដោយ​លោក​សំអាង​ហេតុ​ផល​ថា ​គ្មាន​អ្នក​ធ្វើ​ណា​អាច​ធ្វើ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។

​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ ​បាន​និយាយ​ថា ​គណបក្ស​បាន​ទទួល​ស្គាល់​នូវ​ចំណុច​ឆក​ល្វែង​ ក្រោយ​ពី​ទទួល​«ពីរ​បី​ដំបង»​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ហើយ​បាន​ខិតខំ​កែ​ប្រែ​ចំណុច​ខ្វះខាត​ជា​បន្តបន្ទាប់​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​បន្ត​ទៅ​ទៀត ​ទាំង​នៅ​រាជធានី ​ទាំង​នៅ​ទូទាំង​ប្រទេស។

​លោក ​សុខ ​ឥសាន ​ថ្លែង​ប្រាប់​ VOA ​ថា៖

​«គណបក្ស​ប្រជាជន​ដាច់​ខាត​ត្រូវ​តែ​ឈ្នះ​ឆ្នោត​ហើយ ​ដោយ​សារ​យើង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ​យើង​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​ស្នេហា​ប្រជាជន​ពិត​ប្រាកដ»។

​លោក ​ម៉ន​ ផល្លា ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​និយាយ​ថា​ ការ​កែប្រែ​ចំណុច​ខ្វះខាត​របស់​គណបក្ស​ប្រជាជន ​ទំនង​ជា​មិន​អាច​កែ​កុន​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ​នៅ​ភ្នំពេញ​បាន​នោះ​ទេ។

​បន្ថែម​ពី​នេះ​ លោក ​ម៉ន ​ផល្លា ​បាន​និយាយ​ថា​ ការ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ​មក​លើ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​មួយ​នេះ​ បាន​នឹង​នាំ​ឱ្យ​លោក​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ខាង​មុខ ​ហើយ​លោក​ជឿថា​ ប្រជា​ពលរដ្ឋ​ភ្នំពេញ​ដែល​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ ​នឹង​ផ្ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ។

​លោក​ ម៉ន​ ផល្លា ​បាន​ប្រាប់​ VOA ​ថា៖

​«ខ្ញុំ​យល់​ថា​ ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ​ដែល​មាន​សេដ្ឋកិច្ច​ មាន​ការ​អប់រំ​ មាន​ព័ត៌មាន​ មាន​ការ​វិភាគ​ មាន​ឧត្តមគតិ នឹង​បន្ត​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ​នា​ពេល​ខាង​មុខ​នេះ​ ជាពិសេស​នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ខាង​មុខ​នេះ ​នឹង​ធ្វើ​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ឈ្នះ​ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី​បាទ»។

នៅ​ថ្ងៃ​សុក្រ​ ទី២ ​ខែមិថុនា​ខាង​មុខ​នេះ ​ដែល​ជា​ថ្ងៃ​យុទ្ធនាការ​ចុង​ក្រោយ​ ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ ​នឹង​ហែរ​បញ្ចប់​យុទ្ធនា​ការ​ឃោសនា​របស់​ខ្លួន​នៅ​ភ្នំពេញ ​ដោយ​គ្រោង​ទុក​អ្នក​ចូល​រួម​១សែន​នាក់​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ដែល​ជា​ប្រធាន​បក្ស​កាន់​អំណាច ​បាន​បំបែក​កំណត់​ត្រា​ផ្ទាល់​ខ្លួន​របស់​លោក​តាំង​ពី​ឆ្នាំ​១៩៩៨​មក ​ដោយ​ដាក់​ចេញ​គម្រោង​ការ​ដឹក​នាំ​អ្នក​គាំទ្រ​១សែន​៥​ម៉ឺន​នាក់​ កាត់​ដង​ផ្លូវ​នានា​នៅ​ភ្នំពេញ​ដូច​គ្នា​ដែរ។

​ក៏​ប៉ុន្តែ​សម្រាប់​លោក​ Markus ​Karbaum​ ដែល​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ​និង​ដែល​ទាយ​ទុក​ថា ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​«ភ្លូក​ទឹក​ភ្លូក​ដី»​មិន​ត្រឹម​តែ​នៅ​ភ្នំពេញ ​តែ​ក៏​នៅ​តាម​បណ្ដា​ទី​ប្រជុំជន​ធំៗ​នៅ​ទូទាំង​ប្រទេស​នោះ ​បាន​យល់​ថា ការ​ចេញ​ដង្ហែ​របស់​លោក​ប្រធាន​បក្ស​ប្រជាជន ​នឹង​មិន​បង្ក​ការ​ប្រែ​ប្រួល​ខ្លាំង​ទេ​ ដល់​សតិ​អារម្មណ៍​អ្នក​បោះឆ្នោត​នៅ​ភ្នំពេញ ​ខណៈ​ដែល​ប្រជាជន​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​រួច​ទៅ​ហើយ​ថា​ នឹង​បោះឆ្នោត​ឱ្យ​បក្ស​ណា​នោះ៕

XS
SM
MD
LG