ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​សម រង្ស៊ី​ ​អំពាវនាវ​ឲ្យ​​​កម្មករ​ចូលរួម​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដើម្បី​​ការ​ផ្លាស់ប្តូរ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)

«ជា​គោលការណ៍​យើង​ប្រាប់​ទៅ​សមាជិក​យើង​ទាំងអស់​ឱ្យ​ធ្វើ​តាម​ច្បាប់​ហើយ​ មាន​ន័យ​ថា​ថ្ងៃ៤​ត្រូវតែ​ឱ្យ​ឈប់​សម្រាក​ ​ក្រៅ​ពី​ហ្អា​ហ្នឹង​ ឱ្យ​សហគ្រាស​មួយៗ​ទៅ​ ពិចារណា​ខ្លួន​ឯង​ ​ហើយ​សម្រួល​តាម​សហគ្រាស​និមួយៗ​ទៅ»។​

លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវនាវ​ឱ្យ​កម្មករ-កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​ចូលរួម​ការ​បោះ​ឆ្នោតឃុំ-សង្កាត់​ បើ​ទោះ​ជា​មិនមាន​ការ​អនុញ្ញាត​ច្បាប់​បន្ថែម​នឹង​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅស្ថាន​របស់​ខ្លួន​នៅ​តាម​ខេត្ត​នា​នា​ក៏​ដោយ។​ ​នេះ​បើ​យោង​តាម​វីដេអូ​ខ្លី​ដែល​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ។​

បន្ទាប់​ពី​សម្តែង​ការ​សោក​ស្តាយ​ដែល​ក្រសួង​ការងារ​ ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឈប់​សម្រាក​លើស​ពី​ថ្ងៃ​បោះឆ្នោត​ និង​មិន​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់កម្មករ-កម្មការិនី​ ឱ្យ​បាន​ចូល​រួម​បោះ​ឆ្នោត​ឃុំ-សង្កាត់​ពេល​ខាង​មុខ​ លោក​ ​សម រង្ស៊ី​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​បាន​ថ្លែង​ថា៖

«ទោះ​ជា​គេ​មិន​សម្រួល​ឱ្យ​កម្មករ-កម្មការិនី​ចូលរួម​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ក្មួយៗ​កម្មករ-កម្មការិនី​ហ៊ាន​លះបង់​ពេល​វេលា​ខ្លះ​នឹង​ថវិកា​ខ្លះ​ដើម្បី​ចូល​រួម​ក្នុង​ការបោះឆ្នោត​នេះ​ កុំបី​អាក់​ខាន​ឡើយ!​ ការ​លះបង់​នេះ​គឺ​តិច​តួច​ទេ​ ​ប្រៀបធៀប​ទៅ​នឹង​ផលចំណេញ​ដែល​ក្មួយៗ​កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ ​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​សង្គម​ដូច​យើង​ចង់​បាន​ទាំង​អស់គ្នា»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះ​ឆ្នោតឃុំ-សង្កាត់​អាណត្តិ​ទី៤ ​នា​ថ្ងៃ​អាទិត្យ​ ទី៤ ​ខែ​មិថុនា​ខាង​មុខ​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១២​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។​

ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​អនុញ្ញាត​ជា​ផ្លូវការ​ណា​មួយ​ឱ្យ​កម្មករ​-កម្មការិនី​ឈប់​សម្រាក​លើស​ពី​ថ្ងៃ​បោះឆ្នោត​ ដើម្បីធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​បោះឆ្នោត​នៅ​ស្រុក​កំណើត​របស់​ពួក​គេ​នៅ​ឡើយ​នោះ​ទេ។​ ​ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​សំណាក់​អ្នក​ឃ្លាំ​មើលការ​បោះឆ្នោត​និង​អ្នក​ការពារ​សិទ្ធិ​ការងារ​ចំពោះ​ការ​មិន​អាច​ចូល​រួម​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​របស់​កម្មករ-​កម្មការិនី​ឱ្យ​បាន​ពេញ​លេញ។​

VOA ​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​នៃក្រសួង​ការងារ​ និង​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​នេះ ​ដើម្បី​សុំ​ក្តី​អធិប្បាយ​បាន​ទេ​នា​ថ្ងៃ​អង្គារ​នេះ។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ.ជ.ប.​ ​បាន​ឱ្យ​មាន​ការ​សម្រប​សម្រួល​ដល់បុគ្គលិក​ឯកជន និង​កម្មករ​-កម្មការិនី​ទាំងអស់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃទី​៤ ខែ​មិថុនា​ខាង​មុខ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ឱកាស​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​នយោបាយ​របស់​ខ្លួន​ ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន ​ដែល​ខ្លួន​ពេញចិត្ត។​

លោក​ ​ខេន លូ​ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC ​ថ្លែង​ប្រាប់​ VOA​ នា​ថ្ងៃ​អង្គារ​នេះ​ថា​ ​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​តម្រូវ​ពី​ក្រសួង​ ​ណា​មួយ​ឱ្យ​កម្មករ-​កម្មការិនី​ឈប់​សម្រាក​ច្រើន​ថ្ងៃ ​ឬ​សម្រួល​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​តាម​ខេត្ត​នា​នា​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​សមាគម​រោងចក្រ​កាត់ដេរបាន​សម្រេច​អនុញ្ញាត​ច្បាប់​មួយ​ថ្ងៃគឺ​ថ្ងៃអាទិត្យ​ ទី៤ ដើម្បី​ឱ្យ​កម្មករ-​កម្មការិនី​បាន​ចូលរួម​ការ​បោះ​ឆ្នោត។​

«ជា​គោលការណ៍​យើង​ប្រាប់​ទៅ​សមាជិក​យើង​ទាំងអស់​ឱ្យ​ធ្វើ​តាម​ច្បាប់​ហើយ​ មាន​ន័យ​ថា​ថ្ងៃ៤​ត្រូវតែ​ឱ្យ​ឈប់​សម្រាក​ ​ក្រៅ​ពី​ហ្អា​ហ្នឹង​ ឱ្យ​សហគ្រាស​មួយៗ​ទៅ​ ពិចារណា​ខ្លួន​ឯង​ ​ហើយ​សម្រួល​តាម​សហគ្រាស​និមួយៗ​ទៅ»។​

លោក​ ​ខេន លូ​ ​បន្ថែម​ថា​ កម្មករ-កម្មការិនី​មាន​សិទ្ធិ​ក្នុង​ការ​សុំ​ច្បាប់​ឈប់​សម្រាក​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ ក៏ប៉ុន្តែ​រោងចក្រ​កាត់ដេរ​មិន​ទទួល​ខុសត្រូវ​ ក្នុង​ការ​ចេញ​ថ្លៃ​ធ្វើ​ដំណើរ​ ឬ​ការ​ឈប់​សម្រាក​អ្វី​នោះ​ទេ។​ ​លោក​ថា​ តាម​ច្បាប់​បោះ​ឆ្នោត​កម្មករ-​កម្មការិនី​អាច​បោះឆ្នោត​នៅ​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​ ហើយ​នេះ​វា​ប្រសើរ​ជាង​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​ដែល​មិន​បាន​រស់​នៅ​ដិត​ដល់​នោះ។​

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

លោក​ ​ខេន លូ​ ​បញ្ជាក់​បន្ថែម​ថា៖​

​«ទីពីរ​ខ្ញុំ​សួរ​ថា​កម្មករ ដែល​ធ្វើ​ការ​ឧទាហរណ៍​គាត់​ធ្វើ​ការ​នៅ​ភ្នំពេញ​ ​គាត់​នៅ​ទីតាំង​ធ្វើការ​ប្រហែល​នៅ​១​ឆ្នាំ​៣៦៥​ ​ហើយ​នៅ​ហ្នឹង​ប្រហែល​៣៥០​ថ្ងៃ​ អីចឹង​សំខាន់​គាត់​ជួប​បញ្ហា​គាត់​ត្រូវ​លើក​ឱ្យ​មេ​សង្កាត់។​ អញ្ចឹង​គាត់​បោះ​ឆ្នោត​នៅ​ទីតាំង​ដែល​គាត់​ធ្វើ​ការ​មាន​ប្រយោជន៍​ជាង​ ​មែន​ហ្អេ?»​

យ៉ាង​ហោច​ណាស់​មាន​កម្មករ-កម្មការិ​នី​ជាង​ ​៧០ម៉ឺន​នាក់​ ដែល​មក​ពី​ខេត្តនា​នា​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ក្នុង​ប្រទេស​ដ៏​ក្រី​ក្រ​នេះ។​ ក្នុង​បញ្ជី​ឈ្មោះ​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ ឃុំ-សង្កាត់​ អាណត្តិទី៤ ​នេះ​ ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជាផ្លូវការ​មាន​ចំនួន​៧លាន​ ៨សែននាក់​ ​ដែល​ស្មើ​នឹង​ប្រមាណ​៨៥ភាគរយ​នៃ​ពលរដ្ឋ​ដែល​ដល់​អាយុ​បោះឆ្នោត។​

ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​មាន​តែ​គណបក្ស​ធំៗ​ពីរ​តែ​ប៉ុណ្ណោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជារ​បស់​លោក​ ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​ និង​គណបក្សសង្គ្រោះ​ជាតិ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​ឃុំ-សង្កាត់​ចំនួន ១.៦៤៦​ទូទាំង​ប្រទេស​កម្ពុជា។​

លោក​ ​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ បាន​បន្ថែម​ក្នុង​វីដេអូ​ខ្លី ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា​ ​មានតែ​ការ​ចូលរួម​បោះឆ្នោត​ របស់​និយោជិក​កាត់​ដេរ​ទាំង​អស់​ អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ ឱ្យ​មាន​សិទ្ធ​ការងារ​ ​បំបាត់​អំពើ​ពុក​រលួយ ជំរុញ​ឱ្យ​មាន​សេវា​សាធារណៈ​ប្រសើរ​ជាង​មុន​ជា​ដើម។​

លោក​ ​សម រង្ស៊ី​មាន​ប្រសាសន៍​បន្ថែម​ថា៖​

​«មាន​តែ​ការ​បោះឆ្នោត​ទេដែល​អាច​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​បណ្តើរៗ​ ពីភាពអយុត្តិធម៌​ទៅ​ភាពយុត្តិធម៌​ និង​ពី​ភាព​ក្រ​តោកយ៉ាក​ទៅ​ភាព​សម្បូរ​សប្បាយ។​ ទាល់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រជារាស្រ្ត​ខ្មែរ​ទាំង​មូល​ ទទួល​បាន​ជោគជ័យ​ ​ក្នុង​ការ​បោះឆ្នោត​២០១៧​នេះ​ជា​មុន​សិន​ ទើប​យើង​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨»។​

អតីត​ប្រធាន​គណបក្ស​ជំទាស់​ ​លោក​ ​សម រង្ស៊ីបាន​សម្រេច​លាលែង​ពី​តំណែង​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​ ក្រោយពី​មាន​ភាព​តានតឹង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន និង​បណ្តឹង​ជាច្រើន​ប្រឆាំង​នឹង​រូប​លោក។​

ក្នុង​សារ​មួយ​អំពាវនាវ​ឱ្យ​និយោជិក​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ​ ​លោក​ ​សម រង្ស៊ី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចាកចេញ​របស់​លោក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ​គ្រាន់​តែ​មួយ​រយៈ​ប៉ុណ្ណោះ​ ​ហើយ​លោក​នៅ​តែ​ស្ថិត​នៅ​ជា​មួយ​គណបក្ស​ជំទាស់​នេះ​ដដែល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG