ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហ៊ុន សែន​ ចូលរួម​យុទ្ធនា​បោះឆ្នោត​ដ៏​កម្រ​ ​ហើយ​បន្ត​ផ្ញើ​សារ​គំរាម​កំហែង


លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

នេះ​​ជា​លើក​ដំបូង​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ ​ព្រោះ​​លោក​​មិន​បាន​ចូលរួម​ការឃោសនា​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ចំនួន​៣លើក​មក​ហើយ​ និង​ថ្នាក់​ជាតិ​ជា​ច្រើន​អាណត្តិ​មក​ហើយ​​ដែរ។​

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បាន​ចូលរួម​ហែ​ក្បួន​ឃោស​នា​គោល​នយោបាយ​ដ៏​កម្រ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ដោយ​បាន​ប្រើ​សារ​ព្រមាន​ដដែល​ថា​ បើ​ចង់​ឲ្យ​ការ​អភិវឌ្ឍ​បាន​បន្ត​នៅ​កម្ពុជា​ អ្នក​បោះឆ្នោត​ត្រូវ​ជ្រើស​រើស​យកគណបក្ស​របស់​លោក ​ឲ្យ​ដឹកនាំ​ប្រទេស​ទៅមុខ​ទៀត។​

នេះជា​លើក​ដំបូង​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ ​ព្រោះលោកមិន​បាន​ចូលរួម​ការឃោសនា​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ចំនួន​៣លើក​មក​ហើយ​ និង​ថ្នាក់​ជាតិ​ជា​ច្រើន​អាណត្តិ​មក​ហើយដែរ។​

ថ្លែង​នៅ​ទៅ​កាន់​ក្រុម​អ្នក​គាំ​ទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​ដេរដាសនៅ​លើ​វិថី​ថ្មី​ដែល​ដាក់​ឈ្មោះ​លោក​ ​ហ៊ុន សែន​ ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ។​ ​

លោក​ ​ហ៊ុន សែន​ បាន​ថ្លែង​កោតសរសើរ​ពី​ការ​លះ​បង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​រំដោះ​ប្រទេស​ពី​បន​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ ការ​ខិតខំ​របស់​លោក​ផ្ទាល់​ដើម្បី​នាំ​សន្តិភាព​ពេញលេញ​មក​ឲ្យ​កម្ពុជា​ និងការ​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​រយៈពេល​ជាង៣០ឆ្នាំ​ ក្រោម​ការ​ដឹកនាំ​របស់​លោក។​

ដើម្បី​ការពារ​សមិទ្ធផល​ដែល​លោក​បាន​សាង​ ជាង​បី​ទសវត្សរ៍​មក​នោះ លោក​ ហ៊ុន សែន​ បាន​ក្រើនរំឭក​ក្រុម​អ្នកគាំទ្រ​ និង​សមាជិក​បក្ស​ឲ្យ​បោះឆ្នោត​ជូន​បក្ស​ប្រជាជន​កម្ពុជា​ ដោយ​បាន​រំឭក​ដល់​របប​ខោ​អាវ​ខ្មៅ ប៉ុល ពត​ ដែល​ជា​យុគ​សម័យ​គ្មាន​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ និង​ការ​ផ្លាស់​ប្ដូរ​ទំនិញ។​

លោក​ថ្លែង​ថា៖​

«បងប្អូន​អ្នកលក់​ដូរ​ទាំង​ឡាយ​ នៅ​តាម​ផ្សារ តើ​បងប្អូន​ចង់​ភ្លក់​រស់​ជាតិ​នៃ​ការ​មិន​ចាយ​លុយ​ មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទំនិញ​ឬ​ក៏​ចង់​បន្ត?​ នេះ​ជា​ការ​ជ្រើសរើស​រវាង​សន្តិភាព​ ការ​រក្សា​សន្តិភាព​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ និង​ការ​បំផ្លិច​បំផ្លាញ​ចលាចល»។​

ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ ​ឃុំ-សង្កាត់​ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ ទី០៤ ខែ​ មិថុនា​ ឆ្នាំ ២០១៧​ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​ ១២​បាន​ចូលរួម។​ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​១២​នេះ​ មាន​តែ​បក្ស​នយោបាយ​ធំៗ​ពីរ​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន​ ១៦៤៦​ទូ​ទាំង​ប្រទេស។ បក្ស​ទាំងពីរ​នេះ​ត្រូវ​គេ​ជឿ​ថា​ មាន​កម្លាំង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា ដែល​អ្នកវិភាគ​មួយ​ចំនួន​មិន​ហ៊ាន​ទស្សន៍ទាយ​ជា​មុន​ថា​ តើ​បក្ស​មួយ​ណា​ដែល​អាច​យក​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​បាននោះ។

​ដោយ​មាន​ជំនឿ​ខ្លាំង​ថា ​បក្ស​កាន់​អំណាច​របស់​លោក​នឹង​បន្ត​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ដ៏សំខាន់​ក្នុង​ប្រទេស​ លោក​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នកនយោបាយ​គណបក្ស​ដទៃ​ កុំ​តវ៉ា​នឹង​លទ្ធ​ផល​បោះឆ្នោត​ ដោយ​ហេតុការណ៍​ប្តឹង​ផ្តល់​នានា ​អាច​នាំ​ដល់​ការ​រំលាយ​គណបក្ស​ដោយ​អំណាច​របស់​តុលាការ។​

លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​កាន់​អំណាច៖

«សង្ឃឹមថា​ គណបក្ស​ទាំង​អស់នឹង​ទទួល​យក​នូវ​លទ្ធផល​បោះឆ្នោត។ យើង​អត់​ទាន់​ដឹង​ថា អ្នក​ណា​ឈ្នះ អ្នកណា​ចាញ់​ទេ​ តែ​យើង​សង្ឃឹមថា​ យើង​ជា​អ្នកឈ្នះ»។

ជា​ការ​ទាក់​ចិត្ត​នៃ​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​រិះគន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​កឹម សុខា​ ខ្លាំងៗ​ ​ចំពោះ​ការ​ឃោសនា​ថា​នឹង​បំពាក់​អាវុធ​ទំនើបៗ​ដល់​កងទ័ព​កម្ពុជា។​

លោក​ ហ៊ុន សែន​ ​បាន​ចាត់​ទុក​ការឃោសនា​នេះ​ថា​ជា​ សកម្មភាព​បោក​ប្រាស់​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​កងទ័ព​តែប៉ុណ្ណោះ​ ​ដោយ​ហេតុ​ថា​ បក្សជំទាស់​រមែង​ស្ដីបន្ទោស​រដ្ឋាភិបាល​លើ​ការ​ចំណាយ​ក្នុង​វិស័យ​ការពារ​ជាតិ​ ​ហើយ​ថែម​ទាំង​មិន​បាន​ផ្ដល់​ការ​យល់​ព្រម​ដល់​ការ​អនុម័ត​កញ្ចប់​ថវិកា​ជាតិ​នៅ​ក្នុង​សភា​ ​សម្រាប់​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​រាជការ​ និង​ការ​កំណត់​ពន្ធ​លើ​ប្រាក់​ខែ។​

ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ រាជធានី​ភ្នំពេញ។ (VOA Khmer)
ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ រាជធានី​ភ្នំពេញ។ (VOA Khmer)

នៅ​គ្រា​មាន​សារ​នយោបាយ​គំរាម​កំហែង​ដដែលៗ​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​អំពី​ការ​កើតឡើង​នូវ​ភាព​វឹកវរ​ក្នុង​សង្គម​ ឬ​ក៏​សង្គ្រាម​នោះ​ សហគមន៍​អន្តរជាតិ​បាន​រក្សា​ការ​ឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ។

ថ្មីៗ​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​សហរដ្ឋ​អាមេរិក​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ធានា​ឲ្យបាន​បរិយាកាស​សេរី​ដល់​ពល​រដ្ឋ​ខ្មែរ​ក្នុង​អនុវត្តន៍​សិទ្ធិ​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​ ដោយ​គ្មាន​ការ​គំរាមកំហែង។

សមាជិក​សភា​បី​រូប​របស់​សហរដ្ឋអាមេរិក​ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​ នៅមុន​ការ​បោះ​ឆ្នោត​ផង​ដែរ។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ សម រង្ស៊ី​ ក៏​ត្រូវ​បាន​ធ្វើ​ឲ្យរំខានចិត្ត​ ដោយសារ​ព្រមាន​ខាង​នយោបាយ​ ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​សង្គ្រាម​ផង​ដែរ។

លោក​ថ្លែង​ថា៖​

«នរណា​ដែល​សង្គ្រាម​ថា​ អាច​នឹង​មាន​សង្គ្រាម​នោះ អ្នកនោះ​តាម​ការ​ពិត​ គឺ​គំរាម​គ្នា​គេ​ទេ​ ក្នុង​ជួរ​គណបក្ស​គេ​តែ​ប៉ុណ្ណោះ​ ពីព្រោះ​គណបក្ស​គេ​ចាប់​ផ្ដើម​ប្រេះស្រាំ​ ដោយ​ដឹង​ថា​ ពួកគេ​នឹង​ចាញ់​ឆ្នោត​ ហើយ​ និង​បាត់​បង់​អំណាច​ទាំង​ថ្នាក់​មូលដ្ឋាន​ ទាំង​ថ្នាក់​ជាតិ​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ»។​

លោក​ សម រង្ស៊ី​ ដែល​ពេល​នេះ​កំពុង​រស់​នៅ​និរទេស​ខ្លួន នៅ​ឯ​ប្រទេស​បារាំង​ មានប្រសាសន៍​បន្ត​ថា​ មេដឹកនាំ​ ដែល​ក្រាញ​អំណាច​យូរឆ្នាំ​ ជា​រឿយៗ ចាត់​ទុក​ប្រទេស​ជា​សម្បត្តិ​របស់​ក្រុម​គ្រួសារ​ខ្លួន​ និង​មិន​ចង់​បើក​ឱកាស​ឲ្យ​ បញ្ញាជន​ផ្សេង​ទៀត​មក​កាន់​ការងារ​ជំនួស​ក្រុម​គ្រួសារ​ និង​បក្ស​ពួក​ខ្លួន​នោះ​ទេ។​

«អ្នកដឹកនាំ​ដែល​នៅ​ក្រាញ​អំណាច​រាប់​សិប​ឆ្នាំ​មក​ហើយ​ តែង​តែ​មាន​ទម្លាប់​ និង​គំនិត​អាក្រក់​ ដោយ​គេ​ចាត់​ទុក​ថា​ ប្រទេស​កម្ពុជា​ ជា​កម្មសិទ្ធិ​របស់​គេ​ សម្រាប់​ការ​ប្រើ​ប្រាស់​តែ​ខ្លួន​គេ​ និង​ក្រុម​គ្រួសារ​គេ​តែ​ប៉ុណ្ណោះ អញ្ចឹង​ហើយ​បាន​គេ​ជិះជាន់​ប្រជារាស្ត្រ​ ដូចជា​ខ្ញុំ​បម្រើ​របស់​គេ​ ដែល​គេ​អាច​ធ្វើបាប​តាម​ចិត្ត»។​

មេ​បក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ដើម្បី​ការ​ផ្លាស់​ប្ដូរ​ប្រពន្ធ​ដឹកនាំ​រដ្ឋបាល​ពី​ថ្នាក់​មូលដ្ឋាន​ ដល់​ថ្នាក់​ជាតិ។ ​

ក្នុង​ការ​ជួបជុំ​ហែ​ក្បួន​របស់​បក្ស​ប្រជាជន​កម្ពុជា​នា​ថ្ងៃ​សុក្រ​នេះ​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​ ហើយ​ការ​ហែ​ក្បួន​នោះ​ ក៏​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ដង​វិថី​នា​នា​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។

លោក​ ហ៊ុន សែន​ និង​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត​រួម​មាន​លោក​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ បាន​ដឹកនាំ​ក្បួន​ឃោសនា​ ចេញពី​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ​ សំដៅ​ទៅ​កាន់​រង្វង់​មូល​ស្តាតចាស់​ ជាទី​ដែល​មាន​តាំង​ចម្លាក់​កាំភ្លើង​កួច​កាណុង​ ដែល​តំណាង​ឲ្យការ​បញ្ចប់​ទៅ​នៃ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា។

ដោយ​ឡែក​ បន្ទប់​ស្ថានការណ៍​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​ ២០១៧ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុម​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នា​រសៀល​ថ្ងៃសុក្រ​នេះ​ដែរ។​

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ពណ៌នា​ថា ការឃោសនាបោះឆ្នោត​មាន​លក្ខណៈ​វិជ្ជមាន​ និង​មាន​ដំណើរ​យ៉ាង​រលូន ដោយ​មិន​មាន​ហិង្សានិង​ទំនាស់​រវាង​គណបក្ស​រហូត​រារាំង​ដល់​សកម្មភាព​ឃោសនា​ឡើយ ហើយ​មាន​ការ​ចូលរួម​យ៉ាងសកម្ម​ពី​អ្នកគាំទ្រ​គណបក្ស​នយោបាយ។

តែ​មាន​ការ​រឹតត្បិត​ពី​អាជ្ញាធរ​ ក្នុង​ការ​ប្រើប្រាស់​ទីធ្លា​សាធារណៈ​ និង​សេរីភាព​បញ្ចេញមតិ។ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា​ ទូរទស្សន៍​ឯក​ជន​មិន​អនុវត្ត​តាម​គោលការណ៍​សមភាព​ និង​សេចក្ដី​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត(គ.ជ.ប)​នោះ​ទេ ។​

ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ការបោះឆ្នោត​ និង​រាប់​សន្លឹកឆ្នោត​ ពួកគេ​បាន​សំដែង​ក្តី​បារម្ភ​ចំពោះ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ទុក​ចំនួន​ប្រមាណ​ ២០​ភាគរយ​ ​ដែល​អាច​បង្ក​ឲ្យ​ភាព​មិន​ប្រក្រតី​កើត​ឡើង​ ទាក់​ទង​នឹង​ការ​ចំណាយ​ថវិកា។​

ក្រុម​អ្នក​សង្កេត​ការណ៍​ឲ្យដឹង​បន្ត​ថា​ តាម​ការ​សង្កេត​ទូទៅ​ បរិយាកាស​នយោបាយ​ និង​សន្តិសុខ​មិន​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទេ។ ប៉ុន្តែ​មាន​ការ​ប្រើ​ប្រាស់​សារ​នយោបាយ​របស់​មន្ត្រី​រដ្ឋអំណាច​ជាន់​ខ្ពស់​មួយ​ចំនួន​ ដែល​នាំឲ្យ​មានការ​ព្រួយបារម្ភ​ និង​ភ័យ​ដល់​ប្រជាពលរដ្ឋ។​

យ៉ាងណា​ក៏​ដោយ​ លោក​ គល់​ បញ្ញា​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ Comfrel ថ្លែង​ថា​ សារ​បំភិតបំភ័យ​អាច​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នា​នា។​

«ពេល​ដែល​អ្នកនយោបាយពន្យល់​ពី​បញ្ហា​ថា​គាត់​អាច​ដោះស្រាយ​បាន​ ហើយ​ប្រជាពលរដ្ឋ​បើ​មិន​បោះ​ឲ្យ​គាត់​ទេ​ ប្រាកដ​ជា​កើត​រឿង​ហ្នឹង​បន្ត​ទៀត​អញ្ចឹង​ទៅ អ្នកបោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត​វិញ​ទេ។ ជួន​កាល​ថប់​អារម្មណ៍​ពេក​ អាច​មាន​ដំណោះស្រាយ​ ដើម្បី​បោះឆ្នោត​ រក​អ្នក​ដែលធ្វើ​គោល​នយោបាយ​មួ​យ​ត្រូវ ដើម្បី​ដោះស្រាយ​រឿង​គាត់​វិញ​ សុខភាព​ អប់រំ ភាព​ក្រីក្រ»។​

ការឃោសនាបោះឆ្នោត​ឃុំ​-សង្កាត់​ នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​នៅ​ថ្ងៃ​សៅរ៍ បក្ស​នយោបាយ​នីមួយៗ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ឃោសនា​ ឬ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ឡើយ៕

XS
SM
MD
LG