កាលពីថ្ងៃទី២៩ ខែសីហា អ្នកគ្រប់គ្រងសារមន្ទីរគ្រាប់មីនចំនួន៣នាក់ត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួនពីបទរក្សាទុកនូវអាវុធខុសច្បាប់និងបើកអង្គការសារមន្ទីរគ្រាប់មីនដោយគ្មានច្បាប់ទម្លាប់ ក្រោយពីសារមន្ទីរនេះបើកបានពីរទសវត្សរ៍មកហើយ និងក្រោយពីមានអគ្គិភ័យមួយបានឆេះសារមន្ទីរគ្រាប់មីននេះកាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ។
ជនសង្ស័យបីរូបដែលសមត្ថកិច្ចទើបចាប់ខ្លួនបាននោះ រួមមានឈ្មោះយឿន យក្ស ឬហៅថា អាគីរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានអង្គការសារមន្ទីរគ្រាប់មីន ឈ្មោះ អឿន យ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ ជាអនុប្រធានអង្គការ ហើយនឹងឈ្មោះ ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រធានប្រតិបត្តិនៃអង្គការសារមន្ទីរគ្រាប់មីននេះ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានដកស្រង់សម្តី លោក នល់ រ៉ុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបចុះផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ថា មន្ត្រីជំនាញនៃអង្គការស៊ីម៉ាក់ បានឲ្យដឹងថា គ្រឿងផ្ទុះដែលដកហូតនោះរួមមាន គ្រាប់បែកដៃគ្រាប់កាំភ្លើង ដងគ្រាប់បេ និងអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀតដែលជាវត្ថុតាំងនៅសារមន្ទីរនេះ។
ក្រោយពេលប្រមូលគ្រឿងផ្ទុះទាំងអស់នោះហើយ មន្ត្រីស៊ីម៉ាក់បានយកទៅកន្លែងមានសុវត្ថិភាព និងធ្វើការកម្ទេចចោល រីឯក្មេងៗនៅក្នុងអង្គការនេះចំនួន១៧នាក់ទៀតត្រូវបានមន្ទីរសង្គមកិច្ចខេត្តយកទៅចិញ្ចឹមបីបាច់ថែរក្សាបន្តនៅកន្លែងមានសុវត្ថិភាព។
លោក យឿន យក្ស ឬហៅថា អាគីរ៉ាបានព្យាយាមដោះមីនរាប់ពាន់គ្រាប់ដែលភាគច្រើនលោកបានកប់តាមបញ្ជារបស់ទាហានវៀតណាម និងទាហានភាគីជម្លោះនៅពេលលោកនៅជាជាអតីតកុមាររងការគាបសង្កត់មុនកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
ប្រធានអង្គការសារមន្ទីរគ្រាប់មីន លោក អាគីរ៉ា ធ្លាប់បានទទួលបានជ័យលាភីពីទូរទស្សន៍ CNN ជាបុរសឆ្នើមកាលពីឆ្នាំ២០១០បន្ទាប់ពីលោកបានធ្វើការជាអ្នកស្ម័គ្រចិត្តដោះមីនរយៈពេលប្រហែល២០ឆ្នាំនៅកម្ពុជា។ តាមបទបពិសោធន៍ផ្ទាល់ខ្លួននិងរៀនជំនាញបន្ថែម លោកបានពង្រីកការងារដោះមីនលើសពីមីនដែលទាហានបង្ខំឲ្យលោកកប់ពេលនៅជាកុមារ រហូតបានរៀបចំជាសារមន្ទីរដោះមីនរបស់លោក ដែលរងការគំរាមបិទនិងរឹបអូសដោយអាជ្ញាធរកន្លងមក។
អគ្គិភ័យគួរឲ្យសង្ស័យនេះអាចជាហេតុផលសម្រេចបំណងលុបបំបាត់សារមន្ទីរឆ្លុះបញ្ចាំងពីការណ៍ពិតវិបត្តិមីននៅកម្ពុជាភាគពាយ័ព្យ ដែលភាគច្រើនមីននិងយុទ្ធភ័ណ្ឌមិនទាន់ធ្វើនៅចិន ឬរុស្ស៊ីនិងធ្វើឲ្យអង្គការឯករាជ្យនេះបាត់បង់អចលនទ្រព្យដ៏មានតម្លៃនេះ៕