កាលពីថ្ងៃសុក្រ លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យបានជួបជាមួយលោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភាស.រ.អា.ដែលមាននិន្នាការនយោបាយឆ្វេងនិយម នៅឯគេហដ្ឋានរបស់គ្រួសារលោក Clinton ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកស្រី Warren បានល្បីឈ្មោះនៅពេលលោកស្រីជាអ្នកការពារការិយាល័យគាំពារផ្នែកហិរញ្ញវត្ថុរបស់ក្រុមអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគដែលភាសាអង់គ្លេសហៅថា Consumer Financial Protection Bureau ដែលបានត្រូវបង្កើតនៅក្រោយវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ ដើម្បីការពារពួកអ្នកបណ្តាក់ទុនតូចតាច។ ចាប់តាំងពីពេលនោះមកលោកស្រីជាអ្នកទាមទារឱ្យមានកំណែទម្រង់នៅ Wall Street និងវិធានការសម្របសម្រួលភាពមិនស្មើគ្នាខាងប្រាក់ចំណូល ហើយការណ៍នេះបាននាំឱ្យលោកស្រីជាអ្នកនិយមនយោបាយឆ្វេងនិយម ហើយលោកស្រី Clinton ជាអ្នកនិយមនយោបាយកណ្តាល។
ជំនួបរវាងលោកស្រី Warren និងលោកស្រី Clinton បានបង្កើនការនិយាយស្មានៗថា លោកស្រី Clinton ប្រហែលជានឹងយកលោកស្រីសមាជិកាព្រឹទ្ធសភាស.រ.អា. រូបនេះជាបេក្ខជនអនុប្រធានាធិបតីរបស់លោកស្រី។
លោកស្រី Warren ទំនងជានឹងបង្កើនការគាំទ្រដល់លោកស្រី Clinton ក្នុងចំណោមពួកអ្នកទ្រទ្រង់លោក Bernie Sanders ដែលអ្នកគាំទ្រលោក Sanders ខ្លះបានបង្ហាញការរារែកមិនចង់គាំទ្រលោកស្រី Clinton។ លោកស្រី Warrenបានចាត់ទុកថាលោកស្រី Clinton ថាជាអ្នកមានទស្សនៈជឿនលឿន ដូចលោក Sanders ដែរ។
លោកស្រី Warren បានមានប្រសាសន៍ប្រាប់ទូរទស្សន៍អាមេរិកាំង MSNBC កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីមិនត្រូវបានសុំឱ្យធ្វើជាបេក្ខជនប្រធានាធិបតីទេ ហើយលោកស្រីក៏មិនបានត្រូវពិនិត្យពិច័យសម្រាប់តំណែងនេះក៏ទេដែរ។
លោកស្រី Clinton មានប្រតិភូគ្រប់គ្រាន់តាមសេចក្តីត្រូវការចាំបាច់ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោកស្រីកាលពីដើមសប្តាហ៍នេះ។ លោក Sanders បានប្តេជ្ញាថានឹងឈរឈ្មោះរហូតដល់ការបោះឆ្នោតបឋមនៅសប្តាហ៍ក្រោយ ក៏ប៉ុន្តែពួកមេដឹកនាំគណបក្សសង្ឃឹមថាលោកនឹងបញ្ឈប់ការខិតខំប្រឹងប្រែងរបស់លោកក្នុងការទទួលបានតំណែងប្រធានាធិបតីនៅក្រោយពេលនោះ៕